ភ្នំពេញៈ គ្រោះ​រាំងស្ងួត​បាន​ធ្វើឲ្យ​ប៉ះពាល់​ដំណាំ​ស្រូវ​ជាង​ ៤ ​ម៉ឺន​ហិកតា ​ក្នុង​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ​ និង​បណ្ដា​ខេត្ត​មួយចំនួន​ទៀត​ខណៈ​ប្រភពទឹក​មួយចំនួន​នៅតែ​បន្ត​គោករីង​ធ្វើឲ្យ​មាន​ការលំបាក​ដល់​អាជ្ញាធរ​មូលដ្ឋាន​ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុង​កិច្ចអន្តរាគមន៍​បូមទឹក​ជួយ​សង្គ្រោះ​ស្រូវ​ទាំងនោះ​ជូន​ដល់​ប្រជាកសិករ​។

លោក​ កែវ វី ទីប្រឹក្សា​ជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ដំណាំ​ស្រូវ​ដែល​រង​ផលប៉ះពាល់ ដោយសារ​គ្រោះរាំងស្ងួត​ទាំងនេះ ភាគច្រើន​ជា​ស្រូវ​បង្កើន​រដូវ​ដែល​កសិករ​បាន​ធ្វើការ​ដាំដុះ​កាលពី​អំឡុង​ចុង​ខែ​ឧសភា​ និង​ខែ​មិថុនា ឆ្នាំ​ ២០២០​។

ប្រជាកសិករ​រំពឹង​ថា ស្រូវ​ទាំងនោះ​នឹង​អាច​ប្រមូលផល​ក្នុង​ខែសីហា ឬ​ខែកញ្ញា​ខាងមុខ​ ប៉ុន្តែ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ របាយ​ទឹកភ្លៀង​បាន​ធ្លាក់​ដោយ​កន្លែង និង​មិន​ទៀងទាត់​ធ្វើឲ្យ​តំបន់​មួយចំនួន​ជួប​ប្រឈម​នឹង​គ្រោះរាំងស្ងួត ពិសេស​នៅ​ខេត្ត​បាត់ដំបង និង ខេត្ត​បន្ទាយមានជ័យ​។

លោក​ វី បញ្ជាក់​ថា​៖ «​នៅពេល​នេះ​ដំណាំ​ស្រូវ​ជាង​ ៤ ​ម៉ឺន​ហិកតា​ នៅ​ទូទាំង​ប្រទេស​កំពុង​ប្រឈម​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដោយសារ​កង្វះ​ទឹក​ស្រោចស្រព​ខណៈ​ដំណាំ​ស្រូវ​ប្រមាណ​ជាង​ ៥ ០០០ ​ហិកតា​ទៀត​ បាន​រង​ការខូចខាត​ទាំងស្រុង​»​។ បើតាម​លោក វី ខេត្ត​ដែល​មាន​ដំណាំ​ស្រូវ​រង​ផលប៉ះពាល​ច្រើន​ជាង​គេ គឺ​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ និង​ខេត្តកំពង់ធំ​។

យ៉ាងណា​ក៏ដោយ​ក្នុង​អំឡុង​ពេលនេះ ប្រទេស​កម្ពុជា​កំពុង​ទទួលរង​ឥទ្ធិពល​ព្យុះ SINLAKU ដែល​ធ្វើឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ក្នុង​តំបន់​មួយចំនួន ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​។ ប៉ុន្តែ​ប្រជាកសិករ និង មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ក្នុង​ខេត្ត​បាត់ដំបង និង​បន្ទាយមានជ័យ​អះអាង​ថា ដង់ស៊ីតេ​ទឹកភ្លៀង​មាន​កម្រិត​ទាប និង​ធ្វើឲ្យ​មាន​ក្ដី​ព្រួយ​កង្វល់ ជុំវិញ​បញ្ហា​កង្វះ​ទឹក​ស្រោចស្រព​ដដែល​។

លោក ឈឹម វជិរា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ ខេត្ត​បាត់ដំបង ថ្លែង​ពី​ម្សិលមិញ​ថា គ្រោះរាំងស្ងួត​នា​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ បាន​ធ្វើឲ្យ​ដំណាំ​ស្រូវ​ចំនួន ១៧ ៩៨១ ​ហិកតា​ របស់​ប្រជាកសិករ​នៅ​ស្រុក​បវេល ស្រុក​ថ្មគោល និង​ស្រុក​បាណន់ ជួប​ប្រឈម​ផលប៉ះពាល់​ធ្ងន់ធ្ងរ ខណៈ​ដំណាំ​ស្រូវ​ប្រមាណ​ជាង ១ ០០០ ​ហិកតា​ទៀត​ បាន​រង​ការខូចខាត​ទាំងស្រុង​។ ប៉ុន្តែ​ប្រជាកសិករ​បាន​នាំ​គ្នា​ដាំដុះ​ស្រូវ​ស្ដារ​ឡើង​វិញ​លើ​ផ្ទៃដី​ដែល​បាន​រង​ការខូចខាត​ដោយ​គ្រោះ​រាំងស្ងួត​ទាំងនោះ​។

លោក​ថ្លែងថា​៖ «​កាលពី​ថ្ងៃ​ពុធ ភ្លៀង​បាន​ធ្លាក់​នៅ​ផ្នែក​ខ្លះ​នៃ​ស្រុក​ថ្មគោល​ និង​ស្រុក​បវេល ប៉ុន្តែ​របាយ​ដង់ស៊ីតេ​ទឹកភ្លៀង​នៅ​មាន​កម្រិត​ទាប​នៅឡើយ​ហើយ​វា​នៅតែ​ជា​ក្ដី​ព្រួយកង្វល់​សម្រាប់​យើង​ក្នុង​កិច្ចអន្តរាគមន៍​ជួយ​បូមទឹក​សង្គ្រោះ​ស្រូវ​ដែល​កំពុង​ជួប​ប្រឈម​ខ្វះ​ទឹក​ស្រោចស្រព​ទាំងនោះ​»​។

ជាមួយ​គ្នា​នេះ​លោក ប៉ាង វណ្ណាសេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​បន្ទាយមានជ័យ​ក៏​ឲ្យ​ដឹង​ដែរ​ថា​កាលពី​ ២ ​សប្ដាហ៍​មុន ដោយសារ​តែ​គ្រោះរាំងស្ងួត​បាន​អូសបន្លាយ​រយៈពេល​វែង​ពេក​ធ្វើឲ្យ​ដំណាំ​ស្រូវ​របស់​ប្រជាកសិករ​នៅ​ស្រុក​មង្គលបុរី និង​ក្រុង​សិរីសោភ័ណ​ចំនួន​ ៣ ០៣០ ​ហិកតា ​បាន​រង​ការខូចខាត​អស់​ទាំងស្រុង​ហើយ​នៅពេល​នេះ​ដំណាំ​ស្រូវ​ចំនួន​ ៦ ៦០០ ​ហិកតា​ទៀត ​ក្នុង​ស្រុក​មង្គលបុរី​កំពុង​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នឹង​ឈាន​ទៅ​ខូចខាត​ទាំងស្រុង​បើ​គ្មាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់​ដើម្បី​ជួយសង្គ្រោះ​ទេនោះ​។

លោក​ថា​៖ «​នៅពេលនេះ​យើង​សង្ឃឹម​លើ​ទឹកភ្លៀង​ធ្លាក់​ពី​លើ​មេឃ​ដើម្បី​ជួយសង្គ្រោះ​ស្រូវ​ទាំងនោះ ព្រោះ​ប្រភព​ទឹក​ទាំងអស់​នៅក្នុង​ស្រុក​នេះ​ត្រូវ​បាន​គោករីង ស្ទើរ​ប្រេះ​ក្រហែង​អស់​ទៅហើយ​»​។

ចំណែក​លោក ប៉ែន វណ្ណរិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម ខេត្ត​កំពង់ធំ​ក៏​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា គិត​ត្រឹម​ថ្ងៃទី​ ៥ ខែ​សីហា ការ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​របស់​ប្រជាកសិករ​ខេត្ត​កំពង់ធំ​បាន​ចំនួន ២០៧ ០៣៨ ​ហិកតា ស្មើ​នឹង ៩៧,០៦ ​ភាគរយ​នៃ​ផែនការ​ផ្ទៃដី​ដាំដុះ​ ២១៣ ៣០០ ​ហិកតា​។ តួលេខ​នេះ​មាន​ការថយចុះ បើ​ប្រៀបធៀប​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​គឺ​មាន​ការថយចុះ​ចំនួន​ ៨ ២៦០ ​ហិកតា​។

លោក​បន្ត​ថា​៖ «​គ្រោះរាំងស្ងួត​នាពេល​កន្លង​មក​នេះ​បាន​ធ្វើឲ្យ​ប៉ះពាល់​ដំណាំ​ស្រូវ​បង្កើន​រដូវ​ចំនួន ១៦ ៣៥៤ ​ហិកតា ក្នុងនោះ ៤៥៤ ​ហិកតា​ បាន​រង​ការខូចខាត​ទាំងស្រុង​»​។

ភាពរាំងស្ងួត​ត្រូវបាន​គេ​ព្យាករ​ថា​នឹង​កើនឡើង​កាន់តែ​ខ្លាំង​នៅ​សប្តាហ៍​នេះ ក្នុង​តំបន់​មួយចំនួន​នៅ​ជុំវិញ​ដង​ទន្លេ​សេកុង ទន្លេសេសាន និង​ទន្លេ​ស្រែពក​ក្នុង​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។ នេះ​តាម​របាយការណ៍​គណៈកម្មការ​ទន្លេមេគង្គ​ (MRC) ដែល​ត្រូវបាន​ផ្សព្វផ្សាយ​បន្ត​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា AKP កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

របាយការណ៍​បន្តថា យោងតាម​លទ្ធផល​នៃ​ការព្យាករ​បង្ហាញ​ថា ភាពរាំងស្ងួត​ខ្លាំង​នឹង​រីករាលដាល​ដល់​តំបន់​ធំៗ​មួយចំនួន​នៃ​ខេត្តរតនគិរី មណ្ឌលគិរី​ស្ទឹងត្រែង និង​ខេត្តក្រចេះ​៕