ភ្នំពេញៈ នៅ​ត្រីមាស​ទី​ ១ ​ដើម​ឆ្នាំ​នេះ គ្រោះ​អគ្គិភ័យ​បាន​កើតឡើង​ចំនួន​ ២៦១ ​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់​ ៤ ​នាក់ និង ១៣ ​នាក់​ទៀត​រងរបួស​។ តួលេខ​នេះ​មានការ​កើនឡើង​ទ្វេដង បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោងតាម​ទិន្នន័យ​ដែល​បានផ្ដល់​ឲ្យ​ដោយ​នាយកដ្ឋាន​បង្ការ ទប់ស្កាត់ និង​ពន្លត់​អគ្គិភ័យ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កាលពី​ថ្ងៃ​ចន្ទ​។

លោក​ នេត វន្ថា ប្រធាន​នាយកដ្ឋាន​បង្ការ​ទប់ស្កាត់ និង​ពន្លត់​អគ្គិភ័យ​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា គ្រោះ​អគ្គិភ័យ​ក្នុង​ត្រីមាស​ទី​ ១ ​ដើម​ឆ្នាំ​ ២០២០ ​នេះ​បាន​កើតឡើង​ចំនួន​ ២៦១ ​លើក​មានការ​កើនឡើង​ចំនួន​ ៨២ ​លើក បើ​ធៀប​ទៅនឹង​ត្រីមាស​ទី​ ១ ​ឆ្នាំ​ ២០១៩ ដែល​បាន​កើតឡើង​ចំនួន​ ១៧៩ ​លើក​។

លោក​បញ្ជាក់ថា​៖ «​បើ​និយាយ​អំពី​ជនរងគ្រោះ​ដោយ​គ្រោះ​អគ្គិភ័យ​នៅក្នុង​ត្រីមាស​ទី​ ១ ដើម​ឆ្នាំ​ ២០២០ ​នេះ​គឺ​មាន​មនុស្ស​ ៤ ​នាក់​ស្លាប់ និង​ ១៣ ​នាក់​ទៀត​រងរបួស ខណៈ​កាលពី​ត្រីមាស​ទី​ ១ ​ដើម​ឆ្នាំ​ ២០១៩ គឺមាន​មនុស្ស​តែ​ ២ ​នាក់​ប៉ុណ្ណោះ​បាន​ស្លាប់​»​។

លោក​ វន្ថា ​បន្តថា រីឯ​ទំហំ​ខូចខាត​ផ្ទះ និង​តូប​លក់ដូរ​របស់​ពលរដ្ឋ​វិញ គឺមាន​ការថយចុះ​ច្រើនជាង​ទ្វេដង បើ​ធៀប​ទៅនឹង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០១៩ ដែល​បាន​ឆេះ​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​អស់​ជាង​ ៥០០ ​ខ្នង និង​តូប​លក់ដូរ​ជាង​ ៣០០ ​តូប​។ ប៉ុន្តែ​នៅ​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២០ ​នេះ​មាន​ការឆេះ​ខូចខាត​ផ្ទះ​ពលរដ្ឋ​ត្រឹមតែ ១៨៩ ​ខ្នង និង​តូប​លក់ដូរ​អស់​ ៦០ ​តូប​ប៉ុណ្ណោះ​។

ការថយចុះ​នៃ​ទំហំ​ខូចខាត​ដោយ​គ្រោះ​អគ្គិភ័យ​នា​ត្រីមាស​ទី​ ១ ដើម​ឆ្នាំ​នេះ បាន​បង្ហាញ​ពី​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កម្លាំង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ព្រមទាំង​ក្រុម​កងអន្តរាគមន៍​ពន្លត់​អគ្គិភ័យ​ក្នុង​ការចុះ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ភ្លើង​មិន​ឲ្យ​ឆេះ​រាលដាល​ប៉ះពាល់​ដល់ផ្ទះ​អ្នកដទៃ​។

លោក​ វន្ថា​ឲ្យ​ដឹង​ទៀតថា ខេត្ត​ដែល​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ច្រើនជាងគេ​សម្រាប់​ត្រីមាស​ទី​ ១ ដើម​ឆ្នាំ​ ២០២០ ​នេះ​គឺ​ខេត្ត​ប៉ៃលិន​មាន​ ៣៤ ​លើក​បន្ទាប់មក​ខេត្ត​សៀមរាប​មាន​ ៣០ ​លើក​រាជធានី​ភ្នំពេញ​មាន​ ២១ ​លើក​។ ដោយឡែក​ខេត្ត​ឧត្តរមានជ័យ រតនគិរី និង​ខេត្តកោះកុង​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​តែ​ ១ ​លើក​ដូចគ្នា​តែប៉ុណ្ណោះ ខណៈ​ខេត្តកំពង់ឆ្នាំង​បាន​ក្លាយជា​ «​ខេត្ត​គំរូ​» ​ដែល​គ្មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​សម្រាប់​ត្រីមាស​ទី​ ១ ដើមឆ្នាំ​នេះ​។

បើតាម​លោក​ នេត វន្ថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះអគ្គិភ័យ​កើតឡើង​គឺ​បណ្ដាល​មក​ពី​ការផ្ទុះ​ឆ្លង​ចរន្តអគ្គិសនី ៤១% បណ្ដាលមកពី​ការប្រើប្រាស់​ភ្លើង ៣៩% និង​ ២០% ​ទៀត​គឺ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​។ ស្ថានីយ ប្រេងឥន្ធនៈ និង​ឧស្ម័ន​នៅ​ទូទាំង​ប្រទេស​ចំនួន​ ៨៥៩២ ​ទីតាំង​គឺជា​គោលដៅ​ដែល​ងាយ​រងគ្រោះ​ដោយ​គ្រោះ​អគ្គិភ័យ​ជាងគេ​បំផុត​ក្នុង​នោះ​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​ ៥៩៥ ​ទីតាំង​។

លោក​ ព្រំ យ៉ន ប្រធាន​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ រាជធានី​ភ្នំពេញ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា នៅក្នុង​ថ្ងៃទី​ ១៦ ខែ​មីនា ឆ្នាំ​ ២០២០ ​នេះ​មាន​ករណី​ភ្លើង​ឆេះ​កើតឡើង​ចំនួន​ ២ ​លើក​។ ក្នុងនោះ​លើក​ទី​ ១ បាន​កើតឡើង​នៅ​វេលា​ម៉ោង​ ២:១០ ​នាទី​ព្រឹក​នៅ​ចំណុច​ទីតាំង​ឃ្លាំង​ស្តុក​ឈើ និង​ដំឡើង​គ្រឿង​សង្ហារិម​របស់​ដេប៉ូ​លក់​គ្រឿងសង្ហារិម​ ១ ​កន្លែង​នៅតាម​បណ្តោយ​ផ្លូវ​ ៥៨P ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែនសុខ​ដោយ​បាន​ឆេះ​ខូចខាត​ឈើ និង​គ្រឿងសង្ហារិម​អស់​មួយចំនួនធំ​។ ឆេះ​លើក​ទី​ ២ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ ៣:៣៥ ​នាទី​រសៀល​នៅ​ចំណុចឃ្លាំង​ស្តុក​តាំង​បង្ហាញ​រថយន្ត​របស់​ក្រុមហ៊ុន Mitsubishi Cambodia ដែល​មាន​ទីតាំងនៅ​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ​។

លោក​បញ្ជាក់ថា​៖ «​មកទល់​ពេល​នេះ​ករណី​ភ្លើង​ឆេះ​ទាំង​ ២ ​កន្លែង​ខាងលើនេះ​មន្ត្រី​ជំនាញ​យើង​នៅ​មិនទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​នៅឡើយ​ទេ ហើយ​ទំហំ​នៃ​ការខូចខាត​ក៏​នៅ​មិនទាន់​មាន​ការវាយតម្លៃ​ផងដែរ​»​។

លោក​បន្តថា ទោះ​យ៉ាងណា​ក្រុម​សមត្ថកិច្ច​មូលដ្ឋាន និង​កម្លាំង កងពន្លត់​អគ្គិភ័យ​បានរួម​សហការ​គ្នា​យ៉ាង​ល្អប្រសើរ​ក្នុង​ការអន្តរាគមន៍​បាញ់​ពន្លត់​អគ្គិភ័យ​ទាំងនេះ មិន​ឲ្យ​មាន​ការឆេះ​ឆ្លង​រាលដាល​ដល់ផ្ទះ និង​សហគ្រាស​អ្នកដទៃ ហើយ​ក៏​គ្មាន​នរណាម្នាក់​រងរបួស​ ឬ​ស្លាប់​ក្នុង​ហេតុការណ៍​ទាំង​ ២ ​ករណី​នេះ​ដែរ​៕