ភ្នំពេញ: ​យ៉ាងហោចណាស់​មនុស្ស​ ៨ ​នាក់​ បាន​របួសស្រាល​ក្នុង​គ្រោះ​អគ្គិភ័យ​កើតឡើង​ ៥ ​លើក ​ទូទាំង​ប្រទេស​ក្នុង​រយៈពេល​ ៥ ​ថ្ងៃ ​នៃ​ថ្ងៃ​ឈប់សម្រាក​។ ​ក៏ប៉ុន្តែ​ករណី​នេះ​មាន​នៅតែ​ខេត្ត​ចំនួន​ ៥ ​ប៉ុណ្ណោះ ខណៈ​មន្ត្រី​ថា​ មូលហេតុ​គឺ​មកពី​ឆ្លង​ចរន្ដ​អគ្គិសនី​ផ្ទុះ​កំប៉ុង​ហ្គាស និង​ការដុត​ផ្ទះ​ខ្លួនឯង​ ១ ​ករណី​។

លោក​ នេត វណ្ណថា ប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា គិត​ចាប់ពី​ថ្ងៃទី​ ១៧ ដល់​ថ្ងៃទី​ ២១ ​ខែ​សីហា​ ចំ​ថ្ងៃ​ឈប់សម្រាក​មាន​​អគ្គិភ័យ​កើតឡើង​ ៥ ​លើក​ នៅ​ទូទាំង​ប្រទេស​បង្ក​ឲ្យ​មនុស្ស​ ៨ ​នាក់​រងរបួស​ស្រាល​។

លោក​បន្តថា គ្រោះ​អគ្គិភ័យ​នេះ​បាន​កើត​នៅ​ខេត្ត​ស្ទឹងត្រែង កែប សៀមរាប ព្រះសីហនុ និង​ខេត្តកណ្ដាល​។ មូលហេតុ​គឺ​មកពី​ឆ្លង​ចរន្ដអគ្គិសនី ផ្ទុះ​កំប៉ុងហ្គាស និង​ដុត​ផ្ទះ​ខ្លួនឯង​ ១ ​ករណី​។ គ្រោះថ្នាក់​នេះ​បាន​បំផ្លាញ​ផ្ទះ​ ៣ ​ខ្នង រោង​សិប្បកម្ម ១ ​ខ្នង និង​ក្យូស ព្រមទាំង​របួសស្រាល​មនុស្ស​ចំនួន ៨ ​នាក់​។

លោក​ថា​៖ «​មនុស្ស​របួស​​ស្រាលៗ​ ៨ ​នាក់​ មិន​មាន​អ្នក​ធ្ងន់​ទេ​។ ​អ្នកស្លាប់​ក៏​គ្មាន​ដែរ នៅពេល​មាន​អគ្គិភ័យ​កើតឡើង​គឺ​កម្លាំង​យើង​ចុះ​អន្តរាគមន៍​ភ្លាមៗ​តែម្ដង​ដោយ​មិន​អាច​ទុក​យូរ​បានទេ​»​។

តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នៅ​ថ្ងៃទី​ ១៩ ខែសីហា ឲ្យ​ដឹងថា មាន​អគ្គិភ័យ​ឆេះ​ផ្ទះ​ពលរដ្ឋ​ ១ ​ខ្នង​នៅ​ថ្ងៃទី​ ១៨ ខែ​​សីហា ​ក្នុង​ភូមិ​ទ្រាំង សង្កាត់​​ស្លក្រាម ក្រុង​ខេត្ត​សៀមរាប​។

របាយការណ៍​បន្តថា ម្ចាស់ផ្ទះ​នោះ​ឈ្មោះ​ ឃុន ម៉ៅ ភេទ​ស្រី អាយុ​ ៦៣ ​ឆ្នាំ​មុខរបរ​នៅផ្ទះ​បាន​ខាតបង់​ផ្ទះ​ឈើ​ ១ ​ខ្នង​ទំហំ​ ៥x៧ ​ម៉ែត្រ ជញ្ជាំង​ក្តារ​ប្រក់​ស័ង្កសី ប៉ុន្ដែ​មិនមាន​រងរបួស​ទេ​។ មន្ត្រី​បាន​ជួយ​អន្តរាគមន៍​ពន្លត់​ដោយ​ប្រើប្រាស់​រថយន្ត​ ៧ ​គ្រឿង និង​ប្រើប្រាស់​ទឹក​អស់​ចំនួន​ ៥ ​ឡាន​។ រីឯ​មូលហេតុ​មកពី​ឆ្លង​ចរន្ដអគ្គិសនី​។

ដោយឡែក​ករណី​អគ្គិភ័យ​មួយទៀត​ឆេះ​ផ្ទះ​ទំហំ​ ៦x៩ ​ម៉ែត្រ សង់​ពី​ឈើ​ប្រក់​ស័ង្កសី ​ជញ្ជាំង​បាំងក្តារ​នៅ​ភូមិ​ ១ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ បង្ក​ឡើង​ដោយ​បុរស​ម្នាក់​ឈ្មោះ អ៊ិន រ័ត្នធា អាយុ ៣៥ ​ឆ្នាំ (​សតិ​មិន​គ្រប់​) ត្រូវជា​កូនបង្កើត​ស្ត្រី​ម្ចាស់ផ្ទះ​ជា​អ្នក​ដុត​ក្នុង​ពេល​មាន​ទំនាស់​ពាក្យសម្ដី​ជាមួយ​ម្ដាយ​។

លោក​ រស់ កី អធិការនគរបាល​​ស្រុក​ស្ទឹងហាវ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ស្ត្រី​ម្ចាស់ផ្ទះ​ឈ្មោះ ងូវ មុំ អាយុ ៦៨ ​ឆ្នាំ​ ដោយ​ផ្ទះ​​គាត់​ត្រូវ​បាន​ឆេះ​ស្ទើរ​ទាំងស្រុង​ដោយសារ​កូនបង្កើត​គាត់​ឈ្មោះ​​ អ៊ិន រ័ត្នធា ជា​អ្នក​ដុតបំផ្លាញ​។

លោក​បន្តថា មុនពេល​កើតហេតុ​ជនសង្ស័យ​បាន​ទាស់សម្ដី​ជាមួយ​ម្ដាយ ប៉ុន្តែ​ជនសង្ស័យ​រូបនេះ​ធ្លាប់​បាន​ព្យាយាម​ដុត​ផ្ទះ​ខ្លួនឯង​ជាច្រើន​លើក​រួចមកហើយ តែ​អ្នក​ជិតខាង​ជួយ​ឃាត់​ទាន់​។ ​ក្នុង​ហេតុការណ៍​នេះ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ ១ ​គ្រឿង ប្រើ​ទឹក​អស់​ចំនួន​ ២ ​រថយន្ត​ពន្លត់​បាន​រលត់​ទាំងស្រុង តែ​មាន​ការខូចខាត​ទ្រព្យសម្បត្តិ និង​ផ្ទះ​ ១ ​ខ្នង​។

លោក​បញ្ជាក់​ថា​៖ «​ជនសង្ស័យ​​តែង​ព្យាយាម​ដុត​ផ្ទះ​ខ្លួនឯង​ជាច្រើន​លើក​មក​ហើយ ប៉ុន្ដែ​គេ​​ឃាត់​ទាន់ ឥឡូវ​គាត់​ដុត​ផ្ទះ​លើក​ចុងក្រោយ​បាន​សម្រេច​។

ជនបង្ក​ត្រូវ​បាន​ឃាត់ខ្លួន​យក​​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងហាវ ដោយ​មន្ត្រី​ជំនាញ​យើង​កំពុង​សួរនាំ និង​ចាត់វិធានការ​តាម​ច្បាប់​»៕