ភ្នំពេញៈ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បាន​ឲ្យ​ដឹងថា​រយៈពេល​ ១៥ ​ថ្ងៃ​នៃ​ថ្ងៃ​កាន់បិណ្ឌ​ និង​បុណ្យ​ភ្ជុំបិណ្ឌ​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ ៣០ ​លើក​នៅ​ទូទាំង​ប្រទេស​ធ្វើឲ្យ​មនុស្ស​ ២ ​នាក់​ស្លាប់​ និង​ ៨ ​នាក់​រងរបួស​ ដែល​គ្រោះ​អគ្គិភ័យ​នេះ​បាន​កើនឡើង​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ជាមួយ​ឆ្នាំមុន​។

តាម​របាយការណ៍​របស់​នាយកដ្ឋាន​​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​ឲ្យ​ដឹងថា អគ្គិភ័យ​ទាំង​ ៣០ ​លើក​នេះ​ បាន​បំផ្លាញ​ផ្ទះ​ ២៩ ​ខ្នង បន្ទប់​ចំនួន​ ១ បឹង​ហ្គាឡូ​ ២ ​ខ្នង តូប​លក់​គ្រឿងទេស​ ២ និង​រោង​សិប្បកម្ម​បាយក្ដាំង​ ១ ​ខ្នង​។

បើ​តាម​របាយការណ៍​ដដែល​មូលហេតុ​គឺ​ដោយសារ​ឆ្លង​ចរន្ដអគ្គិសនី​ ១៥ ​លើក ភ្លើង​ទៀនធូប​ ១ ​លើក ផ្ទុះ​ហ្គាស​ ៣ ​លើក ក្មេង​លេង​ភ្លើង​ ២ ​លើក ដុត​ផ្ទះ​ខ្លួនឯង​ ៤ ​លើក ឆាប​សាំង​ ១ ​លើក បាក់​បំពង់​បឺត​ផ្សែង​ ១ ​លើក និង​រថយន្ដ​បុក​ម៉ូតូ​ ១ ​លើក ចំណែក ២ ​ករណី​ទៀត ក្ដាប់​មិនបាន​។

របាយការណ៍​នេះ​បាន​បញ្ជាក់ថា​៖ «​បើ​ធៀប​ទៅ​នឹង​រយៈពេល​ ១៥ ​ថ្ងៃ​ នៃ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​ ២០១៨ និង​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​ ២០១៩ គ្រោះ​អគ្គិភ័យ​មាន​ការកើនឡើង​ ១២ ​លើក​។ ក្នុង​នោះ ៣ ថ្ងៃ ​នៃ​បុណ្យ​ភ្ជុំបិណ្ឌ​មាន​ចំនួន​ ៧ ​លើក បើ​ធៀប​រយៈពេល​ ៣ ​ថ្ងៃ​ ដូចគ្នា​ឆ្នាំ ២០១៨ ​មាន​ការកើនឡើង​ ៤ ​លើក​»​។

លោក នេត វន្ថា ប្រធាន​នាយកដ្ឋាន​បង្ការ និង​ពន្លត់​អគ្គិភ័យ​នៃ​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា កាលពី​ឆ្នាំ​មុន​គ្រោះថ្នាក់​អគ្គិភ័យ​នេះ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ទេ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ​មាន​អ្នកស្លាប់​ដល់​ទៅ​ ២ ​នាក់ និង​របួស​ ៨ ​នាក់​។

លោក​ថា​៖ «​ពិតប្រាកដ​ហើយ​ពី​ ១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ អគ្គិភ័យ​ចេះ​តែ​កើនឡើង​ជា​លំដាប់​។ ជាទូទៅ​យើង​ឃើញ​ហើយ​ថា ការធ្វេសប្រហែស​របស់​បងប្អូន​ពលរដ្ឋ​យើង និង​ការងារ​ការពារ​នេះ​ក៏​មិន​ទាន់​បាន​ល្អប្រសើរ ហាក់បី​ដូចជា​នៅ​មិនទាន់​បាន​ចាប់អារម្មណ៍​។ ដូច​ក្នុង​បុណ្យ​ភ្ជុំបិណ្ឌ​នេះ យើង​ឃើញ​​ហើយ​ ៣០ ​ករណី​ គឺ​ការឆ្លង​ចរន្ត​អគ្គិសនី​មាន​ច្រើន​»​។

លោក សន ជ័យ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជារួម​ពលរដ្ឋ​ខ្មែរ​នៅ​តែ​ធ្វេសប្រហែស​ចំពោះ​បញ្ហា​អគ្គិភ័យ​ដែល​បណ្តាល​ឲ្យ​កើតឡើង​រាល់​ឆ្នាំ​ពេល​មាន​ពិធីបុណ្យ​ធំៗ​ម្តងៗ​។

បើ​តាម​លោក សន ជ័យ បញ្ហា​នេះ​ដោយសារ​ចំណេះដឹង​របស់​ពលរដ្ឋ​នៅ​មាន​កម្រិត ទាំង​ការការពារ និង​ការបង្ការ​ពេល​មាន​បញ្ហា ស្របពេល​ការអន្តរាគមន៍​ពី​អាជ្ញាធរ​ក៏​នៅ​មាន​កម្រិត​ដូចគ្នា នៅពេល​កើតហេតុ​ភ្លាមៗ​ទាំង​បច្ចេកទេស​និង​ឧបករណ៍​ជាពិសេស​ខ្វះខាត​ធនធាន​មនុស្ស​ក្នុង​ការពន្លត់​។

លោក​បញ្ជាក់​ថា​៖ «​ដោយសារ​មាន​ភាពងាយស្រួល​ក្នុង​ការរស់នៅ មិនមាន​គ្រោះធម្មជាតិ​ដូចជា​គ្រោះ​រញ្ជួយដី​អី​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ហ្នឹង​មាន​ការធ្វេសប្រហែស​។ មាន​រូបភាព​ច្រើន នៅពេល​ដែល​ការប្រើប្រាស់​សេវា​ទៅតាម​តម្រូវការ​ដូចជា​អគ្គិសនី​ ឬ​ក៏​ការរៀបចំ​ពិធី​អី​ផ្សេងៗ​ហ្នឹង​ដែល​ធ្វើឲ្យ​មនុស្ស​ខ្វះ​ការគិតគូរ​ពិចារណា​ឲ្យ​គ្រប់​ជ្រុងជ្រោយ ដោយ​ការចាកចេញ​ពី​ផ្ទះ​មិន​​បាន​មើល​ដោយ​បន្សល់ទុក​ធូប​ទៀន​ឆេះ​មិនទាន់​អស់ ដែល​ជា​ដើមចម​នាំ​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​»​។

ទន្ទឹម​នឹង​នេះ​លោក សន ជ័យ បាន​ប្រាប់​ពី​វិធីសាស្ត្រ​ងាយៗ​ក្នុង​ការចូលរួម​​អប់រំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឲ្យ​យល់​​ដឹង​ និង​ចូលរួម​ទាំងអស់​គ្នា​តាមរយៈ​​ការផលិត​ជា​វីដេអូ​អប់រំ​ខ្លីៗ​បែប​កំប្លែង​សម្រាប់​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​តាម​​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​។ ម្យ៉ាងទៀត​ការ​មាន​សមាជិក​ម្នាក់​ ឬ​ ២ ​នាក់​ក្នុង​គ្រួសារ​ចូលរួម​ទប់ស្កាត់​បង្កើន​ភាព​ប្រុងប្រយ័ត្ន​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​គឺជា​កត្តា​សំខាន់ និង​ចាំបាច់​ក្នុង​ការកាត់បន្ថយ​គ្រោះ​អគ្គិភ័យ​ទូទាំង​ប្រទេស​។

លោក​ថា​៖ «​វិធានការ​បង្ការ ក្រៅ​តែ​ពី​ពលរដ្ឋ​ខ្លួនឯង ហើយ​និង​វិធានការ​សាធារណៈ​មួយ​ចំនួន​ដូចជា ក្រុម​ពន្លត់​អគ្គិភ័យ ក្រុម​ជួយសង្គ្រោះ​អីហ្នឹង​។ សំខាន់​តើ​មនុស្ស​ត្រូវ​គ្រប់គ្រង​ហើយ​និង​បង្កបញ្ហា​អគ្គិភ័យ​ដោយ​ខ្លួនឯង​យ៉ាងម៉េច​នោះ​?»​។

តាម​របាយការណ៍​របស់​នាយកដ្ឋាន​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា រយៈពេល​ប្រមាណ​ ១០ ខែ​គិត​ចាប់ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ដល់​ខែ​កញ្ញា​ឆ្នាំនេះ​គឺ​មាន​គ្រោះ​អគ្គិភ័យ​ចំនួន​ ៥៩៦ ករណី​នៅ​ទូទាំង​ប្រទេស​ដោយ​បង្ក​ឱ្យ​មនុស្ស​ ១៣ ​នាក់​ស្លាប់ និង​ ១០៤ ​នាក់​ទៀត​រងរបួស​ ក្នុង​នោះ​​បាន​បំផ្លាញ​ផ្ទះ​ ៥៧១ ​ខ្នង និង​តូប​លក់ដូរ​របស់​អាជីវករ​ចំនួន​ ៣១៨ ត្រូវ​បាន​ឆេះ​ខូចខាត​ទាំង​ស្រុង​៕