ភ្នំពេញៈ មន្ត្រីនគរបាល​ពន្លត់​អគ្គិភ័យ​បាន​អះអាង​ថា គ្រោះ​អគ្គិភ័យ​ដែល​កើត​នៅ​រាជធានី​ភ្នំពេញ​ពី​ម្សិលមិញ​បាន​ធ្វើឲ្យ​ប៉ះពាល់​ជម្រក​ពលរដ្ឋ​ជាង​ ១០០ ​គ្រួសារ និង​មុខរបរ​ប្រចាំថ្ងៃ​ ខណៈ​ឧប្បត្តិហេតុ​នេះ​បានកើត​យ៉ាង​តិច​ ៣ ​លើក នៅ​ទីកន្លែង​ផ្សេងៗ​ពីគ្នា​ក្នុង​ថ្ងៃ​តែមួយ​។

លោក​ ព្រំ យ៉ន ប្រធាន​ការិយាល័យ​នគរបាល​បង្ការ និង​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ចន្លោះ​ពី​ម៉ោង​ ១ និង​ ៣០ ​នាទី​រំលង​អធ្រាត្រ​ដល់​ម៉ោង​ ៩ ​និង​ ៣០ ​នាទី​ព្រឹក​ថ្ងៃទី​ ២៥ ខែ​កុម្ភៈ ឆ្នាំ​ ២០២០ គ្រោះ​អគ្គិភ័យ​បាន​កើតឡើង​ ៣ ​លើក​ នៅ​ភ្នំពេញ​ដោយ​បាន​ឆេះ​ផ្ទះ​ពលរដ្ឋ​ក្នុង​ខណ្ឌ​ចំនួន​ ៣ ​រួមមាន ខណ្ឌឫស្សីកែវ​,​ខណ្ឌមានជ័យ និង​ខណ្ឌ​សែនសុខ សរុប​អស់​ផ្ទះ​ ១៨ ​ខ្នង និង​ ៩៥ ​បន្ទប់​ជួល​ធ្វើឲ្យ​​ពលរដ្ឋ​ជាង​ ១០០ ​គ្រួសារ​ បាត់បង់​ជម្រក និង​បំផ្លាញ​ម៉ូតូ​ ២ ​គ្រឿង​ព្រមទាំង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៀត​។

លោក​ យ៉ន បាន​ថ្លែង​ថា​៖ «​អគ្គិភ័យ​ទាំង​ ៣ ​កន្លែង​នេះ​បង្កឡើង​ពី​ភាព​ធ្វេសប្រហែស​របស់​ម្ចាស់ផ្ទះ និង​សហគមន៍​មូលដ្ឋាន​»​។

បើ​តាម​លោក យ៉ន ហេតុការណ៍​ឆេះ​ផ្ទះ​លើក​ទី​ ១ បានកើត​នៅ​ភូមិ-សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ​នៅ​ម៉ោង​ ១ ​និង​ ៣០ ​នាទី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​ ២៥ ​កុម្ភៈ​ដោយ​បាន​បំផ្លាញ​ផ្ទះ​ ១ ​ខ្នង​ធ្វើ​ពី​ឈើ​ប្រក់ស័ង្កសី រួមទាំង​ម៉ូតូ​ ២ ​គ្រឿង និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៀត​។

លោក​ថា តាម​ការបំភ្លឺ​ពី​បុរស​ម្ចាស់​ផ្ទះ​ឈ្មោះ លី ម៉េង អាយុ​ ៧២ ​ឆ្នាំ គ្រោះ​អគ្គិភ័យ​នេះ​ទំនង​មកពី​ «​ការ​ទុស្សេ​ខ្សែភ្លើង​» ​ព្រោះ​មុន​កើតឡើង​គាត់​បានឮ​សំឡេង​ផ្ទុះ​នៅ​ចំណុច​បារ៉ែត​ភ្លើង​​ក្នុង​ផ្ទះ​គាត់ ហើយ​បន្ទាប់មក​ក៏មាន​អណ្ដាតភ្លើង​ឆាបឆេះ​ចេញ​ពី​ចំណុច​នោះ រាលដាល​ឆេះ​ផ្ទះ​​ទាំងស្រុង​តែម្ដង​។

ចំណែក​ករណី​ទី​ ២ កើតឡើង​នៅ​ម៉ោង​ ៥ ​ទៀបភ្លឺ​ថ្ងៃ​ ២៥ ខែ​កុម្ភៈ​​ដោយ​ឆេះ​បំផ្លាញ​ផ្ទះ​ ១ ​ខ្នង​ឈើ​លើ​ថ្ម​ក្រោម​នៅ​ភូមិ​ប្ញស្សី សង្កាត់​ស្ទឹងមានជ័យ​ ២ ខណ្ឌមានជ័យ​។ ​តាម​ការបំភ្លឺ​ពី​បុរស​ជា​ម្ចាស់ផ្ទះ​ឈ្មោះ គង់ សុខលីន អាយុ​ ៥៤ ​ឆ្នាំ​ ថា​គ្រោះ​អគ្គិភ័យ​មកពី​ «​ដុត​ធូបមូស​លើ​ពូក​ខ្វះ​ការប្រុងប្រយ័ត្ន​»​។

លោក យ៉ន បាន​ឲ្យ​ដឹង​ទៀតថា នៅ​ថ្ងៃទី​ ២៥ ខែ​កុម្ភៈ​ម្សិលមិញ​នេះដែរ គឺ​នៅ​វេលា​ម៉ោង​ ៩ និង​ ៣០ ​នាទី​ព្រឹក​មាន​គ្រោះអគ្គិភ័យ​បាន​ឆេះ​ផ្ទះ​ពលរដ្ឋ​នៅ​ភូមិ​បាក់ទូក សង្កាត់​ទួលសង្កែ​ ១ ​ខណ្ឌឫស្សីកែវ​អស់​ ១៦ ​ខ្នង​ និង​ ៩៥ ​បន្ទប់​ជួល​ព្រម​ទាំង​ទ្រព្យសម្បត្តិ​ជាច្រើន​ទៀត​។

យ៉ាងណា​មក​ទល់​ពេល​នេះ​​សមត្ថកិច្ច​នៅ​មិន​ទាន់​ស្រាវជ្រាវ​​រកឃើញ​ពី​មូលហេតុ​នៃ​ការឆេះ​នេះ​​នៅ​ឡើយ​ទេ​។

ប៉ុន្តែ​បើ​តាម​លោក នង សាបុង នាយ​នគរបាល​ប៉ុស្តិ៍​សង្កាត់​​ទួលសង្កែ​ ១ ករណី​ភ្លើង​ឆេះ​ផ្ទះ​ និង​បន្ទប់​ជួល​ក្នុង​ខណ្ឌ​ឫស្សីកែវ​ខាងលើ​នេះ​គឺ​មកពី​ «​ផ្ទុះ​កំប៉ុងហ្គាស​សម្រាប់​ដាំ​ស្ល​»​។

លោក សាបុង បាន​បញ្ជាក់ថា​៖ «​នៅពេល​នេះ​សមត្ថកិច្ច​យើង​កំពុង​សហការ​ជាមួយ​​មន្ត្រី​នគរបាល​ជំនាញ​ផ្នែក​ពន្លត់​អគ្គិភ័យ​ដើម្បី​ស្រាវជ្រាវ​ស្វែងរក​ការពិត បន្ទាប់ពី​អ្នកភូមិ​រងគ្រោះ​ជាច្រើន​នាក់​បាន​អះអាង​​ថា អគ្គិភ័យ​នេះ​បណ្ដាល​មកពី​​ផ្ទុះ​កំប៉ុង​ហ្គាស​ចេញពី​ផ្ទះ​ឈ្មោះ ​សន រដ្ឋា ដែល​ជា​ម្ចាស់​ដីឡូត៍ និង​​មាន​សង់​បន្ទប់​ជួល​ជាច្រើន​បន្ទប់​។ ប៉ុន្តែ​ម្ចាស់ផ្ទះ​នោះបាន​បដិសេធថា ផ្ទះ​របស់​គាត់​គ្មាន​ការដាំស្ល​នៅ​ម៉ោង​នោះទេ​»​។

លោក សាបុង បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា​កាលពី​ ២ ​សប្ដាហ៍​​មុន​មាន​ករណី​គ្រោះ​អគ្គិភ័យ​ម្ដង​រួចមកហើយ ដោយ​បាន​បំផ្លាញ​លំនៅឋាន​ប្រជាពលរដ្ឋ​ចំនួន​ ៦ ​ខ្នង និង​បន្ទប់​ជួល​ចំនួន​ ៩ ​បន្ទប់​ដែល​កាលនោះ​សមត្ថកិច្ច​រកឃើញថា បាន​​កើតឡើង​ដោយសារ​ករណី​ទុស្សេ​ខ្សែភ្លើង​ដែល​ត្រូវ​បាន​គេច​​ខ្វាត់ខ្វែង​នៅតាម​បង្គោល​ឈើ​ចាស់ៗ​នៃ​សំណង់​មិន​រៀបរយ​ក្នុង​តំបន់​នេះ​៕

វីដេអូ៖