ព្រះសីហនុៈ សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​កំពុង​បើក​ការស៊ើបអង្កេត​ករណី​សាកសព​មនុស្ស​ម្នាក់​ដែល​ត្រូវគេ​កាត់​ជា​បំណែក​ហើយ​បោះចោល​ក្នុង​ព្រៃរបោះ​ក្នុង​សង្កាត់​លេខ​ ៤ ក្រុង-ខេត្ត​ព្រះសីហនុ​ដែល​សមត្ថកិច្ច​សន្និដ្ឋាន​ថា​អាច​ជា​មនុស្ស​ប្រុស បន្ទាប់ពី​ប្រទះ​ឃើញ​កាលពី​ម្សិលមិញ​។

លោក​ ជួន ណារិន្ទ ស្នងការ​នគរបាល ខេត្ត​ព្រះសីហនុ​ប្រាប់​ពី​ម្សិលមិញ​ថា ករណី​សាកសព​មនុស្ស​ម្នាក់​ដែល​ពលរដ្ឋ​ប្រទះឃើញ​កាលពី​ថ្ងៃទី​ ១ តុលា ដែល​ត្រូវគេ​បោះចោល​នៅក្នុង​ព្រៃរបោះ​នោះ​គឺ​កម្លាំង​សមត្ថកិច្ច​កំពុង​បើក​ការស្រាវជ្រាវ​ជុំវិញ​អំពើ​ឃាតកម្ម​នេះហើយ​។

លោក​ប្រាប់​ថា​ស្ថានភាព​នៅ​ជុំវិញ​ទីតាំង​ដែល​គេ​បោះចោល​សាកសព​នោះ​ជា​ព្រៃរបោះ​។ សាកសព​ត្រូវ​ជនល្មើស​សម្លាប់​ហើយ​ច្រក​យ៉ាង​ស្អាត​ដោយ​ជនល្មើស​បាន​រុំ​សព​ជា​ ៣ ​សណ្ឋាន​។ ដោយ​រុំ​នឹង​ក្រណាត់​កម្រាលពូក​ និង​ភួយ ហើយ​ច្រក​ដាក់​ក្នុង​ស្បោង​ប្លាស្ទិក​។

លោក​ថ្លែងថា​៖ «​បើ​យើង​មើល​ទៅ​សាកសព​នោះ​ជា​មនុស្ស​ប្រុស​តែ​យើង​មិនអាច​ទាន់​សន្និដ្ឋាន​ថា​យ៉ាងម៉េច​បាន​ទេ ព្រោះ​យើង​កំពុង​ស្រាវជ្រាវ​រឿងនេះ​»​។

ប៉ុន្តែ​លោក​ ជួន ណារិន្ទ មិនបាន​បញ្ជាក់​ប្រាប់​ថា តើ​សាកសព​នោះ​ជា​ជនជាតិខ្មែរ​ឬ ជនបរទេស​ទេ​ព្រោះ​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​។ បើ​យោង​តាម​ការចុះផ្សាយ​ពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ពី​ម្សិលមិញ​សរសេរ​ថា សាកសព​ត្រូវ​គេ​ប្រទះឃើញ​នៅក្នុង​ដីឡូត៍​មួយ​កន្លែង​ស្ថិតក្នុង​ក្រុមទី​ ៦ ភូមិ​ ៦ សង្កាត់​លេខ​ ៤ ក្រុង-ខេត្ត ព្រះសីហនុ​កាលពី​វេលា​ម៉ោង ៩ ​កន្លះ​ព្រឹក ថ្ងៃទី​ ១ តុលា​។

ការចុះផ្សាយ​បង្ហាញ​ថា ជនរងគ្រោះ​ជា​ជនបរទេស​ជនជាតិ​អាស៊ី ភេទ​ប្រុស និង​មាន​អាយុ​ប្រហែល​ ៣០ ​ឆ្នាំ​ ដែល​សមត្ថកិច្ច​កំពុង​ស្វែងរក​អត្តសញ្ញាណ​ជនរងគ្រោះ​។ តាម​ការពិនិត្យ​របស់​មន្ត្រី​ជំនាញ​ការិយាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ​ឲ្យ​ដឹងថា​ជនរងគ្រោះ​ស្លាប់​ដោយសារ​អំពើ​ឃាតកម្ម​។ បច្ចុប្បន្ន សាកសព​ជនបរទេស​នោះ​ត្រូវ​បាន​រក្សាទុក​បណ្តោះអាសន្ន​នៅ​សាល​រក្សា​សព​នៃ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ និង​រង់ចាំ​ការសម្រេច​ពី​ក្រុមគ្រួសារ និង​ស្ថានទូត​សាមី​។

ពាក់ព័ន្ធ​នឹង​ករណី​នេះ​លោកស្រី​ ជៀប សុធារី មន្ត្រី​សម្របសម្រួល​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ខេត្ត​ព្រះសីហនុ​ប្រាប់​ថា​អំពើ​ឃាតកម្ម​នេះ​លោកស្រី​កំពុង​តាមដាន​ការវិវឌ្ឍ​បន្ត​ទៀត​ដែល​សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុង​ស៊ើបអង្កេត​បន្ត​។

លោកស្រី​បន្តថា ករណី​សម្លាប់​មនុស្ស​ក្នុង​រូបភាព​កាត់​ជា​បំណែក​បែបនេះ កន្លង​មក​នៅ​ខេត្ត​ព្រះសីហនុ​ពុំ​ដែល​កើតមាន​ទេ​។

លោកស្រី​ថា​៖ «​ពាក់ព័ន្ធ​អំពើ​ឃាតកម្ម ឬ​បទល្មើស​ឧក្រិដ្ឋ​កើតឡើង​ម្តងៗ យើង​ឃើញ​ថា សមត្ថកិច្ច​របស់​យើង តែងតែ​យកចិត្ត​ទុកដាក់​ធ្វើការ​បង្ក្រាប​ និង​ឃាត់ខ្លួន​ជនល្មើស​»​។

លោកស្រី​បន្ថែម​ថា​បទល្មើស​ឧក្រិដ្ឋ​ដែល​បាន​កើតឡើង​ដូចជា អំពើ​ចាប់ជំរិត ឬ​បទល្មើស បង្ខាំង​មនុស្ស​ជនរងគ្រោះ និង​ជនល្មើស​សុទ្ធតែ​ជា​ជនជាតិ​បរទេស​៕