The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ឃាតកម្ម​នៅក្នុង​ព្រៃ​ខេត្ត​ ព្រះវិហារ ​នៅ​តែ​មាន​លក្ខណៈ​សម្ងាត់

ឃាតកម្ម​នៅក្នុង​ព្រៃ​ខេត្ត​ ព្រះវិហារ ​នៅ​តែ​មាន​លក្ខណៈ​សម្ងាត់

រូបថត និង​កោដ្ឋ​ដាក់​ឆ្អឹង​លោក សាប យួស ដែល​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​ស្លាប់​។
រូបថត និង​កោដ្ឋ​ដាក់​ឆ្អឹង​លោក សាប យួស ដែល​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​ស្លាប់​។ រូបថត VITORIA

ឃាតកម្ម​នៅក្នុង​ព្រៃ​ខេត្ត​ ព្រះវិហារ ​នៅ​តែ​មាន​លក្ខណៈ​សម្ងាត់

ព្រះវិហារៈ ជាង​មួយ​ខែ​ចាប់​តាំងពី​មន្រ្តី​ល្បាត​ព្រៃឈើ​ពីរ​នាក់​ត្រូវ​បាន​បាញ់​សម្លាប់​​នៅក្នុង​ខេត្ត​ព្រះវិហារ​ការ​ចាប់​ខ្លួន​ជាច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​ប៉ុន្តែ​ចម្លើយ​ពីរ​បី​ប៉ុណ្ណោះ​បាន​លេច​ឡើង​។ ​ខណៈ​ពេល​វេលា​ចេះ​តែ​ទៅ​មុខ​អ្នក​ខ្លះ​បារម្ភ​ថា​ឃាតករ​អាច​នឹង​គេច​ផុត​ពី​សំណាញ់​យុត្តិធម៌​។

លោក សាប យួស បាន​ល្បាត​ព្រៃ​ភាគ​ខាង​ជើង​នៃ​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ប៉ុន្តែ​ក្រោយ​មក​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ចិត្ត។ មន្រ្តី​នគរបាល​រូប​នេះ​ត្រូវ​បាន​ប្រាប់​ដោយ​គ្រូទាយ​ម្នាក់​ឲ្យ​នៅ​ឆ្ងាយ​ពី​ព្រៃ​នេះ​រយៈពេល​មួយ​ខែ​បន្ទាប់ពី​ការ​កើត​មាន​ជំងឺ​គ្រុន​ចាញ់​ និង​​ជំងឺ​គ្រុន​មួយ​ចំនួន​។ គ្រូទាយ​របស់​លោក​បាន​សរសេរ​ប្រាប់​អំពី​អ្វី​ដែល​ត្រូវ​ចៀសវាង​ហើយ​​លោក យួស បាន​ទុក​វា​នៅ​ក្នុង​ហោ​ប៉ៅ​ខោ​​របស់​គាត់​ជាប់​ជានិច្ច​។ ​ប៉ុន្តែ​​ខណៈ​មាន​គ្រួសារ​ដែល​ត្រូវ​ផ្គត់ផ្គង់​លោក​មិន​​ខ្វល់​ចំពោះ​ការ​ទាយ​នេះ​ទេ​​។

លោក​ យួស ត្រូវ​បាន​បាញ់​ស្លាប់​​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​គឺ​នៅ​ថ្ងៃ​ទី​ ៧ វិច្ឆិកា នៅក្នុង​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​មួយ​ដែល​បាន​សម្លាប់​សហការី​របស់​លោក​ផង​ដែរ​គឺ​មន្រ្តី​ព្រៃឈើ​ឈ្មោះ សៀង ណារ៉ុង ក្នុង​អំឡុង​ការ​ចុះ​ល្បាត​ប្រឆាំង​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅក្នុង​ព្រៃ​​រកា។

ក្រដាស​ហាមប្រាម​ដែល​សរសេរ​ដោយ​​គ្រូទាយ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ប្រពន្ធ​របស់​គាត់​វិញ​​រួម​ជាមួយ​នឹង​សាកសព​របស់​គាត់។

ឃាតកម្ម​អាថ៌កំបាំង​វា​ជា​យប់​ងងឹត​នៅ​ក្រោម​តង់​នៅពេល​ដែល​លោក ផេត សោភណ្ឌ បាន​ដឹង​ខ្លួន​បន្ទាប់​ពី​ឮ​សំឡេង​ស្នូរ​កាំភ្លើង​។ ​ស្នូរ​គ្រាប់​កាំភ្លើង​ទី​ពីរ​បាន​​ឮឡើង និង​ស្នូរ​គ្រាប់​ទី​បី​បាន​ធ្វើ​ឲ្យ​លោក​ចាប់​ផ្តើម​រន្ធត់​។ ​

លោក សោភណ្ឌ ជា​មន្រ្តី​នគរបាល​ម្នាក់​នៅ​អង្គភាព​ព្រំដែន​បាន​បោះតង់​នៅក្នុង​ព្រៃ​ជាមួយ​លោក យួស លោក ណារ៉ុង និង​ទាហាន​ម្នាក់​ពី​កង​វរសេនា​តូច​លេខ​ ៣៩១​ នៃ​កងពល​តូច​អន្តរាគមន៍​លេខ​ ៩។ ក្រុម​របស់​លោក​បាន​រឹបអូស​​ម៉ាស៊ីន​អារ​ឈើ​ចំនួន ៧ ពី​អ្នក​​អារ​ឈើ​ខុស​ច្បាប់។

អ្នក​កាប់​ឈើ​ ៦ នាក់​ដែល​មាន​ទំនាក់ទំនង​ជាមួយ​យោធា​ និង​មន្រ្តី​យោធា​ម្នាក់​ត្រូវ​បាន​​ចាប់​ខ្លួន​បន្ទាប់ពី​ការ​បាញ់​នោះ​ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​នោះ​ទេ​។ ព្រៃឈើ​ខៀវ​ស្រងាត់​គ្រប់​រដូវ​​នៅ​ព្រៃ​រកា​គឺជា​តំបន់​សម្បូរ​ឈើ​គគីរ​ដែល​ពួក​ឈ្មួញ​ឈើ​ត្រូវ​ការ។ ព្រៃ​ឈើ​​ដែល​ប្រជាជន​រាប់​ពាន់​នាក់​ពឹង​អាស្រ័យ​នេះ​ជា​ញឹកញាប់​ត្រូវ​បាន​កាប់​ខុស​ច្បាប់​ហើយ​ដែល​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​ភាគច្រើន​ពាក់ព័ន្ធ​នឹង​មន្រ្តី​យោធា​។ ​នៅ​ជិត​ព្រៃ​ព្រះរកា​គឺជា​ភូមិ​ប្រជាជន​ដែល​ទទួល​បាន​ការ​ផ្តល់​ថវិកា​ដោយ​យោធា​ និង​​អ្នក​ឧបត្ថម្ភ​ដទៃៗ​ក្រោម​កម្មវិធី​​សម្បទាន​ដី​សង្គមកិច្ច​របស់​រដ្ឋាភិបាល។

លោក សោភណ្ឌ អាយុ​ ៣០​ ឆ្នាំ​គឺ​មាន​សំណាង​បាន​គេច​ខ្លួន​ពី​ការ​បាញ់​ប្រហារ​នោះ​។ ​ខណៈ​សម្រាក​នៅ​ក្រោម​ផ្ទះ​​របស់​លោក​កាលពី​ដើម​ខែ​នេះ​លោក​បាន​ក្រោក​ឈរ​បង្ហាញ​ពី​បង់​រំរបួស​។ លោក​បាន​ថ្លែង​ថា​នៅពេល​លោក​ជា​លោក​នឹង​ចូលរួម​ល្បាត​ព្រៃ​ម្តង​ទៀត​ដែល​រៀបចំ​ឡើង​ដោយ​រដ្ឋបាល​ព្រៃឈើ​​ជាមួយ​នឹង​ការ​គាំទ្រ​ពី​​អង្គការ​សង្គម​អភិរក្ស​ជីវិត​សត្វព្រៃ​( WCS)។ លោក​បន្ត​ថា​៖ «ខ្ញុំ​ស្រឡាញ់​ធនធាន​ធម្មជាតិ​ដូច្នេះ​ខ្ញុំ​នឹង​បន្ត​ល្បាត​»។ លោក សោភណ្ឌ ថា​ការ​សម្រេច​ចិត្ត​របស់​អ្នក​ល្បាត​ដោយ​ដេក​នៅ​ក្នុង​ព្រៃ​ជា​ជាង​ត្រឡប់​មក​មូលដ្ឋាន​វិញ​គឺជា​ «ការ​ធ្វេសប្រហែស​​»​។

ខណៈ លោក ណារ៉ុង និង​លោក យួស ត្រូវ​បាន​វាយប្រហារ​លោក​បាន​មើល​ឃើញ​ស្រមោល​អ្នក​វាយប្រហារ​ប៉ុន្តែ​ដោយសារ​ងងឹត​ពេក​មិន​អាច​កំណត់​អត្តសញ្ញាណ​​បាន។ បន្ទាប់ពី​ការ​បាញ់​លោក​បាន​ក្រាប​នៅ​ស្ងៀម​មួយ​ស្របក់​ពី​មុន​ពេល​ដោះ​អាវ​មក​រំរបួស​ហើយ​បន្ទាប់មក​រក​កំាភ្លើង​វែង​របស់​លោក។ ខណៈ​សាកសព​របស់​លោក ណារ៉ុង នៅ​ទី​នោះ​នៅ​ឡើយ​​បន្ទាប់ពី​ការ​បាញ់​ស្លាប់​ភ្លាមៗ​នោះ​លោក​ឮ​លោក យួស ​ថ្នូរ​ឈឺចាប់​មុន​ពេល​ស្លាប់​។ លោក ឃាម ចិន្តា ដែល​ជា​ទាហាន​មិន​ទទួល​រងរបួស​អ្វី​ទេ​នៅក្នុង​ការ​បាញ់​​ប្រហារ​នោះ​។

លោក សោភណ្ឌ បាន​ថ្លែង​ថា​៖ «​​យើង​បាន​និយាយ​អំពី​ថា​តើ​យើង​គួរ​បន្ត​នៅ​ឆ្ងាយ​​ពី​ព្រៃឈើ​នេះ​ ឬ​ត្រឡប់​ទៅ​​ជួយ​​អ្នក​ពីរ​នាក់​ទៀត​។ យើង​ភ័យ​ខ្លាច​ថា​យើង​នឹង​ត្រូវ​គេ​បាញ់​ស្លាប់​ប្រសិន​បើ​យើង​ទៅ​វិញ​...ខ្ញុំ​មាន​អារម្មណ៍​សោកស្តាយ​ចំពោះ​លោក យួស ប៉ុន្តែ​ខ្ញុំ​មិន​អាច​ជួយ​គាត់​បាន​ទេ​»។ ​

អ្នក​ទាំង​ពីរ​បាន​ដើរ​ចេញ​ពី​ព្រៃ​អស់​រយៈពេល​ជិត​ ៦​ ម៉ោង​ពី​មុន​ពេល​មក​ដល់​​ប៉ុស្តិ៍​ល្បាត​របស់​ខ្លួន​ដោយ​ទៅ​ដល់​ប៉ុស្តិ៍​ប្រហែល​ម៉ោង​ ៨ ​ព្រឹក​។ ​លោក ចិន្តា បាន​ត្រឡប់​ទៅ​យក​សាកសព​សហការី​របស់​លោក​វិញ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​។

លោក សោភណ្ឌ បង្ហាញ​ស្នាម​របួស​ដែល​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​។
លោក សោភណ្ឌ បង្ហាញ​ស្នាម​របួស​ដែល​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​។ រូបថត VITORIA

ការ​ជាប់​ពាក់ព័ន្ធ​របស់​​យោធា

ចាប់​តាំងពី​ឃាតកម្ម​នេះ​លោក ចិន្តា ត្រូវ​បាន​សាកសួរ​ដោយ​នគរបាល និង​សាលា​ដំបូង​ខេត្ត​ប៉ុន្តែ​លោក​មិន​ត្រូវ​បាន​ចោទប្រកាន់​ទេ​។

លោក សោភណ្ឌ ថ្លែង​ថា​លោក​ជឿ​ថា​កំាភ្លើង​វែង​របស់​លោក ចិន្តា ដែល​បាត់​នៅពេល​គាត់​ត្រឡប់​ទៅ​កន្លែង​កើត​ហេតុ​គឺ​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​បាញ់​ប្រហារ​នោះ​ប៉ុន្តែ​លោក​បាន​អះអាង​ថា​លោក ចិន្តា មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ទេ​​។

លោក​បាន​ថ្លែង​ថា៖ «​យើង​បាន​ល្បាត​ជា​មួយ​គ្នា​ហើយ​ខ្ញុំ​បាន​កត់សម្គាល់​ថា​គាត់​ស្មោះ​ត្រង់​។ ​គាត់​ជា​មនុស្ស​សាមញ្ញ​មិនមែន​ជា​មនុស្ស​អាក្រក់​ទេ​»។​ ប៉ុន្តែ​ភ័ស្តុតាង​ជាប់​ពាក់ព័ន្ធ​នឹង​អង្គភាព​យោធា​​របស់​លោក ចិន្តា ចំពោះ​​ឃាតកម្ម​​នេះ​គឺ​​ពិបាក​មិន​អើពើ​ណាស់​។

បន្ទាប់ពី​ការ​វាយប្រហារ​លោក ចាន់ ឡឹង ដែល​ជា​មន្រ្តី​យោធា​ម្នាក់​នៅ​កងពល​តូច​លេខ​ ៩ ត្រូវ​បាន​ចាប់​ខ្លួន។ ​ចាប់​តាំងពី​ពេល​នោះ​មក​គាត់​ត្រូវ​បាន​ដាក់​ពន្ធនាគារ​ចំពោះ​ទោស​កំហុស​ជាប់​ពន្ធនាគារ​រយៈពេល​ ១០​ ឆ្នាំ​​​របស់​គាត់​ពី​បទ​ប្លន់​ប្រដាប់​អាវុធ​ដែល​ត្រូវ​បាន​កាត់​ទោស​កំបាំង​មុខ​កាលពី​ឆ្នាំ ២០១១​ ខណៈ​ការ​ស៊ើបអង្កេត​កំពុង​បន្ត​ធ្វើ​ដើម្បី​ស្វែងរក​ថា​តើ​គាត់​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ការ​សម្លាប់​នោះ​ឬ​អត់? ​អ្នក​កាប់​ឈើ​ ៦ នាក់​ដែល​ម៉ាស៊ីន​អារឈើ​របស់​ពួកគេ​ត្រូវ​បាន​រឹបអូស​នៅ​ថ្ងៃ​ឃាតកម្ម​នោះ​ក៏​ត្រូវ​បាន​ឃាត់​ខ្លួន​ផង​ដែរ​។ ​ចាប់​តាំងពី​ពេល​នោះ​មក​ពួកគេ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​កាប់​ឈើ​ខុស​ច្បាប់​ហើយ​កំពុង​ត្រូវ​បាន​​ស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​ករណី​មនុស្ស​ឃាត​នេះ។

លោក សោភណ្ឌ ជឿ​ថា​អ្នក​កាប់​ឈើ​គឺ​នៅ​ពី​ក្រោយ​ការ​វាយប្រហារ​នេះ​។ ​ក្រោយ​មក​លោក​បាន​ឲ្យ​​ដឹង​ថា​ម្នាក់​ក្នុង​ចំណោម​ពួកគេ​គឺ​លោក សុខ ប៊ុនធឿន អាយុ​ ៤២ ​ឆ្នាំ​ត្រូវ​បាន​ដឹង​ថា​ជា​ទាហាន។ នៅ​ថ្ងៃ​ឃាតកម្ម «​យើង​បាន​រឹបអូស​ម៉ាស៊ីន​អារ​ឈើ​ពី​លោក ប៊ុនធឿន និង​អ្នក​កាប់​ឈើ​ដទៃៗ​ទៀត​នៅ​វេលា​ម៉ោង​ប្រហែល​ ៣ ​រសៀល​។ ​ខ្ញុំ​បាន​ឮ​ថា​ពួកគេ​បាន​កាប់​ឈើ​ឲ្យ​យោធា។ គាត់​ត្រូវ​បាន​ជួល​ឲ្យ​កាប់​ឈើ​ដោយ​មេបញ្ជាការ​ដែល​គេ​ស្គាល់​ថា​ឈ្មោះ​ «រ៉ា»។

លោក​​បន្ត​ថា​៖ «​អ្នក​កាប់​ឈើ​បាន​និយាយ​ថា​ពួកគេ​បាន​បង់​ប្រាក់​ឲ្យ​ទៅ​ប៉ុស្តិ៍​លេខ​ ៩១ ពី​មុន​ពេល​ចូល​ទៅក្នុង​ព្រៃ​។ នៅពេល​ពួកគេ​ទៅ​ដល់​អ្នក​កាប់​ឈើ​បាន​ប្រាប់​យើង​ថា​ពួកគេ​បាន​ទាក់ទង​ជាមួយ​ទាហាន ​និង​បង់​លុយ​ឲ្យ​ទាហាន​​»​ដើម្បី​ទៅ​ទី​នោះ​។

ប្រភព​មួយ​នៅ​កៀក​នឹង​ការ​ស៊ើបអង្កេត​នេះ​និយាយ​ថា​មាន​ភ័ស្តុតាង​ដែល​ថា​អ្នក​កាប់​ឈើ​ទាំង​ ៦ ​នាក់​ «ត្រូវ​បាន​ជួល​ដោយ​មនុស្ស​ដែល​ពាក់ព័ន្ធ​កងពល​តូច​លេខ​ ៣៩១ ​»។ ប្រភព​មួយ​ពី​ខាង​យោធា​ដែល​បាន​បដិសេធ​បញ្ចេញ​ឈ្មោះ​និយាយ​ថា​លោក ឡេង សារ៉ា ដែល​ជា​ជំនួយការ​នាយ​សេនាធិការ​នៃ​កងវរសេនា​តូច​​លេខ​ ៣៩១ ត្រូវ​បាន​គេ​ដឹង​​ថា​បាន​សម្រប​សម្រួល​​ការ​កាប់​ឈើ​ក្នុង​តំបន់​នោះ។

នៅក្នុង​ការ​សាកសួរ​លោក​ថ្លែង​ថា​លោក ប៊ុនធឿន បាន​សារភាព​ថា​បាន​ធ្វើការ​ឲ្យ​លោក សារ៉ា ប៉ុន្តែ​បាន​បដិសេធ​ថា​មិន​បាន​ពាក់ព័ន្ធ​ក្នុង​អំពើ​ឃាតកម្ម​នោះ​ទេ​។ ​ការ​ទូរស័ព្ទ​ជាច្រើន​ដង​ទៅ​លោក សារ៉ា មិន​អាច​ទាក់ទង​បាន​។

ការ​អះអាង​ថា​មិន​មាន​ទោស​កំហុស​ដោយ​អង្គុយ​ជុំ​គ្នា​នៅ​ជុំវិញ​តុ​ធំ​មួយ​ធ្វើ​ពី​ឈើ​គគីរ​គ្រួសារ​របស់​លោក​ ប៊ុនធឿន បាន​យំ​​ និង​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​គាត់។ ​អ្នកនាង ញែប ស្រីដឹង អាយុ​ ២១ ​ឆ្នាំ​ដែល​ជា​កូនស្រី​របស់​លោក ប៊ុន ធឿន បាន​ថ្លែង​ថា៖ «​ឪពុក​របស់​ខ្ញុំ​មិន​បាន​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​នេះ​ទេ​»​។

គ្រួសារ​នេះ​បាន​អះអាង​ថា​ពួកគេ​មិន​បាន​ដឹង​ថា​ឪពុក​របស់​ខ្លួន​កំពុង​ធ្វើការ​ឲ្យ​មន្រ្តី​យោធា​ម្នាក់​ទេ​។ ពួកគេ​បាន​អះអាង​ថា​គាត់​បាន​បង់​ប្រាក់​ចំនួន​ ១០០ ដុល្លារ​ដើម្បី​ទទួល​បាន​ការ​អនុញ្ញាត​ចូល​ទៅ​កាប់​ឈើ​រយៈពេល ១០ ​ថ្ងៃ​ប៉ុន្តែ​មិន​បង្ហាញ​​ថា​តើ​នរណា​ជា​អ្នក​ទទួល​ប្រាក់​នោះ​ទេ? ពួកគេ​បន្ថែម​ថា​រាល់​ឈើ​ទាំងអស់​ដែល​កាប់​បាន​ដោយ​ក្រុម​នេះ​គឺ​លក់​ទៅ ​«​រោងចក្រ​អារ​ឈើ​លេខ​ ៩១ » ​ដែល​ប្រភព​មួយ​ចំនួន​និយាយ​ថា​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​យោធា​ប៉ុន្តែ​មិនមែន​ជា​កម្មសិទ្ធិ​របស់​លោក សារ៉ា ទេ។

លោក ទុន វិរិទ្ធ ឪពុក​របស់​អ្នក​កាប់​ឈើ​​ម្នាក់​ទៀត​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ចាប់​តាំងពី​ការ​វាយប្រហារ​នោះ និង​ជា​មិត្តភក្តិ​ជិតស្និទ្ធ​របស់​លោក ប៊ុន ធឿន ថ្លែង​ថា​កូន​ប្រុស​របស់​លោក​ដែល​មាន​ឈ្មោះ រិទ្ធ សុខជា ​ត្រូវ​បាន​គេ​ឲ្យ​​ប្រាក់ ៧,៥០​ ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ដើម្បី​កាប់​ឈើ​ដែល​បន្ទាប់​មក​លក់​បន្ត​ក្នុង​តម្លៃ​ ១៥០ ​ដុល្លារ​​ក្នុង​មួយ​ម៉ែត្រ​គុប​។

លោក​​បន្ថែម​ថា​៖ «​ក្រុម​នេះ​បន្ទាប់​មក​ត្រូវ​បាន​តម្រូវ​ឲ្យ​បង់​ថ្លៃ​សូក​ប៉ាន់​តិចតួច​ប្រហែល​ ២,៥០ ដុល្លារ​ទៅ​យោធា​សម្រាប់​​ឡាន​នីមួយៗ​​ដែល​​ដឹក​ឈើ​​ចេញ​ពី​ព្រៃ​។ ប៉ុន្តែ​ដូច​គ្រួសារ​របស់​លោក ប៊ុន ធឿន ដែរ លោក វិរិទ្ធ ថ្លែង​ថា​លោក​មិន​បាន​ដឹង​អំពី​វិសាលភាព​នៃ​ការ​ពាក់ព័ន្ធ​របស់​យោធា​នៅក្នុង​សកម្មភាព​របស់​កូន​ប្រុស​លោក​ទេ​។

គ្រួសារ​ទាំង​ពីរ​បាន​និយាយ​ថា​នៅ​ថ្ងៃ​ចាប់​ខ្លួន​លោក ប៊ុនធឿន បាន​ទទួល​ការ​ហៅ​តាម​​ទូរស័ព្ទ​​ពី​មន្រ្តី​ជាន់​ខ្ពស់​នៃ​កងពល​តូច​លេខ​ ៩ សុំ​ជួប​គាត់។ ​នៅ​ពេល​គាត់​ទៅ​ដល់​គាត់​ត្រូវ​បាន​ចាប់​ខ្លួន។ អ្នក​កាប់​ឈើ​ដទៃៗ​ទៀត​ត្រូវ​បាន​កោះ​ហៅ​​នា​ពេល​បន្ទាប់​មក​។

លោក ឡឹង ជា​ទាហាន​ដែល​ត្រូវ​បាន​ដាក់​ពន្ធនាគារ​បន្ទាប់ពី​ការ​វាយប្រហារ​នោះ​ក៏​ត្រូវ​បាន​កោះ​ហៅ​ផង​ដែរ​ដោយ​មេបញ្ជាការ​របស់​គាត់​ពី​មុន​ចាប់​ខ្លួន​ដោយ​នគរបាល។ នៅ​ផ្ទះ​របស់​គាត់​ដែល​​មាន​ចម្ងាយ​មិន​ឆ្ងាយ​ពី​ផ្ទះ​អ្នក​កាប់​ឈើ​ដទៃៗ​ទៀត​ប្រពន្ធ​របស់​គាត់​ឈ្មោះ រែម ចៀន បាន​ទទូច​ថា​គាត់​ត្រូវ​បាន​គេ​​​ទម្លាក់​កំហុស​ដាក់​​។

នៅ​យប់​​ថ្ងៃ​បាញ់​អ្នកស្រី ចៀន អះអាង​ថា​ប្តី​របស់​អ្នកស្រី​គឺ​នៅ​ផ្ទះ​។ អ្នកស្រី​បន្ត​ថា​៖ «​​យើង​មាន​សាក្សី​​​​បញ្ជាក់​។ រាល់​អ្នក​ភូមិ​ទាំងអស់​ដែល​នៅ​ទី​នេះ​យល់​ព្រម​ធ្វើ​ជា​សាក្សី​ប្រសិន​បើ​ចាំបាច់​»​។ អ្នកស្រី ចៀន បាន​ថ្លែង​ថា​ការ​ដាក់​ពន្ធនាគារ​លើ​ប្តី​របស់​អ្នកស្រី​ពាក់ព័ន្ធ​​បទ​ប្លន់​ប្រដាប់​អាវុធ​គឺជា​ «​ភាព​អយុត្តិធម៌​»​។

នាពេល​ថ្មីៗ​នេះ​ផង​ដែរ​កូន​ប្រសា​ប្រុស​របស់​លោក ឡឹង ត្រូវ​បាន​បញ្ជូន​ទៅ​​ឃុំ​ខ្លួន​មុន​សវនាការ​ពាក់ព័ន្ធ​នឹង​ «​ការ​កាប់​ឈើ​ខុស​ច្បាប់​» ​បន្ទាប់ពី​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ឃើញ​ខណៈ​កំពុង​​កាប់​ឈើ​ដែល​ពួកគេ​អះអាង​ថា​គោលបំណង​នៃ​ការ​កាប់​ឈើ​នោះ​គឺ​ដើម្បី​យក​ឈើ​ទៅ​សង់​ផ្ទះ​មួយ​​។ លោក ឡឹង បាន​គេច​ពី​ការ​ចាប់​ខ្លួន​ដោយ​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ​។

ក្នុង​អំឡុង​បទសម្ភាស​មួយ​ទាហាន​​ម្នាក់​នៅ​កងពល​តូច​លេខ​ ៩ ​ដែល​បង្ហាញ​ខ្លួន​ទាំង​ឯកសណ្ឋាន​បាន​ថ្លែង​ជា​ដដែល​ដូច​ការ​អះអាង​របស់​អ្នកស្រី ចៀន ដែល​ថា​ប្តី​របស់​អ្នកស្រី​គ្មាន​ទោស​កំហុស​ទេ​។ ​ទាហាន​ដែល​មាន​ឈ្មោះ សៀង យន់សៅ រូប​នេះ​ថ្លែង​ថា​លោក ឡឹង ​មិន​ដែល​ប្រថុយ​ទៅ​ព្រៃ​ទេ​ប៉ុន្តែ​ចំណាយ​​ពេល​ច្រើន​នៅ​រោងចក្រ​អារ​ឈើ​មួយ​ដែល​នៅ​ជិត​​សម្បទាន​ដី​សង្គមកិច្ច​យោធា។

អ្នកស្រី ចៀន ​បាន​អម​ដំណើរ​ជាមួយ​អ្នក​កាសែត​ទៅ​រោងចក្រ​អារ​ឈើ​ដែល​​មាន​ដាក់​ខោ​អាវ​យោធា​​នៅ​ពី​លើ​ឈើ​មួយ​ចំនួន​។ អ្នក​កាសែត​ភ្លាមៗ​នោះ​ត្រូវ​បាន​សុំ​ឲ្យ​ចាកចេញ។ អ្នកស្រី​បាន​ថ្លែង​ថា​ប្តី​របស់​អ្នកស្រី​ត្រូវ​បាន​ប្រើប្រាស់​ជា​អ្នក​ទទួល​រង​កំហុស​ចំពោះ​អំពើ​ឃាតកម្ម​នេះ​។

អំណាច​យោធា​បំផ្លាញ​ព្រៃឈើ

យោធា​ត្រូវ​បាន​គេ​ដឹង​យ៉ាង​ច្បាស់​នៅក្នុង​ខេត្ត​ព្រះវិហារ​ថា​ជា​អ្នក​​កាប់​ឈើ​​ និង​​លួច​ទៅ​កាប់​ឈើ​នៅក្នុង​តំបន់​ការពារ​ផង​ដែរ​។ នេះ​បើ​តាម​ប្រភព​មួយ​ចំនួន។ ប៉ុន្តែ​ខណៈ​​រោងចក្រ​អា​ឈើ​ និង​គល់​ឈើ​ដែល​គេ​​កាប់​ហើយ និង​ពាណិជ្ជកម្ម​ជា​ចំហ​ទៅលើ​ឈើ​ជិត​ផុត​ពូជ​ទាំង​នោះ​ត្រូវ​បាន​គេ​ឃើញ​មាន​ស្ទើរ​គ្រប់​ទី​កន្លែង​នៅ​ជុំវិញ​តំបន់​យោធា​ហើយ​មាន​មនុស្ស​តែ​ពីរ​បី​នាក់​ប៉ុណ្ណោះ​ដែល​ហ៊ាន​និយាយ​ចេញ​មក​។

ប្រភព​ដែល​ស្និទ្ធ​​នឹង​ការ​​ស៊ើប​អង្កេត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រៀបរាប់​ថា​ការ​កាប់​ឈើ​ដោយ​យោធា​នៅក្នុង​ខេត្ត​ព្រះវិហារ​គឺជា​ «​បញ្ហា​ធំ​មួយ​»​ ដែល​ពិបាក​ស៊ើប​អង្កេត​ដោយសារ​ការ​ភ័យ​ខ្លាច​​ការ​គុំកួន​សងសឹក។

ប្រភព​នេះ​​និយាយ​ថា​៖ «​ការ​ពាក់ព័ន្ធ​របស់​យោធា​នៅក្នុង​ការ​​​កាប់​ឈើ​ និង​ការ​ប្រមាញ់​​សត្វ​ព្រៃ​ខុស​ច្បាប់​គឺជា​បញ្ហា​ធំ​មួយ​ដែល​គ្មាន​នរណា​ហ៊ាន​និយាយ​»។ ប្រភព​នេះ​​បន្ត​ថា​របាយការណ៍​ពី​​រដ្ឋបាល​ព្រៃឈើ​ «​បង្ហាញ​ថា​មាន​សកម្មភាព​ខុស​ច្បាប់​ជាច្រើន​នៅ​ជុំវិញ​កន្លែង​យោធា។ ជាង​នេះ​ទៀត​សម្បទាន​ដី​សង្គមកិច្ច​សម្រាប់​យោធា​បាន​ស៊ី​មួយ​ភាគ​ធំ​នៃ​ព្រៃ​ការពារ​ដូចជា​នៅក្នុង​តំបន់​​អភិរក្ស​សត្វ​ព្រៃ​គូលែន​ព្រហ្មទេព»​។

កងពល​អន្តរាគមន៍​លេខ ៣ ដែល​គ្រប់គ្រង​កងពល​តូច​លេខ​ ៩​ គឺ​មាន​ទី​បញ្ជាការដ្ឋាន​នៅ​ក្នុង​តំបន់​អភិរក្ស​។

លោក​ឧត្តម​សេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការ​កងពល​នេះ​ដែល​ស្ថិត​នៅ​​សមរភូមិ​ជួរ​មុខ​ជាមួយ​កង​កម្លាំង​របស់​ថៃ​នៅ​ប្រាសាទ​ព្រះវិហារ​ចាប់​តាំងពី​ឆ្នាំ​ ២០០៨​ គឺ​ស្ថិត​នៅ​ក្នុង​គណៈកម្មាធិការ​កណ្តាល​​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។

លោក​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​អំពី​រឿន​នេះ​។

លោក សោភណ្ឌ បន្ត​ថា​ក្រុម​របស់​លោក​បាន​ចាប់​អ្នក​កាប់​ឈើ​ជា​ទៀងទាត់​ និង​អ្នក​បរបាញ់​ខុស​ច្បាប់​​ដែល​ធ្វើការ​ឲ្យ​យោធា។ ប៉ុន្តែ​រដ្ឋបាល​ព្រៃឈើ​ដែល​ដើរ​ល្បាត​មាន​ការ​ស្ទាក់ស្ទើរ​មិន​ហ៊ាន​ចង្អុល​​ថា​​ជា​យោធា​នោះ​ទេ​។

លោក តាន់ សេដ្ឋា អនុប្រធាន​គម្រោង​​ព្រៃអភិរក្ស​ខេត្ត​ព្រះវិហារ​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​អាច​និយាយ​ថា​ទាហាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ការ​កាប់​ឈើ​​ទេ​»។ «​មន្រ្តី​ទទួល​ខុស​ត្រូវ​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​... ​​មន្រ្តី​ជាច្រើន​ប្រើ​ប្រជាជន​សាមញ្ញ​កាប់​ឈើ​ឲ្យ​ពួកគេ​»។

អ្នក​ដទៃៗ​ទៀត​និយាយ​ថា​យោធា​មិនមែន​ជា​ស្ថាប័ន​មាន​អំណាច​តែ​មួយ​គត់​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​​បទល្មើស​ព្រៃឈើ​នៅក្នុង​តំបន់​នេះ​ទេ​ហើយ​ថា​ការ​ប្រកួត​ប្រជែង​គ្នា​ពាក់ព័ន្ធ​នឹង​ការ​រកស៊ី​ខុស​ច្បាប់​បាន​នាំ​ឲ្យ​មាន​ភាព​តានតឹង​គួរ​ឲ្យ​កត់សម្គាល់។

លោក ឡោ ចាន់ អ្នក​សម្រប​សម្រួល​​​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​ព្រះវិហារ​បាន​ថ្លែង​ថា​ជម្លោះ​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​បាន​ផ្ទុះ​ឡើង​ភាគច្រើន​បំផុត​នៅក្នុង​ «តំបន់​យោធា​» នៅពេល​ដែល​អ្នក​ល្បាត​ព្យាយាម​គំរាម​ទារ​ប្រាក់​ពី​អ្នក​ដែល​ធ្វើការ​ឲ្យ​មន្រ្តី​យោធា​។

ប្រភព​មួយ​ចំនួន​​អះអាង​ថា​ក្រុម​ល្បាត​ព្រៃឈើ​ក៏​ទទួល​យក​សំណូក​ពី​អ្នក​កាប់​ឈើ​​ឲ្យ​យោធា​ផង​ដែរ​​ជា​ថ្នូរ​នឹង​ការ​ធ្វើ​មិន​ឃើញ​ចំពោះ​បទល្មើស​របស់​ពួកគេ។ លោក ចន សុខា មន្រ្តី​ម្នាក់​នៅ​កងពល​តូច​លេខ ៩ ដែល​ពាក់ព័ន្ធ​នៅក្នុង​ការ​ស៊ើប​អង្កេត​យោធា​ទៅ​លើ​អំពើ​ឃាតកម្ម​គិត​ថា​មន្រ្តី​ទាំងនោះ​ជ្រើស​ជម្រើស​ដេក​នៅក្នុង​ព្រៃ​គឺ​ដោយសារ​ពួកគេ​សង្ឃឹម​ថា​នឹង​ដោះដូរ​ម៉ាស៊ីន​អារ​ឈើ​ដែល​ពួកគេ​រឹបអូស​បាន​ទៅ​អ្នក​កាប់​ឈើ​វិញ​ជាមួយ​នឹង​ប្រាក់​។

លោក​​ថា​៖ «​​វា​គ្មាន​អ្វី​ចាំបាច់​សម្រាប់​ពួកគេ​ដែល​ត្រូវ​ដេក​ក្នុង​ព្រៃ​ទេ​។ ​ពួកគេ​ក៏​មិន​ចាំបាច់​ប្រញាប់​ប្រញាល់​យក​ម៉ាស៊ីន​អារ​ឈើ​ទៅ​ប៉ុស្តិ៍​របស់​ពួកគេ​ដែរ​ខណៈ​ពួកគេ​រឹប​អូស​បាន​នៅ​វេលា​ម៉ោង​ ៣ ​រសៀល​»។ «​គ្មាន​រូបថត​អំពី​បទល្មើស​នោះ​ត្រូវ​បាន​ថត​​ទេ។ ​ពួកគេ​គ្រាន់តែ​រង់ចាំ​មើល​ថា​តើ​ពួក​កាប់​ឈើ​នឹង​យក​លុយ​មក​លោះ​យក​​ម៉ាស៊ីន​អារ​ឈើ​វិញ​ឬ​អត់»​។

លោក ចាន់ នៅ​អង្គការ​អាដហុក​បាន​ថ្លែង​ថា​វា​ជា​រឿង​ទូទៅ​ហើយ​ដែល​អ្នក​ល្បាត​ «​យក​លុយ​ពី​អ្នក​កាប់​ឈើ​»។ លោក​​បន្ត​ថា​៖ «​នៅពេល​មាន​ជម្លោះ​កើតឡើង​វា​ជា​ធម្មតា​គឺ​ដោយសារ​មក​ពី​ជម្លោះ​អត្ថប្រយោជន៍​»។

ប៉ុន្តែ​រដ្ឋបាល​ព្រៃឈើ​បាន​ការពារ​សុចរិតភាព​របស់​មន្រ្តី​ខ្លួន​ដោយ​និយាយ​ថា​ពួកគេ​ត្រូវ​បាន​សម្លាប់​ដោយសារ​ពួកគេ​មិន​ទទួល​យក​ប្រាក់​សំណូក។

លោក សេដ្ឋា ថ្លែង​ថា៖ «​ប្រសិន​បើ​ពួកគេ​ពាក់ព័ន្ធ​នឹង​អំពើ​សូកប៉ាន់​ពួកគេ​នឹង​មិន​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ទេ​។ ប្រសិន​បើ​យើង​​យក​ប្រាក់​នោះ​យើង​នឹង​មិន​មាន​បញ្ហា​ទេ​»​។

ប្រភព​មួយ​នៅ​​កៀក​នឹង​រដ្ឋបាល​ព្រៃឈើ​បាន​ថ្លែង​ថា​លោក ណារ៉ុង ដែល​ជា​អ្នក​ល្បាត​ដែល​បាន​ស្លាប់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មន្រ្តី​ដែល​ខិតខំ​ធ្វើការ​ និង​ស្មោះត្រង់។ ពី​មុន​ពេល​គាត់​ស្លាប់​មិន​ដែល​មាន​ការ​និយាយ​ថា​គាត់​ជាប់​ពាក់ព័ន្ធ​នឹង​ការ​យក​ប្រាក់​សូកប៉ាន់​នោះ​ទេ​។

អ្នកស្រី តាន់ ឡី ប្រពន្ធ​លោក យួស ថ្លែង​​ថា​៖ «​ខ្ញុំ​សង្ស័យ​ថា​ឃាតករ​ខឹង​ដោយសារ​គាត់​ចាប់​អ្នក​កាប់​ឈើ​ហើយ​សងសឹក​​លើ​គាត់​វិញ​»។ «​​ខ្ញុំ​ចង់​ឲ្យ​នរណា​ក៏ដោយ​ដែល​នៅ​ពី​ក្រោយ​ឃាតកម្ម​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ និង​នាំ​យក​ទៅ​កាត់​ទោស​»៕ PS

អត្ថបទគួរចាប់អារម្មណ៍