The Phnom Penh Post Search

Search form

ឃាតកម្ម​លើ​លោក​ កែម ឡី ​ត្រូវ​បាន​សុំ​ឲ្យ​ស៊ើប​ឡើង​វិញ តែ​មន្ត្រី​ថា​មិន​អាច

Content image - Phnom Penh Post
លោក រ៉ុង ឈុន គោរព​វិញ្ញាណក្ខន្ធ លោក កែម ឡី​។ រូបថត ហ្វេសប៊ុក

ឃាតកម្ម​លើ​លោក​ កែម ឡី ​ត្រូវ​បាន​សុំ​ឲ្យ​ស៊ើប​ឡើង​វិញ តែ​មន្ត្រី​ថា​មិន​អាច

ភ្នំពេញៈ អង្គការ​សង្គម​ស៊ីវិល យុវជន និង​ប្រជាពលរដ្ឋ​ដែល​បាន​ជួបជុំ​រំឭក​ខួប​ ២ ​ឆ្នាំ​ពី​ម្សិលមិញ​នៃ​ការបាញ់​សម្លាប់​អ្នកវិភាគ​ដ៏ល្បី​គឺ​លោក​ កែម ឡី បាន​ស្នើ​ឲ្យ​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​កម្ពុជា​ស៊ើបអង្កេត​ឡើង​វិញ​លើ​សំណុំ​រឿង​ឃាតកម្ម​នេះ ដើម្បី​ស្វែងរក​ឃាតករ​ពិត​ និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង ខណៈ​ដែល​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ថា មិន​អាច​បន្ត​ស៊ើប​រឿង​នេះ​បាន​ទៀត​ឡើយ​។

ការស្នើ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឃាតកម្ម​ដ៏រសើប​នេះ​ធ្វើ​ឡើង​នៅពេល​ដែល​អង្គការ​សង្គម​ស៊ីវិល យុវជន និង​ពលរដ្ឋ​មួយ​ចំនួន​បាន​ជួបជុំ​គ្នា​ដើម្បី​រំឭក​ខួប​ ២ ​ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក​ កែម ឡី នៅ​ទីតាំង​លក់​ទំនិញ ឬ​ផ្សារ​ទំនើប​នៃ​ស្ថានីយ​ប្រេង​កាល់​តិច​ក្បែរ​ភ្លើងស្ដុប​បូកគោ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ កន្លែង​ដែល​លោក​បណ្ឌិត​ កែម ឡី ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ទាំង​ព្រឹក កាលពី​ ២ ​ឆ្នាំ​មុន​ដោយ​ពួកគេ​យល់​ថា​ការបាញ់​សម្លាប់​នេះ​មាន​ការពាក់ព័ន្ធ​នឹង​អ្នក​ផ្សេង​ទៀត និង​មាន​មេខ្លោង​នៅ​ពី​ក្រោយ​ឃាតករ​ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ឃាតករ​សិប្បនិម្មិត ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់​។

ពួកគេ​បាន​យក​កម្រងផ្កា និង​កាហ្វេ​មក​ដាក់​នៅ​កន្លែង ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​លោក​ កែម ឡី និង​បាន​យក​កម្រង​ផ្កា​ទៅ​ដាក់​នៅ​ពី​មុខ​ទីតាំង​លក់​ទំនិញ​ផង​ដែរ ដើម្បី​ចូលរួម​រំឭក​ខួប​ ២ ​ឆ្នាំ​នៃ​ការបាញ់​សម្លាប់​លោក កែម ឡី​។

លោក​ កែម ឡី ​ដែល​តែងតែ​និយាយ​រិះគន់​ឥត​សំចៃ​មាត់​ទៅ​លើ​រដ្ឋាភិបាល​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​នៅ​ទីកន្លែង​ដែល​មាន​មនុស្ស​ច្រើន​កុះករ គឺ​នៅក្នុង​ផ្សារ​ទំនើប​ការ៉ាស់សាំង​កាល់តិច​តែ​ម្តង​កាលពី​ថ្ងៃទី​ ១០ ខែ​កក្កដា ឆ្នាំ​ ២០១៦​។

រហូត​មក​ដល់​ពេល​នេះ​ឈ្មោះ​ អឿត អាង ហៅ​ ជួប សម្លាប់ ដែល​ត្រូវបាន​សមត្ថកិច្ច​ដេញ​ចាប់​បាន​ភ្លាមៗ ក្រោយ​ពេល​កើតហេតុ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត តែ​អង្គការ​សង្គម​ស៊ីវិល យុវជន និង​ពលរដ្ឋ មួយ​ចំនួន​ជឿថា​មាន​ការ​ពាក់ព័ន្ធ​នឹង​អ្នក​មាន​អំណាច​ដែល​ជា​មេខ្លោង​នៅ​ពី​ក្រោយ​ឃាតកម្ម​នេះ​។

បន្ទាប់ពី​បាន​ដាក់​កម្រងផ្កា​រំឭកខួប​លោក​ កែម ឡី ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ប្រាប់​អ្នក​កាសែត​ថា ​លោក​ស្នើ​ឲ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​បង្កើត​គណៈកម្មការ​មួយ​ធ្វើការ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​លើ​លោក​ កែម ឡី ដើម្បី​ស្វែងរក​ឃាតករ​ពិត និង​អ្នក​នៅ​ពី​ក្រោយ​នៃ​ការបាញ់​សម្លាប់​លោក​មក​ផ្ដន្ទាទោស ដើម្បី​ស្វែងរក​យុត្តិធម៌​ឲ្យ​ក្រុម​គ្រួសារ​ និង​ប្រជាជន​ទូទាំង​ប្រទេស​។ លោក​ថា ខ្មាន់កាំភ្លើង​ដែល​អាជ្ញាធរ​ចាប់​បាន​ឈ្មោះ​ អឿត អាង ហៅ​ ជួប សម្លាប់ នោះ​គ្រាន់​តែ​ជា​ឃាតករ​​ «​សិប្បនិម្មិត​» ​តែ​ប៉ុណ្ណោះ​។

លោក​បញ្ជាក់​ថា​៖ «​ទាក់ទង​ទៅ​នឹង​អំពើ​ឃាតកម្ម​នេះ​ដែរ ដែល​យើង​ឃើញ​អាជ្ញាធរ​បាន​ចាប់​ខ្លួន​ឈ្មោះ​ ជួប សម្លាប់​។ ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ចាត់ទុក​ថា ជួប សម្លាប់ ហ្នឹង​គ្រាន់​តែ​ជា​ឃាតករ​សិប្បនិម្មិត ហើយ​ក្នុង​នាម​សហភាព​សហជីព​កម្ពុជា​យើង​ចង់​ឲ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ករណី​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម ឡី ហើយ​ក៏​ធ្វើការ​ស៊ើបអង្កេត​រក​ជន​ដែល​នៅ​ពី​ក្រោយ​ខ្នង​ឃាតកម្ម​នេះ​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ និង​ផ្តល់​យុត្តិធម៌​ឲ្យ​ក្រុម​គ្រួសារ​»​។

លោក​បន្ថែម​ថា ​អាជ្ញាធរ​ក្រុង​ភ្នំពេញ និង​សមត្ថកិច្ច​មិន​អាច​រក​ឃាតករ​ពិត និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ដែល​បាញ់​សម្លាប់​លោកស្រី ពិសិដ្ឋ ពិល្លិកា លោក​ ជា វិជ្ជា លោក ឈុត វុទ្ធី លោក​ កែម ឡី និង​អ្នក​ដែល​ឆ្នើម និង​ល្បី​ជួយ​សង្គម​ផ្សេងៗ​ទៀត ដោយសារ​តែ​ករណី​នៃ​សកម្មភាព​របស់​ពួកគេ​ទាំង​នោះ​មាន​ការ​ពាក់ព័ន្ធ​នឹង​អ្នក​មាន​អំណាច​។

លោក​បន្ថែម​ថា​៖ «​ទាក់ទង​ឃាតកម្ម​ទៅ​លើ​អ្នក​ដែល​ឆ្នើម​ និង​ល្បី​ជួយ​សង្គម តែ​អាជ្ញាធរ​ក្រុង​មិន​បាន​យក​ឃាតករ​ពិត និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់​ទេ​។ ទាំងនេះ​ហើយ​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​មាន​មន្ទិល​សង្ស័យ ហើយ​ដើម្បី​លុប​បំបាត់​នូវ​មន្ទិលសង្ស័យ​ទាំងអស់​ហ្នឹង​សូម​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ត្រូវ​តែ​វែកមុខ​រក​ឃាតករ និង​អ្នក​នៅ​ពីក្រោយ​ខ្នង​ឃាតករ​មក​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់​»​។

លោក​ ឈុន ​ថា​៖ «​យើង​នៅតែ​មាន​អារម្មណ៍​រន្ធត់​នឹករឭក​ទៅ​ដល់​វីរភាព​របស់​លោក​ដែល​បាន​ធ្វើ​ការវិភាគ ហើយ​និយាយ​ការពិត​អំពី​បញ្ហា​សង្គម​ដែល​កើត​មាន​មក​លើ​ប្រជាពលរដ្ឋ​ហើយ​យើង​តែងតែ​គោរព​កោតសរសើរ​ចងចាំ​ជានិច្ច​នូវ​វីរភាព​លោក​បណ្ឌិត​ កែម ឡី​»​។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​លោក​ ស៊ឹង សែនករុណា ដែល​បាន​ចូលរួម​រំឭក​ខួប​ ២ ​ឆ្នាំ​នៃ​ឃាតកម្ម​នេះ​ក៏​បាន​ថ្លែង​ដែរ​ថា អង្គការ​សង្គម​ស៊ីវិល យុវជន និង​ប្រជាពលរដ្ឋ​បាន​និង​កំពុង​រង់ចាំ​យុត្តិធម៌ និង​ជំរុញ​អាជ្ញាធរ​បង្ហាញ​លទ្ធផល​នៃ​ការស៊ើបអង្កេត​ជា​សាធារណៈ​។

លោក​បញ្ជាក់​ថា​៖ «​ទាំង​ខ្ញុំ​ទាំង​ពលរដ្ឋ និង​សាធារណជន​គឺ​យើង​រង់ចាំ​យុត្តិធម៌​សម្រាប់​គាត់​។ យើង​ចង់​ដឹង​ថា តើ​យុតិ្តធម៌​នឹង​មាន​សម្រាប់​គាត់​នៅពេល​ណា​ហើយ​យើង​ចង់ឃើញ​យុត្តិធម៌​ទៅ​លើ​ករណី​ធ្វើឃាត​ទៅ​លើ​រូបគាត់​។ ព័ត៌មាន​មួយ​ចំនួន​គួរតែ​ឲ្យ​សាធារណជន​ដឹង​ពីព្រោះ​ថា​ ករណី​នេះ​មិន​ដូច​ករណី​ទៅ​លើ​បុគ្គល​ធម្មតា​ទេ ដូច្នេះ​តុលាការ និង​សមត្ថកិច្ច​គួរ​តែ​ផ្តល់​ព័ត៌មាន​ពី​ចំណាត់ការ និង វិធានការ​របស់​ខ្លួន​។ ភាព​ស្ងប់ស្ងាត់​នេះ​ធ្វើឲ្យ​កាន់តែ​មាន​មន្ទិល​សង្ស័យ​មែនទែន​»​។

យុវតី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​លើក​ឡើង​ថា នាង​មក​ស្តុប​បូកគោ​នៅ​ថ្ងៃ​នេះ ដើម្បី​រំឭក​ខួប​ ២ ​ឆ្នាំ​នៃ​ការបាញ់​សម្លាប់​លោក​ កែម ឡី​។ នាង​និយាយ​ថា ការបាញ់​សម្លាប់​លោក កែម ឡី គឺជា អំពើ​ឃាតកម្ម​មួយ​ដ៏សាហាវ និង​ព្រៃផ្សៃ ហើយ​ថា​រហូត​មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​សម្រាប់​រូប​គាត់​នៅ​ឡើយ​។

នាង​និយាយ​ថា​៖ «​ក្នុង​នាម​ជា​យុវជន​ម្នាក់​អំពើ​ឃាតកម្ម​មួយ​ដ៏សាហាវ និង​ព្រៃផ្សៃ​កាល​ ២ ​ឆ្នាំ​មុន​សម្រាប់​ខ្ញុំ ខ្ញុំ​មាន​ការឈឺចាប់​ខ្លាំង​មែនទែន​នៅពេល​ដែល​គាត់​គ្រាន់តែ​ធ្វើការ​វិភាគ​ដើម្បី​កែលម្អ​ប្រទេស ដើម្បី​ឲ្យ​ប្រទេស​មាន​ការ​គោរព​សិទិ្ធមនុស្ស និង​មាន​ការ​រីកចម្រើន​ ប៉ុន្តែ​គាត់​ត្រូវ​បាន​បាត់បង់​ជីវិត​។ វា​អយុត្តិធម៌​មែនទែន​សម្រាប់​រូបគាត់​ដោយសារ​គាត់​ធ្វើ​ដើម្បី​ប្រទេស​ជាតិ​»​។

នាង​បញ្ជាក់​ថា​៖ «​ដោយសារ​តែ​មូលហេតុ​នៃ​ការសម្លាប់​ដោយ​ការ​ជំពាក់​បំណុល​រវាង​លោក​បណ្ឌិត​ កែម ឡី និង​ ជួប សម្លាប់ តើ​ពី​ណា​ជំពាក់​លុយ​ពី​ណា​? ដូច្នេះ​វា​មិន​ស័ក្តិសម​ដែល​លោក​បណ្ឌិត​ កែម ឡី ទៅ​ជំពាក់​បំណុល ហើយ​ដោយសារ​បំណុល​លោក​ត្រូវ​បាន​បាញ់​សម្លាប់​នោះ​ទេ​»​។

លោក​ ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​មាន​ប្រសាសន៍​ថា​សព​របស់​លោក​ កែម ឡី ​ដែល​បាន​ស្លាប់​ទៅ​ហើយ ប៉ុន្តែ​សព​របស់​គាត់​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​អាជីវកម្ម ជាពិសេស​ជិត​ដល់​ពេល​បោះឆ្នោត​។

លោក ជិន ម៉ាលីន ថ្លែង​ថា​៖ «​សព​គាត់​កាន់តែ​ឡើង​ថ្លៃ​ដោយសារ​តែ​គេ​យក​មក​ធ្វើ​អាជីវកម្ម​។ ការស្នើសុំ​ឲ្យ​ធ្វើការ​ស៊ើបអង្កេត​ឡើងវិញ​គឺ​មិន​អាច​ទៅរួច​ទេ​តាម​នីតិវិធី​ច្បាប់ ដោយសារ​តែ​ការស្នើ​នេះ​មិន​ត្រឹមត្រូវ​តាម​បែបបទ​នៃ​ច្បាប់​ហើយ​ការស្នើ​នេះ​គឺ​មាន​ចេតនា​នយោបាយ​នៅ​ពី​ក្រោយ​»​។ លោក​បន្ថែម​ថា រឿង​នេះ​បាន​និង​កំពុង​ដំណើរការ​នៅ​តុលាការ​ដែល​មក​ដល់​ពេល​នេះ​គឺ​មាន​ជន​ដៃដល់​ម្នាក់​ឈ្មោះ​ ជួប សម្លាប់ ដែល​ត្រូវ​បាន​ផ្តន្ទាទោស​អស់​មួយ​ជីវិត​។ គាត់​កំពុង​តែ​ប្រើ​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍​ដើម្បី​ឲ្យ​មាន​ការ​សម្រាលទោស​។

លោក​បញ្ជាក់​ថា​អាជ្ញាធរ​នឹង​បញ្ចេញ​លទ្ធផល​ជា​សាធារណៈ​នៅពេល​ណា​មួយ​នៅពេល​ដែល​តុលាការ​បញ្ចប់​នីតិវិធី​របស់​ខ្លួន​។

លោក​ ឡោ គីមហ្គិច មេធាវី​ការពារ​ជន​ជាប់ចោទ​ ជួប សម្លាប់ បញ្ជាក់​កាលពី​ម្សិលមិញ​ថា​លោក​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​កំពូល​រួច​ហើយ​តាម​ការស្នើសុំ​របស់​កូនក្តី ប៉ុន្តែ​តុលាការ​កំពូល​មិន​ទាន់​សម្រេច​លើ​កាលបរិច្ឆេទ​បើក​សវនាការ​ទេ​។

លោក​ថា​ ការ​សម្រេច​ប្តឹង​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​សាលា​ឧទ្ធរណ៍​កាលពី​ថ្ងៃទី​ ១១ ខែ​ឧសភា​បាន​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោយ​ដាក់ទោស​ជនជាប់ចោទ​អស់​មួយជីវិត​។

លោក​ មេធាវី ថ្លែង​ថា​៖ «​តុលាការ​សម្រេច​តម្កល់​សាលក្រម​ដោយសារ​តែ​ជនជាប់ចោទ​ធ្លាប់​បាន​បួស​រៀន ហើយ​ធ្លាប់​បាន​ធ្វើ​ទាហាន​ទៀត​។ ដោយសារ​មូលហេតុ​នេះ​ហើយ​គាត់​ត្រូវ​តែ​មាន​ចំណេះដឹង​ខ្ពស់​ហើយ​ក្នុង​ពុទ្ធសាសនា គាត់​បាន​រៀន​ធម៌​វិន័យ​យល់​បុណ្យ​បាប​ច្បាស់លាស់​ណាស់​។ អ៊ីចឹង​តុលាការ​មិន​អាច​សម្រាល​ទោស​គាត់​បាន​ទេ​»៕

អត្ថបទគួរចាប់អារម្មណ៍