តាកែវ/កណ្ដាលៈ​ យ៉ាង​ហោច​ណាស់​មាន​ឃាតកម្ម​ចំនួន ២ បាន​កើត​ឡើង​ក្នុង​ថ្ងៃ​តែ ​១ ​កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​ស្ត្រី​ម្នាក់​នៅ​តាកែវ ត្រូវ​បាន​ប្ដី​សម្លាប់​ដោយ​កាប់​នឹង​ពូថៅ​ ខណៈ​បុរស​ម្នាក់​​ត្រូវ​បាន​មិត្តភក្ដិ​សម្លាប់​ដោយ​កាប់​នឹង​កាំបិត​ប៉័ងតោ ​នៅ​ខេត្ត​កណ្ដាល​។ នេះ​បើ​តាម​មន្ត្រី​នគរបាល​មូលដ្ឋាន។ លោក​ ភី​ ឆុន អធិការ​ស្រុក​អង្គរបុរី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​កាល​ពី​ម្សិលមិញ​ថា បុរស​ជាប់​សង្ស័យ​ក្នុង​អំពើ​ឃាតកម្ម​ខាង​លើ​នេះ​ ឈ្មោះ ​បាល់​ ភឿន​ អាយុ ​៤៨ ឆ្នាំ​ រស់នៅ​ភូមិ​កំពង់ពោធិ៍​ ឃុំ​ព្រែក​ផ្ទោល ​ស្រុក​អង្គរបុរី​ ខេត្ត​តាកែវ​។

លោក​បាន​ថ្លែង​ថា ​ជន​សង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​គាត់​កាប់​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ​មុត​ ឃាង អាយុ ​៥២ ​ឆ្នាំ​ ដោយ​ប្រើ​ពូថៅ​ និង​កណ្ដៀវ​ ខណៈ​ស្ត្រី​រងគ្រោះ​កំពុង​អង្គុយ​ធ្វើ​ចេក​ឆាប​ក្នុង​ផ្ទះ​បាយ​​។​ ករណី​នេះ​បាន​ធ្វើ​ឲ្យ​កូន​ប្រុស​ស្រី​ពួក​គេ ​៥ នាក់ ​ដែល​មាន​អាយុ​​ពី​ ១៤ ​ឆ្នាំ ដល់ ​២២ ​ឆ្នាំ ​ក្លាយ​ជា​កូន​កំព្រា។

លោក​​ថា៖ ​«​ជន​សង្ស័យ​ជា​មនុស្ស​ប្រចណ្ឌ​ជ្រុល​ និង​ហួងហែង​​ប្រពន្ធ​មិន​ឲ្យ​និយាយ​ជាមួយ​បុរស​ផ្សេង ​ដែល​មាន​វ័យ​ស្របាល​គ្នា​ក្នុង​ភូមិ​ទេ។ ជន​សង្ស័យ​ជា​មនុស្ស​ញៀន​ស្រា​ប៉ុន្តែ​ថ្ងៃ​កើត​ហេតុ​មិន​​ផឹក​ទេ​»។​ បច្ចុប្បន្ន​​ជន​សង្ស័យ​ ត្រូវ​បាន​នគរបាល​ស្រុក​អង្គរបុរី​​បញ្ជូន​ទៅ​ស្នងការដ្ឋាន​​​​​​ខេត្ត​តាកែវ ​ដើម្បី​ស៊ើបសួរ​បន្ត​តាម​នីតិវិធី​។

ដោយ​ឡែក​នៅ​ខេត្ត​កណ្ដាល​ក៏​មាន​ករណី​ឃាតកម្ម​មួយ​ដែរ​កាលពី​ថ្ងៃ​សៅ​រ៍ ដោយ​បុរស​វ័យ ​៣០ ម្នាក់ ត្រូវ​បាន​មិត្តភក្ដិ​ម្នាក់​លួច​កាប់​នឹង​កាំបិត​ប៉័ងតោ​របួស​ធ្ងន់ ហើយ​បាន​ស្លាប់​តាម​ផ្លូវ​ពេល​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ។ ​រីឯ​ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​ភ្លាមៗ​។

លោក​ សេង ​សុជាតិ​ អធិការ​ស្រុក​ស្អាង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​ពី​ម្សិលមិញ​ថា​ ជន​រងគ្រោះ ​ឈ្មោះ ​ពង ​ហ៊ង អាយុ ​៣០ ​ឆ្នាំ ​មាន​លំនៅ​ក្នុង​ឃុំ​ប្រាសាទ​ស្រុក​ស្អាង ខេត្ដ​កណ្ដាល​។ ​ចំណែក​ជន​សង្ស័យ​ឈ្មោះ ​ងន ​សុវណ្ណ អាយុ ​៣៤ ​ឆ្នាំ មាន​លំនៅ​ក្នុង​ឃុំ​គគីរ​ធំ​ ស្រុក​កៀនស្វាយ​ ខេត្ដ​កណ្ដាល​។ អ្នក​ទាំង ​២ ​ជា​មិត្តភក្ដិ​ធ្លាប់​ធ្វើ​ការ​នៅ​ប្រទេស ថៃ ​ជាមួយ​គ្នា។

លោក​ថា៖ ​«តាម​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ​ថា ​ជន​រងគ្រោះ​បាន​លួច​ទាក់ទង​ស្នេហា​ជាមួយ​នារី​ម្នាក់​​ជា​​សង្សា​របស់​ជន​សង្ស័យ​ធ្វើ​ឲ្យ​ជន​សង្ស័យ​មាន​គំនុំ​រហូត​លួច​កាប់​ជន​រងគ្រោះ​ដែល​ជា​មិត្តភក្ដិ​របស់​ខ្លួន​ព្រោះ​តែ​រឿង​ស្រី​ម្នាក់»​។

លោក​ សុ​ជាតិ​ បាន​បន្ត​ថា​ បច្ចុប្បន្ន​ជន​សង្ស័យ​ កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​មន្ត្រី​នគរបាល​យុត្តិធម៌​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល ​ដើម្បី​រៀបចំ​សំណុំ​រឿង​បញ្ជូន​ឡើង​តុលាការ​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​៕