ព្រះសីហនុៈ សមត្ថកិច្ច​កងរាជ​អាវុធហត្ថ​ស្រុក​ព្រៃនប់​កាលពី​ថ្ងៃ​ ២៣ ឧសភា​ បាន​ឃាត់ខ្លួន​កម្មករ​ ៥ ​នាក់ ដែល​បម្រើការ​នៅ​រោងចក្រ​ហ្សីជាងហុមភ័ញហ្វើនីឈ័រ ឯ.ក ​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចេជាង​ស្ថិតក្នុង​ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដើម្បី​សាកសួរ​អប់រំ ណែនាំ និង​ពិន័យ​អន្តរការណ៍ ដោយសារ​គេចវេះ​មិន​ព្រម​សហការ​ជាមួយ​មន្ត្រី​សុខាភិបាល​ក្នុង​ការអនុវត្ត​កាតព្វកិច្ច​យក​សំណាក​ទៅ​វិភាគ​ ខណៈ​ពួកគេ​មាន​ពាក់ព័ន្ធ​ផ្ទាល់​ជាមួយ​អ្នកជំងឺ​កូវីដ​ ១៩​។

យោងតាម​របាយករណ៍​របស់​សមត្ថកិច្ច​កងរាជ​អាវុធហត្ថ​ស្រុក​ព្រៃនប់ បានឱ្យដឹងថា បុគ្គល​ទាំង​ ៥ ​នាក់​នោះ​រួមមាន​​ទី​១- ​ឈ្មោះ ឈាត សល់ ភេទ​ប្រុស អាយុ​ ៤០ ​ឆ្នាំ ទី​២- ​ឈ្មោះ​ ញ៉ ប៊ុននឿន ភេទ​ប្រុស អាយុ​ ១៧ ​ឆ្នាំ អ្នក​ទាំង​ ២ ​នេះ​មាន​លំនៅ​ក្នុង​ភូមិ​ត្រពាំងគា ឃុំ​ជើងគោ ស្រុក​ព្រៃនប់​។ ទី​៣- ឈ្មោះ​ គង់ សៀវលី ភេទ​ប្រុស អាយុ​ ២១ ​ឆ្នាំ ទី៤- ​ឈ្មោះ ឃុន តឿន ភេទ​ប្រុស អាយុ​ ២៤ ​ឆ្នាំ និង​ ៥- ​ឈ្មោះ សាំង សីហា ភេទ​ប្រុស អាយុ​ ២២ ​ឆ្នាំ ដែល​អ្នក​ទាំង​ ៣ ​មាន​លំនៅ​ភូមិ​វាលមាស ឃុំ​វាលរេញ ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។ ពួកគេ​ទាំង​ ៥ ​នាក់​ខាងលើ​មាន​មុខរបរ​ជា​កម្មករ​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចេជាង​។

លោក ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​បានបញ្ជាក់​កាលពី​ម្សិលមិញ​ថា បន្ទាប់ពី​សាកសួរ អប់រំ ណែនាំ និង​ពិន័យ​អន្តរការណ៍​រួច​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​បញ្ជូន​ពួកគេ​ទៅ​ផ្តល់​វត្ថុសំណាក​នៅ​វេទិកា​ ៧ ​មករា​ ដើម្បី​ធ្វើតេស្ត​វិភាគ​រក​មេរោគ​​កូវីដ​ ១៩​។

លោក​ថ្លែងថា បុគ្គល​ទាំង​ ៥ ​នាក់ ​ត្រូវ​ពិន័យ​អន្តរការណ៍​តាម​​អនុក្រឹត្យ​លេខ​ ៣៧ អនក្រ.បក ចុះ​ថ្ងៃ​សុក្រ ថ្ងៃទី​ ១២ ខែ មីនា ឆ្នាំ​ ២០២១ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ត្រង់​មាត្រា​ ២១ ​បុគ្គល​ (​ដែល​មាន​កាតព្វកិច្ច​ត្រូវ​ផ្ដល់​វត្ថុ​សំណាក​) ​ហើយ​មិន​សហការ​ជាមួយ​មន្ត្រី​សុខាភិបាល​ដើម្បី​យក​វត្ថុ​សំណាក​ទៅ​វិភាគ​រក​មេរោគ​កូវីដ​ ១៩ ត្រូវ​ផ្ដន្ទាទោស​ជា​ពិន័យ​អន្តរការណ៍​ពី​ ១ ​លាន​រៀល​ ទៅ​ ៥ ​លាន​រៀល​។

លោក​បញ្ជាក់ថា​៖ «​ការបង់ប្រាក់​ពិន័យ​អន្តរការណ៍​នេះ​មិន​​ធ្វើឱ្យ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ល្មើស​នេះ​រួច​ផុតពី​កាតព្វកិច្ច​ក្នុង​ការឱ្យ​មន្ត្រី​សុខាភិបាល​យក​សំណាក​ទៅ​វិភាគ​រក​មេរោគ​​កូវីដ​ ១៩ ​នោះទេ​»​។

ពាក់ព័ន្ធ​ករណីនេះ រដ្ឋបាល​ស្រុក​ព្រៃនប់​កាលពី​ថ្ងៃទី​ ២៣ ​ឧសភា បាន​បន្ត​អំពាវនាវ​ដល់​ពលរដ្ឋ ពិសេស​អ្នករស់នៅ​​ក្នុង​មូលដ្ឋាន​ស្រុក​ព្រៃនប់ និង​​ខេត្ដ​ព្រះសីហនុ ដែល​បាន​ប្រាស្រ័យ​ទាក់ទង​ដោយផ្ទាល់​ជាមួយ​អ្នក​ជំងឺ​កូវីដ​ ១៩ ​ត្រូវ​រាយកាណ៍​មក​អាជ្ញាធរ​មូលដ្ឋាន​ជាបន្ទាន់​ ដើម្បី​ផ្តល់​វត្ថុ​សំណាក​ឱ្យទាន់​ពេលវេលា និង​ចៀស​ផុតពី​​ការទទួល​ទណ្ឌកម្ម​តាមច្បាប់​។

ដោយឡែក​នៅថ្ងៃនោះ​ដែរ​ រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​​ដាក់ចេញ​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន​សម្រាប់​រយៈពេល​ ១៤ ​ថ្ងៃ ចំពោះ​ទីតាំង​ថ្មី​ដែលមាន​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ នៅ​ស្រុក​ព្រៃនប់ ដោយ​បង្កើន​ការផាកពិន័យ​ចំពោះ​ជនល្មើស​នឹង​បម្រាម​ដោយ​ចាប់ផ្ដើម​អនុវត្ត​ពី​ម៉ោង​ ០ ថ្ងៃទី​ ២៤ ខែឧសភា ដល់​ថ្ងៃទី​ ៦ ខែ​ មិថុនា ឆ្នាំ​ ២០២១​។

រដ្ឋបាល​ខេត្ដ​បានឱ្យ​ដឹងថា តាមរយៈ​វិធានការ​ដែល​បាន​ដាក់ចេញ​កន្លងមក ក្នុងការទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​ក្នុង​ក្រុងព្រះសីហនុ រួមមាន ដូចជា ការបិទខ្ទប់​ក្រុងព្រះសីហនុ ការកំណត់​តំបន់​ក្រហម និង​តំបន់​លឿងទុំ ជា​លទ្ធផល​គឺ​ការឆ្លង​រាលដាល​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​។

រដ្ឋបាល​ខេត្ដ​បញ្ជាក់ថា ដូច្នេះ​ដើម្បី​សម្រួល​ដល់​ជីវភាព​រស់នៅ និង​ការធ្វើដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ រដ្ឋបាល​ខេត្ដ​សម្រេច​បញ្ចប់​តំបន់​លឿងទុំ​មុន​កាលកំណត់​ចេញពី​ក្រុងព្រះសីហនុ​ដោយ​ប្តូរ​មកជា​តំបន់​​លឿង​វិញ និង​ពង្រីក​តំបន់​លឿង​នៅ​ទីតាំង​តំបន់​ក្រហម​ក្នុងស្រុក​ព្រៃនប់​ដែល​ទើប​មាន​ការរាលដាល​ថ្មី ព្រមទាំង​បង្កើន​វិធានការ​ផាកពិន័យ​ទៅលើ​ការល្មើស​បម្រាម​ទាំងឡាយ​ដែល​បាន​ដាក់ចេញ​ដើម្បី​កាត់ផ្តាច់​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ ១៩ ​នៅក្នុង​សហគមន៍​៕