កំពង់ឆ្នាំងៈ គ្រូបង្រៀន​ម្នាក់​ជា​សមាជិកសមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​នៅ​ខេត្ត​កំពង់ឆ្នាំង និង​ជា​អតីត​សមាជិក​បក្សប្រឆាំង​ត្រូវបាន​សមត្ថកិច្ច​​ឃាត់ខ្លួន​បញ្ជូនមក​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​ដែល​ទំនង​មកពី​ករណី​បើក​បង្រៀន​គួរ​ក្នុងពេល​តាម​សាលា​ត្រូវបាន​ប្រកាស​ឲ្យ​បិទ​បណ្ដោះអាសន្ន​ដោយសារ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​។ ប៉ុន្តែ​មន្ត្រី​នគរបាល​អះអាង​ថា គាត់​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ជាច្រើន​។

លោក​ កែវ ថៃ គ្រូបង្រៀន​នៅ​វិទ្យាល័យ​បរិបូរណ៍ខេត្ត​កំពង់ឆ្នាំង​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅផ្ទះ​លោក​មុនពេល​បញ្ជូន​ទៅកាន់​រាជធានី​ភ្នំពេញ​បន្ទាប់ពី​គ្រូបង្រៀន​រូបនេះ​បាន​ប្រកាស​បើក​បង្រៀន​គួរ​ភាសា​អង់គ្លេស​តាម​អនឡាញ​។ ​នេះ​បើតាម​ការបញ្ជាក់​ពី​កញ្ញា កែវ រចនា ដែល​ត្រូវជា​កូនស្រី​បង្កើត​របស់​លោក​ កែវ ថៃ​។

កញ្ញា កែវ រចនា បាន​រៀបរាប់​កាលពី​ម្សិលមិញ​ថា​នៅ​ម៉ោង​ប្រមាណ​ជិត​ ៦ ​ព្រឹក​ ក្រុម​សមត្ថកិច្ច​បាន​ទៅ​ព័ទ្ធ​ផ្ទះ​នាង​ហើយ​ឲ្យ​ឪពុក​នាង​ចុះមក​ដី​ដើម្បី​សួរនាំ​។ ប៉ុន្តែ​ ឪពុក​របស់​នាង​មិន​ព្រម​ចុះមក​ទេ ដោយ​បន្ត​នៅក្នុង​ផ្ទះ​រហូតដល់​ម៉ោង​ជាង​ ៧​។ ​កញ្ញា​បញ្ជាក់ថា សមត្ថកិច្ច​មិន​មាន​ដីកា​អ្វី​យក​មក​ជាមួយ​ទេ ប៉ុន្តែ​នៅវេលា​ម៉ោង​ប្រមាណ​ជាង​ ៧ ​ព្រឹក​ទើប​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​​បាន​មក​ដល់​។

កញ្ញា​បន្តថា​៖ «​ខ្ញុំ​សុំ​មើល​ដីកាឆែកឆេរ តែ​ខាង​គាត់​ថា គាត់​ព្រះរាជអាជ្ញា​មកហើយ​មិនចាំបាច់​យក​អាហ្នឹង​ទេ មិនចាំបាច់​ដីកា​អី​ទៀត​។ គាត់​ដកហូត​ទូរស័ព្ទ​ផ្ទះ​ខ្ញុំ​ ៣ ​គ្រឿង​ទាំង​របស់​ម៉ាក់​ខ្ញុំ ប៉ា​ខ្ញុំ ហើយ​និង​របស់ខ្ញុំ​។ ដក​ហើយ​គាត់​ធ្វើ​លិខិត​ ១ លិខិត​ទទួល​ទូរស័ព្ទ​។ គាត់​ថា បើ​ផ្ទះ​ខ្ញុំ​អត់​ឲ្យ​ឆែកឆេរ​ទេ គាត់​នឹង​ប្ដឹង​គ្រួសារ​ខ្ញុំ​ទៀត ដោយសារ​គាត់​មាន​ដីកា​ហើយ​»​។

កញ្ញា កែវ រចនា បន្ត​ថា​ពេល​ឪពុក​នាង​ចុះមក​ដល់​ដី​ភ្លាម សមត្ថកិច្ច​បាន​ក្រៀក​គាត់​ចូលក្នុង​ឡាន​តែម្តង​។ កញ្ញា​បន្ត ថា​កញ្ញា​មិនដឹង​ពី​មូលហេតុ​នៃ​ការចាប់ខ្លួន​នេះច្បាស់​ទេ ប៉ុន្តែ​ឪពុក​របស់​កញ្ញា​បាន​ឈប់​បង្រៀន​គួរ​នៅ​ថ្នាក់រៀន​ចាប់​តាំងពី​ក្រសួង​អប់រំ​បានប្រកាស​បិទ​សាលា​បណ្ដោះអាសន្ន​ ដើម្បី​ទប់ស្កាត់​កូវីដ​ ១៩ តែ​បាន​បើក​បង្រៀន​តាម​អនឡាញ​វិញ​។

កាលពី​ថ្ងៃ​ពុធ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា មាន​គ្រូបង្រៀន​ម្នាក់​ដែលជា​សមាជិកសមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ប្រកាស​តាម​បណ្ដាញ​សង្គម​អំពី​ការបើក​បង្រៀន​គួរ​។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ឈ្មោះ​នោះទេ​។

លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​មិន​អត្ថាធិប្បាយ​លើ​ករណី​នេះ​ទេ ប៉ុន្តែ​លោក​បានបញ្ជាក់​ពី​សេចក្ដី​ណែនាំ​របស់​ក្រសួង​អប់រំ​ដែល​ចេញ​កាលពី​ថ្ងៃទី​ ២៦ ខែមីនា ម្សិលមិញ ស្ដីអំពី​វិធានការ​បន្ថែម​ក្នុង​ការបង្ការ និង​ទប់ស្កាត់​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩​។

នៅក្នុង​ចំណុច​ទី​ ៤ នៃ​សេចក្ដី​ណែនាំ​នោះបាន​ចែងថា​៖ «​ហាមផ្ដាច់​មិន​ឲ្យ​មាន​ការ​បង្រៀន​គួរ​ក្នុងពេល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​។ ក្នុងករណី​គ្រូបង្រៀន​​ណា​ដែល​ល្មើស ក្រសួង​ចាត់​វិធានការ​រដ្ឋបាល​ចំពោះ​គ្រូបង្រៀន​នោះ​»​។

លោក​ ឆាយ គឹមខឿន អ្នក​នាំពាក្យ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​បញ្ជាក់ថា ពិតជា​មាន​ការចាប់ខ្លួន​លោក កែវ ថៃ មែន ដោយសារ​មាន​ជាប់ពាក់ព័ន្ធ​នឹង​ករណី​ជាច្រើន​។

លោក​បាន​បញ្ជាក់ថា​៖ «​គាត់​ហ្នឹង​និយាយ​ពី​អតីតភាព​គាត់​ជា​មុខសញ្ញា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ញុះញង់ និង​អំពើ​ឃុបឃិត​ជាមួយ​ក្រុម​ឧទ្ទាម​ក្បត់ជាតិ​ជាពិសេស​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ​ជា​សកម្មជន ហើយ​នៅក្នុង​បញ្ជី​ឈ្មោះ​របស់​តុលាការ​ដែល​ពេលនោះ​រាជរដ្ឋាភិបាល​បាន​អនុគ្រោះ​ទោស តែ​ស្ថិតនៅក្នុង​ការឃ្លាំមើល​។

លោក​បន្តថា​៖ «​បន្ទាប់ពី​បាន​រួច​ទោស​ទៅ​ដូច​អត់​មាន​ការកែប្រែ ហើយ​បង្កើត​បញ្ហា​ច្រើន​បន្ថែម​ទៀត​បង្ហោះ​ព័ត៌មាន​បង្ហោះ​អី​មាន​ការញុះញង់​បានន័យថា គាត់​អត់​កែប្រែ​គាត់​នៅតែ​ញុះញង់​។ ​មាន​ឃាត់​មែន​ព្រឹក​​មិញ ហើយ​យកមក​ភ្នំពេញ​ហើយ​ដើម្បី​សួរ​បំភ្លឺ ហើយ​រៀបចំ​នីតិវិធី​បញ្ជូនទៅ​តុលាការ​»៕