ភ្នំពេញ/ព្រះសីហនុៈ ​សមត្ថកិច្ច​ចម្រុះ​រាជធានី​ភ្នំពេញ​បាន​រឹបអូស​ផលិតផល​គ្រឿងសម្អាង​ក្លែងក្លាយ​ ៥ តោន​ព្រម​ទាំង​ចាប់​ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់ ខណៈ​ដែល​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​បាន​ចាប់​ឃាត់​ខ្លួន​ជនជាតិ​ចិន​ជិត​ ១០០ នាក់​ពាក់ព័ន្ធ​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ព្រមទាំង​ជំរិត​ទារប្រាក់ តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។

ទីតាំង​ផលិត​គ្រឿងសម្អាង​ក្លែងក្លាយ​ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ចិន​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​ចុះ​បង្ក្រាប​បាន​នា​ព្រឹក​ថ្ងៃទី​ ២៦ ខែ​សីហា ឆ្នាំ​ ២០១៨ ស្ថិត​នៅ​ផ្ទះ​លេខ ៨៧ ផ្លូវ​វេងស្រេង ភូមិ​ចោមចៅ សង្កាត់​ចោមចៅ​ទី​ ២ ខណ្ឌ​ពោធិ៍សែនជ័យ​។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​ក្រោម​ការដឹកនាំ​ផ្ទាល់​ពី​លោក ចាន់ វ៉ាន់ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រោម​ការ​សម្រប​សម្រួល​នីតិវិធី​ពី​លោក ស្រី ម៉ាក់នី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្នុង​នោះ​សមត្ថកិច្ច​ដកហូត​បាន​គ្រឿងសម្អាង​ក្លែងក្លាយ​ទម្ងន់​ ៥ តោន និង​សម្ភារ​សម្រាប់​ផលិត​មួយ​ចំនួន​ទៀត​។

លោក​ ចាន់ វ៉ាន់ធឿន បាន​ឲ្យ​ដឹង​ថា​ការឈាន​ទៅ​ដល់​ការបង្ក្រាប​នេះ​គឺ​ក្រោយពី​កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ​មន្ត្រី​ក្រសួង​សុខាភិបាល​ ក្រសួង​ឧស្សាហកម្ម និង​អាជ្ញាធរ​មូលដ្ឋាន​ធ្វើការ​ស្រាវជ្រាវ​រកឃើញ​ក៏​សុំ​គោលការណ៍​ចុះបង្ក្រាប​ជាក់ស្ដែង​តែ​ម្ដង​ដែល​មាន​ម្ចាស់​ទីតាំង​ផលិត​ឈ្មោះ Zou Zhiqang អាយុ​ ៤៤ ​ឆ្នាំ​ជា​ជនជាតិ​ចិន​។

លោក​បន្ដ​៖ «​ទីតាំង​ឃ្លាំង​ផលិត​គ្រឿងសម្អាង​ក្លែងក្លាយ​នេះ​គឺ​ក្រុមហ៊ុន​មិន​បាន​សុំច្បាប់​អនុញ្ញាត​ពី​ស្ថាប័ន​ពាក់ព័ន្ធ និង​រកឃើញ​ផលិតផល​សម្ភារ វត្ថុ​ធាតុដើម​សម្រាប់​ផលិត​ចំនួន ២២ មុខ​មាន​ទម្ងន់​ប្រមាណ ៥ ​តោន​រួមមាន​សាប៊ូ ឡេ ទឹកអប់ ក្រែម​ម្សៅ​លាបមុខ និង​វត្ថុ​ធាតុដើម​សម្រាប់​កែច្នៃ​មួយ​ចំនួន​ទៀត​»​។

បើ​តាម​លោក វ៉ាន់ធឿន ក្រោយពី​ធ្វើការ​ត្រួតពិនិត្យ និង​តាម​ការសម្រេច​របស់​ព្រះរាជអាជ្ញារង សមត្ថកិច្ច​បាន​សម្រេច​ដកហូត​ផលិតផល​សាប៊ូ គ្រឿងសម្អាង​ក្លែងក្លាយ​ដោយ​រក្សាទុក និង​បិទ​ទីតាំង​ខាង​លើ​ហើយ​។

លោក​បន្ដ​៖ «​ក្រោយពី​នាំ​ខ្លួន​ម្ចាស់​ទីតាំង​ផលិត​ផលិតផល​នេះ​ឈ្មោះ Zou Zhiqang មក​សាកសួរ​បំភ្លឺ យើង​បាន​ចោទប្រកាន់​ម្ចាស់​ទីតាំង​នេះ​ពី​បទ​ក្លែងបន្លំ​ផលិតផល​ម៉ាក​របស់​អ្នក​ដទៃ​»​។ ជនជាប់ចោទ​ត្រូវ​បាន​ឃុំខ្លួន​រង់ចាំ​ការកាត់ក្ដី​ពី​តុលាការ​ក្នុង​ថ្ងៃ​ដដែល​នោះ​។

ករណី​ដាច់​ដោយ​ឡែក​មួយ​ទៀត​នៅឯ​ខេត្ត​ព្រះសីហនុ​កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​ ២៦ ខែ​សីហា ម្សិលមិញ​សមត្ថកិច្ច​បាន​ឆ្មក់​ចូល​ក្នុង​ក្លិប​កម្សាន្ត​ខារ៉ាអូខេ ស៊ីតុងហ្វាង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រុម​ទី​ ២៧ ភូមិ​ ៣ សង្កាត់​ ៣ ក្រុង​ព្រះសីហនុ​ដោយ​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​ ៦២ នាក់ និង​វត្ថុតាង​ថ្នាំញៀន​មួយ​ចំនួន​។

ចិន​ ៦២ ​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​រឿង​គ្រឿងញៀន​។ រូបថត នគរបាល

ការឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​កាលពី​រសៀល​ថ្ងៃទី​ ២៤ ខែ​សីហា សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ក៏​បាន​ចាប់​ឃាត់​ខ្លួន​ចិន​ចំនួន​ ១៨ នាក់​ផង​ដែរ​ពាក់ព័ន្ធ​ករណី​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ (VOIP)​។

លោក​ ស៊ុន សុផាត ស្នងការរង​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ជនសង្ស័យ​ជនជាតិ​ចិន​ ៣ ​នាក់​ក្នុង​ចំណោម ៦២ នាក់​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​ពី​ក្រុម​មន្ត្រី​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ខណៈ ៥៩ ​នាក់​ទៀត​កំពុង​ត្រូវ​បាន​ធ្វើ​តេស្ត​ទឹកនោម ដើម្បី​ស្វែងរក​សារធាតុ​ញៀន​។

លោក​បញ្ជាក់​ថា​៖ «​ជនសង្ស័យ​ ៣ ​នាក់​ដែល​កំពុង​ធ្វើការ​សាកសួរ​នេះ​មាន​តួនាទី​ជា​នាយក​គ្រប់គ្រង​ក្លិប និង​ជា​មេការ និង​ជំនួយការ​ទូទៅ​នៅក្នុង​ក្លិប និង​ខារ៉ាអូខេ​នោះ និង​ជា​អ្នក​ប្រព្រឹត្ត​ការជួញដូរ​គ្រឿងញៀន​ដោយ​ផ្ទាល់​។ ពួកគេ​ទាំង​ ៣ ​នាក់​រួមទាំង​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេតំហ្វេតាមីន ចំនួន ២២ កញ្ចប់​តូច និង​ ១ ​កញ្ចប់​ធំ​, ថ្នាំញៀន​ប្រភេទ​កេតាមីន​ដែល​លាយ​ទឹក​រួច​ ១ ​ដប និង​ជា​ម្សៅ​ក្រាម​ស​ថ្លា ២ ​ដប​»​។ ជនសង្ស័យ​នឹង​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃ​ចន្ទ​នេះ​។

លោក សុផាត ឲ្យ​ដឹង​ទៀត​ថា​ដោយឡែក​ជនសង្ស័យ ៥៩ នាក់​ទៀត​ដែល​ក្នុង​នោះ​មាន​ស្រី​ ១៥ ​នាក់​នឹង​ត្រូវ​ដោះលែង​វិញ បន្ទាប់ពី​ពួកគេ​ទទួល​ការអប់រំ​ណែនាំ និង​យល់ព្រម​ចុះកិច្ចសន្យា​បញ្ឈប់​ការប្រើប្រាស់​គ្រឿងញៀន ក្នុង​ករណី​ដែល​ពួកគេ​មិន​ត្រូវ​បាន​រកឃើញ​មាន​សារធាតុញៀន​នៅក្នុង​ខ្លួន ក្រោយ​ការធ្វើ​តេស្ត​ទឹកនោម​។ ប៉ុន្តែ​បើ​រកឃើញ​មាន​ផ្ទុក​សារធាតុញៀន នឹង​ត្រូវ​បញ្ជូន​ទៅ​មណ្ឌល​បន្សាប​គ្រឿងញៀន​។

កាលពី​រសៀល​ថ្ងៃទី ​២៤ ខែ​សីហា​ជនជាតិ​ចិន​ដីគោក និង​ចិន​តៃវ៉ាន់​សរុប ១៨ នាក់​ត្រូវ​បាន​ក្រុម​ប្រតិបត្តិការ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ​រួម​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ចាប់​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ (VOIP)​។ នេះ​បើ​តាម​លោក កៀង សន្ទរោ ព្រះអាជ្ញារង​អម​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​ដែល​បាន​ចូលរួម​ជួយ​សម្របសម្រួល​ផ្នែក​ច្បាប់​នៅក្នុង​ប្រតិបត្តិការ​នោះ​។

លោក​ សន្ទរោ បញ្ជាក់​កាលពី​ម្សិលមិញ​ថា​៖ «​ក្រុម​ជនជាតិ​ចិន​ទាំង​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដឹកជញ្ជូន​ទៅ​កាន់​រាជធានី​ភ្នំពេញ​ទាំងយប់ ដើម្បី​យក​ទៅ​សាកសួរ និង​ចាត់​វិធានការ​បន្ត​តាម​នីតិវិធី​ច្បាប់​។ ពួកគេ​ទំនង​ជា​នឹង​ត្រូវ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ូលិស​ចិន នាំ​យក​ទៅ​ផ្តន្ទាទោស​នៅ​ក្នុង​ប្រទេស​ពួកគេ​ព្រោះ​ប្រតិបត្តិការ​នេះ​មាន​ការ​ចូលរួម​ពី​កម្លាំង​ប៉ូលិស​ចិន​ផង​ដែរ​»​។

លោក​បន្ត​ថា​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ជនជាតិ​ចិន​ដីគោក និង​តៃវ៉ាន់​ខាង​លើ​នេះ​សមត្ថកិច្ច​បាន​រឹបអូស Laptop ៣៥ ​គ្រឿង​, ទូរស័ព្ទដៃ​ ៤៤ ​គ្រឿង​,​លិខិត​ឆ្លងដែន​ចំនួន​ ១៣ ​ក្បាល​។

បទល្មើស​ពាក់ព័ន្ធ​នឹង​ជនជាតិ​ចិន​នេះ​ដែរ​កាលពី​ថ្ងៃទី​ ២៤ ខែ​សីហា សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ធ្វើការ​ឃុំ​ខ្លួន​ ក្រុមចោរ​ជា​ជនជាតិ​ចិន​ ៥ នាក់​នៅ​ពន្ធនាគារ​ព្រៃស​ដោយ​ចោទប្រកាន់​ ៣ បទល្មើស​រួមមាន «​បទ​កំហែង​យក​, ចោរកម្ម និង​បង្ខាំង​ទុក ដោយ​មាន​ស្ថាន​ទម្ងន់​ទោស​»​។ នេះ​បើ​តាម​អធិការរង​ខណ្ឌ​ទួលគោក​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​លោក ពិសិដ្ឋ ​៕