ភ្នំពេញៈ សមត្ថកិច្ចកងអាវុធហត្ថរាជធានីភ្នំពេញបានឃាត់ខ្លួនជនសង្ស័យជាជនបរទេស ២៩ នាក់ ក្នុងនោះស្រី ១៧ នាក់ រួមទាំងវត្ថុតាងមួយចំនួនពាក់ព័ន្ធនឹងករណីជួញដូរផ្លូវភេទ បន្ទាប់ពីបានចុះត្រួតពិនិត្យអាជីវកម្មម៉ាស្សាជនជាតិចិនចំនួន ៤ កន្លែង នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យ។
លោក ពូ ដាវី មេបញ្ជាការរងអាវុធហត្ថរាជធានីភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលថា ទីតាំងម៉ាស្សាទាំង ៤ កន្លែងនោះ គឺស្ថិតនៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញក្នុងភូមិព្រៃទា ១ សង្កាត់ចោមចៅ ៣ ដែលមានឈ្មោះ អេស៊ានមី ស្ប៉ាម៉ាស្សា ឈ្មោះ វិនចូវកឺ និងឈ្មោះកន្លែងសម្រាកកាយ I និងកន្លែងសម្រាកកាយ II។
លោក ពូ ដាវី បន្តថាទីតាំងម៉ាស្សាទាំងនោះត្រូវបានរកឃើញមានពាក់ព័ន្ធនឹងការជួញដូរផ្លូវភេទ ទើបសមត្ថកិច្ចឃាត់ខ្លួនពួកគេរួមទាំងវត្ថុតាងមួយចំនួនដូចជា ទូហ្គេម ៣ កង់ ១ ទូដែក ១ ម៉ូតូ ៥ គ្រឿង និងស្រោមអនាម័យមួយចំនួន ។
លោកបន្ថែមថា៖ «បច្ចុប្បន្នក្រុមជនសង្ស័យ និងវត្ថុតាងស្ថិតនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលយើងកំពុងបន្តនីតិវិធី»។
លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានប្រាប់យ៉ាងខ្លីថា កាលពីម៉ោងប្រមាណ ៩ យប់ថ្ងៃទី ៨ កញ្ញា ពិតជាមានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញចុះមកបង្ក្រាបទីតាំង ៤ ខាងលើមែន។ ប៉ុន្តែលោកមិនបានដឹងព័ត៌មានលម្អិតនោះទេ ដោយសារតែប្រតិបត្តិការនេះបានធ្វើឡើងក្នុងនាមកងរាជអាវុធហត្ថ។
លោកបញ្ជាក់ថា៖ «ខាងប៉េអឹមក្រុងតើអ្នកធ្វើ ខ្ញុំខាងប៉ូលិស ដូច្នេះមិនដឹងទេ។ ខ្ញុំគ្រាន់តែដឹងថា មានការបង្ក្រាបទីតាំងម៉ាស្សា ៤ កន្លែង ចំណែកព័ត៌មានលម្អិតទៀតខ្ញុំមិនបានដឹងទេ»។
ក៏ប៉ុន្តែលោក វ៉ា សារវឿន ចៅសង្កាត់ចោមចៅទី ៣ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថាទីតាំងម៉ាស្សា ៤ កន្លែងនោះទើបតែបើកនៅដើមឆ្នាំនេះប៉ុណ្ណោះ ហើយក៏មិនបានសុំច្បាប់ពីអាជ្ញាធរដែរ។ រីឯការជួញដូរផ្លូវភេទនេះធ្វើឡើងដោយលួចលាក់។
លោកបញ្ជាក់ថា៖ «និយាយទៅគាត់បើកនៅខាងក្នុងបុរីឯណោះ ហើយបើកតែយប់ៗ ដែលយើងមើលពីខាងក្រៅ មិនដឹងថាជាកន្លែងប្រកបអាជីវកម្មខុសច្បាប់បែបនេះទេ។ ទាល់តែមានការស៊ើបអង្កេតបែបនេះបានដឹង ហើយឈានដល់ការចុះបង្ក្រាបតែម្តង។ វាមានទីតាំងក្បែរៗគ្នា មានម្ចាស់ជាជនជាតិចិន ហើយទីតាំងខ្លះមានម្ចាស់តែមួយអីអ៊ីចឹងទៅ»។
បើតាមលោក វ៉ា សារវឿន ជនសង្ស័យទាំង ២៩ នាក់ដែលត្រូវបានឃាត់ខ្លួននោះគឺសុទ្ធតែជាជនបរទេសមិនមានជនជាតិខ្មែរនោះទេ ដោយមួយចំនួនជាជនជាតិចិន និងមួយចំនួនជាជនជាតិវៀតណាម។ ជាមួយគ្នានោះ លោក សារវឿន បានអះអាងថាការប្រកបអាជីវកម្មខុសច្បាប់លួចលាក់ដោយជ្រកក្រោមអាជីវកម្មផ្សេងៗបែបនេះនៅមានច្រើនទៀត និងស្ទើរគ្រប់ទីកន្លែង ដែលទាមទារឲ្យមានការបង្ក្រាប។
កាលពីចុងខែមេសាកន្លងទៅកម្លាំងសមត្ថកិច្ចក៏បានចុះបង្ក្រាបទីតាំងម៉ាស្សាចំនួន ២ កន្លែងដោយមានបង្កប់សេវាជួញដូរផ្លូវភេទក្នុងសង្កាត់ចោមចៅ ៣ នេះដែរ ដែលមានថៅកែជាជនជាតិចិនដូចគ្នា ហើយការបង្ក្រាបនោះបានឃាត់ខ្លួនមនុស្សប្រុសស្រីជាតិចិន ១២ នាក់ក្នុងនោះមានស្ត្រី ១០ នាក់សង្ស័យរកស៊ីផ្លូវភេទ និងបុរស ២ នាក់ទៀតជាមេការ៕