The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ឃាត់​ខ្លួន​ជនសង្ស័យ ៣ ​នាក់​ និង​កញ្ឆា​ក្រៀម​ជាង​ ១ តោន

ឃាត់​ខ្លួន​ជនសង្ស័យ ៣ ​នាក់​ និង​កញ្ឆា​ក្រៀម​ជាង​ ១ តោន

Content image - Phnom Penh Post

ឃាត់​ខ្លួន​ជនសង្ស័យ ៣ ​នាក់​ និង​កញ្ឆា​ក្រៀម​ជាង​ ១ តោន

ភ្នំពេញៈ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​បី​នាក់​សួរ​នាំ និង​ដកហូត​បាន​កញ្ឆា​ក្រៀម​ជិត ១ តោន​កន្លះ​ព្រម​ទាំង​ឧបករណ៍​ល្មើស​មួយ​ចំនួន​ទៀត​ក្នុង​ទីតាំង​ស្តុក​កញ្ឆា​ដ៏ធំ​មួយ​កន្លែង​ក្នុង​បុរី​ជ័យឧត្តម សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ​តាមរយៈ​ប្រតិបត្តិការ​បង្ក្រាប​រយៈពេល​ ២ ​ថ្ងៃ។

ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ បាន​ឲ្យ​ដឹង​ថា​ប្រតិបត្តិការ​នេះ​ត្រូវ​បាន​ដឹកនាំ​ធ្វើ​ដោយ​ក្រុម​ប៉ូលិស​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នៅ​ម៉ោង ៧ ​ល្ងាច​កាលពី​ថ្ងៃ​សុក្រ និង​ព្រឹក​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​បន្ទាប់ពី​ទទួល​បាន​ដីកា​អនុញ្ញាត​ពី​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ចុះ​បង្ក្រាប​ភ្លាមៗ​ដោយ​រកឃើញ​នូវ​កញ្ឆា​ក្រៀម​ជាច្រើន​បាវ និង​វត្ថុតាង​ផ្សេងៗ​ទៀត។

លោក​ព្រះរាជអាជ្ញា​រង​បញ្ជាក់​ថា​ ​គ្រា​នោះ​សមត្ថកិច្ច​ឃាត់​ខ្លួន​​ជនសង្ស័យ​បួន​នាក់។

ប៉ុន្តែ​ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​លោក ខៀវ សាម៉ន បាន​អះអាង​ថា​មាន​ជនសង្ស័យ​តែ​បី​នាក់​ប៉ុណ្ណោះ​ដែល​​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​សួរ​នាំ និង​សម្រេច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ។

លោក​ថា៖ «ក្នុង​ចំណោម​បី​នាក់​នេះ​ក៏​មាន​មេ​ខ្លោង​ម្នាក់​អា​ម្នាក់​ឈ្មោះ តារា នោះ​ហ្នឹង​ឯង។ តាម​ការ​ពិនិត្យ​របស់​មន្ត្រី​ជំនាញ​កញ្ឆា​នេះ​មិនមែន​ដាំ​ស្រុក​ខ្មែរ​នោះ​ទេ​គឺ​នាំ​ចូល​ពី​ប្រទេស​ឡាវ​មក​ហើយ​មក​ស្តុក​នៅ​ទីតាំង​នេះ​ដើម្បី​ចែកចាយ និង​ជួញ​ទៅ​ក្រៅ​ប្រទេស​បន្ត​ទៀត​»​​។

បើ​តាម​លោក ខៀវ សាម៉ន កញ្ឆា​ក្រៀម​ទាំង ៧៩ បាវ​ដែល​រឹបអូស​បាន​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ផ្ទៀងផ្ទាត់ និង​ថ្លឹង​ត្រឹម​ត្រូវ​ឃើញ​ថា​មាន​ទម្ងន់​ជិត ១ ​តោន​កន្លះ​ដែល​ស្មើ​នឹង​ជាង ១៤០០ ​គីឡូក្រាម ហើយ​ក៏​មាន​នូវ​ឧបករណ៍​សម្ងួត និង​ឧបករណ៍​គ្រីប​មួយ​ចំនួន​ទៀត​ផង​ដែរ។

លោក​ថា៖ «ម៉ាស៊ីន​គ្រីប និង​ម៉ាស៊ីន​សម្ងួត​ត្រូវ​បាន​ជនសង្ស័យ​ប្រើ​សម្រាប់​វេចខ្ចប់ និង​បង្ការ​មិន​ឲ្យ​ធំ​ក្លិន​ដើម្បី​ងាយស្រួល​គេច​ពី​ការ​តាម​ចាប់​របស់​ប៉ូលិស និង​ងាយ​ជួញដូរ​ចែកចាយ​»​។

បើ​ទោះបី​ជា​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​កាលពី​ម្សិលមិញ​ដែរ​ថា​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​សរុប​បួន​នាក់ និង​រឹបអូស​បាន​កញ្ឆា​ដល់​ទៅ​ជិត ២ តោន​ក្តី​តែ​លោក ខៀវ សាម៉ន បាន​បដិសេធ​ដោយ​ថា​ព័ត៌មាន​ទាំងនោះ​មិន​គ្រប់​ជ្រុងជ្រោយ និង​មិន​ពិត​ឡើយ។

យោង​តាម​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​រយៈពេល​ ៦ ​ខែ​ដើម​ឆ្នាំ ២០១៥ នគរបាល​បាន​ចាប់​ខ្លួន​មនុស្ស​ចំនួន ១៩៥៩ នាក់ ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ដែល​បង្ក្រាប​បាន​ចំនួន ៩៩៨ ករណី។ ចំនួន​នេះ​មាន​ការ​កើនឡើង​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​ព្រោះ​តួលេខ​ករណី​គ្រឿងញៀន​ឆមាស​ទី ១ ​នេះ​ស្មើ​នឹង​ចំនួន​ករណី​បទល្មើស​គ្រឿងញៀន​រយៈពេល​ពេញ​មួយ​ឆ្នាំ​កាលពី​ឆ្នាំ ២០១៤ ពោល​គឺ​កើនឡើង​ដល់​ទៅ ១៥៦,០៧% បើ​ធៀប​នឹង​ឆមាស​ទី ១ រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ ២០១៤ ៕

អត្ថបទគួរចាប់អារម្មណ៍