បន្ទាយមានជ័យ៖ សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃទី ១០ ឧសភា​នេះ បាន​ឃាត់​ខ្លួន​បុរស​ជា​មេខ្យល់ ២ នាក់ និង​ពលករ ២៥ នាក់​ទៀត នៅ​ក្នុងឃុំ-ស្រុកម៉ាឡៃ ក្នុង​នោះ​មាន​ទាំង​ក្មេង ២ នាក់​ផង​ ខណៈ​ពួក​គេ​បម្រុង​ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​ថៃ។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទ​ល្មើស​នៃ​បញ្ជា​ការដ្ឋាន​កង​រាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​រសៀល​ថ្ងៃទី ១០ ឧសភា​នេះ​ថា ផ្អែក​តាម​របាយការណ៍ គឺ​កម្លាំង​កង​រាជ​អាវុធហត្ថ​ដែល​ប្រចាំការ​នៅ​គោល​ដៅ​ស្រុក​ម៉ាឡៃ បាន​ឃាត់​ខ្លួន​បុរស​មេ​ខ្យល់​បាន​ចំនួន ២ នាក់ ដែល​បម្រុង​នាំ​ពលករ​ចេញ​ទៅ​ថៃ។

ក្នុង​នោះ​ម្នាក់​ឈ្មោះ ដឹប នុន អាយុ ៥២ ឆ្នាំ​ រស់នៅ​ភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ និង​ឈ្មោះ ម៉ៃ សៃហុន អាយុ ២១ ឆ្នាំ រស់នៅ​ភូមិ​ភ្នំរូង ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ។​ ចំណែក​ចំនួន​ពលករ​ប៉ុន្មាន​នោះ​គឺ​លោក​មិន​ទាន់​ទទួល​ព័ត៌មាន​ច្បាស់​ការណ៍​នៅ​ឡើយ​ទេ។

លោក​បាន​ប្រាប់​ថា៖ «ករណី​នេះ ខ្ញុំ​ទើប​តែ​ទទួល​បាន​របាយការណ៍ គឺ​ឃាត់​ខ្លួន​មេ​ខ្យល់​បាន ២ នាក់។ ចំពោះ​ថា មាន​ពលករ​ប៉ុន្មាន​ខ្ញុំ​មិន​ច្បាស់​ទេ ដូច្នេះ​ខ្ញុំ​មិន​ហ៊ាន​និយាយ​ព្រោះ​មិន​ទាន់​ច្បាស់»។

លោក​បញ្ជាក់​ថា ទាំង​មេ​ខ្យល់​ទាំង​ពលករ​កំពុង​ត្រូវ​សមត្ថកិច្ច​សាកសួរ​នៅ​ស្រុក​ម៉ាឡៃ​នៅ​ឡើយ ដោយ​មិន​ទាន់​បញ្ជូន​មក​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​នោះ​ទេ។

លោក​បាន​បន្ថែម​ថា៖ «យើង​និយាយ​ទៅ​មិន​កើត ព្រោះ​អី​មិន​ទាន់​បញ្ជូន​ដល់​ខេត្ត។ ​ការងារ​ហ្នឹង​ការងារ​សហការ​ជាមួយ​យោធា​ខ្ញុំ​មិន​ទាន់​ថា យ៉ាង​ម៉េច​កើត»។ ទោះ​ជា​យ៉ាង​ណា បើ​តាម​មន្រ្តី​កង​រាជ​អាវុធហត្ថ​ស្រុក​ម៉ាឡៃ​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​នៅ​រសៀល​ថ្ងៃទី ១០ ឧសភា​នេះ​ថា កា​របង្ក្រាប​មេ​ខ្យល់​ និង​រំដោះ​បាន​ពលករ​នេះ គឺ​ធ្វើ​ឡើង​នៅ​ម៉ោង​ជាង ៣ ទៀប​ភ្លឺ​ ឈាន​ចូល​ថ្ងៃទី ១០ ឧសភា ខណៈ​កម្លាំង​យោធា​សឹក​រង​ខេត្ត​បន្ទាយមានជ័យ​ដើរ​ល្បាត​នៅ​ចំណុច​អូរ ១​ កន្លែង ស្ថិត​ក្នុង​ភូមិ​អូរ​ព្រំដែន ឃុំ-ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ។

មន្រ្តី​រូប​នេះ​បន្ត​ថា មេ​ខ្យល់​ទាំង ២ ​នាក់​នោះ​បាន​ឱ្យ​ពលករ​ជិះ​រថយន្ត​មក​ចាំ​នៅ​ចំណុច​គោលដៅ​ដែល​ត្រូវ​ឆ្លង​ទៅ​ប្រទេស​ថៃ នោះ​មុន។​ រីឯ​ពួក​គេ ​(មេខ្យល់)​ ក៏​ដេក​នៅ​កន្លែង​ផ្ទះ​សំណាក់​ក្នុង​ឃុំ​ម៉ាឡៃ ដើម្បី​ត្រៀម​ចេញ​ដំណើរ​នៅ​ពេល​យប់ តែ​ដោយ​សមត្ថកិច្ច​មាន​ការ​ដើរ​ល្បាត​ក៏​ប្រទះ​ឃើញ​ពួក​គេ​កំពុង​ដើរ​ហើយ​ក៏​ឃាត់​ខ្លួន​តែ​ម្តង។

លោក​បាន​ឱ្យ​ដឹង​ថា ក្រៅ​ពី​បុរស ២ នាក់​នោះ គឺ​មាន​ពលករ​សរុប​មាន ២៥ នាក់​ផង​ដែរ​ ក្នុង​នោះ​មាន (មនុស្ស​ពេញ​វ័យ​ស្រី ១៧ នាក់ និង​ប្រុស ៦ នាក់)។ រី​ឯ ២ នាក់​ទៀត​ជា​កូន​ក្មេង​តូច​ដែល​ត្រូវ​ជា​កូន​របស់​ពលករ​ទាំង​នោះ។

មន្រ្តី​រូប​នោះ​បាន​បញ្ជាក់​ថា៖ «ពលករ​ទាំង ២៣ នាក់ និង​ក្មេង ២ នាក់ ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​មណ្ឌល​ចត្តាឡីស័ក​នៅ​ស្រុកម៉ាឡៃ។ ចំណែក​មេ​ខ្យល់​នៅ​មិន​ទាន់​បាន​បញ្ជូន​ទៅ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​នៅ​ឡើយ​ទេ»៕