បាត់ដំបង/ពោធិ៍សាត់: មន្ត្រី​បរិស្ថាន​ខេត្តបាត់ដំបង​ពី​ម្សិលមិញ​បាន​ឃាត់ខ្លួន​បុរស​ ៣ ​នាក់​ ក្នុងចំណោម​ ៨ ​នាក់ ​បន្ទាប់ពី​ពួកគេ​លួច​ចាប់​កូន​សត្វ​រនាល​ពណ៌​ ១២៣ ​ក្បាល​ ក្នុង​តំបន់​អភិរក្ស​រ៉ាមសារ​ព្រែក​ទាល់​ក្នុង​ស្រុក​ឯកភ្នំ​រួច​គេចខ្លួន ខណៈ​ម្ចាស់​ហាង​ម្នាក់​នៅ​ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់​ត្រូវបាន​អប់រំ​ និង​ពិន័យ​ប្រាក់​ជាង​ ៤ ​លាន​រៀល ​រឿង​លក់​សាច់​សត្វព្រៃ​។

លោក​ កត បូរ៉ាន់ ប្រធាន​មន្ទីរបរិស្ថាន​ខេត្តបាត់ដំបង​ថ្លែង​ពី​ម្សិលមិញ​ថា បុរស​ ៣ ​នាក់​នោះ ​ត្រូវ​បាន​មន្ត្រី​ឧទ្យានុរក្ស​តំបន់​​រ៉ាមសារ​ព្រែក​ទាល់​ឃាត់​ខ្លួន​នៅ​ថ្ងៃទី​ ២៩ ខែមីនា បន្ទាប់ពី​ពួកគេ​លួច​ឆក់​ និង​ចាប់​កូន​សត្វ​រនាល​ពណ៌​ចំនួន​ ១២៣ ក្បាល​ កាលពី​ថ្ងៃទី​ ២៥ ​ខែ​មីនា​ នៅ​តំបន់​រ៉ាមសារ​ព្រែកទាល់ ឃុំ​កោះជីវាំង​ក្នុង​ស្រុក​ឯកភ្នំ ប៉ុន្ដែ​សមត្ថកិច្ច​បាន​រឹបអូស​មកវិញ​ទាំងអស់​ក្រោយពី​ពួកគេ​ទម្លាក់​វត្ថុតាង​នោះ​ចោល​ហើយ​រត់​គេចខ្លួនបាត់​។

លោក​បន្តថា ក្រុម​ជនសង្ស័យ​មាន​គ្នា​ ៨ ​នាក់​ បាន​ប្រើ​ឧបករណ៍​ឆក់​កូន​សត្វ​រនាល​ពណ៌​ដែល​ទើបតែ​ដុះស្លាប​តិចៗ ដើម្បី​យកទៅ​ធ្វើ​ម្ហូប​លក់​នៅក្នុង​ភូមិ ស្រុក​ពួកគេ​ និង​មួយចំនួន​ទៀត​យក​ទៅ​លក់​នៅ​ខេត្តសៀមរាប​។ ជនល្មើស​ជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​តំបន់​អភិរក្ស​រ៉ាមសារ​ព្រែក​ទាល់តែ​ម្ដង​ដែល​តែង​ប្រព្រឹត្តល្មើស​ជា​ហូរហែ និង​តែងតែ​រត់គេច​ពី​សមត្ថកិច្ច​រួចខ្លួនរ​ហូត​។

លោក​ បូរ៉ាន់ ​បញ្ជាក់​ថា​៖ «​ជនល្មើស ៣ ​នាក់​នេះ ខ្ញុំ​អត់​ចាំ​ឈ្មោះ​គាត់​ទេ តែ​ពួកគាត់​មាន​អាយុ ២៧ ​ឆ្នាំ​ម្នាក់ អាយុ​ ១៥ ​ឆ្នាំ​ និង​អាយុ​ ២៣ ​ឆ្នាំ​ម្នាក់ ហើយ​យើង​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​បាត់ដំបង​នៅ​ថ្ងៃទី ៣០ ​ខែមីនា នេះ​។ រីឯ​ជនល្មើស​ជា​បក្ខពួក​ ៥ ​នាក់​ផ្សេងទៀត យើង​បាន​កំណត់​អត្តសញ្ញាណ​រួចរាល់​ហើយ កំពុង​តាម​ឃាត់ខ្លួន​បន្តទៀត​»​។

លោក​បន្ថែមថា​៖ «​ករណី​លើក​នេះ ខ្ញុំ​មិន​ឲ្យ​ជនល្មើស​រួចខ្លួន​ទេ​ហើយ​ត្រូវតែ​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ទាំងអស់ គ្មាន​ការលើកលែង ឬ​អប់រំ​អ្វី​បន្តទៀត​ទេ ព្រោះ​យើង​បាន​ណែនាំ អប់រំ​ច្រើន​ឆ្នាំ​មកហើយ តែ​ជនល្មើស​មុខ​ដដែលៗ​»​។

តាម​របាយការណ៍​របស់​ក្រសួងបរិស្ថាន​ថា​កាលពី​ថ្ងៃទី​ ២៥ ​ខែ ​មីនា​ ឆ្នាំ​ ២០២០ ​មន្ត្រី​ឧទ្យានុរក្ស​ និង​មន្ត្រី​ស្ម័គ្រចិត្ត​សហគមន៍​ចំនួន​ ១២ ​នាក់ ​បាន​ចុះ​ល្បាត​នៅ​តំបន់​រ៉ាមសារ​ព្រែក​ទាល់​។ ​លុះដល់​ម៉ោង​ ២ ​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​ ២៦ ខែមីនា ក្រុមការងារ​បាន​ស្ទាក់ចាប់​បទល្មើស​លួច​ចាប់​កូន​សត្វ​រនាល​ពណ៌​ចំនួន​ ១២៣ ​ក្បាល ​ដែល​ក្រុម​ជនល្មើស​ចូល​លួច​ពី​ក្នុង​បន្ទាយ​សត្វ​យក​មក​ទម្លាក់ចោល​រួច​រត់គេចខ្លួន​បាត់​អស់ ។

ករណី​ស្រដៀង​គ្នា​នេះ​កងរាជអាវុធហត្ថ​ស្រុក​ក្រគរ​សហការ​ជាមួយ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ (Wildlife Alliance) ​បាន​ចុះបង្ក្រាប​ទីតាំង​លក់​សាច់សត្វ​ព្រៃ​ ១ ​កន្លែង​ នៅ​ភូមិ​ផ្សារ​ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​ដោយ​សមត្ថកិច្ច​បាន​អប់រំ​ និង​ពិន័យ​ប្រាក់​ជាង​ ៤ ​លាន​រៀល​ ពី​ម្ចាស់​ឈ្មោះ យ៉ាង សុដាលី ភេទ​ស្រី អាយុ​ ៣៥ ​ឆ្នាំ ​រស់នៅ​ភូមិ​/​ឃុំ​ខាងលើ​បន្ទាប់ពី​រកឃើញ​លក់​សាច់​សត្វ​ ៤៦,៣ គីឡូក្រាម​។

លោក​ នៅ សុជាតិ ​មេបញ្ជាការ​​កងរាជអាវុធហត្ថ​ស្រុក​ក្រគរ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ការបង្រាប​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​ ២៦ ខែ​មីនា​ ដោយ​បាន​សហការ​ជាមួយ​អង្គការ​ (WildlifeAlliance)​។ លោក​បាន​បញ្ជាក់ថា​៖ «​មន្ត្រី​ជំនាញ​ខាង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​គាត់​បានស្នើ​កម្លាំង​ពី​ពួក​ខ្ញុំ​ដើម្បី​ជួយ​ចុះបង្ក្រាប​ទីតាំង​ជួញដូរ​សត្វព្រៃ​នេះ ប៉ុន្ដែ​របាយការណ៍​គឺ​ពួក​ខ្ញុំ​មិនបាន​រៀបចំ​ទេ​គឺ​ខាង​អង្គការ​ជា​អ្នករៀបចំ​។ ដូច្នេះ​ខ្ញុំ​អត់​មាន​ចំនួន​វត្ថុតាង​ទេ​គឺ​យើង​គ្រាន់តែ​ចូលរួម​សហការ​ ប៉ុន្ដែ​មិន​កាន់​របាយការណ៍​ផ្ទាល់​ទេ​»​។

លោក​បន្ថែមថា ក្រោយពី​ចុះបង្ក្រាប​សមត្ថកិច្ច​យកមក​ដុតចោល​នៅក្បែរ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ស្រុក​ក្រគរ​។ រីឯ​ម្ចាស់​ទីតាំង​គឺ​តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា​ និង​ផាកពិន័យ​ជា​ទឹកប្រាក់​ ប៉ុន្ដែ​មិនដឹង​ពី​ចំនួន​ទឹកប្រាក់​ដែល​ផាកពិន័យ​នោះទេ​។

ក៏ប៉ុន្តែ​តាម​គេហទំព័រ​ហ្វេសប៊ុក​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃប្រទេស​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​ ២៨ ​ខែ​មីនា ​ថា វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​សាច់សត្វ​កាំប្រមា​ ២៤,៥០ ​គីឡូ​,​ សាច់​ឈ្លូស​ ១៨ ​គីឡូ​,​ សាច់ជ្រូក​ព្រៃ ២ ​គីឡូ​, ក្រពះ​ប្រមា ២ ​បន្ទះ និង​ស្បែ​កកែះ​ក្រៀម​ ១,៨០ ​គីឡូ​។ បច្ចុប្បន្ន​វត្ថុតាង​នេះ​ត្រូវបាន​ដុតបំផ្លាញ​ចោល​រីឯ​ម្ចាស់​ទីតាំង​សមត្ថកិច្ច​បាន​អប់រំ និង​ពិន័យ​ប្រាក់​ ៤,៥ ​លាន​រៀល​។

ដោយឡែក​គេហទំព័រ​ហ្វេសប៊ុក​របស់​អង្គការ​ (WildlifeAlliance) ​កាលពី​ថ្ងៃទី​ ២៨ ខែ​​មីនា​ ក៏បាន​បង្ហាញ​ពី​ការចូលរួម​ឆ្មក់​ចូល​ទីតាំង​ហាង​ ១ ​កន្លែង​នេះដែរ ​ហើយ​ចាត់ទុក​កិច្ចសហការ​នេះ​ថា ជា​ផ្នែក​មួយ​នៃ​​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​នៅ​កម្ពុជា​។ ជាមួយនេះ​អង្គការ​នេះ​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ឲ្យ​បញ្ឈប់​ការបរិភោគ​សាច់សត្វ​ព្រៃ​ដែល​កំពុងស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​៕