កំពង់ចាមៈ សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ចាម​កាលពី​ម្សិលមិញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ ១២ នាក់​ពាក់ព័ន្ធ​នឹង​ករណី​បើក​លេងល្បែង​បញ្ជល់​មាន់នៅ​ចំណុច​ចុង​ព្រែកបត់ ក្នុងភូមិ​ផ្ទះ​កណ្ដាលក្រោម ឃុំ​ផ្ទះកណ្ដាល ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម។

លោក ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម​មិនអាច​សុំ​ការបញ្ជាក់​​បន្ថែម​ពី​ករណីនេះ​បានទេ នៅថ្ងៃនេះ​ដោយ​លោក​ថា​កំពុង​ជាប់រវល់។ ក៏ប៉ុន្តែ​លោក​បាន​ឲ្យ​ដឹង​តាមរយៈ​របាយការណ៍​កាលពី​ម្សិលមិញ​ថា ការបង្ក្រាប​នេះ​ធ្វើឡើង​ដោយ​កម្លាំង​ជំនាញ​របស់​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រីសន្ធរ​ និង​អាជ្ញាធរ​មូលដ្ឋាន​កាលពី​ថ្ងៃទី ៦ ខែឧសភា បន្ទាប់ពី​ទទួល​បាន​បណ្តឹង​ពី​ពលរដ្ឋ​ភ្លាម។

លោក​ស្នងការ​បាន​បន្ត​ថា ក្នុង​កិច្ចប្រតិបត្តិការ​នេះ​មាន​ការសម្របសម្រួល​ផ្ទាល់​ពី​លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម​ក្នុង​ការចុះបង្ក្រាប​ករណី​រារាំង​ដល់​ការអនុវត្ត​វិធានការ​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ១៩ និង​ករណី​បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់ (បញ្ជល់មាន់​ភ្នាល់​ដាក់​ប្រាក់)។

បើតាម​លោក ឯម កុសល សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមាន ទូរស័ព្ទ​ចំនួន ១២ គ្រឿង, សត្វ​មាន់ជល់​ចំនួន ២ ក្បាល (ងាប់), កន្ត្រក​ដាក់​សត្វ​មាន់​ចំនួន ២, ប្រាក់រៀល​ចំនួន ៧៧០ ០០០ រៀល,ប្រាក់​ដុល្លារ​ចំនួន ៧៤០$ ,រថយន្ត​ចំនួន ៣ គ្រឿង,ម៉ូតូ​ចំនួន ៤ គ្រឿង​ហើយ​បាន​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ផ្ទះ​កណ្ដាល។

បច្ចុប្បន្ន​ជនសង្ស័យ​ចំនួន​ ១២ នាក់​ខាងលើ រួម​នឹង​វត្ថុតាង​ត្រូវបាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ ដើម្បី​បន្ត​សាកសួរ​ និង​ចងក្រង​សំណុំរឿង​ទៅតាម​នីតិវិធី​ច្បាប់ តាម​ការបង្គាប់​ពី​លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម។ នេះ​បើតាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត៕