ភ្នំពេញៈ ក្នុងដំណើរការប្រឡងបាក់ឌុបថ្ងៃដំបូងកាលពីម្សិលមិញនៃកំណែទម្រង់ប្រព័ន្ធអប់រំឆ្នាំទី ២ យុវជនម្នាក់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនបន្ទាប់ពីត្រូវបានរកឃើញក្លែងអត្តសញ្ញាណចូលទៅប្រឡងជំនួសបងប្រុសខណៈដែលបេក្ខជនប្រឡងជាង ១៤០០ នាក់បានបោះបង់ការប្រឡង។
ក្រោយការប្រឡងបាក់ឌុបថ្ងៃទីមួយបានបញ្ចប់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង បានឲ្យដឹងថាក្នុងកិច្ចការងារសង្កេតការណ៍កាលពីម្សិលមិញយុវជនម្នាក់ឈ្មោះ ផន តុលា អាយុ ១៧ ឆ្នាំជាសិស្សថ្នាក់ទី ១១ D មកពីវិទ្យាល័យ ហ៊ុន សែន តាគោក ខេត្តព្រៃវែង ត្រូវបានឃាត់ខ្លួនបន្ទាប់ពីអនុរក្សរកឃើញថាយុវជនរូបនេះបានក្លែងឈ្មោះចូលប្រឡងនៅវិទ្យាល័យវត្តកោះ រាជធានីភ្នំពេញ ជំនួសឲ្យបងប្រុសរបស់ខ្លួនឈ្មោះ ខឹម វីរៈបុត្រ ជាបេក្ខជនស្វ័យរិនប្រឡងបាក់ឌុបធ្លាក់កាលពី ៦ ឆ្នាំមុន។
លោកបន្តថា យុវជន ផន តុលា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកសួរចម្លើយនូវអង្គភាពប្រឆាំងអំពើពុករលួយប៉ុន្តែក្រោយពិនិត្យលើដំណើរដើមទងនៃរឿងចប់សព្វគ្រប់អង្គភាពប្រឆាំងអំពើពុករលួយបានសម្រេចមិនចាត់វិធានការបញ្ជូនយុវជនរូបនោះទៅកាន់តុលាការនោះទេ។
លោកថា៖ «យុវជនឈ្មោះ តុលា ឡើងមកភ្នំពេញសួរសុខទុក្ខបងប្រុសតែក្រោយជួបគ្នាបងប្រុសក៏បង្ខំឲ្យចូលប្រឡងជំនួស។ បើយើងមើលសាច់រឿងគឺអ្នកប្រឡងជំនួសជាមុខសញ្ញានៃការផ្ដន្ទាទោសតែដោយសារយើងឃើញថាជនល្មើសមិនមានឆន្ទៈត្រូវបានបងប្រុសបង្ខំមួយទៀតគឺគ្នានៅក្មេងខ្ចីហើយត្រូវប្រឡងបាក់ឌុបនៅឆ្នាំក្រោយទៀតអ៊ីចឹងអង្គភាពសម្រេចមិនកសាងសំណុំរឿងនេះទេ»។
ជាមួយគ្នានេះលោក យ៉ិនទៀង បានឲ្យដឹងថាអ្នកសង្កេតការណ៍ស្ម័គ្រចិត្តម្នាក់នៅមណ្ឌលប្រឡងខេត្តព្រះសីហនុក៏ត្រូវបានបញ្ឈប់ពីការងារភ្លាមៗក្រោយពីរកឃើញថាបានចម្លងសំណួរនៅលើក្តារខៀនខុសពីវិន័យរបស់អង្គភាព។
អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សាលីន បានថ្លែងនៅល្ងាចម្សិលមិញក្រោយពីបូកសរុបរបាយការណ៍ឃើញថាបេក្ខជនចំនួន ១ ៤៣១ នាក់ដែលមានស្រី ៥២២ នាក់ ក្នុងចំណោមបេក្ខជនដាក់ពាក្យប្រឡងសរុប ៨៨ ៤៨៨ នាក់បានអវត្តមានក្នុងថ្ងៃប្រឡងពោលគឺបោះបង់ចោលការប្រឡងដែលភាគច្រើនបេក្ខជនទាំងនោះជាបេក្ខជនស្វ័យរិន និងបេក្ខជនប្រឡងបំពេញមុខវិជ្ជា។
លោកថា៖ «ប៉ុន្តែបើយើងមើលទិដ្ឋភាពជារួមគឺបេក្ខជនឆ្នាំនេះមានភាពស្វាហាប់ ទឹកមុខរីករាយ និងសហការគ្នាបានល្អបើធៀបនឹងឆ្នាំមុនព្រោះតែពួកគេបានត្រៀមខ្លួនហើយ»។
បើតាមលោក សាលីន ក្នុងដំណើរការប្រឡងបាក់ឌុបកាលពីម្សិលមិញនេះបេក្ខជនសរុបចំនួន ១៩ នាក់មានអាការមិនស្រួលខ្លួនខ្យល់ និងវិលមុខតែត្រូវបានក្រុមគ្រូពេទ្យផ្តល់ថ្នាំ និងផ្តល់ឱកាសចេញស្រូបខ្យល់អាកាសរួចចូលប្រឡងវិញតាមធម្មតា និងក៏មានបេក្ខនារីម្នាក់ខ្យល់គរត្រូវបានបញ្ជូនតាមឡានពេទ្យទៅសង្គ្រោះនៅចុងម៉ោងប្រឡងព្រោះតែសុខភាពមិនសូវល្អ។
ចំណែក ករណីបេក្ខជន ខឹម វីរៈបុត្រ ដែលឲ្យប្អូនប្រុសប្រឡងជំនួសគឺក្រសួងសម្រេចទម្លាក់ដោយស្វ័យប្រវត្តិ និងព្យួរឈ្មោះមិនឲ្យប្រឡងពីរឆ្នាំ។
យ៉ាងណាក៏ដោយរដ្ឋមន្ត្រីក្រសួងអប់រំលោក ហង់ ជួនណារ៉ុន បានថ្លែងពីម្សិលមិញថា លោកមានសុទិដ្ឋិនិយមចំពោះកំណែទម្រង់ប្រព័ន្ធអប់រំសម្រាប់ដំណើរការប្រឡងបាក់ឌុបឆ្នាំ ២០១៥ នេះដោយរំពឹងថានឹងមានសិស្សច្រើនប្រឡងជាប់។ ក្រៅពីចូលរួមបើកដំណើរការប្រឡងលោក ជួនណារ៉ុន ក៏បានដើរអង្កេត និងត្រួតពិនិត្យតាមបន្ទប់ប្រឡងមួយចំនួនក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិផងដែរ។

តាមរយៈការជួបសម្ភាសផ្ទាល់យុវតី ម៉េង គឹមសៀន អាយុ ១៨ ឆ្នាំជាសិស្សមកពីវិទ្យាល័យជាស៊ីមជ្រោយចង្វារបានថ្លែងថាពិតជាមិនមានបេក្ខជនណាម្នាក់ហ៊ានលួចចម្លងគ្នា ឬបើកសំណៅឯកសារមើលនោះទេដោយសារដំណើរការប្រឡងត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹង។ គឹមសៀន និយាយថា៖ «ខ្ញុំមានសង្ឃឹមតែ ៥០ ភាគរយទេ»។
យុវជន លី ហៅស៊ី អាយុ ២១ ឆ្នាំ ថ្លែងដែរថា៖ «ក្រោយកំណែទម្រង់គឺតឹងមែនទែនទាំងអនុរក្ស និងអ្នកសង្កេតការណ៍អ៊ីចឹងទៅសូម្បីតែងាកក្បាលបន្តិចក៏ត្រូវពួកគាត់ស្រែកដាស់ដែរ»។
ចំណែក យុវតី លី ណាវីន វ័យ ១៧ ឆ្នាំសិស្សមកពីវិទ្យាស្ថានប៊ែលធីបានបង្ហាញទំនុកចិត្តខ្ពស់ចំពោះលទ្ធផលនៃការប្រឡងពីម្សិលមិញដោយថ្លែងថា៖ «ខ្ញុំធ្វើបានជាង ៧០ ភាគរយនៃសំណួរទាំងអស់សង្ឃឹមថាជាប់នឹងបានរៀនបន្តផ្នែកគ្រប់គ្រងពាណិជ្ជកម្ម»។
ក្រសួងអប់រំបានចំណាយប្រាក់ជាង ៣ លានដុល្លារសម្រាប់ការប្រឡងថ្នាក់ទី ១២ នៅឆ្នាំនេះ។ តាមគម្រោងលទ្ធផលនៃការប្រឡងនឹងត្រូវប្រកាសនៅថ្ងៃទី ១៥ ខែកញ្ញាក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល និងតាមបណ្តាខេត្តផ្សេងៗត្រូវប្រកាសនៅថ្ងៃទី ១៦ ខែកញ្ញាខាងមុខ៕