សៀមរាបៈ ​ស្ត្រី​ ៣ ​នាក់​ ត្រូវបាន​​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ ១៨ វិច្ឆិកា នៅ​ទីតាំង​ផ្សេងគ្នា​ពាក់ព័ន្ធ​ករណី​ជួញដូរ​សត្វ​ត្រចៀកកាំ​ខុសច្បាប់​ចំនួន ២៥០ ​ក្បាល​​ ខណៈ​សត្វ​ប្រភេទ​នេះ​មាន​ប្រយោជន៍​ច្រើន​ដល់​សេដ្ឋកិច្ច និង​ជួយ​បំផ្លាញ​សត្វ​ចង្រៃ​ផ្សេងៗ​។ នេះ​បើតាម​លោក ម៉ុង ប៊ុនលីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​​ខេត្តសៀមរាប​។

លោក ប៊ុនលីម បាន​ថ្លែង​ពីថ្ងៃ​ទី​ ១៨ វិច្ឆិកា​ ថា ស្ត្រី​សង្ស័យ​ទាំង​ ៣ ​នាក់​នោះ រួមមាន ឈ្មោះ​ រៀម ស៊ីណាត អាយុ ៣៣ ​ឆ្នាំ ​រស់នៅ​ភូមិ​គោក​ថ្មី ឃុំ​ដូនកែវ ស្រុក​ពួក ខេត្តសៀមរាប ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ផ្សារ​ដើមក្រឡាញ់ ជាមួយ​នឹង​វត្ថុតាង​សត្វ​ត្រចៀកកាំ​ ១៥ ​ក្បាល​។ រីឯ​ស្ត្រី​ឈ្មោះ​ សុខ ស្រីនាថ អាយុ​ ៣០ ​ឆ្នាំ រស់នៅ​ភូមិ​កន្ត្រក​ សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​ ត្រូវបាន​ឃាត់ខ្លួន​នៅ​ទីតាំង​តែមួយ​ជាមួយនឹង​វត្ថុតាង​សត្វត្រចៀកកាំ​ ១២៥ ​ក្បាល​។ ​ចំណែក​​ស្ត្រី​ម្នាក់ទៀត​ឈ្មោះ ម៉ន សាវឿន អាយុ​ ២៩ ​ឆ្នាំ​ រស់នៅ​ភូមិ​កន្ត្រក​ សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ផ្សារលើ​ជាមួយ​វត្ថុតាង​សត្វ​ត្រចៀកកាំ​ ១១០ ​ក្បាល​។

លោក​ថា​៖ «​ក្រោយ​សាកសួរ​​ និង​អប់រំ​ណែនាំ​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​ការជួញដូរ​សត្វព្រៃ មន្ត្រី​ជំនាញ​យើង​បានសម្រេច​ផាកពិន័យ​អន្តរកាល​ទៅតាម​នីតិវិធី​ច្បាប់ ចំណែក​វត្ថុតាង​សត្វ​ត្រចៀកកាំ​ [​បោចរោម​រួច​] ​សរុប​ ២៥០ ​ក្បាល​ត្រូវបាន​នាំយក​ទៅ​ដុត​បំផ្លាញចោល​»​។

តាម​ចម្លើយ​របស់​ស្ត្រី ឈ្មោះ ម៉ន សាវឿន ដែល​បាន​ប្រាប់​មន្ត្រី​ជំនាញ​នៅពេល​សាកសួរ​ថា សត្វ​ត្រចៀកកាំ​ទាំងនោះ​គឺ​​គាត់​បាន​ទិញ​ពី​ពលរដ្ឋ​នៅក្នុង​មូលដ្ឋាន ដែល​ពួកគេ​ខ្លះ​បាន​ប្រើ​លប់ ខ្លះ​ប្រើ​មង រាយ​ប៉ប្រះ​លើ​ផ្ទៃ​ទឹក​ដើម្បី​ចាប់​វា ព្រោះ​វា​​ចូលចិត្ត​ហើរ​ឆ្វែល​លើ​ផ្ទៃ​ទឹក​។

លោក ប៊ុនលីម បាន​បន្តថា​៖ «​តាមរយៈ​ការបំភ្លឺ​របស់​ស្ត្រី​សង្ស័យ កម្លាំង​មន្ត្រី​ជំនាញ​យើង​នឹង​បន្ត​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចុះបង្ក្រាប​ករណី​រាយ​មង​ ឬ​សំណាញ់​ចាប់​សត្វ​ត្រចៀកកាំ ទៅដល់​មូលដ្ឋាន​តែម្ដង​។ ​បើ​មិន​ដូច្នោះ​ទេ សត្វ​ត្រចៀកកាំ​នឹង​ឈានទៅរក​ភាព​ផុត​ពូជ​មិន​ខាន​»​។

បើតាម​លោក ប៊ុនលីម សត្វត្រចៀកកាំ គឺជា​ប្រភេទ​សត្វស្លាប​ព្រៃ​ដែល​ចូលចិត្ត​រស់នៅ​ជា​ហ្វូង​តាម​តំបន់​ទីវាល​ទំនាប ដែលមាន​ទឹក​ដក់​ច្រើន និង​ចូលចិត្ត​ស៊ី​សត្វល្អិត​ជា​អាហារ ហើយ​​តែង​បង្ហាញខ្លួន​នៅ​រដូវរំហើយ​។

ជាទូទៅ​សត្វ​ត្រចៀកកាំ​ចូលចិត្ត​​ទំ​លើ​ដើម​កក់ ដើម​ត្រែង ហើយ​​ក្នុង​ចន្លោះ​ពី​ខែឧសភា ដល់​ខែ​​មិថុនា​គឺជា​រដូវកាល​នៃ​ការបង្កាត់​​ពូជ​របស់​វា​។

ជុំវិញ​ការឃាត់ខ្លួន​នេះ ក្រុម​អ្នកធ្វើ​អាជីវកម្ម​ផ្ទះ​សត្វ​ត្រចៀកកាំ​បាន​សាទរ និង​បាន​អំពាវនាវ​​សុំឱ្យ​ពលរដ្ឋ​បញ្ឈប់​ការចាប់​សត្វត្រចៀកកាំ​យកមក​លក់ដូរ​ ឬ​យក​​មក​បំពង​លក់ ព្រោះ​សត្វ​ប្រភេទ​​នេះ​មានតម្លៃ​ខ្ពស់​ក្នុង​វិស័យ​កសិកម្ម​ផង និង​ពាណិជ្ជកម្ម​ផង​។

លោក​ ឃី សុខសាន្ត អ្នកប្រកប​អាជីវកម្ម​ផ្ទះ​សត្វ​ត្រចៀកកាំ​ម្នាក់​នៅ​ខេត្តសៀមរាប បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ ថា សត្វ​ត្រចៀកកាំ មិន​ស៊ី​ដំណាំ​ទេ តែ​វា​​ស៊ី​សត្វល្អិត​ដែល​បំផ្លាញ​ដំណាំ​​របស់​កសិករ​។ ដូច្នេះ​ក្នុង​វិស័យ​​កសិកម្ម​វា​ដើរតួនាទី​ជា​ភ្នាក់ងារ​កម្ចាត់​ពួក​សត្វ​ចង្រៃ​។ រីឯ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​វិញ​សត្វ​ប្រចៀកកាំ​អាច​រកចំណូល​បាន​រាប់​​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំៗ​ជូន​ជាតិ តាមរយៈ​ការនាំចេញ​ទឹកមាត់​របស់​វា​។

បើតាម​លោក សុខសាន្ត សត្វ​ត្រចៀកកាំ​ ១ ​ក្បាល​អាច​​រកចំណូល​បាន​ ១០ ​ដុល្លារ​ ក្នុង​ ១ ​ឆ្នាំ ហើយ​សត្វ​នេះ​មាន​អាយុ​រហូតដល់​ ១៥ ​ឆ្នាំ តែបើ​ចាប់​វា​បោច​លក់ ១ ​ក្បាល​ថ្លៃ​ត្រឹមតែ​ ២ ០០០ ​រៀល​ប៉ុណ្ណោះ​។ ដូច្នេះ​មាន​ការខាតបង់​ខ្លាំងណាស់ ហើយ​នេះ​មិនទាន់​គិតពី​ផល​​ដែល​វា​ត្រូវ​បន្ត​ពូជ​ក្នុង​រយៈពេល​ ១៥ ​ឆ្នាំ​នៃ​ការរស់នៅ​ផង​។

លោក​ថា​៖ «​សូម​បញ្ឈប់​ការចាប់​សម្លាប់សត្វ​ត្រចៀកកាំ​ធ្វើជា​ម្ហូបអាហារ ហើយ​ត្រូវ​តែ​រួមគ្នា​ការពារ និង​អភិរក្ស​សត្វ​ត្រចៀកកាំ​ឱ្យបាន​កាន់តែ​ច្រើនឡើង​ថែមទៀត​»​។

លោក​បន្តថា នៅពេល​ខាងមុខ​នេះ កម្ពុជា​នឹង​បង្កើត​រោងចក្រ​កែច្នៃ​ទឹកមាត់​សត្វ​ត្រចៀកកាំ​ដើម្បី​នាំ​ចេញទៅ​ទីផ្សារ​ចិន​ហើយ​ពេលនោះ​នឹងត្រូវ​ការកម្លាំង​ពលកម្ម​ច្រើន​ដើម្បី​បម្រើ​ការងារ​នៅក្នុង​រោងចក្រ​នោះ​។ ​ដូច្នេះ​បើ​គ្មាន​សត្វ​ត្រចៀកកាំ នោះ​វិស័យ​មួយ​នេះ​នឹងត្រូវ​រាំងស្ទះ​ ឬ​ខាតបង់​ទាំងស្រុង​៕