ពោធិ៍សាត់: មន្ត្រី​ឧទ្យានុរក្ស​នៃ​ក្រសួងបរិស្ថាន និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ (Wildlife Alliance) ​បាន​ឃាត់ខ្លួន​បុរស​ ២ ​នាក់​ និង​ដកហូត​ឈើ​ខុសច្បាប់​ ៧៣ ​ម៉ែត្រគុប​, រថយន្ត​ ៨ ​គ្រឿង រណារយន្ត​ ៣២ ​គ្រឿង​សត្វ​បក្សី​ ៣៦ ​ក្បាល និង​សម្ភារ​បម្រើ​ឲ្យ​បទល្មើស​មួយ​ចំនួន​ទៀត​ក្នុងអំឡុង​ចុះ​ល្បាត​ព្រៃ​​នៅ​ជួរ​ភ្នំក្រវាញ​ខាងត្បូង​ពេញ​ ១ ​សប្ដាហ៍​មុន​។

អង្គការ​ (WildlifeAlliance) ​បានបង្ហាញ​របាយការណ៍​ចុះ​ល្បាត​ពេញ​ ១ ​សប្ដាហ៍​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​ ២៤ ខែ​មីនា​ថា​ទោះបី​មាន​ករណី​ផ្ទុះ​ការឆ្លង​វីរុស​កូរ៉ូណា​ក៏ដោយ ប៉ុន្តែ​មន្ត្រី​ឧទ្យានុរក្ស​ក្រសួង​បរិស្ថាន​ និង​មន្ត្រី​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​នៅតែ​បន្ត​ប្រយុទ្ធប្រឆាំង​សកម្មភាព​កាប់​ឈើ និង​បរបាញ់​សត្វ​ខុសច្បាប់​ដោយ​ឥតឈប់ឈរ​ឡើយ ដើម្បី​ការពារ​តំបន់​ព្រៃ​ទឹកភ្លៀង​ដ៏ធំជាងគេ​ចុងក្រោយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ​។

របាយការណ៍​បន្តថា​ពេញ​ ១ ​សប្តាហ៍​មុន ក្រុមមន្ត្រី​ឧទ្យានុរក្ស និង​មន្ត្រី​អង្គការ​បាន​ចុះ​ល្បាត​តំបន់​ទេសភាព​ព្រៃ​ទឹកភ្លៀង​ជួរ​ភ្នំក្រវាញ​ខាងត្បូង​ដោយ​លទ្ធផល​ទទួល​បាន រួមមាន​៖ ឃាត់ខ្លួន​ជនល្មើស​បាន​ ២ ​នាក់​,​ដកហូត​ឈើ​ខុសច្បាប់​ ៧៣ ​ម៉ែត្រគុប និង​ឈើហុប​ ១៥ ​ដុំ​,​ដកហូត​រថយន្ត​បាន​ ៨ ​គ្រឿង​និង​រណារយន្ត​ ៣២ ​គ្រឿង​។

ក្រៅពី​នោះ​មន្ត្រី​ក៏បាន​ដកហូត​វត្ថុតាង​មួយ​ចំនួន​ទៀត​ផងដែរ​ក្នុង​នោះ​មាន​សត្វ​បក្សី​ ៣៦ ​ក្បាល​,​ម៉ូតូ​ ៤ ​គ្រឿង​,​រថយន្ត​Mi-nivans ១ ​គ្រឿង​,​សំណាញ់​ចាប់​សត្វ​បក្សី​ ២ ​ដុំ​,​អន្ទាក់​ចំនួន​ ១០,​ឧបករណ៍​អគ្គិសនី​សម្រាប់​នេសាទ​ត្រី​ ១ ​គ្រឿង​,​ត្រាក់ទ័រ​ធុន​តូច​ ៣ ​គ្រឿង និង​បាន​បង្ក្រាប​សកម្មភាព​ទន្ទ្រាន​យក​ដីព្រៃ​ ២ ​ករណី​។ ​នេះ​បើតាម​របាយការណ៍​ដដែល​។

ជាមួយ​គ្នា​នេះ​របាយការណ៍​បាន​បង្ហាញ​ទៀតថា ការចុះល្បាត​នេះ​បាន​ពន្លត់ភ្លើង​ឆេះ​ព្រៃ​ចំនួន​ ១ ​កន្លែង​,​ដកហូត​រទេះគោ​បាន​ ៧ ​គ្រឿង​,​រឹបអូស​ជំរំ​ខុសច្បាប់​បាន​ ៥ ​កន្លែង​,​ដកហូត​កាំភ្លើង​ច្នៃ​បាន​ ៣ ​ដើម​,​ដកហូត​ធ្យូង​បាន​ទម្ងន់​ ៣ ​តោន​,​ដកហូត​គោយន្ត​បាន​ ១ ​គ្រឿង​, រឹបអូស​រោងដោល​/​ផ្ទះ​ខុសច្បាប់​ ១២ ​កន្លែង​, ដកហូត​ឧបករណ៍​ឆក់​ត្រី​ខុសច្បាប់​បាន​ ១ ​គ្រឿង​, បំណែក​របស់​សត្វ​អណ្តើក​ចំនួន​ ៥ ​បំណែក និង​សាច់​ប្រើស​ទម្ងន់​ ២,៥ ​គីឡូក្រាម​។

លោក ចាន់ សុខា មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ស្រុក​ភ្នំក្រវាញ​ខេត្តពោធិ៍សាត់ បាន​ថ្លែង​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​លោក​ធ្លាប់បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជា​ញឹកញាប់​ជាមួយ​ក្រុម​មន្ត្រី​ជំនាញ​ឧទ្យានុរក្ស​ក្រសួង​បរិស្ថាន​​ និង​មន្ត្រី​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​។ ​ប៉ុន្ដែ​ក្នុង​ករណី​ដំណើរ​ចុះ​ល្បាត​ធម្មតា​ដែល​គ្មាន​បទល្មើស​កើតឡើង​គឺ​ក្រុម​អង្គការ​មិន​​បាន​ស្នើសុំ​កម្លាំង​ពី​លោក​ទេ​។

លោក​បញ្ជាក់ថា​៖ «​បើ​បង្ក្រាប​បទល្មើស​ធំៗ​មាន​ឃាត់ខ្លួន​ជនសង្ស័យ​ ឬ​មាន​វត្ថុតាង​ច្រើន​គឺ​ក្រុម​អង្គការ និង​មន្ត្រី​ឧទ្យានុរក្ស​គាត់​ស្នើសុំ​កម្លាំង​ពួក​ខ្ញុំ ប៉ុន្ដែ​ត្រឹម​ដើរល្បាត​ព្រៃ​ធម្មតា គាត់​មិន​ស្នើ​ទេ​។ កម្លាំង​ខ្ញុំ​ធ្លាប់បាន​​បង្ក្រាប​បទល្មើស​ជា​ហូរហែ ទោះ​គ្មាន​ការស្នើសុំ​ពី​កម្លាំង​ជំនាញ​ផ្សេង​ក៏ដោយ ជាពិសេស​គោរព​តាម​បទបញ្ជា​គណៈកម្មការ​ជាតិ​ប្រយុទ្ធប្រឆាំង​បទល្មើស​ព្រៃឈើ​ដោយ​មាន​ការដុត​រថយន្ត​​ដែល​បង្ក្រាបបាន​មាន​បង្ក្រាប​រថយន្ត​ដឹកជញ្ជូន​ឈើ​តាមផ្លូវ និង​បង្ក្រាប​ដេប៉ូ​ឈើ​ខុសច្បាប់​​ជាច្រើន​ទៀត​»​។

លោក គុជ វេង តំណាង​សហគមន៍​ការពារ​ព្រៃឈើ​ខេត្ត​ពោធិ៍​បាន​ថ្លែង​ពី​ម្សិលមិញ​ថា​​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​នៅតែ​មាន​ជា​ហូរហែ ដោយ​ក្រុម​ជនល្មើស​ឈប់​ប្រើ​រថយន្ត​ធំៗ​ទៅ​ដឹកឈើ​ក្នុងព្រៃ​ទៀតហើយ តែ​ពួកគេ​បានមក​ដឹក​​តាម​គោយន្ត​វិញ​។ ​រីឯ​សកម្មភាព​កាប់​ឈើ​ក៏​ផ្លាស់ប្ដូរ​ដែរ​គឺ​ពួកគេ​ងាក​មក​កាប់​ឈើ​ពេលយប់​វិញ ព្រោះ​ពេល​ថ្ងៃ​តែងមាន​មន្ត្រី​ និង​ប្រជាសហគមន៍​ចុះ​ល្បាត​រំខាន​ដល់​ពួកគេ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ពេលនេះ​មិនសូវ​ហ៊ាន​ធ្វើ​សកម្មភាព​ចុះ​ល្បាត​ព្រៃឈើ​ដូច​មុន​ទេ​ព្រោះ​ខ្ញុំ​មាន​ជាប់​រឿងក្ដី​នៅ​តុលាការ​ចំនួន​ ៣ ​បណ្ដឹង​។

ដូច្នេះ​ខ្ញុំ​មិន​ហ៊ាន​ចុះ​ល្បាត​ព្រៃ​ ឬ​ចេញ​ក្រៅ​ទៅ​ប្រកបការងារ​ឆ្ងាយ​ពី​ផ្ទះ​ទេ សូម្បី​និយាយ​អ្វី​ច្រើន ក៏​មិន​ហ៊ាន​និយាយ​ដែរ ព្រោះ​ខ្ញុំ​កំពុងស្ថិត​នៅក្រោម​ការឃ្លាំមើល​ពី​តុលាការ​»​។

គួររំឭកថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការបង្កើត​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង​ចាប់តាំងពី​ខែ ឧសភា ឆ្នាំ​ ២០១៦ ដែលមាន​ផ្ទៃដី​ទំហំ​ ៤១ ០៣៩២ ​ហិកតា​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កោះកុង ខេត្តពោធិ៍សាត់ ខេត្ត​​កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ​។

ក្នុង​អនុក្រឹត្យ​នោះ​បាន​តម្រូវ​ឲ្យ​ក្រសួងបរិស្ថាន​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ក្នុង​នោះ​មាន​​រដ្ឋបាលខេត្ត និង​អាជ្ញាធរ​ដែនដី ដើម្បី​ធានា​កិច្ច​គាំពារ​បរិស្ថាន​ការអភិរក្ស​ជីវចម្រុះ និង​ការប្រើប្រាស់​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្តរភាព​៕