ព្រះសីហនុៈ មនុស្ស​ ៥៦ ​នាក់​ និង​ម៉ាស៊ីន​ហ្គេម​អេឡិចត្រូនិក​ជាច្រើន​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ​ឃាត់ខ្លួន និង​រឹបអូស​ពី​បនល្បែង​អត់​ច្បាប់​របស់​ជនជាតិ​ចិន​ ៤ ​កន្លែង​ នៅក្នុង​ភូមិ​ ១ ​សង្កាត់​លេខ​ ៣ ក្រុងព្រះសីហនុ​កាលពី​ថ្ងៃ​ទី​ ១២ ខែមករា ប៉ុន្តែ​ក្នុងចំណោម​នោះ​មាន​ ៤ ​នាក់ ​ត្រូវ​បាន​បញ្ជូនទៅ​តុលាការ​។

លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្នុង​ចំណោម​មនុស្ស​ ៥៦ ​នាក់​​ដែល​ត្រូវបាន​ឃាត់ខ្លួន​នៅ​ទីតាំង​បន​ល្បែង​ជ្រក​ក្រោម​ស្លាកយីហោ​មណ្ឌល និង​ក្លិប​កម្សាន្ត​ទាំងនោះ​មាន​ ៣៦ ​នាក់​ជា​ជនជាតិ​​ចិន ឯ​ ២០ ​នាក់​ទៀត​ជា​ខ្មែរ​។

លោក​បាន​បន្តថា ជនជាតិ​ចិន​ ៤ ​នាក់ ​ក្នុងចំណោម​ ៣៦ ​នាក់​រួមមាន ឈ្មោះ NENG CHUN PING អាយុ​ ២៨ ​ឆ្នាំ​ ជា​អ្នក​គ្រប់គ្រង​មណ្ឌល​កម្សាន្ដ​តាចុងហ័រ​, MENG YAO PENG អាយុ​ ២៥ ​ឆ្នាំ​ ជា​អ្នកគ្រប់គ្រង​ក្លិប​កម្សាន្ត​តាកវិនផៃ​, XU YI BIAO អាយុ​ ២១ ​ឆ្នាំ ជា​អ្នកគ្រប់គ្រង​បន​ល្បែង​ (​គ្មាន​យីហោ​) ​និង​ឈ្មោះ Eng Guan អាយុ​ ៣៦ ​ឆ្នាំ​ ជា​អ្នក​គ្រប់គ្រង​ក្លិប​កម្សាន្ត​ហៃទុនវ៉ាន​ត្រូវ​បាន​មន្ត្រីនគរបាល​កសាង​សំណុំ​រឿង​បញ្ជូនទៅ​សាលាដំបូង​​ខេត្ត​ព្រះសីហនុ ដោយ​ចោទ​ពីបទ​ «​លួចលាក់​បើក​បន​ល្បែងស៊ីសង​ខុសច្បាប់​» ​ដើម្បី​បន្ត​តាម​នីតិវិធី​ច្បាប់​។

លោក​បាន​ថ្លែងថា​៖ «​ប៉ុន្តែ​ពួកគេ​មិន​ត្រូវបាន​តុលាការ​ខេត្ត​ព្រះសីហនុ​បង្គាប់​ឲ្យ​ឃុំខ្លួន​ទេ គ្រាន់តែ​ដាក់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ពាក់ព័ន្ធ​ការបើក​បនល្បែង​ស៊ីសង​អត់​ច្បាប់​។ ក្នុងករណី​ពួកគេ​នៅតែ​បន្ត​លួចលាក់​បើក​បនល្បែង​ស៊ីសង​ខុសច្បាប់​ទៀត​នោះ​ពួកគេ​នឹងត្រូវ​ប្រឈម​ការចាប់​ឃុំខ្លួន​ដាក់ពន្ធនាគារ ឬ​នឹង​ត្រូវ​បណ្ដេញ​ចេញពី​កម្ពុជា​»​។

លោក ណារិន្ទ បាន​បន្តថា ចំណែក​បុគ្គលិក និង​ភ្ញៀវ​ ៥២ ​នាក់​ទៀត​ដែល​ភាគច្រើន​ជា​ជនជាតិចិន​ត្រូវបាន​ដោះលែង​វិញ បន្ទាប់ពី​សមត្ថកិច្ច​អប់រំ​ណែនាំ និង​បង្គាប់​ឲ្យ​ពួកគេ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការលេង​ល្បែង​ស៊ីសង​ខុសច្បាប់​តទៅទៀត​។

លោក​បាន​ឲ្យ​ដឹងផង​ដែរ​ថា ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បនល្បែង​អត់​ច្បាប់​ទាំងនោះ សមត្ថកិច្ច​បាន​រឹបអូស​ទូហ្គេម​បាញ់​ត្រី​ចំនួន​ ១៥ ​គ្រឿង ម៉ាស៊ីន​ស្លុត​ហ្គេម​ចំនួន ៦០ ​គ្រឿង លុយ​ដុល្លារ​ចំនួន​ ១៨ ៩៣៨ $ លុយ​ខ្មែរ​ ២ ៨៣០ ០០០ ​រៀល ម៉ូតូ​ ៣ ​គ្រឿង ទូរស័ព្ទដៃ ៣៩ ​គ្រឿង កាក់​ហ្គេម ១ ៣០០ ​កាក់ សៀវភៅ​គល់បញ្ជី​ ៥ ​ក្បាល និង​ឯកសារ​មួយចំនួន​ព្រម​ទាំង​កាតបញ្ជូល​ពង់​ (​ពិន្ទុ​) ​លេង​ហ្គេម​មួយ​ចំនួន​ធំ​។ វត្ថុតាង​ទាំងនោះ​ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ចាក់សោ​ប្លុំបេទុក​នៅក្នុង​ទីតាំង​ដែល​បាន​ពិនិត្យ​ជាក់ស្ដែង ដើម្បី​មាន​ចំណាត់​ការបន្ដ​នៅពេល​ក្រោយ​ទៀត​៕