
កង់ជាង ១០ គ្រឿង របស់ក្រុមយុវជនចលនាមាតាធម្មជាតិ ត្រូវបានសមត្ថកិច្ចឃាត់ទុក។ រូបថត Mother Nature Cambodia
កោះកុងៈ អាជ្ញាធរខេត្តកោះកុងពីម្សិលមិញបានរារាំង និងដកហូតកង់ជាង ១០ គ្រឿង របស់ក្រុមយុវជនចលនាមាតាធម្មជាតិ ដែលធ្វើយុទ្ធនាការជិះកង់ពីទីរួមខេត្ដកោះកុងឆ្ពោះទៅរាជធានីភ្នំពេញ ក្នុងគោលបំណងដាក់ញត្តិទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើដាក់កោះកុងក្រៅទៅជាតំបន់ការពារដោយច្បាប់ និងរក្សាសភាពដើមនៃកោះនេះ។
លោក សុខ សុទ្ធី មន្ត្រីនាំពាក្យសាលាខេត្តកោះកុងប្រាប់ភ្នំពេញប៉ុស្តិ៍ម្សិលមិញថា ការដែលអាជ្ញាធរឈានដល់ការដកហូតកង់ និងរារាំងយុវជនទាំងនេះមិនឲ្យបន្តដំណើរទៅមុខទៀត ព្រោះតែពួកគេមិនបានចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនោះទេ។
លោកថ្លែងថា៖ «យើងបានស្នើឲ្យគាត់ចូលមកដើម្បីពិនិត្យជំងឺកូវីដ ១៩ ហើយគាត់អត់បានព្រមចូលរួមទេ។ នៅពេលដែលគាត់ចូលមកក៏មិនបានសហការជាមួយអាជ្ញាធរដែរ។ ដោយសារតែពួកគាត់មានការជួបជុំប្រមូលផ្តុំ យើងសុំឲ្យគាត់មានច្បាប់មានទម្លាប់អីមក ប៉ុន្តែគាត់អត់មានច្បាប់មានទម្លាប់អីទេ»។
មន្ត្រីរូបនេះបន្តថា៖ «គាត់ថា យកញត្តិទៅដាក់ជូនសម្តេច។ រដ្ឋាភិបាលប្រកាសមិនឲ្យមានការប្រមូលផ្តុំគ្នាច្រើនទេ។ ពួកគាត់មកជាច្រើនក្រុមដូចជាមកពីកោះកុង ពីបាត់ដំបង មកពីខាងកំពង់សោមអីទៅចូលគ្នា ដែលយើងត្រូវតែធ្វើការហាមឃាត់»។
កញ្ញា រៃ រក្សា សមាជិកយុវជនចលនាមាតាធម្មជាតិដែលចូលរួមក្នុងយុទ្ធនាការនេះប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ក្រុមរបស់ខ្លួនដែលមានគ្នាជាង ១០ នាក់បានរួមគ្នាជិះកង់តាំងពីថ្ងៃទី ១ មិថុនា ដើម្បីធ្វើដំណើរមកកាន់រាជធានីភ្នំពេញដាក់ញត្តិជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែពេលធ្វើដំណើរដល់ស្រុកត្រពាំងរូង បែរជាមានការរារាំង និងមានលេសគ្រប់យ៉ាងពីអាជ្ញាធរខេត្តកោះកុង។
កញ្ញាថា៖ «អាជ្ញាធរបានហៅក្រុមយើងចូលទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពត្រពាំងរូង ប៉ុន្តែនៅពេលក្រុមយើងចូលទៅពិនិត្យបែរជាអាជ្ញាធរទាមទារឯកសារជាហូរហែ និងឲ្យពួកយើងផ្តិតមេដៃហើយក៏ដកហូតកង់ពួកយើងមិនឲ្យពួកយើងជិះទៅ»។
កញ្ញា រៃ រក្សា ចាត់ទុកទង្វើនេះជាការបិទសិទ្ធិសេរីភាព និងការរំលោភបំពានសិទ្ធិធ្ងន់ធ្ងរដែលមានចែងក្នុងច្បាប់។ កញ្ញាថា៖ «បើសិនជាគ្មានការប្រគល់កង់ដែលបានដកហូតមកពួកខ្ញុំវិញទេ ពួកខ្ញុំនឹងមានវិធានការដើរពីស្រុកត្រពាំងរូងរហូតដល់ភ្នំពេញ និងទាមទារឲ្យមានការប្រគល់កង់របស់ពួកខ្ញុំត្រឡប់មកវិញ»។
លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាសរសេរក្នុងហ្វេសប៊ុកម្សិលមិញថា នេះមិនមែនជារឿងថ្មីដែលសកម្មជនបរិស្ថានត្រូវបានរារាំងក្នុងការចូលរួមចំណែកលើកកម្ពស់ និងការពារបរិស្ថាននោះទេ។ លោកស្រីថា ករណីហាមឃាត់យុវជនជិះកង់នេះក៏ធ្លាប់កើតឡើងកាលពីឆ្នាំ ២០១៤ ដែរ ទោះបីជាច្បាប់បាតុកម្មដោយសន្តិវិធីតម្រូវតែការជូនដំណឹងក៏ដោយ។
លោកស្រីបន្ថែមថា៖ «នេះក៏មិនមែនជារូបភាពបាតុកម្មអ្វីដែរ គ្រាន់តែយកញត្តិជូនរាជរដ្ឋាភិបាល តើគ្រប់ការជួបជុំ និងការជិះកង់ជាក្រុមកន្លងមកត្រូវការសុំការអនុញ្ញាតដែរមែនទេ?។ អាជ្ញាធរគួរសាទរគាំទ្រដល់យុទ្ធនាការគាំពារ បរិស្ថានជាជាងឃាំងឃាត់ ហើយគួរចំណាយធនធានសកម្មក្នុងការការពារទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើ ឬបំពានលុបបឹង សមុទ្រ។ល។ នោះទើបប្រសើរ»។
លោក នេត្រ ភត្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានប្រាប់ពីម្សិលមិញថា ការធ្វើយុទ្ធនាការណាមួយរបស់ក្រុមយុវជននេះគឺជាសិទ្ធិរបស់ពួកគាត់ ប៉ុន្តែការរារាំង ឬការដកហូតនេះគឺជាសមត្ថកិច្ចរបស់អាជ្ញាធរដែនដី។
លោកថា ទោះជាក្រុមយុវជនទាំងនោះមិនធ្វើយុទ្ធនាការណាមួយ ក៏រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថានធ្វើការសិក្សាស្រាវជ្រាវ រៀបចំឯកសារ និងទិន្នន័យទាក់ទងនឹងតំបន់កោះកុងក្រៅតាំងពី ៣ ឆ្នាំមកហើយ ដើម្បីដាក់តំបន់កោះកុងក្រៅនេះជាឧទ្យានជាតិសមុទ្រ។ ព្រោះតំបន់នោះសម្បូរដោយសក្តានុពលផ្នែកធនធានធម្មជាតិ និងជីវចម្រុះ និងមានឆ្នេរខ្សាច់ល្អស្អាត។
លោកបញ្ជាក់ថា៖ «ក្រសួងបរិស្ថានបានរកឃើញថា នៅតំបន់កោះកុងក្រៅនោះជាជម្រកសត្វសមុទ្រប្រភេទជិតផុតពូជមួយចំនួនដូចជាសត្វផ្សោតសមុទ្រហើយតំបន់នេះគឺក្រសួងបរិស្ថាននឹងរៀបចំជារបៀងអភិរក្សជីវចម្រុះសមុទ្រដែលតភ្ជាប់តំបន់ដែនជម្រកសត្វព្រៃពាមក្រសោបដែនជម្រកសត្វព្រៃតាតៃ និងភ្ជាប់ទៅក្នុងតំបន់អភិរក្សតំបន់ផ្សេងទៀតក្នុងឈូងសមុទ្រថៃ»៕