The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ឃាត់​រថយន្ត​ដឹកឈើ និង​សង្ហារិម​ ៥ ​គ្រឿង តែ​ដោះលែង​វិញ​ខ្លះ​ បន្ទាប់ពី​ម្ចាស់​ព្រម​បង់​ពិន័យ

ឃាត់​រថយន្ត​ដឹកឈើ និង​សង្ហារិម​ ៥ ​គ្រឿង តែ​ដោះលែង​វិញ​ខ្លះ​ បន្ទាប់ពី​ម្ចាស់​ព្រម​បង់​ពិន័យ

Content image - Phnom Penh Post
​រថយន្ត​ដឹកឈើ និង​សង្ហារិម​ ៥ ​គ្រឿង ត្រូវបាន​ឃាត់ តែ​ត្រូវ​ដោះលែង​វិញ​ខ្លះ​ បន្ទាប់ពី​ម្ចាស់​ព្រម​បង់​ពិន័យ។ រូបថត សហការី

ឃាត់​រថយន្ត​ដឹកឈើ និង​សង្ហារិម​ ៥ ​គ្រឿង តែ​ដោះលែង​វិញ​ខ្លះ​ បន្ទាប់ពី​ម្ចាស់​ព្រម​បង់​ពិន័យ

ខេត្តព្រះវិហារ: រថយន្ត​ចំនួន​ ៥ ​គ្រឿង​ដែល​ដឹកឈើ និង​គ្រឿងសង្ហារិម​គ្មាន​ច្បាប់​ត្រូវ​បាន​មន្ត្រី​បរិស្ថាន និង​មន្ត្រី​អភិរក្ស​ដែនជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព​ឃាត់​ជា​បន្តបន្ទាប់​ក្នុង​ប្រតិបត្ដិការ​រយៈពេល​ ២ ​ថ្ងៃ ចាប់ពី​ថ្ងៃទី​ ៧ ​ដល់​ថ្ងៃ​ទី​ ៨ ​សីហា​នៅ​ត្រង់​ចំណុច​ឃុំ​ថ្មី ស្រុក​គូលែន ខេត្ត​ព្រះវិហារ ប៉ុន្តែ​ត្រូវ​បាន​ដោះលែង​វិញ​ខ្លះ បន្ទាប់ពី​ម្ចាស់​ព្រម​បង់ពិន័យ​អន្តរកាល​។ នេះ​បើ​តាម​លោក វុន ធឿន ប្រធាន​ការិយាល័យ​ដែនជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព​កាលពី​ម្សិលមិញ​។

លោក វុន ធឿន បាន​បញ្ជាក់​ថា​មន្ត្រី​បាន​ឃាត់​រថយន្ត​ ៥ ​គ្រឿង​ក្នុង​នោះ​រថយន្ត​ធុន​ធំ​ ១ ​គ្រឿង​បាន​ដឹកឈើ​មិន​ទាន់​កែច្នៃ​ (​ពាក់កណ្ដាល​សម្រេច​)​ព្រម​ទាំង​ឈើ​ដែល​គេ​កែច្នៃ​រួច​របស់​រោង​សិប្បកម្ម​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​មួយ​ចំនួន​ក្នុង​ខេត្ត​ព្រះវិហារ​។ រថយន្ត​ទាំង​នេះ​បាន​ដឹក​ចេញ​ពី​ស្រុក​ត្បែងមានជ័យ បម្រុង​យក​ទៅ​លក់​នៅ​ភ្នំពេញ ប៉ុន្ដែ​ត្រូវ​បាន​មន្ត្រី​របស់​លោក​ចុះ​បង្ក្រាប​បាន​ជា​បន្តបន្ទាប់​។

លោក​បន្ត​ថា ក្រោយពី​ក្រុម​ជំនាញ​ឃាត់ទុក​រយៈពេល​ ២ ​យប់​ ២ ​ថ្ងៃ​គឺ​មិន​ទាន់​មាន​ការ​រើ​ទម្លាក់​ឈើ​ពី​លើ​រថយន្ត​ដើម្បី​វាស់វែង​ទេ ព្រោះ​មាន​ដឹក​លាយ​គ្រឿងសង្ហារិម​។ ម្យ៉ាង​ទៀត​ត្រូវ​ជួល​កម្មករ​ជួយ​រើ និង​ប្រើប្រាស់​កម្លាំង​ច្រើន អ៊ីចឹង​ទើប​សមត្ថកិច្ច​តម្រូវ​ឲ្យ​គាត់​ធ្វើ​លិខិត​អនុញ្ញាត និង​បង់ពិន័យ​អន្តរកាល​តាម​មាត្រា​ ៥៩ នៃ​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធនធាន​ធម្មជាតិ​។

លោក ធឿន បាន​បញ្ជាក់​ថា​៖ «​យើង​តម្រូវ​ឲ្យ​ម្ចាស់​រថយន្ត​ទាំងអស់​បង់ពិន័យ​ជា​អន្តរកាល​តាម​ផ្លូវ​ច្បាប់​។ រហូត​មក​ទល់​ពេល​នេះ​យើង​បាន​ដោះលែង​ម្ចាស់ និង​រថយន្ត​ដឹកឈើ​ចំនួន​ ៤ ​គ្រឿង​ឲ្យ​ត្រឡប់​ទៅវិញ បន្ទាប់ពី​ពួកគេ​បាន​បង់លុយ​តាម​ច្បាប់ ចំណែក​មួយ​គ្រឿង​ទៀត​ម្ចាស់​កំពុង​រត់ការ​រកលុយ​មក​បង់ពិន័យ​។

លោក សុង ច័ន្ទសុជាតិ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ​បាន​ឲ្យ​ដឹងថា​លោក​បាន​ទទួល​ព័ត៌មាន​នេះ​ហើយ ប៉ុន្ដែ​នៅ​មិន​ទាន់​បាន​ដឹង​ពី​ចំនួន​ឈើ និង​សម្ភារ​ដែល​រឹបអូស​បាន​នោះ​ទេ​។

លោក​ថា​៖ «​មន្ត្រី​បាន​រាយការណ៍​មក​ខ្ញុំ​ហើយ តែ​ខ្ញុំ​អត់​ទាន់​បាន​របាយការណ៍​លម្អិត​នៅ​ឡើយ​ទេ ប្រហែល​ជា​ពួកគាត់​កំពុង​ធ្វើការ​លើ​រឿង​នេះ​ហើយ​»​។

យោង​តាម​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ក្នុង​មាត្រា​ ៥៩ ​បាន​ចែង​ថា​ត្រូវ​ទទួល​ការពិន័យ​អន្តរកាល​ជា​ប្រាក់​ចំនួន​ពី​ ១ ​លាន​ដល់​ ១០ ​លាន​រៀល​ ឬ​ត្រូវ​ធ្វើការ​ជួសជុល​ស្ដារ​ការខូចខាត និង​រឹបអូស​វត្ថុតាង​ជា​សម្បត្តិ​រដ្ឋ​ចំពោះ​បទល្មើស​ក្នុង​តំបន់​ការពារធម្មជាតិ ឬ​បុគ្គល​ទាំងឡាយ​ណា​ប្រមូលផល​អនុផល​ធនធាន​ធម្មជាតិ​គ្មាន​ច្បាប់​៕

អត្ថបទគួរចាប់អារម្មណ៍