ព្រះសីហនុៈ សមត្ថកិច្ច​កងរាជ​អាវុធហត្ថ​ស្រុក​កំពង់សីលា​ខេត្ត​ព្រះសីហនុ និង​កងរាជអាវុធហត្ថ​នៅ​ស្នាក់ការ​សន្តិសុខ​ ៤០២ សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​កំពង់សីលា​បាន​ឃាត់​រថយន្ត​ធុន​ធំ ១ ​គឿង​កាលពី​ម្សិលមិញ ខណៈ​រថយន្ត​នេះ​បាន​លួច​បង្កប់​ដឹក​ក្រុមកម្មករ​ ៤៨ ​នាក់​ (​ស្រី​ ១៧ ​នាក់​) ​ពី​ស្រុក​បរសេដ្ឋ​ខេត្ត​កំពង់ស្ពឺ​ទៅកាន់​ខេត្តកោះកុង ក្នុងពេល​រដ្ឋាភិបាល​ដាក់​បម្រាម​ឆ្លងកាត់​ខេត្ត-ក្រុង ដើម្បី​បញ្ចៀស​ការឆ្លង​ជំងឺ​កូវីដ​​ ១៩​។

ការឃាត់​រថយន្ត​នេះ​បាន​ធ្វើ​​ឡើង​ចំណុច​ផ្លូវបំបែក​ស្រែអំបិល​ (​ផ្លូវជាតិ​លេខ​ ៤៨) ​ក្នុងភូមិ​ចម្ការ​ហ្លួង ឃុំ​ចម្ការហ្លួង ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​ជាប់​ព្រំប្រទល់​ជាមួយ​ស្រុក​ស្រែអំបិល ខេត្តកោះកុង​ស្រប​ពេល​ដែល​អ្នកធ្វើ​ដំណើរ​ឆ្លងកាត់​ខេត្ត​នានា​កាលពី​ម្សិលមិញ​ត្រូវបាន​មន្ត្រី​នគរបាលជាតិ​អះអាង​ថា មាន ៩ ៧៤៧ ​នាក់​។

ទោះ​ជា​យ៉ាងណា​ក្រោយពី​ឃាត់​រថយន្ត​នេះ សមត្ថកិច្ច​គ្រាន់តែ​បាន​ណែនាំ​រួច​បាន​អនុញ្ញាត​ឱ្យ​ពួកគេ​ឡើង​ជិះ​រថយន្ត​ដដែល​វិលត្រឡប់​ទៅ​មូលដ្ឋាន​ដើម​វិញ ដោយ​សមត្ថកិច្ច​​បាន​ជូន​ពួកគេ​ទៅ​ដល់​ព្រំប្រទល់​ខេត្តកំពង់ស្ពឺ​។ ​នេះ​បើ​យោងតាម​​របាយការណ៍​របស់​សមត្ថកិច្ច​។

លោក ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាល​សាលា​ខេត្ដ​ព្រះសីហនុ​ថ្លែង​កាលពី​ម្សិលមិញ​ថា សម្រាប់​ខេត្ដ​ព្រះសីហនុ​ការអនុវត្ដ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​នេះ​គឺ​បាន​ដាក់​គោលដៅ​ប្រចាំការ​នៅ​ច្រក​​ព្រំប្រទល់​ខេត្ដ​ចំនួន​ ៣ ​គឺ​ជាប់​ខេត្ដ​កំពង់ស្ពឺ​ជាប់​ខេត្ដ​កោះកុង និង​ព្រំប្រទល់​ជាមួយ​ខេត្ដ​កំពត​។

លោក​បញ្ជាក់ថា​៖ «​គោលដៅ​នីមួយៗ​គឺ​យើង​បាន​អនុវត្ដ​ដោយ​ហ្មត់ចត់​ទៅតាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​។ ក្នុងនោះ​ក៏មាន​ករណី​លើកលែង​ចំពោះ​រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ រថយន្ត​ធ្វើដំណើរ​របស់​មន្ដ្រី​រាជការ​ដែល​មាន​បេសកកម្ម រថយន្ត​ពេទ្យ រថយន្ត​ពន្លត់​អគ្គិភ័យ និង​រថយន្ដ​ដឹក​កាកសំណល់​សំរាម និង​រថយន្ត​ដឹក​កម្មករ​ទៅ​ធ្វើការ​។ ប៉ុន្ដែ​ករណី​ដែល​មានការ​លួចលាក់​ដឹក​កម្មករ​​គឺ​យើង​បាន​ណែនាំ​ឱ្យ​ពួកគាត់​ត្រឡប់​ថយក្រោយ​ទៅកាន់​គោលដៅ​របស់​ពួកគាត់​វិញ​។ ​យើង​មិន​អនុញ្ញាត​ឱ្យ​ពួកគាត់​ចេញចូល​បាន​ទេ​ទាល់តែ​ថ្ងៃទី​ ១៦ ខែមេសា​ទើប​ផុត​បម្រាម​»​។

ទាក់ទង​នឹង​បញ្ហា​នេះដែរ​​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​មាន​ពលរដ្ឋ​ចំនួន ៩ ៧៤៧ ​នាក់​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ខេត្ដ​នានា​ដែលជា​ចំនួន​តិចជាង​កាលពី​ថ្ងៃ​ដំបូង​។ នេះ​បើតាម​លោក​ សុខ ផល រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​។

លោក សុខ ផល ដែលជា​អនុប្រធាន​ក្រុម​ប្រចាំការ​អនុវត្ដ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ស្ដីពី​ការដាក់កំហិត​ធ្វើដំណើរ​ឆ្លងកាត់​ខេត្ត​ផង​នោះ​បាន​បញ្ជាក់ថា​៖ «​កាលពី​ថ្ងៃ​ដំបូង​ (​ថ្ងៃ​ ១០ ខែ​មេសា​) ​មាន​ពលរដ្ឋ​ចេញ​ពី​ភ្នំពេញ​ទៅតាម​បណ្ដា​ខេត្ដ​ច្រើន​បន្តិច ប៉ុន្ដែ​មក​ដល់​ថ្ងៃ​អង្គារ​នេះ​មិន​មាន​អ្នកចេញ​ច្រើន​ទៀត​ទេ​។ ការចេញចូល​របស់​ពលរដ្ឋ​នេះ​គឺមាន​ការច្រឡូកច្រឡំ​គ្នា​ជាមួយ​បងប្អូន​ពលរដ្ឋ​ចេញ​ទៅ​កម្សាន្ដ និង​ចេញ​ទៅ​ធ្វើការងារ​ពី​ ១ ​កន្លែង​ទៅ​ ១ ​កន្លែង​ដែល​មិនអាច​ចៀស​រួច​បានទេ​។ ប៉ុន្ដែ​ចំពោះ​បងប្អូន​កម្មករ​រោងចក្រ​ពេល​យើង​ឃើញ​គាត់​ចេញ​ទៅតាម​ខេត្ដ គឺ​យើង​បានឱ្យ​គាត់​ត្រឡប់​ទៅវិញ​។ ប៉ុន្ដែ​ចំពោះ​អ្នកធ្វើ​ដំណើរ​វិល​ល្ងាច​ចុះឡើង​នោះ​យើង​មិន​ហាមឃាត់​គាត់​ទេ​។ ដូច្នេះ​រឿង​នេះ​បាន​ធូរស្រាល​ហើយ​»​។

លោក សុខ ផល បាន​បន្តថា ការត្រួតពិនិត្យ​ការធ្វើ​ដំណើរ​កាលពី​ថ្ងៃទី​ ១៤ ខែមេសា​ ក្នុង​គោលដៅ​ ១០ នៃ​មុខព្រួញ​ធំៗ​ជា​លទ្ធផល​សរុប​ចំនួន​ពលរដ្ឋ​ចេញ​ ៩ ៧៤៧ ​នាក់​។ ទន្ទឹមនឹង​នោះដែរ ចំពោះ​លំហូរ​ចេញ​របស់​កម្មករ​ពុំមាន​អ្វី​កើតឡើង​គួរឱ្យ​កត់សម្គាល់​ឡើយ ខណៈ​សមត្ថកិច្ច​ក៏បាន​អប់រំ​ណែនាំ​ពី​វិធានការ​បង្ការ​ការពារ​ប្រឆាំង​ជំងឺ​កូវីដ​១៩ ដល់​ប្រជាពលរដ្ឋ និង​កម្មករ​ដែល​បាន​ឆ្លងកាត់​ផងដែរ​។

បើ​តាម​លោក សុខ ផល ពលរដ្ឋ​ដែល​ចេញ-ចូល​ក្រុង​ភាគច្រើន​ជា​បុគ្គលិក អាជីវករ ជាង​សំណង់​បាន​ធ្វើ​ដំណើរ​ទៅ​បំពេញ​ការងារ មុខរបរ អាជីវកម្ម​នៅ​ខេត្តកណ្តាល និង​នៅ​ភ្នំពេញ (​ប្រចាំថ្ងៃ​)​។ លោក​ថា សមត្ថកិច្ច​នៅ​បន្ត​យកចិត្ត​ទុកដាក់​បំពេញភារកិច្ច និង​តាមដាន​សភាពការណ៍​ទៀត​។

កាលពី​ថ្ងៃទី​ ៩ ខែ​មេសា​ លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​ដាក់​កំហិត​លើ​ការធ្វើ​ដំណើរ​ឆ្លងកាត់​ខេត្ត​ក្រុង ដើម្បី​ទប់ស្កាត់​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ ចាប់ពី​ម៉ោង​ ២៤:០០ យប់​ថ្ងៃទី​ ៩ ខែ​មេសា​ រហូត​ដល់​ម៉ោង​ ២៤:០០ ថ្ងៃទី​ ១៦ ខែមេសា​។ លោក​នាយក​រដ្ឋមន្ដ្រី​បញ្ជាក់ថា​ ការដាក់​បទបញ្ជា​នេះ​ក្នុង​កាលៈទេសៈ​ពិសេស​ដើម្បី​កុំឱ្យ​ជំងឺ​នេះ​រីក​រាលដាល​ក្នុង​សហគមន៍​នៅក្នុង​ប្រទេស​៕