សៀមរាបៈ បុរស​ ៣ ​នាក់​ ត្រូវបាន​តុលាការ​ខេត្ត​សៀមរាប​សម្រេច​ឃុំខ្លួន​កាលពី​ថ្ងៃ​ ១៦ ​ឧសភា ករណី​រំលោភ​សេពសន្ថវៈ​ទៅលើ​ក្មេងស្រី​ជា​អនីតិជន​។ នេះ​បើ​តាម​លោកស្រី ដួង ថាវរី ​ស្នងការរង​ខេត្ត​សៀមរាប​ទទួល​​បន្ទុក​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ពី​ម្សិលមិញ​។

លោកស្រី​ ថាវរី បាន​ថ្លែងថា ជនសង្ស័យ​ឈ្មោះ ពិន អ៊ឹម អាយុ​ ៤៦ ​ឆ្នាំ​ មាន​លំនៅ​ភូមិ-សង្កាត់​ក្របីរៀល ក្រុង-ខេត្ត​សៀមរាប និង​បក្ខពួក​ ២ ​នាក់​ទៀត រួមមាន​ឈ្មោះ​ សយ សំប៊ុន អាយុ​ ៣៤ ​ឆ្នាំ​ និង ឈ្មោះ ស៊ាន កុសល អាយុ​ ៣៦ ​ឆ្នាំ​ ត្រូវ​បាន​នគរបាល​ខេត្ត​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ១៤ ខែ​ឧសភា ​តាម​បណ្ដឹង​នារី​រងគ្រោះ​ម្នាក់​។

លោកស្រី​បាន​បន្តថា តាម​ការរៀបរាប់​របស់​នារី​រងគ្រោះ​ថា នៅ​រសៀល​ថ្ងៃទី​ ៩ ខែឧសភា ឆ្នាំនេះ​នាង​បាន​នាំ​ម្ដាយ​ទៅផ្ទះ​​ឈ្មោះ ពិន អ៊ឹម ដែល​ជា​គ្រូ​ដោះ​អំពើ​ឲ្យ​ជួយ​ពិនិត្យ​ជំងឺ​ម្ដាយ​ព្រោះ​សង្ស័យ​ត្រូវ​អំពើ​គេ​។ លុះ​ទៅដល់​ជនសង្ស័យ​បាន​ឲ្យ​ថ្នាំ​ទៅ​ម្ដាយ​នាង​ផឹក​រួច​ក៏បាន​យកដៃ​អង្អែល​ក្បាល​នាង ហើយ​ថា កុំឲ្យ​បារម្ភ ម្ដាយ​នាង​នឹង​ធូរ​​ក្រោយ​ផឹកថ្នាំ​គាត់​ ២-៣ ​ថ្ងៃ​។

អ្នកស្រី ថាវរី ថា​ក្នុង​បណ្ដឹង​​បញ្ជាក់​ថា​៖ «​បន្ទាប់មក​លោកគ្រូ ពិន អ៊ឹម បាន​យក​ទឹក​ ១ ​កែវ​មក​ឲ្យ​ខ្ញុំ​ផឹក​។ លុះ​ផឹក​រួច​បាន​ប្រមាណ​ ១៥ ​នាទី​ខ្លួន​ខ្ញុំ​មាន​អារម្មណ៍​ចម្លែក​គឺ​ស្រើបស្រាល​ពេញ​ទាំង​ខ្លួន​ហើយ​ទន់​ដៃជើង​។

ពេលនោះ​គាត់​ក៏​បាន​បី​ខ្ញុំ​ចូល​បន្ទប់​ហើយ​រួមភេទ​ជាមួយ​ខ្ញុំ​បាន​សម្រេច​ម្ដង​ហើយ​ម្ដង​ទៀត​។ ថ្ងៃ​បន្ទាប់​គាត់​ក៏​បាន​ធ្វើ​ដូច្នេះ​ទៀត ប៉ុន្តែ​លើស​ពី​ថ្ងៃ​ដំបូង​គឺ​គាត់​ហៅ​សិស្ស​គាត់​ ២ ​នាក់​ទៀត​មក​រួមភេទ​ជាមួយ​​នាង​ខ្ញុំ​រហូត​បាន​សម្រេច​ម្នាក់​ម្ដង​ថែមទៀត​»​។

លោកស្រី ថាវរី បាន​ឲ្យ​ដឹង​​ទៀត​ថា បន្ទាប់ពី​ទទួល​បណ្ដឹង​​នៅ​ថ្ងៃទី​ ១៤ ខែឧសភា មន្ត្រី​នគរបាល​ដោយ​មាន​ការសម្របសម្រួល​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាន​ចុះ​ឆែក​ផ្ទះ​​ឈ្មោះ ពិន អ៊ឹម ហើយ​បាន​រក​​ឃើញ​សម្បក​ថ្នាំញៀន​ Viagra ច្រើន​បន្ទះ និង​ឃើញ​រូបភាព​​ និង​វីដេអូ​អាសអាភាស​ក្នុង​ទូរស័ព្ទ​ដៃ​ជន​ទាំង​ ៣ ​នាក់​នោះ​ផង​។

លោកស្រី បញ្ជាក់​ថា​៖ «​តាមរយៈ​រូបភាព និង​វីដេអូ​នោះ​សមត្ថកិច្ច​យើង​បាន​រកឃើញ​ជនរងគ្រោះ​ ២ ​នាក់​ផ្សេង​ទៀត​ក្នុងនោះ​មាន​ម្នាក់​ជា​កូនស្រី​​បង្កើត​គ្រូ​ដោះ​អំពើ​នោះ​គឺ​នាង​មាន​អាយុ​ ១៧ និង​ក្មេងស្រី​​អាយុ​ ១៣ ​ឆ្នាំ​ម្នាក់ទៀត​ជា​កូនស្រី​អ្នកជំងឺ​»​។

តាម​ចម្លើយ​កូនស្រី​គ្រូ​ដោះ​អំពើ​នោះ​ថា នាង​ត្រូវ​បាន​កូនសិស្ស​ឪពុក​នាង ឈ្មោះ សយ សំប៊ុន និង​ឈ្មោះ​ ស៊ាន កុសល ​ចាប់រំលោភ​តាំងពី​នាង​អាយុ​ ១៤ ​ឆ្នាំ​មក​ម្ល៉េះ និង​បាន​យក​ទូរស័ព្ទ​ថតរូប​អាក្រាត​របស់​​នាង​ទៀត​។ ​«​លុះ​បន្ទាប់មក ពួក​​បាន​យក​រូបភាព​នោះ​មក​គំរាម​នាង​ដើម្បី​បង្ខំ​នាង​រួមរ័ក​ជាមួយ​ពួកគេ​បាន​សម្រេច​ជាច្រើន​ដង​ថែមទៀត​»​។

ចំណែក​កុមារី​ម្នាក់​ទៀត​ថា​នាង​ត្រូវ​បាន​ឈ្មោះ ពិន អ៊ឹម ​ច្របាច់​ដោះ និង​លេង​ប្រដាប់​ភេទ​នាង​ញឹកញាប់ ហើយ​ថ្ងៃ​ខ្លះ​​គ្រូ​នោះ​ឲ្យ​នាង​លេង​ប្រដាប់ភេទ​​គាត់​រហូត​ចេញ​ទឹកកាម ប៉ុន្តែ​មិន​បាន​រួមភេទ​ទេ​។ ករណី​នេះ​កើតឡើង​ពេល​នាង​ទៅ​ស្នាក់នៅ​ថែ​ជំងឺ​ម្ដាយ​កាលពី​ខែ​មេសា​កន្លងទៅ​។

លោកស្រី ថាវរី បាន​បន្តថា​​ តាមរយៈ​បណ្ដឹង និង​ចម្លើយ​នារី​រងគ្រោះ សមត្ថកិច្ច​បាន​បញ្ជូន​ក្រុម​ជនសង្ស័យ​ទៅ​តុលាការ​ខេត្ត​កាលពី​ថ្ងៃ​សៅរិ៍​ដើម្បី​ចាត់វិធានការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

ជុំវិញ​ករណីនេះ​លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​សៀមរាប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជនសង្ស័យ​ទាំង​ ៣​ នាក់ ​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ពី​ល្ងាច​ថ្ងៃ​ ១៦ ឧសភា ដោយ​ចោទ​ម្នាក់ៗ​ ២ ​បទល្មើស​រួមមាន បទ «​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​» តាម​មាត្រា​ ២៣៩ ​នៃ​ក្រមព្រហ្មទណ្ឌ និង​បទ «​ផលិត​រូបភាព​អាសអាភាស​» ​តាម​មាត្រា​ ៣៩ ​នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​ការជួញដូរ​មនុស្ស​៕