ត្បូងឃ្មុំៈ មន្ត្រីនគរបាល​ខេត្ត​ត្បូងឃ្មុំ​បាន​ឱ្យ​ដឹងថា បុរស​ម្នាក់​ជា​តំណាង​សហគមន៍​កសិករ​ត្រូវ​បាន​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ក្នុង​ថ្ងៃ​តែមួយ បន្ទាប់ពី​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បាន​នៅ​ខេត្ត​ព្រះសីហនុ​ពីថ្ងៃ​ទី​ ៣០ ​ធ្នូ​ពាក់ព័ន្ធ​ករណី​មិន​គោរព​បម្រាម​​អាជ្ញាធរ​ដែល​មិន​ឲ្យ​ជួបជុំគ្នា​ក្នុង​ទិវា​សិទ្ធិមនុស្ស​ ១០ ​ធ្នូ ប្រព្រឹត្ត​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។

លោក ចក់ សុខកៅ ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ប្រាប់​ពី​ម្សិលមិញ​ថា ជនសង្ស័យ​​មាន​ឈ្មោះ​ ផុន សុផល ត្រូវ​បាន​តុលាការខេត្ត​ត្បូងឃ្មុំ​ឃុំខ្លួន​ក្នុង​​ពន្ធនាគារ​ខេត្ត​ពីថ្ងៃ​ទី​ ៣០ ធ្នូ​នៅពេល​បញ្ជូន​ខ្លួន​មកពី​ខេត្ត​ព្រះសីហនុ​។ ប៉ុន្តែ​លោក​មិន​​បានដឹងថា ជនសង្ស័យ​ជាប់​​ពាក់ព័ន្ធ​នឹង​បទល្មើស​អ្វី​ទេ​ព្រោះ​លោក​អនុវត្តតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ពី​សាលា​ដំបូង​ខេត្ត​ត្បូងឃ្មុំ​តែប៉ុណ្ណោះ​។

លោក​ប្រាប់ថា​៖ «​ដីកា​របស់​តុលាការ​នេះ​ចុះ​ថ្ងៃទី​ ២៨ ​ធ្នូ ឆ្នាំ​ ២០២០ ​បង្គាប់​ឲ្យ​ចាប់ និង​ឃុំខ្លួន​​តែម្តង​។ ​ដូច្នេះ​ក្រោយពី​សមត្ថកិច្ច​ខ្ញុំ​សហការ​ជាមួយ​នគរបាល​ខេត្ត​ព្រះសីហនុ​ចាប់​ជនសង្ស័យ​បាន​ក៏​បញ្ជូនទៅ​ឃុំ​នៅថ្ងៃនោះ​ (​ថ្ងៃទី​ ៣០ ​ធ្នូ​) ​តែម្តង​»​។

បើ​តាម​ដីកា​នេះ​ជនសង្ស័យ​ត្រូវបាន​ចោទ​ពី​បទ​សមគំនិត​​ក្នុង​អំពើ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​តាម​បញ្ញត្តិមាត្រា ២៩,៤៩៤ និង​ ៤៩៥ ​នៃ​ក្រមព្រហ្មទណ្ឌ​។ ​តាម​មាត្រា​ ៤៩៥ ប្រសិនបើ​តុលាការ​រកឃើញ​ប្រព្រឹត្ត​ដូច​ការ​ចោទ​មែន​នោះ ជនសង្ស័យ​ប្រឈម​នឹង​​ការជាប់​ពន្ធនាគារ​ពី​ ៦ ​ខែ ដល់​ ២ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចូល​រដ្ឋ​ពី​ ១ ​លាន​ដល់​ ៤ ​លាន​រៀល​។

លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ឲ្យ​​ដឹង​ពី​ម្សិលមិញ​ថា បុរស​ម្នាក់​ឈ្មោះ ផុន សុផល ត្រូវបាន​សមត្ថកិច្ច​របស់​លោក​សហការ​​ជាមួយ​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ​ឃាត់ខ្លួន​នៅ​ភូមិ​ស្មាច់ដែង​ឃុំ​រាម ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។

ការឃាត់ខ្លួន​នេះ គឺ​សមត្ថកិច្ច​អនុវត្តតាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការ​ខេត្ត​ត្បូងឃ្មុំ​។

លោក​បន្តថា ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាម​សមត្ថកិច្ច​របស់​លោក​បាន​ប្រគល់​បន្ត​ជូន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត​ត្បូងឃ្មុំ​ដើម្បី​អនុវត្ត​នីតិវិធី​ដែល​ជា​ខេត្ត​សាមី​ដែល​ជនសង្ស័យ​បាន​ប្រព្រឹត្ត​នៅ​ទី​នោះ​។ ប៉ុន្តែ​លោក​មិនបាន​ដឹងថា ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​អ្វី​នោះទេ​។

បើតាម​លោក​ស្នងការ​ថា​៖ «​ករណីនេះ​យើង​សហការ​ដោយ​អនុវត្តតាម​ដីកា​បញ្ជា​ឱ្យ​ចាប់ខ្លួន​របស់​តុលាការខេត្ត​ត្បូងឃ្មុំ​ហើយ​យើង​សហការ​ជាមួយ​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ​។ ​ចំពោះ​ថា​តើ​ពាក់ព័ន្ធ​នឹង​បទល្មើស​អ្វី​នោះ​ជា​សមត្ថកិច្ច​របស់​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ជា​អ្នកដឹង​»​។

ពាក់ព័ន្ធ​ការឃុំខ្លួន​នេះ​លោក ថេង ជាង អ្នកនាំពាក្យ​តុលាការ​ខេត្ត​ត្បូងឃ្មុំ​ពុំ​អាច​សុំ​បញ្ជាក់​​ពី​បទ​ចោទប្រកាន់ និង​បទល្មើស​របស់​ជនសង្ស័យ​បានទេ​ដោយសារ​ទូរស័ព្ទ​របស់​លោក​ពុំមាន​អ្នក​ទទួល​កាលពី​ម្សិលមិញ​។

ក៏ប៉ុន្តែ​មន្ត្រី​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ម្នាក់​សុំ​មិនឱ្យ​បញ្ចេញ​ឈ្មោះ​​បាន​ប្រាប់​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ជា​កសិករ​ឆ្នើម​ ១ ​រូប​រស់នៅ​ក្នុងភូមិ​ក្រវៀន​ជើង ឃុំ ជាំ​ក្រវៀន ស្រុក​មេមត់ ។ មូលហេតុ​នៃ​ការចាប់ខ្លួន​នេះ​ដោយសារ​កាលពី​ថ្ងៃទី​ ១០ ធ្នូ ដែល​​ជា​ទិវា​ប្រារព្ធ​សិទ្ធិមនុស្ស​អន្តរជាតិ​គឺ​អាជ្ញាធរខេត្ត​ត្បូងឃ្មុំ​បាន​ហាម​ប្រមូលផ្តុំ​មនុស្ស​ច្រើន​ដើម្បី​បង្ការ​ការចម្លង​កូវីដ​១៩​។ តែ​ថ្ងៃនោះ​ជនសង្ស័យ​បាន​យក​អាវយឺត​និយាយ​ពី​ការលើក​តម្កើង​សិទ្ធិមនុស្ស​ទៅ​ចែកជូន​ដល់​កសិករ​ក្នុង​ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់​។

លោក​បន្តថា ក្នុងពេល​ដើរ​ចែក​អាវយឺត​នោះ​ជនសង្ស័យ​បាន​រិះគន់​អាជ្ញាធរ​ពី​ការហាមប្រាម​ការជួបជុំ​គ្នា​។ ​ហេតុដូច្នេះ​ហើយ​ទើប​មាន​ការចាប់ខ្លួន​។

ជនសង្ស័យ​មាន​ប្រពន្ធ​កំពុង​មាន​​ផ្ទៃពោះ​ ៣ ​ខែ​ និង​មាន​កូន​ប្រុស​អាយុ​ ៥ ​ឆ្នាំ​ម្នាក់​ក្នុង​បន្ទុក​ផង​។

កាលពី​ម្សិលមិញ​លោក ហុងគឹមហឿន អធិការនគរបាល​ស្រុក​មេមត់​ប្រាប់ថា លោក​មិន​បានដឹង​ពី​ចាប់ខ្លួន​នេះ​ទេ​។ ​រីឯ​លោក ចេង ប៊ុណ្ណារ៉ា អភិបាលស្រុក​មេមត់​ក៏​មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​ពី​ករណីនេះ​បាន​​ដែរ​កាលពី​ម្សិលមិញ​៕