ព្រះសីហនុៈ ជនសង្ស័យ​ជនជាតិ​ចិន​ម្នាក់​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ដោយ​ចោទប្រកាន់​ពី​បទ​ «​ចាប់​ និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​» បន្ទាប់ពី​ឃាត់ខ្លួន​នៅ​ថ្ងៃទី​ ៥ កញ្ញា ពាក់ព័ន្ធ​ការចាប់​ជំរិត​ទារប្រាក់​ពី​ជនរងគ្រោះ​ជា​ជនជាតិ​ចិន​ម្នាក់​នៅ​ភូមិ​ ២ សង្កាត់​ ៣ ក្រុង-ខេត្ត​ព្រះសីហនុ ខណៈ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​បក្ខពួក​បន្ថែមទៀត​។

លោក​ លឹម ប៊ុនហេង អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ថ្លែង​ពី​ម្សិលមិញ​ថា ចៅក្រម​នៃ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ឈ្មោះ ZHANG KUN DUAN ភេទ​ប្រុស អាយុ ២១ ​ឆ្នាំ​ នៅ​ពន្ធនាគារ​ខេត្ត​នៅ​ល្ងាច​ថ្ងៃទី​ ៦ ខែ​កញ្ញា​។

លោក​ថា​៖ «​គឺ​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​តាម​នីតិវិធី​រួចរាល់ ហើយ​ដោយ​ចោទប្រកាន់​ពី​បទចាប់ និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ ប៉ុន្ដែ​ខ្ញុំ​ចាំ​មិន​ច្បាស់​មាត្រា​ទេ​»​។

លោក​ កុល ផាលី ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​ប្រាប់​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​នោះ​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​​ ៦ ខែកញ្ញា​ហើយ​។

លោក​ថា ក្រៅពី​ជនសង្ស័យ​ម្នាក់នេះ​សមត្ថកិច្ច​បាននិង​កំពុង​ស៊ើបអង្កេត និង​ស្រាវជ្រាវ​រក​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​ករណី​នេះ​បន្ថែមទៀត​។ ជនសង្ស័យ​សារភាព​ថា នៅមាន​បក្ខពួក​ពាក់ព័ន្ធ​នឹង​សំណុំ​រឿងនេះ​។

លោក​ ផាលី ប្រាប់ថា នៅ​ថ្ងៃទី​ ៥ កញ្ញា ជនជាតិ​ចិន​ម្នាក់​បាន​ទូរស័ព្ទ​រាយការណ៍​មក​សមត្ថកិច្ច​ថា មាន​ជនជាតិ​ចិន​ម្នាក់​កំពុង​ជួញដូរ​គ្រឿងញៀន​នៅលើ​ភ្នំ​ ១ ​កន្លែង​ស្ថិត​ក្នុងភូមិ​ ២ សង្កាត់​ ៣ ក្រុង-ខេត្ត​ព្រះសីហនុ​។ ក្រោយពី​ទទួល​ព័ត៌មាន​សមត្ថកិច្ច​បាន​រៀបចំ​កម្លាំង​ចុះទៅ​ទីតាំង​នោះ​ភ្លាមៗ ដើម្បី​បង្ក្រាប​។

លោក​ថា​៖ «​ពេល​ទៅ​ដល់​សមត្ថកិច្ច​បានឃើញ​ជនជាតិ​ចិន​ម្នាក់​ដៃ​មាន​ជាប់​ចំណង​ទាំង​ ២ ត្រូវគេ​រុំស្កុត​ដោយ​មាន​ស្នាមរបួស ហើយ​មាន​ម្សៅ​ស​មួយ​ថង់​នៅក្នុង​កាបូប​របស់​ជនជាតិ​ចិន​នោះ​។ បន្ទាប់មក​សមត្ថកិច្ច​យើង​បាន​នាំមក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​សួរនាំ​»៕