សៀមរាបៈ តុលាការ​ខេត្ត​សៀមរាប​កាលពី​ថ្ងៃទី​ ២៣ ​សីហា​ បាន​ចោទប្រកាន់​និង​បញ្ជូន​បុរស​ជាតិ​អាមេរិកាំង​ម្នាក់​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត បន្ទាប់ពី​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ២១ ​សីហា​ ពាក់ព័ន្ធ​អំពើ​បៀតបៀន​ផ្លូវភេទ​លើ​កុមារា​ម្នាក់​​ប្រព្រឹត្ត​កាលពី​យប់​ថ្ងៃទី​ ១៤ ​សីហា​នៅ​ក្រុង-ខេត្ត​សៀមរាប​។

លោក យិន ស្រាង អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ត​សៀមរាប​ប្រាប់​កាលពី​ម្សិលមិញ​ថា ករណី​បុរស​ជនជាតិ​អាមេរិក​ឈ្មោះ Robinson Shaun Earl (​ហៅ សន រី ហៅ​ ចន​) អាយុ​ ៤០ ​ឆ្នាំ​ដែល​ពាក់ព័ន្ធ​​អំពើ​បៀតបៀន​ផ្លូវភេទ​លើ​កុមារា នោះ​ត្រូវ​បាន​តុលាការ​ចោទ និង​​ឃុំ​ខ្លួន​ហើយ​កាលពី​ថ្ងៃទី​ ២៣ ​សីហា ​តាម​បញ្ញត្តិ​មាត្រា​ ៤៣ ​នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​។

លោក​ថា​៖ «​ខ្ញុំ​មិន​បាន​ចាំ​ថា​ចៅក្រម​ស៊ើបសួរ​មាន​ឈ្មោះ​អី​ទេ ប៉ុន្តែ​ជនជាតិ​អាមេរិកាំង​ម្នាក់​នោះ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​អំពើ​អាស​ប្រឆាំង​អនីតិជន​ក្រោម​អាយុ​ ១៥ ​ឆ្នាំ​ តាម​សំណើ​របស់​ព្រះរាជអាជ្ញា​»​។

បើ​តាម​បញ្ញត្តិ​មាត្រា​ ៤៣ ​នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​នេះ ប្រសិន​បើ​តុលាការ​រកឃើញ​កំហុស​មែន​នោះ​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ពី​ ១ ​ឆ្នាំ​ដល់​ ៣ ​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​ ២ ​លាន​រៀល​ដល់​ ៦ ​លាន​រៀល​។

បើ​តាម​លោក ជា ហេង ប្រធាន​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​សៀមរាប​ប្រាប់​កាលពី​ម្សិលមិញ​ថា​ឈ្មោះ Robinson Shaun Earl ជា​អ្នក​ទេសចរ​ស្នាក់នៅ​បណ្តោះអាសន្ន​នៅក្នុង​ក្រុង​សៀមរាប​។

លោក​បាន​បន្ត​ថា​ជន​ម្នាក់នេះ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ២១​ ​សីហា ក្រោយ​ពី​មាន​បណ្ដឹង​ពី​ស្ត្រី​ឈ្មោះ សាន់ ឃៀង អាយុ​ ៤១ ​ឆ្នាំ ​ត្រូវ​ជា​ម្តាយ​ក្មេងប្រុស​រងគ្រោះ​ដោយ​ចោទ​ថា​បាន​ប្រព្រឹត្ត​អំពើ​អាស​លើ​កូន​គាត់​កាលពី​យប់​ថ្ងៃទី​ ១៤ ​សីហា​នៅក្នុង​បន្ទប់​ជួល​ម្ដុំ​ផ្សារចាស់​ក្នុង​សង្កាត់​ស្លក្រាម និង​បាន​ឲ្យ​លុយ ២៥ ​ដុល្លារ​នៅពេល​ព្រឹក​ឡើង​ថ្ងៃទី​ ១៥ សីហា ហើយ​ឲ្យ​មក​ផ្ទះ​វិញ​។ ចំណែក​វត្ថុតាង​ដែល​រក​ឆែក​ឃើញ​រួមមាន​៖ Ipsy១ ​គ្រឿង​,​ អង្គ​ចងចាំ​ ១ ​គ្រឿង​, ​ដៃ​ហ្គេម​ក្មេង​លេង​ ៣ ​គ្រឿង​ និង​ទឹក​ថ្នាំ​រអិល​ ២ ​ដប​៕