សៀមរាប/មណ្ឌលគិរីៈ សាលាដំបូង​ខេត្ត​សៀមរាប​បាន​សម្រេច​ឃុំខ្លួន​បុរស​ម្នាក់​នៅ​ថ្ងៃទី​ ៣១ ខែ​មករា បន្ទាប់ពី​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ការចូល​ទៅ​បាញ់​សត្វព្រៃ និង​កាប់​ព្រៃឈើ​នៅក្នុង​សហគមន៍​ទឹកធ្លាក់​ចង្ក្រានរយ​នៅ​ភូមិ​បាយដុត ឃុំ​ស្វាយស ស្រុក​វ៉ារិន ខេត្ត​សៀមរាប ខណៈ​បុរស​ម្នាក់ទៀត​ក៏​កំពុង​ត្រូវ​បាន​សាកសួរ​ពាក់ព័ន្ធ​ការដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​។

លោក​ យិន ស្រាង អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​សៀមរាប​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ចៅក្រម​នៃ​សាលា​ដំបូង​ខេត្ត​បាន​សម្រេច​ឃុំខ្លួន​បុរស​ម្នាក់​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​។ បុរស​ជា​ជនជាប់ចោទ​រូបនេះ​ត្រូវ​បាន​ចោទប្រកាន់​ពីបទ​ «​ប្រមូលផល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​ការអនុញ្ញាត​» ​តាម​មាត្រា​ ៩៨ កថាខណ្ឌ​ ២ និង​ចំណុច​ ៥ ស្ដីពី​ច្បាប់​ព្រៃឈើ​។

លោក​បញ្ជាក់ថា​៖ «​តុលាការ​សៀមរាប​បានសម្រេច​ឃុំខ្លួន​គាត់​ហើយ​កាលពី​ថ្ងៃទី​ ៣១ ខែ​មករា ដោយ​ចោទ​ពី​បទ​ប្រមូលផល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​ការអនុញ្ញាត​។ ឥឡូវ​នេះ​តុលាការ​ឃុំខ្លួន​បណ្ដោះអាសន្ន​សិន ហើយ​តុលាការ​លើក​យក​មក​បើក​សវនាការ​ពេលណា​ទៀត គឺជា​រឿង​តុលាការ ខ្ញុំ​អត់​ទាន់​ដឹង​ទេ​»​។

លោក​ ទា គឹមសុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប​ក៏​បាន​ថ្លែង​ពី​ម្សិលមិញ​ថា បុរស​ជា​ជនសង្ស័យ​ម្នាក់ (​មិន​ចាំ​ឈ្មោះ​) ​ត្រូវបាន​មន្ត្រី​ជំនាញ​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។ សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​នោះ​កាលពី​ព្រឹក​ថ្ងៃទី​ ៣១ ខែ​ មករា ឆ្នាំ​ ២០២០ ដែល​ពាក់ព័ន្ធ​ការ​លួច​ចូល​ទៅ​ដាក់​អន្ទាក់​សត្វព្រៃ និង​កាប់​ព្រៃឈើ​នៅក្នុង​ព្រៃ​សហគមន៍​ទឹកធ្លាក់​ចង្ក្រានរយ​ស្ថិត​នៅ​ភូមិសាស្ត្រ ភូមិ​បាយដុត ឃុំ​ស្វាយស ស្រុក​វ៉ារិន ខេត្តសៀមរាប​។

លោក​បន្តថា ការឃាត់ខ្លួន​នេះ​នៅពេល​មន្ត្រី​ចម្រុះ​រួមមាន កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​វ៉ារិន​សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​ស្រុក​វ៉ារិន មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ល្បាត​ក្នុងព្រៃ​សហគមន៍​ទឹកធ្លាក់​ចង្ក្រាន​រយ​ក៏​ប្រទះឃើញ​សកម្មភាព​កាប់​ព្រៃឈើ និង​ការដាក់​អន្ទាក់​សត្វព្រៃ​។ ពេលនោះ​ជនល្មើស​មាន​គ្នា​ប្រមាណ​ ៥ ​នាក់ ប៉ុន្ដែ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ម្នាក់​រីឯ​ ៤ ​នាក់​ទៀត​បាន​រត់​ចូល​ព្រៃ​គេចខ្លួន​បាត់អស់​។

លោក​បន្ថែមថា ប្រតិបត្តិការ​នេះ​បាន​ទទួល​លទ្ធផល​ដោយ​រឹបអូស​វត្ថុតាង​មួយចំនួន ដូចជា រណារយន្ត​ចំនួន​ ៥ ​គ្រឿង​ កាំភ្លើង​កែច្នៃ​ចំនួន​ ៥ ​ដើម​ អន្ទាក់​សត្វ​ចំនួន​ ១០ ​ខ្សែ ឈើ​ក្តា​រអារ​ចំនួន​ ២៣០ ​សន្លឹក ចំនៀរ​ឈើ​ចំនួន​ ៦៧ ​សន្លឹក ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​សរុប​ចំនួន​ឈើ​ ២៩៧ ​សន្លឹក ​ស្មើនឹង​ ៧.៦១៧ ម៉ែត្រគុប​។

លោក​ គឹមសុទ្ធ បញ្ជាក់​ថា​៖ «​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ រីឯ​វត្ថុតាង​ទាំងអស់​បញ្ជូន​យកទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រែណូយ ដើម្បី​អនុវត្ត​ទៅ​តាម​នីតិវិធី​ច្បាប់​ស្តីពី​ព្រៃឈើ​»​។

ករណី​ស្រដៀង​គ្នា​ដែរ សមត្ថកិច្ច​ជំនាញ​ខេត្តមណ្ឌលគិរី​បាននិង​កំពុង​សាកសួរ​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ស៊ូ ចាន់រិត ភេទ​ប្រុស អាយុ​ ៦១ ​ឆ្នាំ​ បាន​បើកបរ​រថយន្ត​ (​កាមរី​) ១ ​គ្រឿង ដឹកឈើ​នាងនួន​ចំនួន​ ៥៤ ​ដុំ នៅ​ចំណុច​ភូមិ​អូរអាម ឃុំ​ស្រែខ្ទុម ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី​។

លោក អ៊ុំ សុវណ្ណសុភៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី​ថ្លែងថា លោក​បាន​ទទួល​ព័ត៌មាន​នេះហើយ ដោយ​សមត្ថកិច្ច​ជំនាញ​នៃ​ដែនជម្រកសត្វព្រៃ​កែវសីមា​កំពុង​ធ្វើការ​សាកសួរ​។ លោក​ប្រាប់ថា​៖ «​មន្រី្ត​ជំនាញ​យើង​កំពុង​សាកសួរ តែ​លទ្ធផល​យ៉ាងណា ខ្ញុំ​អត់​ទាន់​បានដឹង​ទេ​»​។

លោក​ ឌឹម ប៊ុនធឿន អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី និង​ជា​ប្រធាន​ដែនជម្រក​សត្វព្រៃ​កែវសីមា​ពី​ម្សិលមិញ​មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណី​នេះ​តាម​ទូរស័ព្ទ​បានទេ​។

តាម​របាយការណ៍​របស់​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែល​បង្ហាញ​លើ​ហ្វេសប៊ុក​ពី​ម្សិលមិញ​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​ ៣០ ខែ​ មករា ២០២០ កម្លាំង​អាវុធហត្ថ​ខេត្ត​មណ្ឌលគិរី និង​កម្លាំង​អាវុធហត្ថ​ស្រុក​កែវសីមា​បាន​បង្ក្រាប​រថយន្ត​ (​កាមរី​) ១ ​គ្រឿង ដឹកឈើ​នាងនួន​ចំនួន​ ៥៤ ​ដុំ​ នៅ​ចំណុច​ភូមិ​អូរអាម ឃុំ​ស្រែខ្ទុម ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី​៕