មណ្ឌលគិរីៈ យុវជន​ម្នាក់​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន​ពាក់ព័ន្ធ​ករណី​លួច​ដាក់​អន្ទាក់​សត្វព្រៃ​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ស្រែពក​។ នេះ​បើ​តាម​ការអះអាង​របស់​លោក​ កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​ពី​ម្សិលមិញ​។ ប៉ុន្តែ​ប្រធាន​សហគមន៍​អះអាង​ថា ជន​ជាប់ចោទ​ជា​មនុស្ស​មិន​គ្រប់លក្ខណៈ​ដែល​អាច​ត្រូវបាន​គេ​នាំចូល​ព្រៃ​ដើម្បី​ប្រយោជន៍​អ្វីមួយ​។

លោក​ សុភគ៌​និយាយ​ថា ជនសង្ស័យ​ឈ្មោះ ហក វ៉ាន់ អាយុ​ ១៩ ​ឆ្នាំ ​រស់នៅ​ភូមិ​កោះ​ម្យើលក្រោម ឃុំ​ណងឃីលឹក ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី​។ បុរស​សង្ស័យ​នេះ​ត្រូវ​បាន​ក្រុម​មន្ត្រី​ឧទ្យានុរក្ស​ដែន​ជម្រក​សត្វព្រៃ​ស្រែពក​ចាប់​ឃាត់ខ្លួន​ក្នុង​អំឡុងពេល​ប្រព្រឹត្ត​បទល្មើស​ដាក់​អន្ទាក់​សត្វព្រៃ​ក្នុង​តំបន់​ស្នូល​នៃ​ដែនជម្រក​សត្វព្រៃ​ស្រែពក​កាលពី​រសៀល​ថ្ងៃ​ ២៧ ខែមករា ឆ្នាំ​ ២០២០​។

លោក​បន្តថា ក្នុង​អំឡុងពេល​នៃ​ការចាប់​ឃាត់ខ្លួន​នោះ ក្រុម​មន្ត្រី​ឧទ្យានុរក្ស​បាន​ស្រាវជ្រាវ និង​រឹបអូស​បាន​វត្ថុតាង​មួយ​ចំនួន​រួមមាន រំសេវ​ផ្ទុះ​ចំនួន​ ០,៥ ​គីឡូក្រាម លួស​ឆក់​ចំនួន​ ៣ ​ដុំ អង្គប់​រ៉ឺស័រ​នាំចូល​ពី​ប្រទេស​ វៀតណាម​ ចំនួន​ ៣ និង ខ្សែ​អន្ទាក់​ជាច្រើន​ទៀត​ដែល​ជនសង្ស័យ​បាន​ដាក់​បង្កៃ​ និង​បង្កប់​នៅក្នុង​ព្រៃ​នៃ​តំបន់​ការពារ​ និង​អភិរក្ស​ខាង​លើ​នេះ​។

លោក​ សុភគ៌ ​បញ្ជាក់ថា​៖ «​ជនសង្ស័យ​ត្រូវបាន​តុលាការ​ខេត្ត​មណ្ឌលគិរី សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​កាលពី​រសៀល​ថ្ងៃទី​ ២៨ ខែ មករា ឆ្នាំ​ ២០២០ ដោយ​ចោទប្រកាន់​ពី​បទ​ដាក់​អន្ទាក់​បង្កៃ​ចាប់​សត្វព្រៃ ប្រព្រឹត្ត​ក្នុង​តំបន់​ការពារ​ធម្មជាតិ​នៃ​ដែនជម្រក​សត្វព្រៃ​ស្រែ​ពក​តាម​បញ្ញត្តិ​មាត្រា​ ៦១ ត្រង់​ចំណុច​ទី​ ៥ ​និង​ទី​ ៦ ​នៃ​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ​»​។

យោង​ចំណុច​ទី​ ៥ និង​ទី​ ៦ ​នៃ​មាត្រា​ ៦១ ​នៃ​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ ជនសង្ស័យ​នឹង​ត្រូវ​ប្រឈម​ការផ្ដន្ទាទោស​ក្រោម​បទល្មើស​ធនធាន​ធម្មជាតិ​ថ្នាក់​ទី​ ៣ ដែល​នឹងត្រូវ​ជាប់​ពន្ធនាគារ​ពី​ ១ ​ឆ្នាំ​ទៅ​ ៥ ​ឆ្នាំ ឬ​នឹង​ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ពី​ ១៥ ​លាន​រៀល​ដល់ ​១០០ ​លាន​រៀល​។

ជុំវិញ​ការឃុំខ្លួន​ជនសង្ស័យ​នេះ​បាន​បង្ក​ឲ្យ​មាន​ការភ្ញាក់ផ្អើល​ពេញ​ក្នុង​សហគមន៍ ភូមិ​កោះម្យើលក្រោម ដោយ​អ្នក​ភូមិ​ជាច្រើន​និយាយថា ជនសង្ស័យ​ជា​មនុស្ស​ស្មោះត្រង់​ស្លូតបូត និង​មាន​ស្មារតី​មិន​ពេញលក្ខណៈ​។

លោក​ កែវ សុធា ប្រធាន​សហគមន៍​ព្រៃឈើ​កោះ​ម្យើល ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ជនសង្ស័យ​មិន​ធ្លាប់​ចូល​ទៅក្នុង​ព្រៃ​ដោយ​ម្នាក់ឯង​នោះទេ​។ ព្រោះ​គេ​ជា​មនុស្ស​មាន​សតិ​មិន​គ្រប់​លក្ខណៈ ហើយ​គ្រួសារ​របស់​គេ​ក្រីក្រ គ្មាន​លទ្ធភាព​ទិញ​ឧបករណ៍ អន្ទាក់ ឬអង្គប់ សម្រាប់​បង្កៃ​ចាប់​សត្វព្រៃ ដែល​មាន​តម្លៃ​ថ្លៃ​បែប​នោះឡើយ​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​ហ៊ាន​អះអាង​ថា វា​ [​ជនសង្ស័យ​] ជា​មនុស្ស​មាន​សតិ​ស្មារតី​មិន​គ្រប់​លក្ខណៈ ហើយ​ខ្ញុំ​ជឿថា វា​ចូល​ទៅ​ដាក់​អន្ទាក់​នៅក្នុង​តំបន់​ស្នូល​នៃ​ដែន​ជម្រក​សត្វព្រៃ​ស្រែពក​នោះ​ទំនង​ជា​មាន​ក្រុមមនុស្ស​ទុច្ចរិត​ណាមួយ​នាំ​គេ​ទៅ​ដើម្បី​ជា​ប្រយោជន៍​អ្វីមួយ ព្រោះ​វា​មិន​ដែល​ហ៊ាន​ចូល​ទៅក្នុង​ព្រៃ​ជ្រៅ​តែ​ម្នាក់ឯង​នោះទេ​តាំងពី​មុន​មក​។ ម្យ៉ាងទៀត​គ្រួសារ​របស់​វា​ក្រីក្រ​ខ្លាំងណាស់ គ្មាន​លទ្ធភាព​ទិញ​នូវ​ឧបករណ៍ អន្ទាក់​ និង​អង្គប់​ចាប់​សត្វព្រៃ​ដូច​ដែល​មន្ត្រី​ជំនាញ​បាន​ចាប់​រឹបអូស​បាន​ជា​វត្ថុតាង​នោះ​ទេ​»៕