ព្រះវិហារៈ មន្ត្រី​យោធា​ម្នាក់​ដែល​សម្លាប់​ប្រពន្ធចុង​របស់ខ្លួន​ត្រូវបាន​តុលាការខេត្ត​ព្រះវិហារ​សម្រេច​ចោទប្រកាន់ និង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​កាលពី​ថ្ងៃទី​ ២៦ កញ្ញា បន្ទាប់ពី​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ ១ ​ថ្ងៃ ក្រោយ​ប្រព្រឹត្ត​នៅ​ភូមិ​ស្ទឹង​ខៀវតេជោ ឃុំ​ស្រអែម ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ​។

លោកស្រី​ ប្រាំង ធីតា ស្នងការរង​នគរបាល​ខេត្តព្រះវិហារ​ឱ្យដឹង​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ​ ស៊ិន ស៊ឹម អាយុ​ ៥២ ​ឆ្នាំ ជា​យោធា​ពាក់​ស័ក្តិ​ ៣ បម្រើការ​នៅ​អង្គភាព​វរៈ​ ៣៨២ ​ចំណុះ​ឱ្យ​កងពលតូច​អន្តរាគមន៍​លេខ​ ៨ ​ឈរជើង​នៅលើ​ភ្នំ​ប្រាសាទព្រះវិហារ​។ រីឯ​ប្រពន្ធ​ជា​ស្ត្រី​រងគ្រោះ​ឈ្មោះ​ ហួយ ផល្លា អាយុ​ ៥៥ ​ឆ្នាំ​។

លោកស្រី​ថ្លែងថា រឿងនេះ​តុលាការ​ឃុំខ្លួន​ជនសង្ស័យ​ក្នុង​ពន្ធនាគារ​ហើយ​។ ​ជនសង្ស័យ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​លោក​ ជៀន ស្រស់ ចោទ​ពី​បទ​ឃាតកម្ម​តាម​មាត្រា​ ១៩៩ ​នៃ​ក្រមព្រហ្មទណ្ឌ​។

យោងតាម​មាត្រា​ ១៩៩ ​នៃ​ក្រម​ព្រហ្មទណ្ឌ បទឃាតកម្ម​ត្រូវ​ជាប់ពន្ធនាគារ​ពី​ ១០ ​ទៅ​ ១៥ ​ឆ្នាំ​។

លោកស្រី​ថា​៖ «​បទល្មើស​របស់​ជនសង្ស័យ​ជា​បទល្មើស​ជាក់ស្តែង ដោយសារ​គាត់​សារភាព និងសមត្ថកិច្ច​រកឃើញ​កន្លែង​ដែល​គាត់​កប់​សាកសព​។ ប៉ុន្តែ​គាត់​ត្រូវ​ផ្តន្ទាទោស​យ៉ាងណា​នោះ​អាស្រ័យ​ខាង​តុលាការ​ទេ​»​។

លោក​ ហ៊ុយ សុផុន នាយ​នគរបាល​ប៉ុស្តិ៍ ឃុំ​ស្រអែម ប្រាប់​តាមសម្តី​ជនសង្ស័យ​ដែរ​ថា ស្ត្រី​រងគ្រោះ​ជា​ស្ត្រី​មេម៉ាយ​កូន​ ៣ ​នាក់ ប្រុស​ម្នាក់​អាយុ​ ១៦ ​ឆ្នាំ និង​កូនស្រី​ ២ ​នាក់​ទៀត​មាន​ប្តី​។ ពួកគេ​ទាំង​ ៣ ​នាក់​រស់នៅ​ខេត្ត​កំពង់ឆ្នាំង​។ ឯ​ស្ត្រី​រងគ្រោះ​មក​រួមរស់​ជាមួយ​ជនសង្ស័យ​នៅ​កន្លែង​កើតហេតុ​ខាងលើ​។ មុន​កើតហេតុ​ម៉ោង​ជាង​ ២ ​រសៀល​ថ្ងៃទី​ ១៧ កញ្ញា ស្ត្រី​រងគ្រោះ​ហាម​ជនសង្ស័យ​ចាយលុយ​ផ្តេសផ្តាស​ហើយ​ក៏​មិន​ឱ្យ​លុយ​ជន​នោះ​កាន់​ដែរ​ទើប​បណ្តាល​ឱ្យ​ឈ្លោះ​គ្នា​។

លោក​ថា ពេល​ឈ្លោះ​គ្នាជនសង្ស័យ​ចាប់ជើង​ស្ត្រី​រងគ្រោះ​ទាំង​ ២ ​ឱ្យ​ដួល​ផ្ងារ​ក្រោយ​បោក​ក្បាល​នឹង​កម្រាល​ឥដ្ឋ​បណ្តាល​ឱ្យ​សន្លប់ ហើយ​ជនសង្ស័យ​ចាប់​ក្បាល​ស្ត្រី​រងគ្រោះ​បោក​នឹង​កម្រាល​ឥដ្ឋ​បន្ថែម​ទៀត​រហូត​ស្លាប់​៕