តាកែវ/ភ្នំពេញៈ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តតាកែវ​បាន​ឃុំខ្លួន​បុរស​សង្ស័យ​ ៤ ​នាក់​ពីថ្ងៃ​ទី​ ២១ មីនា​ពាក់ព័ន្ធ​ករណី​សម្លាប់​យុវជន​ម្នាក់​នៅ​ឃុំ​ត្រពាំងធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខណៈ​ជនសង្ស័យ​ម្នាក់ទៀត​ត្រូវបាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ២២ ​មីនា បន្ទាប់ពី​ចាប់ខ្លួន​ករណី​ចាក់​សម្លាប់​កងសន្តិសុខ​ម្នាក់​នៅ​ភ្នំពេញ​។

ជុំវិញ​ការឃុំ​ខ្លួន​ជន​ ៤ ​នាក់ ​ខាងលើ​លោក ជីវ ច័ន្ទតារា ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្ត​តាកែវ​មិនអាច​សុំ​ការអត្ថាធិប្បាយ​បាន​ទេ​ពី​ម្សិលមិញ​ដោយ​លោក​ថា​ជាប់រវល់​។ ប៉ុន្តែ​លោក​​ សែម សុជាតិ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​តាកែវ​ប្រាប់​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ ឈិន លី ហៅ​អឺត អាយុ​ ៣២ ​ឆ្នាំ​ ជា​ជនដៃដល់​ប្រើ​ចម្ពាម​បាញ់​​គូទំនាស់​ធ្លាក់​ពី​លើ​ម៉ូតូ​ និង​ស្លាប់​​ពេល​នាំទៅ​ពេទ្យ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​លោក​ ហុង សុងហៀង សម្រេច​ឃុំខ្លួន ក្រោយ​​ចោទ​បទ​ឃាតកម្ម​តាម​មាត្រា​ ១៩៩ ឯ​បក្ខពួក​ ៣ ​នាក់​ទៀត​ចោទ​បទ​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​តាម​មាត្រា​ ២១៨ ​នៃ​ក្រមព្រហ្មទណ្ឌ​»​។

ពាក់ព័ន្ធ​នឹង​ឃាតកម្ម​នេះ​លោក ឌុក ធីយ៉ា អធិការនគរបាល​ស្រុក​ត្រាំកក់​បាន​រំឭក​ប្រាប់ថា រឿង​នេះ​កើត​ពី​ទំនាស់​គ្នា​រវាង​​ក្មេង​ទំនើង​ ២ ​ក្រុម​កាលពី​យប់​ថ្ងៃទី​ ២២ ខែ​កុម្ភៈ​ឆ្នាំនេះ​នៅ​​ភូមិ-ឃុំ​ខាងលើ​ដោយ​ឈ្មោះ ឈិន លី បាន​បាញ់​ចម្ពាមកៅស៊ូ​ត្រូវ​ក្បាល​ភាគី​ម្ខាង​ឈ្មោះ ឌឿន ម៉ៅ ហៅ​ ចិន អាយុ​ ១៩ ​ឆ្នាំ​ពេល​​ជិះ​ម៉ូតូ​ធ្វើឲ្យ​ដួលសន្លប់​ និង​ស្លាប់​ពេល​បញ្ចូនទៅ​ពេទ្យ​ស្រុក​ត្រាំកក់​។ ​រីឯ​ឈ្មោះ​ ណុប ប៊ុនធី អាយុ​ ១៥ ​ឆ្នាំ​ដែល​ជិះ​ពីក្រោយ​ត្រូវ​ក្រុម​ជនសង្ស័យ​ព្រួត​គ្នា​វាយ​រហូត​បាក់ដៃ​ម្ខាង​រួច​គេចខ្លួនបាត់​។

លោក​បន្តថា​ក្រោយ​កើតហេតុ​បាន​ប៉ុន្មាន​ថ្ងៃ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ឈ្មោះ ឈិន លី ​នៅក្នុង​ភូមិ​ឃុំ​កើត​។ រីឯ​បក្ខពួក​ ៣ ​នាក់​ទៀត​ចាប់ខ្លួន​បាន​នៅ​​ខណ្ឌ​កំបូល ភ្នំពេញ​។ ឯ​ ៤ ​នាក់​ទៀត​កំពុង​តាម​ចាប់​បន្តទៀត​។

ដោយ​ឡែក​ករណី​ឃាតកម្ម​លើ​សន្តិសុខ​ឯកជន​ម្នាក់​ឈ្មោះ ប៊ុន សុខ ចំរើន អាយុ​ ៤៦ ​ឆ្នាំ​នៅ​សង្កាត់​ទួលស្វាយព្រៃ​២​ ខណ្ឌ​បឹងកេងកង​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ ១៩ ​មីនា​នោះ ជនសង្ស័យ​ឈ្មោះ​ ឈី ប៊ុនណៃ អាយុ​ ២២ ​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ​កាលពី​ថ្ងៃទី​ ២២ ​មីនា បន្ទាប់ពី​ឃាត់ខ្លួន​នៅ​ល្ងាច​កើតហេតុ​។

លោក​ថា អ្នក​ទាំង​ ២ ​ជា​បុគ្គលិក​សន្តិសុខ​ក្រុមហ៊ុន​ឯកជន​ឈ្មោះ​ CSC ​ជាមួយ​គ្នា​។ ​ទំនាស់​​នេះ​ដោយសារ​ជនសង្ស័យ​ខឹង​ជនរងគ្រោះ​ថា ខ្លួន​មុខ​ដូច​អ្នក​​ជក់​ថ្នាំញៀន​ក៏​យក​កាំបិត​មក​​ចាក់​ស្លាប់​តែម្ដង​៕