រតនគិរីៈ សាលាដំបូង​ខេត្តរតនគិរី​បាន​សម្រេច​ឃុំខ្លួន​ជនជាប់ចោទ​ ២ ​នាក់​ នៅ​ពន្ធនាគារ​ខេត្ត បន្ទាប់ពី​មន្ត្រី​ឧទ្យានុរក្ស​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ២៧ កុម្ភៈ​ ពាក់ព័ន្ធ​ការកាប់​ទន្ទ្រាន​ដីព្រៃ​ក្នុង​ដែនជម្រក​សត្វព្រៃ​លំផាត់​នៅ​ភូមិ​កែងសាន់ ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ប៉ុន្តែ​ពលរដ្ឋ​នៅ​ឃុំ​សេដា​ជាង​ ៧០ ​នាក់​លើក​គ្នា​មក​តវ៉ា​រក​អន្តរាគមន៍​ឲ្យ​ដោះលែង​មនុស្ស​ទាំង​ ២ ​នាក់​នេះ​។

លោក​ កែវ ពិសុទ្ធ អ្នកនាំពាក្យ​សាលាដំបូង​ខេត្តរតនគិរី​ថ្លែង​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ទាំង​ ២ ​នាក់​ ឈ្មោះ​ អ៊ុំ ធា ភេទ​ប្រុស អាយុ​ ៥៥ ​ឆ្នាំ និង​ឈ្មោះ​ បិន ឈាង ភេទ​ស្រី អាយុ​ ៥៥ ​ឆ្នាំ​។ អ្នកទាំង​ ២ រស់នៅ​ឃុំ​កាឡែង ស្រុក​លំផាត់ ត្រូវ​បាន​លោក​ចៅក្រម សាន ប៊ុនធឿន សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​រួចហើយ​។

លោក​បញ្ជាក់ថា​៖ «​លោក​ចៅក្រម​បាន​សម្រេច​ឃុំខ្លួន​រួចហើយ​កាលពី​ថ្ងៃទី​ ២៩ ខែកុម្ភៈ ប៉ុន្ដែ​ខ្ញុំ​អត់​ចាំ​មាត្រា និង​បទចោទ​ទៅលើ​ជនសង្ស័យ​ទាំង​ ២ ​នាក់​ដែរ​។ អ៊ីចឹង​ខ្ញុំ​អត់​អាច​ប្រាប់​សារព័ត៌មាន​ទាំង​មិន​បានដឹង​ច្បាស់​ទេ​។ ថ្ងៃអាទិត្យ​នេះ​ជា​ថ្ងៃ​សម្រាក អ៊ីចឹង​ខ្ញុំ អត់មាន​ឯកសារ​ជាប់​ក្នុង​ដៃ​សម្រាប់​មើល​ហើយ​ជម្រាប​ជូន​ទេ​»​។

លោក​ សាន ប៊ុនធឿន ចៅក្រម​សាលាដំបូង​ខេត្តរតនគិរី​ពី​ម្សិលមិញ​មិនអាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ជុំវិញ​មាត្រា និង​បទ​ចោទ​ទៅលើ​ជនជាប់ចោទ​ទាំង​ ២ ​នាក់​នេះ​ទេ​។

លោក​ ផុន ខេមរិន្ទ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី​ពី​ម្សិលមិញ​បាន​បដិសេធ​ការធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណីនេះ​។

ប៉ុន្ដែ​លោក​ ព្រីន សំបូរ អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី ត្រូវបាន​មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី​ដកស្រង់​សម្ដី​នៅ​ថ្ងៃទី​ ២៨ ​កុម្ភៈ​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ ២ ដោយ​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត បាន​ដឹកនាំ​កម្លាំង​ឧទ្យានុរក្ស​ចុះ​ល្បាត​ក្នុង​ដែន​ព្រៃ​ការពារ​កាលពី​ថ្ងៃទី​ ២៧ ខែកុម្ភៈ​ក្នុង​ភូមិសាស្ត្រ​ខាងលើ​ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ទាំង​ ២ ​កំពុង​កាប់​រាន​ដីព្រៃ​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​លំផាត់​។

លោក​បន្តថា​ភ្លាមៗ​នោះ​កម្លាំង​​ឧទ្យានុរក្ស​បាន​ឃាត់ខ្លួន​ពួកគាត់​មក​សួរ​នាំនៅ​សាលាខេត្ត​រតនគិរី រួច​បំពេញបែបបទ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃ​ដដែល​នោះ​ដែរ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ ចំណែក​ការដោះលែង ឬ​មិន​ដោះលែង​អ្នកទាំង​ ២ ​នេះ​គឺ​អាស្រ័យ​លើ​សាលាដំបូង​ខេត្ត ព្រោះ​សំណុំ​រឿងនេះ​ផុតពី​ដៃ​មន្ទីរបរិស្ថាន​ហើយ​។

លោក​ លី ហ៊ាង អាយុ ២៥ ​ឆ្នាំ​ត្រូវជា​កូនប្រុស​អ្នកស្រី បិន ឈាង ដែល​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​នោះ​បាន​ថ្លែងថា ម្ដាយ​របស់​លោក​ឈ្មោះ បិន ឈាង បាន​ធ្វើការ​ដោះដូរ​ដីចម្ការ​ចំនួន​ ៥ ​ហិកតា​ជា​ថ្នូរ​នឹង​ម៉ូតូ​ (Honda 2019) ១ ​គ្រឿង​ជាមួយ​ឈ្មោះ អ៊ុំ ធា ជា​ជនជាតិដើម​ភាគតិច​ដែល​អះអាងថា គាត់​ជា​ម្ចាស់​ដី​នោះ​។

លោក​ថា ការដោះដូរ​នេះ​មាន​រយៈពេល​ ១ ​ឆ្នាំ​មកហើយ ប៉ុន្ដែ​ដីចម្ការ​នៅ​មាន​ព្រៃរបោះ​តិចតួច​ដែល​មិនទាន់​ភ្ជួររាស់​រួចរាល់​។ ប៉ុន្ដែ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ម្ដាយ​លោក​បាន​ទៅ​ធ្វើ​របង និង​កាប់​ព្រៃតូចៗ​នៅលើ​ដី​នោះ ស្រាប់តែ​មន្ត្រី​បរិស្ថាន​បាន​មក​ឃាត់ខ្លួន​គាត់​ដោយ​ចោទប្រកាន់​ថា កាប់​រាន​ដីព្រៃ​ទៅវិញ​។

លោក​បញ្ជាក់ថា​៖ «​ម្ចាស់​ដី​ឈ្មោះ អ៊ុំ ធា គាត់​បាន​ប្រាប់​ម្ដាយ​ខ្ញុំ​មុនពេល​ដោះដូរ​ថា ដី​នេះ​ជា​ដី​ដូនតា​គាត់​។ គាត់​មាន​សិទ្ធិ​ទិញ ឬ​លក់ ហើយ​គាត់​ធានាថា​គ្មាន​រឿង​អ្វី​ទេ ប៉ុន្ដែ​ពេល​នេះ​ស្រាប់តែ​មានរឿង​បែបនេះ​។ ខ្ញុំ​សូម​ជំរុញ​ឲ្យ​តុលាការ​ដោះលែង​ម្ដាយ​ខ្ញុំ​វិញ ព្រោះ​គាត់​ពិតជា​មិនបាន​ដឹង​ទេ​ថា ជា​ដី​អ្វី ហើយ​ក៏​ស្នើឲ្យ​តុលាការ​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់​ដែរ​»​។

លោក​ ឌិន ខុន្នី មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ (​អាដហុក​) ​ប្រចាំ​ខេត្ត​រតនគិរី​ថ្លែងថា លោក​បាន​សាកសួរ​ប្រជាពលរដ្ឋ​ដែល​ដឹង​រឿងនេះ ដោយ​ពួកគាត់​អះអាង​ថា មន្ត្រី​ឧទ្យានុរក្ស​បាន​ឃាត់ខ្លួន​ពលរដ្ឋ​ទាំង​ ២ ​នេះ​នៅតាម​ផ្លូវ​គឺ​មិនមែន​ឃាត់ខ្លួន​ក្នុង​អំឡុង​ពួកគាត់​កំពុង​កាប់​រាន​ដីព្រៃ​នោះទេ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ជំរុញ​ឲ្យ​តុលាការ និង​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ស្រាវជ្រាវ​ករណីនេះ​ឡើងវិញ ព្រោះ​ប្រហែល​មាន​ភាពមិនប្រក្រតី​។ ព្រោះ​ដី​នេះ​ពលរដ្ឋ​បាន​យល់ព្រម​ដោះដូរ​គ្នា​តាម​ទម្លាប់​ដែល​គាត់​បាន​ព្រមព្រៀង​គ្នា ហើយ​គាត់​ជា​ម្ចាស់​ចុងក្រោយ​រងគ្រោះ​ដោយសារ​មិនដឹង​ប្រវត្តិ​ដី​នេះ​ច្បាស់ ហើយ​ពលរដ្ឋ​បានធ្វើ​ចម្ការ​ជាច្រើន​ឆ្នាំ​ហើយ តែ​គ្មាន​អាជ្ញាធរ​មក​ហាម ឬ​អះអាង​ថា​ជា​ដី​ក្នុង​ដែនជម្រក​សត្វព្រៃ​ទេ​»​។

លោក នូ ថេ អភិបាលស្រុក​លំផាត់​ពី​ម្សិលមិញ​បាន​បដិសេធ​ការធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណីនេះ​ដោយ​បង្វែរ​សំណួរ​ទៅ​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី ដែល​ក៏​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​។

ចំណែក​លោក លន់ សុភាព អភិបាលរង​ខេត្ត​ និង​លោក ម៉ឹង ស៊ីនាថ អ្នកនាំពាក្យ​សាលាខេត្ត​រតនគិរី​ពី​ម្សិលមិញ​ក៏​មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​ករណីនេះ​ដែរ​។

ប៉ុន្ដែ​លោក​ លន់ សុភាព អភិបាលរង​ខេត្ត​ត្រូវបាន​មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី​ដកស្រង់​សម្តី​នៅ​ថ្ងៃទី​ ២៨ ខែ​កុម្ភៈ​ថា​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ៧០ ​នាក់​ បាន​លើក​គ្នា​មក​តវ៉ា​ឲ្យ​ដោះលែង​ជនសង្ស័យ​ ២ ​នាក់​។ ប៉ុន្ដែ​លោក​បាន​ធ្វើការ​សម្របសម្រួល និង​សន្យា​ជួយ​រក​ដំណោះស្រាយ​ជាមួយ​សាលាដំបូង​ខេត្តរតនគិរី​ឲ្យ​អស់​លទ្ធភាព​ក្នុង​ករណី​នេះ​។ ដូច្នេះ​លោក​សុំ​ឲ្យ​ពួកគាត់​នាំគ្នា​ត្រឡប់​ទៅផ្ទះ​វិញ ដោយ​ចៀសវាង​ខាតបង់​ពេលវេលា​ដែល​មក​ដេកចាំ​តវ៉ា​៕