ភ្នំពេញៈ ជនសង្ស័យ​ ៦ ​នាក់​ក្នុង​ចំណោម​ ៩ ​នាក់​ ត្រូវ​បាន​តុលាការ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ខណៈ​ ៣ ​នាក់​ បញ្ជូនទៅ​មណ្ឌល​បន្សាប​គ្រឿងញៀន ក្រោយពី​សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​ចំនួន​ ១០១ ​នាក់​ ក្នុង​ក្លិប​ខារ៉ាអូខេ Go១៨ នៅ​សង្កាត់​ផ្សារដេប៉ូ​ទី​ ១ ខណ្ឌ​ទួលគោក​កាលពី​ថ្ងៃទី​ ២៦ សីហា ពាក់ព័ន្ធ​នឹង​ការរក្សា​ទុក ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​។

លោក​ គុជ គឹមឡុង អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថ្លែង​ពី​ម្សិលមិញ​ថា មនុស្ស ៩ ​នាក់​ក្នុងចំណោម​ ១០១ ​នាក់​ ត្រូវ​បាន​បញ្ជូន​មកដល់​តុលាការ​កាលពី​ថ្ងៃទី​ ១ ខែ​កញ្ញា​។ លោក​ មុត ដារ៉ា ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​ចំនួន​ ៦ ​នាក់​ពី​បទ​ជួញដូរ ចាត់ចែង​ឲ្យ​ប្រើប្រាស់ និង​សមគំនិត​ក្នុង​អំពើ​ជួញដូរ​គ្រឿងញៀន​។ រីឯ​ ៣ ​នាក់​ទៀត​ចោទប្រកាន់​ពី​បទ​ប្រើប្រាស់​គ្រឿងញៀន​។

លោក​ថា​៖ «​ក្រោយពី​សាកសួរ​ពួកគាត់​ទាំង​ ៩ ​នាក់​នេះ ​ត្រូវបាន​លោក​ មុត ដារ៉ា បញ្ជូន​ទៅ​ឲ្យ​ចៅក្រម​ស៊ើបសួរ​លោក អ៊ឹម វណ្ណៈ បន្ត​នីតិវិធី​។ លោក​ អ៊ឹម វណ្ណៈ បាន​សម្រេច​ឃុំខ្លួន​ ៦ ​នាក់​ កាលពី​ថ្ងៃទី​ ២ ខែកញ្ញា​។ រីឯ​ជនសង្ស័យ​ ៣ ​នាក់​ ដែល​ជាប់​បទ​ចោទ​ប្រើប្រាស់ គ្រឿងញៀន​ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​អប់រំ ដើម្បី​ធ្វើការ​បន្សាប​គ្រឿងញៀន​»​។

លោក​ សាន សុខសីហា អ្នក​នាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ថ្លែង​ពី​ម្សិលមិញ​ថា មន្ត្រីនគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​សាលា​ដំបូង កាលពី​ព្រឹក​ថ្ងៃទី​ ៣០ ខែសីហា ដើម្បី​សាកសួរ និង​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​។

លោក​បន្តថា មនុស្ស​ចំនួន​ ៩ ​នាក់​នេះ​មាន ទី​១- ​ឈ្មោះ Huang Fei Xiong ភេទ​ប្រុស អាយុ​ ៣០ ​ឆ្នាំ ជនជាតិ​ចិន ទី​២- ​ឈ្មោះ​ Huang Fei Hao ភេទ​ប្រុស អាយុ​ ២៣ ​ឆ្នាំ ជនជាតិ​ចិន ទី​៣ ​ឈ្មោះ Lin Kang Lai ភេទ​ប្រុស អាយុ​ ៤៧ ​ឆ្នាំ ជនជាតិ​ចិន ទី​៤- ​ឈ្មោះ​ Zhang Jin Wei ភេទ​ប្រុស អាយុ​ ៣០ ​ឆ្នាំ​ជនជាតិ​ចិន ទី​៥- ​ឈ្មោះ​ វី សាលបុត្រ ភេទ​ប្រុស អាយុ​ ៤១ ​ឆ្នាំ ជនជាតិ​ខ្មែរ​ប្រធាន​សន្តិសុខ ទី​៦- ​ឈ្មោះ Ngoc Giau ភេទ​ស្រី អាយុ​ ២០ ​ឆ្នាំ ជនជាតិ​វៀតណាម ទី​៧- ​ឈ្មោះ យ៉ាយ វុធថា ភេទ​ប្រុស អាយុ​ ៣៤ ​ឆ្នាំ​ជនជាតិខ្មែរ ទី​៨- ​ឈ្មោះ​ សៅ សុខគា ភេទ​ប្រុស អាយុ​ ១៩ ​ឆ្នាំ ជនជាតិខ្មែរ និង​ទី​៩- ​ឈ្មោះ​ ទិត្យ ចាន់កក្កដា ភេទ​ប្រុស អាយុ​ ២២ ​ឆ្នាំ ជនជាតិ​ខ្មែរ​។

លោក​បន្ថែមថា សមត្ថកិច្ច​បាន​រឹបអូស​វត្ថុតាង​ដូចជា ដប​ថ្នាំ​ទឹក​ចំនួន​ ១៩ ​ដប សង្ស័យ​ជា​សារធាតុញៀន​ដប​ថ្នាំ​ពណ៌​ផ្កាឈូក​ ១៤ ​ដប ដប​ថ្នាំ​ទឹក​ម៉ាក Rel deil ១ ​ដប ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ២៧- ​កញ្ចប់​តូច ថ្នាំ​គ្រាប់​ពណ៌​បៃតង​ ២៣ ​កញ្ចប់​តូច ដប​ថ្នាំ​ចម្រុះ​ពណ៌​មាន​អក្សរ​ចិន​ ៦៣ ​ដប ម្សៅ​កញ្ចប់​ម៉ាក Sidomuucul binary stawlna ពណ៌​បៃតង​ ១៦ ​កញ្ចប់​តូច ម្សៅ​កញ្ចប់​ពណ៌​តែ​ ២០ ​កញ្ចប់​តូច ម្សៅ​កញ្ចប់​រូប​ផ្លែឈើ ១០- ​កញ្ចប់ កញ្ចប់​ថ្នាំ​រូប​ផ្លែ​ប៉ោម​ពណ៌​ខៀវ ៦ ​កញ្ចប់ និង​ថ្នាំ​គ្រាប់​ពណ៌​ក្រហម​ ៥ ​គ្រាប់​។

លោក​ថា​៖ «​យើង​បាន​បញ្ជូន​ទៅ​តុលាការ​ទាំងអស់​ហើយ គឺ​ទាំង​មនុស្ស​ ៩ ​នាក់​ និង​វត្ថុតាង​ទាំងអស់​ហ្នឹង តែ​តុលាការ​សម្រេច​យ៉ាងណា ខ្ញុំ​អត់​ដឹង​ទេ អាស្រ័យ​លើ​តុលាការ​ចាត់ចែង​តាមច្បាប់​»៕