ប៉ៃលិនៈ មន្ត្រី​អនុរក្ស​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​ម្នាក់​ត្រូវ​បាន​តុលាការខេត្ត​ប៉ៃលិន សម្រេច​ឲ្យ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​ពាក់ព័ន្ធ ករណី​រក្សាទុក និង​ជួញដូរ​គ្រឿងញៀន​ឲ្យ​អ្នកទោស​ក្នុង​ពន្ធនាគារ​។ នេះ​បើតាម​ការអះអាង​របស់​មន្ត្រីនគរបាល​ប្រឆាំង​គ្រឿងញៀន ខេត្ត​ប៉ៃលិន​ពី​ម្សិលមិញ​។

លោក​ ផង់ ជឿម ​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជនសង្ស័យ​ឈ្មោះ​ ឯល ប៉ែត អាយុ​ ៥២ ​ឆ្នាំ​ជា​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​មាន​ទីលំនៅ​ភូមិ​អូរច្រា​កណ្តាល សង្កាត់​ទួលល្វា ក្រុងប៉ៃលិន​។ ជននេះ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ព្រលប់​ថ្ងៃទី​ ២៣ ខែមីនា បន្ទាប់ពី​សមត្ថកិច្ច​នគរបាល​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ឆែកឆេរ​រកឃើញ​សារធាតុ​ញៀន​ប្រភេទ​មេតំហ្វេតាមីន​សរុប​ជាង​ ១០០ ​ក្រាម​លាក់​នៅក្នុង​ឃ្លុប​កែបម៉ូតូ​បម្រុង​លក់​ចែកចាយ​ឲ្យ​អ្នកទោស​ក្នុង​ពន្ធនាគារ​។

លោក​ ជឿម បញ្ជាក់ថា​៖ «​ជនសង្ស័យ​កន្លងមក​ធ្លាប់​ត្រូវ​បាន​អ្នកទោស លួច​រាយការណ៍​ថា​បាន​នាំយក​គ្រឿងញៀន​ទៅ​លក់​ចែកចាយ​ដល់​ពួកគេ​ក្នុង​ពន្ធនាគារ​។ ក្រោយពី​ទទួល​បាន​សេចក្ដី​រាយការណ៍​អំពី​ករណីនេះ កម្លាំង​មន្ត្រី​ជំនាញ​យើង​បាន​ចុះ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ជាច្រើន​ខែ​ទើប​ឈានដល់​ការចាប់ខ្លួន​ជនសង្ស័យ​ដល់​ពន្ធនាគារ​ខេត្ត​តែម្ដង​កាលពី​យប់​ថ្ងៃទី​ ២៣ ខែមីនា ឆ្នាំ​ ២០២០»​។

លោក​បន្តថា ក្នុង​អំឡុងពេល​ចាប់ខ្លួន​ជនសង្ស័យ​កម្លាំង​សមត្ថកិច្ច​បាន​ឆែកឆេរ​រកឃើញ​ និង​រឹបអូស​វត្ថុតាង​មួយចំនួន​រួមមាន គ្រឿងញៀន​ប្រភេទ​អៃស៍មេតំហ្វេតាមីន​ចំនួន​ ១ ​កញ្ចប់​ទម្ងន់​ ៨.៣១ ​ក្រាម​ និង​គ្រឿងញៀន​ប្រភេទ​គ្រាប់​ WY ​ទម្ងន់​ ០.៩២ ​ក្រាម​ម៉ូតូ​ ១ ​គ្រឿង និង​ទូរស័ព្ទដៃ​ចំនួន​ ២ ​គ្រឿង​។

លោក​ ផង់ ជឿម បញ្ជាក់ថា​៖ «​នៅពេល​សួរនាំ​ជនសង្ស័យ​បាន​សារភាព​ថា គ្រឿងញៀន​ទាំងនោះ​គាត់​បានមកពី​ការចាប់​រឹបអូស​ពី​ក្រុមគ្រួសារ​សាច់ញាតិ​របស់​អ្នកទោស​មួយចំនួន​ដែល​បាន​ដាក់​បង្កប់​តាម​ម្ហូបអាហារ និង​ផ្លែឈើ​បញ្ជូន​ទៅ​ឲ្យ​សាច់ញាតិ​របស់​ពួកគេ​នៅក្នុង​ពន្ធនាគារ​។ គ្រឿងញៀន​ដែល​ចាប់​រឹបអូស​បាន​នោះ​គឺ​គាត់​ទុក​ប្រើប្រាស់​ខ្លួនឯង​ផង និង​លក់​ចែកចាយ​ឲ្យ​អ្នកទោស​ក្នុង​ពន្ធនាគារ​នោះ​ផង​»​។

លោក​បន្ថែមទៀត​ថា​ក្រោយ​បញ្ចប់​ការសាកសួរ​ចម្លើយ​រួច​នៅ​រសៀល​ថ្ងៃទី​ ២៥ ខែ​មីនា មន្ត្រី​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​ទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

ជុំវិញ​ករណី​នេះ​លោក​ គង់ ច័ន្ទខេមរិន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បន្ទាប់ពី​បានបញ្ចប់​ការសាកសួរ​នៅ​ល្ងាច​ថ្ងៃ​ ២៥ មីនា​ជនសង្ស័យ​ត្រូវបាន​តុលាការ​សម្រេច​ចោទប្រកាន់​ពី​បទ ​«​រក្សាទុក និង​ជួញដូរ​គ្រឿងញៀន​» ​ខុសច្បាប់ និង​បាន​បង្គាប់បញ្ជា​ឲ្យ​មន្ត្រីនគរបាល​យុត្តិធម៌​នាំ​ជនជាប់ចោទ​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​ជា​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​ការជំនុំជម្រះ​នៅពេល​ក្រោយ​៕