កណ្ដាលៈ សាលាដំបូង​ខេត្តកណ្ដាល​កាលពី​ថ្ងៃ​ពុធ​ទី​ ១៨ ខែ​មីនា បានសម្រេច​ឃុំខ្លួន​លោក គឹម សុវណ្ណ មេបញ្ជាការ​តំបន់​ប្រតិបត្ដិការ​សឹក​រង​ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល បន្ទាប់ពី​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការ​ពាក់ព័ន្ធ​នឹង​បទ «​លួច​លក់​អចលនវត្ថុ​របស់​អ្នកដទៃ​» ​ប្រព្រឹត្ត​នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​កាលពី​ពាក់​កណ្ដាល​ខែធ្នូ ឆ្នាំ​ ២០១៦​។

លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា​ឈ្មោះ គឹម សុវណ្ណ ភេទ​ប្រុស អាយុ​ ៥២ ​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​ជា​យោធា​មាន​តួនាទី​ជា​មេបញ្ជាការ​តំបន់​ប្រតិបត្ដិការ​សឹករង​ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល ទីកន្លែង​កំណើត​នៅ​សង្កាត់​លេខ​ ៣ ក្រុងភ្នំពេញ និង​លំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ទួលត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​​បាន​បញ្ជូន​គាត់​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ដ​កណ្ដាល​ហើយ​កាលពី​ម្សិលមិញ​ (​ថ្ងៃ​ពុធ​)»​។

ឈ្មោះ គឹម សុវណ្ណ ត្រូវបាន​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ចំនួន​ ១ ​ឆ្នាំ ​ពី​បទ​លួច​លក់​អចលនវត្ថុ​របស់​អ្នកដទៃ​ប្រព្រឹត្ដ​នៅ​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ​ខេត្ដ​កណ្ដាល​កាលពី​ថ្ងៃទី​ ១៤ ខែ ធ្នូ ឆ្នាំ​ ២០១៦ ​តាម​បញ្ញត្ដិ​មាត្រា​ ២៥៥ ​នៃ​ច្បាប់​ភូមិ​បាល​តាម​អំណាច​សាលក្រម​ព្រហ្មទណ្ឌ​លេខ​ ១៨៣ «​គ​»​ ចុះ​ថ្ងៃទី​ ២៦ ឧសភា ២០១៨ របស់​សាលាដំបូង​ខេត្ដ​កណ្ដាល​»​។

បើ​តាម​លោក សុចិត្រា សំណុំ​រឿងនេះ​ត្រូវ​បាន​លោក គឹម សុវណ្ណ ប្ដឹង​ឧទ្ធរណ៍​កាលពី​ថ្ងៃទី​ ២០ ខែ ​មករា ឆ្នាំ​ ២០២០ ក្រោយពេល​សាលក្រម​ចូល​ជា​ស្ថាពរ ក៏ប៉ុន្តែ​គាត់​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ១៨ ខែ​ មីនា ឆ្នាំ​ ២០២០ តាម​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​លេខ​ ៦៤ ចុះ​ថ្ងៃទី​ ២៧ ខែមករា ឆ្នាំ​ ២០២០ របស់​ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្ដ​កណ្ដាល​។

លោក ង៉េង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​បានបញ្ជាក់​កាលពី​ម្សិលមិញ​ដែរ​ថា កម្លាំង​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បាន​អនុវត្ដ​តាម​សាលដីកា​បង្គាប់​ឱ្យ​ឃាត់​ខ្លួន​ឈ្មោះ គឹម សុវណ្ណ របស់​តុលាការ​ខេត្ដ​កណ្ដាល​ទើប​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការឃាត់ខ្លួន​បាន​កាលពី​ថ្ងៃទី​ ១៨ ខែមីនា ​រួច​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​។

លោក​ថ្លែងថា​៖ «​ករណី​នេះ​យើង​អនុវត្ដ​ដីកា​ចាប់​ខ្លួន​របស់​ចៅក្រម​ជំនុំជម្រះ​ខេត្ដ​កណ្ដាល ក្រោយពេល​យើង​ឃាត់ខ្លួន​ឈ្មោះ គឹម សុវណ្ណ បាន​ភ្លាម​យើង​បាន​បញ្ជូន​គាត់​ទៅ​តុលាការ​ខេត្ដ​កណ្ដាល​តែម្ដង​កាលពី​ថ្ងៃ​ទី​ ១៨ ខែមីនា​»​។

លោក ឈឿន សុចិត្ដ ស្នងការ​នគរបាល​ខេត្តកណ្ដាល​បាន​ឱ្យ​ដឹងថា កម្លាំង​សមត្ថកិច្ច​ខេត្ដ​កណ្ដាល​មិន​បាន​ចូលរួម​អនុវត្ដ​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​នេះ​ទេ ព្រោះ​ជា​សមត្ថកិច្ច​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​។ ប៉ុន្ដែ​លោក​ថា ករណី​នេះ​ខាង​សមត្ថកិច្ច​យោធា​បាន​ស្នើសុំ​យកទៅ​កាត់ក្ដី​នៅ​តុលាការ​យោធា ប៉ុន្ដែ​មិនត្រូវ​បានអនុញ្ញាត​ទេ ព្រោះ​ជា​រឿង​បុគ្គល​មិន​ពាក់ព័ន្ធ​នឹង​កិច្ចការ​យោធា​ទេ​។

លោក​បាន​បញ្ជាក់ថា​៖ «​ខាង​យោធា​បាន​ស្នើសុំ​យក​សំណុំ​រឿង​នេះ​ទៅ​កាត់ទោស​នៅ​តុលាការ​យោធា ប៉ុន្តែ​ករណីនេះ​វា​មិនមែន​ជា​បទល្មើស​យោធា​នោះទេ តែ​ជា​បទល្មើស​ឯកជន​របស់​គាត់​ទេ ហើយ​ខាង​តំណាង​អយ្យការ​ក៏បាន​ជូន​ដំណឹង​ទៅខាង​ក្រសួង​ការពារជាតិ​ដែរ​ថា ករណីនេះ​ជា​ករណី​បុគ្គល​ទេ​ជា​រឿង​ទាក់ទង​នឹង​ការងារ​រកស៊ី​ឯកជន​របស់គាត់​។ ឥឡូវ​លោក គឹម សុវណ្ណ ត្រូវបាន​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ដ​កណ្ដាល​»៕