ភ្នំពេញៈ ​មេខ្លោង​រត់ពន្ធ​គ្រឿងញៀន​ម្នាក់​ឈ្មោះ​ លី ហុងហ្វី​ (Li Hong Phi) ​ជនជាតិ​កាណាដា​ដើមកំណើត​វៀតណាម ​ដែល​ត្រូវបាន​ប៉ូលិស​ឥណ្ឌូនេស៊ី​ចាប់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​កម្ពុជា​តាម​និវេទន៍​ក្រហម​របស់​ប៉ូលិស​អាំងទែរ​ប៉ូល​ (Interpol) ​នោះ​ត្រូវបាន​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​កាលពី​ថ្ងៃ​ ២ វិច្ឆិកា​​ដែល​ជា​ការអនុវត្ត​ទោស​ ១ ​ជីវិត​ពាក់ព័ន្ធ​ករណី​រត់​ព័ន្ធ​គ្រឿងញៀន​​ជាង​ ១ ​តោន​ ចូល​មក​ប្រទេស​​ កម្ពុជា​ កាលពី​ឆ្នាំ​ ២០១៦ ។

លោក​ ម៉ក់ ជីតូ អគ្គស្នងការរង​នគរបាលជាតិ​បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា មេខ្លោង​រត់ពន្ធ​គ្រឿងញៀន​រូបនេះ​​ត្រូវបាន​ប៉ូលិស​ឥណ្ឌូនេស៊ី​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ២៥ តុលា​ នៅ​កោះ​បាលី ​ហើយ​ត្រូវបាន​បញ្ជូនមក​ដល់​កម្ពុជា​កាលពី​ថ្ងៃទី​ ១ វិច្ឆិកា​ ក្នុង​ចំណោម​បក្ខពួក​ ៤ ​នាក់ ខណៈ​ដែល​សំណុំរឿង​ពួកគេ​ត្រូវ​បាន​តុលាការ​កម្ពុជា​សម្រេច​ផ្ដន្ទាទោស​អស់​ ១ ​ជីវិត ។

លោក​ថា​៖ «​នៅ​កាណាដា ប៉ូលិស​គេ​អត់​ចាប់​ឱ្យ​យើង​ទេ ព្រោះ​ជា​ជនជាតិ​របស់​គេ​។ ប៉ុន្តែ​នៅពេល​វា​មក​ប្រទេស​ឥណ្ឌូនេស៊ី ប៉ូលិស​ឥណ្ឌូនេស៊ី​បាន​ឃាត់​ហើយ​បាន​ផ្ដល់ដំណឹង​មក​យើង​។ ​អ៊ីចឹង​!​បាន​យើង​ទៅ​យក​នៅ​ថ្ងៃ​ទី​ ១ ​ហើយ​ម្នាក់​ហ្នឹង​ត្រូវបាន​តុលាការ​កាត់ទោស​រួចហើយ​អស់​ជីវិត​តាំងពី​ឆ្នាំ​ ២០១៦»​។

លោក​បន្តថា​កាលពី​ឆ្នាំ​ ២០១៦ គ្រឿងញៀន​ប្រភេទ​កូកាអ៊ីន​ចំនួន​ ១ ១០០ ​គីឡូក្រាម​ ត្រូវ​គេ​លួច​បង្កប់​ជាមួយ​ត្រី​ក្នុង​ទូ​កុងតឺន័រ​ចំនួន​ ២ ដឹក​តាម​នាវា​ពី​ប្រទេស ​អេក្វាទ័រ​ សំដៅ​មក​កាន់​កំពង់ផែ​ព្រះសីហនុ​ ដើម្បី​ចូលមក​ទឹកដី​កម្ពុជា​។ ​ប៉ុន្តែ​កាលនោះ​ត្រូវ​ប៉ូលិស​ចិន​បង្ក្រាប​បាន​នៅ​កំពង់ផែ​ទីក្រុង​ស៊ាងហៃ ហើយ​បាន​បញ្ជូន​កប៉ាល់​ដែល​ដឹក​គ្រឿងញៀន​នោះ មក​ឱ្យ​ប៉ូលិស​កម្ពុជា​ស្រាវជ្រាវ​បន្ត​។

លោក​បន្ថែម​ថា ប៉ូលិស​កម្ពុជា​បាន​ស្រាវជ្រាវ​រកឃើញ​ក្រុមហ៊ុន​ខ្យល់​មួយ​មានឈ្មោះ​មិន​ច្បាស់លាស់​បើក​ដំណើរការ​នៅ​កម្ពុជា​ដែល​មាន​ម្ចាស់​ជា​ជនជាតិ​វៀតណាម​ឈ្មោះ ង្វៀន វៀនហ្គួង ដើម្បី​រង់ចាំ​ទទួល​យក​គ្រឿងញៀន​ទាំងនោះ ហើយ​ក្រោយ​មក​ប៉ូលិស​បាន​ចាប់ខ្លួន​ជនជាតិ​វៀតណាម​រូបនេះ​នៅ​ព្រំដែន​បាវិត នៅពេល​កំពុង​ព្យាយាម​រត់គេច​ពី​កម្ពុជា​ចូលទៅ​វៀតណាម​វិញ ។

លោក​ ម៉ក់ ជីតូ អះអាង​ទៀត​ថា​ក្រោយ​​ពី​ចាប់បាន​បុរស​ឈ្មោះ ង្វៀន វៀនហ្គួង ប៉ូលិស​ក៏បាន​បន្ត​ស្រាវជ្រាវ​ និង​រកឃើញ​មនុស្ស​ចំនួន​ ៤ ​នាក់​ទៀត​ ដែល​មាន​ដើម​កំណើត​វៀតណាម​ និង​មាន​សញ្ជាតិ​កាណាដា​ដែល​ជា​មេខ្លោង​រត់ពន្ធ​គ្រឿងញៀន​ជាង​ ១ ​តោន​ ចូល​កម្ពុជា​នេះ ប៉ុន្តែ​ពួកគេ​ទាំង​ ៤ ​នាក់ ​បាន​ដឹង​ខ្លួន​មុន​និង​រត់គេច​ខ្លួន​ត្រឡប់​ទៅ​កាណាដា​វិញ​អស់​។

លោក​អះអាង​ថា រយៈពេល​កន្លងមក​មាន​តែ​បុរស​ជនជាតិ​វៀតណាម​ឈ្មោះ ង្វៀន វៀនហ្គួង ត្រូវ​ឃុំឃាំង​តាម​ការសម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​ ១ ​ជីវិត ​របស់​តុលាការ​តាំងពី​ឆ្នាំ​ ២០១៦ ខណៈ​មេខ្លោង​ទាំង​ ៤ ​នាក់ ​ត្រូវ​បាន​ដាក់​ឈ្មោះ​ក្នុង​និវេទន៍​ក្រហម​របស់​ប៉ូលិស​អន្តរជាតិ​អាំងទែរប៉ូល ដើម្បី​តាមចាប់​ខ្លួន​ហើយ​រហូត​មកទល់​ពេល​នេះ ទើប​ចាប់​បាន​ម្នាក់​ប៉ុណ្ណោះ​។

លោក​ថា​៖ «​កាល​យើង​ចាប់បាន​អា​ ១ ​ហ្នឹង ​(​ង្វៀន វៀនហ្គួង​) យើង​ក៏​មិនដឹង​ថា មាន​ពួក​នេះ​ដែរ​ (​មេខ្លោង​ទាំង​ ៤ ​នាក់​)​។ ដល់​ពេល​យើង​ចាប់បាន និង​សួរចម្លើយ ង្វៀន វៀនហ្គួង ​ទើប​យើង​ដឹងថា មាន​បក្ខពួក​ចំនួន​ ៤ ​នាក់​ទៀត ដល់​ពេល​ស្រាវជ្រាវ​រក​លិខិត​ឆ្លងដែន​ចេញ​ចូល​ពួកវា​បាន​ទៅ​បាត់​ហើយ​។ ​ពួកនេះ​ជា​ជនជាតិ​វៀតណាម​ទាំងអស់​ហ្នឹង ប៉ុន្តែ​អា ៤ ​នាក់​ទៅ​នៅ​កាណាដា​យូរ​បាន​ចូល​សញ្ជាតិ​កាណាដា​ទៅ​»​។

ជាមួយ​គ្នា​នេះ​កាលពី​ថ្ងៃទី​ ១ ​វិច្ឆិកា នគរបាល​ខេត្ត​ស្ទឹងត្រែង​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​រត់​ព័ន្ធ​គ្រឿង​ម្នាក់​ជា​ជនជាតិ​ឥណ្ឌូនេស៊ី​នៅក្នុង​ឃុំ​អូរស្វាយ ស្រុក​បុរីអូរស្វាយ​សែនជ័យ ខេត្ត​ស្ទឹងត្រែង ខណៈ​ជនសង្ស័យ​នេះ​បាន​រត់ពន្ធ​គ្រឿងញៀន​មេតំហ្វេតាមីន​ ៤ ​កញ្ចប់​ទម្ងន់​ជិត​ ១ ​គីឡូ​ (៩៤៩,៨ ​ក្រាម​)​។

ប៉ូលិស​ខេត្ត​ស្ទឹងត្រែង​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា​ ជនសង្ស័យ​រូបនេះ​ត្រូវបាន​តុលាការ​ខេត្ត​ស្ទឹងត្រែង​សម្រេច​ចោទប្រកាន់​ និង​បញ្ជូនទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​ពីថ្ងៃ​ទី​ ២ ​វិច្ឆិកា ​ក្រោយ​​ពី​ឃាត់ខ្លួន​បាន​ពេល​កំពុង​រត់​ព័ន្ធ​គ្រឿងញៀន​ពី​ឡាវ បំណង​ឆ្លងកាត់​ខេត្ត​ស្ទឹងត្រែង​ទៅ​ខេត្តសៀមរាប​ និង​បន្តដំណើរ​តាម​យន្តហោះ​ពី​សៀមរាប​មក​ភ្នំពេញ​ដើម្បី​បន្ត​រត់ពន្ធ​គ្រឿងញៀន​ទាំងនោះ​ទៅ​ទីក្រុង​ហុងកុង​។

មន្ត្រី​រូបនេះ​អះអាង​ថា​ក្រោយពី​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​ថា ការរត់ពន្ធ​គ្រឿង​​ញៀន​នេះ​គឺ​មាន​ជន​ពាក់ព័ន្ធ​កំពុងស្ថិត​ក្នុងប្រទេស​ផ្សេង ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ពី​ឈ្មោះ​ប្រទេស​ណា​ឡើយ ដោយ​គ្រាន់តែ​អះអាងថា ការស្រាវជ្រាវ​រក​ជន​ពាក់ព័ន្ធ​ទាំងនោះ​គឺជា​ភារកិច្ច​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ៕