ភ្នំពេញ/បន្ទាយមានជ័យៈ អយ្យការ​អម​សាលា​​ដំបូង​ខេត្ត​បន្ទាយមានជ័យ​​បាន​សម្រេច​ចោទ​ប្រកាន់ និង​ឃុំ​​ស្រ្តី​ម្នាក់​នៅ​ពន្ធនាគារ​ខេត្ត​​​កាល​ពី​​ថ្ងៃ​សុក្រ​សប្តាហ៍​​មុន​ បន្ទាប់​​ពី​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ​៥ ​​សីហា ពាក់ព័ន្ធ​នឹង​ការ​ជួញ​គ្រឿង​ញៀន​មេតំហ្វេតាមីន ​២ ០៥៣​,១៥ ​ក្រាម​ ខណៈ​ស្ត្រី​ម្នាក់​ទៀត​កំពុង​ត្រូវ​អយ្យការ​នៃ​តុលាការ​រាជធានី​ភ្នំពេញ​ស៊ើបសួរ​ពាក់ព័ន្ធ​គ្រឿង​ញៀន​មេតំហ្វេតាមីន ​៩៨៦​,​៦៧ ​​ក្រាម​​។​

លោក ​រឿន​ ​លី​ណា​ អ្នក​នាំពាក្យ​សាលា​​ដំបូង​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​ពី​ម្សិលមិញ​ថា​ ស្រ្តី​ឈ្មោះ​ ឆៃ​ ​ឌិចឡាមី ​ហៅ​​ ហ៊ុច​ អាយុ ​៤៨ ​ឆ្នាំ​ ដែល​នគរបាល​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​ចាប់​ខ្លួន​​ជាមួយ​វត្ថុ​តាង​គ្រឿង​ញៀន​ ២ ០៥៣​,១​៥ ​​ក្រាម​​នោះ​ ត្រូវ​បាន​លោក​ចៅក្រម​​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​ចោទ​​ប្រកាន់ ​និង​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ហើយ​ កាល​ពី​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍​មុន​។​ ​ ​

លោក​ថា​៖ ​«​​ស្រ្តី​រូប​​នេះ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ចោទ​ប្រកាន់​តាម​បញ្ញត្តិ​មាត្រា ​៤០ ​នៃ​ច្បាប់​ស្តីពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន ​ប៉ុន្តែ​ខ្ញុំ​សុំ​មិន​ប្រាប់​ឈ្មោះ​ចៅក្រម​ដែល​ចោទ​ស្រ្តី​ម្នាក់​នោះ​ទេ​»។

ពាក់ព័ន្ធ​ការ​ចាប់​ខ្លួន​ស្រ្តី​​​ ឈ្មោះ ​ឆៃ ​ឌិចឡាមី ​ហៅ​​ ហ៊ុច​ ​នេះ ​លោក ​ង៉េង ​សុជា ​ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​គ្រឿង​ញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ធ្លាប់​បាន​ប្រាប់​ពី​ថ្ងៃ​ទី ​៦ ​សីហា ​ថា​ គាត់​មាន​លំនៅ​​ផ្ទះ​លេខ​ ១ ​ក្នុង​ភូមិ​ភ្នំ​កន្ទួត ​សង្កាត់​កំពង់​ស្វាយ​ ក្រុង​សិរី​សោភ័ណ​ ខេត្ត​បន្ទាយមានជ័យ​​។

លោក​បាន​បញ្ជាក់​ថា៖​ «​ សមត្ថកិច្ច​​របស់​យើង​ចាប់​ខ្លួន​​ស្រ្តី​ម្នាក់​នេះ ​ដោយសារ​គាត់​ជា​មុខ​សញ្ញា​ចាស់​ ហើយ​គាត់​ក៏​មាន​ដី​កា​បញ្ជា​ឲ្យ​ចាប់​ខ្លួន​​ពី​តុលាការ​ខេត្ត​បន្ទាយមានជ័យ​ដែរ​»។

លោក​បាន​​ឲ្យ​ដឹង​ថា​ ស្រ្តី​ឈ្មោះ​​ ឆៃ ​ឌិចឡាមី ​ត្រូវ​​បាន​សមត្ថ​កិច្ច​តាមដាន​ជា​ច្រើន​ខែ​មក​ហើយ។ បន្ទាប់​មក​ក៏​សុំ​​យោបល់​ពី​អយ្យការ​អម​សាលា​ដំបូង​ខេត្ត ​ដើម្បី​ចេញ​ដីកា​ចាប់​ខ្លួន​បាន​តែ​ម្តង​។

លោក​ សុជា ​បាន​បញ្ជាក់​ថា​​ ក្រោយ​ចាប់​ខ្លួន​សមត្ថកិច្ច​​បាន​ឆែក​ក្នុង​ផ្ទះ​ស្រ្តី​សង្ស័យ​​រក​ឃើញ​គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន (ICE) ​​ម៉ា​ទឹកកក​ទម្ងន់ ១ ៨២៤​,​១​៩ ​ក្រាម ​ និង​ថ្នាំ​ញៀន​មេតំហ្វេតាមីន​ប្រភេទ​គ្រាប់ ​(WY) ​ទម្ងន់ ​២២៨​,៩៦​ ក្រាម​ ដែល​សរុប ​រួម​មាន​ទម្ងន់​ ២ ០៥៣​,​១៥ ​ក្រាម​។

ដោយ​ឡែក​​ស្ត្រី​ជា​ជន​សង្ស័យ​ជួញដូរ​គ្រឿង​ញៀន​ម្នាក់​ទៀត ​ឈ្មោះ ​ដួង ​រស្មីច័ន្ទ​ អាយុ ​២៨ ​ឆ្នាំ ដែល​នគរបាល​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ​៨ ​សីហា​ នៅ​ភូមិ​អូឌឹម​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ ​រាជធានី​ភ្នំពេញ​នោះ រហូត​មក​ទល់​ពេល​នេះ កំពុង​ស្ថិត​ក្នុង​នីតិ​វិធី​ស៊ើប​សួរ​របស់​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នៅ​ឡើយ​ទេ។ នេះបើ​តាម​លោក​ ​សឿង ​ណុល​ នាយក​រង​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​បាន​ប្រាប់​កាល​ពី​​ម្សិលមិញ​​។

លោក​បាន​បញ្ជាក់​ថា​​៖​​ «​ពី​ថ្ងែ​សៅរ៍​ទី ​១០ ​សីហា​ សមត្ថកិច្ច​ខ្ញុំ​បាន​បញ្ជូន​គាត់​ទៅ​តុលាការ​ ប៉ុន្តែ​ដោយសារ​ថ្ងៃ​សៅរ៍​មាន​តែ​ព្រះរាជ​អាជ្ញា​ម្នាក់​ប្រចាំការ​ ហើយ​មាន​សំណុំ​រឿង​ច្រើន​ ខាង​តុលាការ​ធ្វើ​ការ​មិន​ទាន់។ ​ដូច្នេះ​ជន​ម្នាក់​នោះ​កំពុង​ស៊ើបសួរ​នៅ​អយ្យការ​នៅ​ឡើយ​ទេ​​​»​។

លោក​បាន​ឲ្យ​ដឹង​ដែរ​ថា​ ​មុន​ឈាន​ដល់​ការ​ចាប់​ខ្លួន​ឈ្មោះ ​ដួង ​រស្មីច័ន្ទ នេះ គឺ​សមត្ថកិច្ច​របស់​​លោក​បាន​​ប្រើ​ពេល​តាម​ដាន​ជា​ច្រើន​ខែ​មក​ហើយ ​ទើប​ចាប់​ខ្លួន​បាន​នៅ​​តាម​ផ្លូវ​​ ខណៈ​ជន​​នេះ​បម្រុង​យក​គ្រឿង​ញៀន​ទៅ​ឲ្យ​គេ​នៅ​ខេត្ត​។ចំពោះ​វត្ថុតាង​ចាប់​យក​បាន​រួម​​មាន ​សារធាតុ​ញៀន​មេតំហ្វេតាមីន ​(I​C​E​) ​ទម្ងន់​ ​៩៨៦​,​៦៧ ​ក្រាម​ ​និង​ទូរស័ព្ទ​ដៃ ​១ ​គ្រឿង​៕​