មណ្ឌលគិរីៈ បុរស​ ៤ ​នាក់​ក្នុង​ចំណោម​ ៦ ​នាក់​ត្រូវបាន​តុលាការ​ឃុំខ្លួន​ថ្ងៃទី​ ៧ មេសា ពាក់ព័ន្ធ​ករណី​កាប់​គាស់ និង​ឈូសឆាយ​ដីព្រៃ​ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ស្ថិតក្នុង​ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី​នៃ​តំបន់​របៀង​អភិរក្ស​ជីវចម្រុះ​ប្រព័ន្ធ​តំបន់​ការពារ​ធម្មជាតិ​។

លោក​ កែវ សុភ័ក្ត្រ ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​ថ្លែង​ពីថ្ងៃ​ម្សិលមិញ​ថា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​កាលពី​ថ្ងៃទី​ ៧ ខែ​មេសា បាន​សម្រេច​ឃុំខ្លួន​បុរស​ ៤ ​នាក់​ដាក់ពន្ធនាគារ​បណ្ដោះអាសន្ន​ពាក់ព័ន្ធ​ករណី​កាប់​គាស់​ និង​ឈូសឆាយ​ដីព្រៃ​ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ តាម​បញ្ញត្តិ​មាត្រា​ ៦២ ​និង​មាត្រា​ ៥៦ នៃ​ច្បាប់​ស្ដីពី​តំបន់​ការពារធម្មជាតិ​។

លោក​ថ្លែងថា​៖ «​កាលពី​ម្សិលមិញ​មាន​ ៣ ​ករណី​ផ្សេងគ្នា​ចំពោះ​ករណី​កាប់​គាស់​ និង​ឈូសឆាយ​ដីព្រៃ ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​។ ក្នុងនោះ​យើង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​ ៦ ​នាក់​ហើយ​បញ្ជូន​ទៅ​តុលាការ​ទាំងអស់​ហើយ​កាលពី​ម្សិលមិញ​នេះ​តុលាការ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​ចំនួន​ ៤ ​នាក់​ហើយ​»​។

លោក​ប្រធាន​មន្ទីរ​ថ្លែងថា ជនត្រូវ​ចោទ​ ៣ ​នាក់​នេះ​ជា​ជនជាតិ​ខ្មែរ​ឈ្មោះ ទិត សុបឿន ភេទ​ប្រុស អាយុ​ ៤៧ ​ឆ្នាំ​រស់នៅ​ភូមិ​ព្រឹត ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។ ឈ្មោះ រ៉ុង សុខជា ភេទ​ប្រុស អាយុ​ ២២ ​ឆ្នាំ​មាន​លំនៅ​បច្ចុប្បន្ន​ភូមិ​ជីប៉េះ ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង​ឈ្មោះ យាត ឆៃយ៉ា ភេទ​ប្រុស អាយុ​ ១៩ ​ឆ្នាំ​មាន​លំនៅ​បច្ចុប្បន្ន​ភូមិគ ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។ ជន​ទាំង​ ៣ ​នាក់​នេះ​ត្រូវ​បាន​មន្ត្រី​ឧទ្យានុរក្ស​នៃ​របៀង​អភិរក្ស​ជីវចម្រុះ​ចាប់​ឃាត់ខ្លួន ខណៈ​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​បើក​ត្រាក់ទ័រ​ឈូសឆាយ​ និង​ភ្ជួរដី​ដោយ​គ្មាន​ការអនុញ្ញាត​នៅ​ត្រង់​ចំណុច​ត្រពាំង​ទឹកល្អក់ ស្ថិត​ក្នុង​ភូមិរវ៉ាក់ ឃុំរយ៉ ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី នៅក្នុង​តំបន់​របៀង​អភិរក្ស​ជីវចម្រុះ​ប្រព័ន្ធ​តំបន់​ការពារធម្មជាតិ​។ លោក​ថា​ក្នុង​ប្រតិបត្តិ​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នេះ មន្ត្រី​ឧទ្យានុរក្ស​បាន​ត្រួតពិនិត្យ​កន្លែង​កើតហេតុ​ខាងលើ​រកឃើញ​ថា មាន​ការកាប់​គាស់​រុករាន និង​ឈូសឆាយ​ដីព្រៃ​។ មន្ត្រី​បាន​វាស់វែង​ជាក់ស្ដែង​លើ​ផ្ទៃដី​ខាងលើ​មាន​ទំហំ​ជាង​ ៣០ ​ហិកតា​រួម​ជាមួយ​ត្រាក់ទ័រ​ ២ ​គ្រឿង​ត្រូវ​បាន​នាំយក​ទៅ​រក្សាទុក​បណ្ដោះអាសន្ន​នៅ​ស្នាក់ការ​របៀង​អភិរក្ស​ជីវចម្រុះ ដើម្បី​កសាង​សំណុំ​រឿង​បទល្មើស​ធនធាន​ធម្មជាតិ​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី​។

បើ​តាម​ប្រធាន​មន្ទីរ​បរិស្ថាន​ឱ្យដឹង​ដែរ​ថា បុរស​ម្នាក់ទៀត​ត្រូវបាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ថ្ងៃ​នោះ​ដែរ​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​អាវុធជាតិផ្ទុះ​ធ្វើឲ្យ​ខាត​ដល់​ធនធាន​ធម្មជាតិ​តាម​បញ្ញត្តិ​មាត្រា​ ៦១ និង​មាត្រា​ ៥៦ ជា​បទល្មើស​ធនធាន​ធម្មជាតិ​ថ្នាក់​ទី​ ៣ នៃ​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ​។ លោក​ថា​ជន​ត្រូវ​ចោទ​នេះ​ឈ្មោះ​ រ៉េន លីណា ភេទ​ប្រុស អាយុ​ ២៥ ​ឆ្នាំ​មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​អូរយេះ ឃុំ​ស្រែសង្គម ស្រុក​កោះញែក ខេត្តមណ្ឌលគិរី​។

ជននេះ​ត្រូវបាន​មន្ត្រីរដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ​របស់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​ ៥ ខែមេសា នៅ​ចំណុច​អូររហត​ក្នុង​ភូមិ​ជីក្លប់ ឃុំ​សុខសាន្ត ស្រុក​កោះញែក រួម​ជាមួយ​វត្ថុតាង​កាំភ្លើង​កែច្នៃ​ប្រភេទ​ឆ្នុកដូង​ចំនួន​ ១ ​ដើម និង​ដប​ដាក់​រំសេវ​ចំនួន​ ១ ​ដប​សម្រាប់​កែច្នៃ​បរបាញ់​សត្វព្រៃ​។

តាម​របាយការណ៍​មន្ទីរ​បរិស្ថាន​ខេត្ដ​មណ្ឌលគិរី​ឱ្យដឹង​ដែរ​ថា កាលពី​ថ្ងៃ​ទី​ ៧ មេសា មន្ដ្រី​ឧទ្យានុរក្ស​បាន​បញ្ជូន​ជនសង្ស័យ​ ២ ​រូប​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​កាប់គាស់ រុករាន ដីព្រៃ​ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិ​ផងដែរ​។ ជនសង្ស័យ​ទាំង​ ២ ​រូបនេះ​ឈ្មោះ​ កាន់ សុម៉ាលី ភេទ​ប្រុស អាយុ​ ៥៧ ​ឆ្នាំ​ឈ្មោះ ណាំ សុខា ភេទ​ប្រុស អាយុ​ ៣៨​។

របាយការណ៍​បញ្ជាក់ថា ជនសង្ស័យ​ទាំង​ ២ ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ត្រពាំង​ទឹកល្អក់​ក្នុង​ភូមិ​រវ៉ាក់ ឃុំរយ៉ ស្រុក​កោះញែក​ក្នុង​របៀង​អភិរក្ស​ជីវចម្រុះ​ប្រព័ន្ធ​តំបន់​ការពារ ធម្មជាតិ ខណៈ​ពួកគេ​កំពុង​បើក​ត្រាក់ទ័រ​ឈូសឆាយ និង​ភ្ជួរដី​៕ ដោយ​គ្មាន​ការអនុញ្ញាត​៕