
ជនសង្ស័យពេលនាំមកសាលាដំបូងខេត្តមណ្ឌលគិរី។ រូប សហការី
មណ្ឌលគិរីៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត មណ្ឌលគិរី លោក ស៊ុយ សុភា បានសម្រេចឃុំខ្លួនបុរសជាជនសង្ស័យចំនួន ៤ នាក់ដាក់ពន្ធនាគារបណ្ដោះអាសន្នពីបទកាប់ឈើខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃ ស្រែពក ស្ថិតក្នុង ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
លោក ស៊ុយ សុភា បានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា ការឃុំខ្លួននេះបន្ទាប់ពីមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក និងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ ៣០៣ ឃាត់ខ្លួនកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ពេលកំពុងប្រព្រឹត្ដបទល្មើសជាក់ស្ដែង។
លោកបន្ដថា៖«ឥឡូវនេះយើងឃាត់ខ្លួនបណ្ដោះអាសន្នហើយដើម្បីស្រាវជ្រាវមើលបន្ថែមចំពោះករណីនេះ។ បន្ទាប់ពីបញ្ចប់នីតិវិធីយើងសម្រេចឃុំខ្លួនពួកគាត់បណ្ដោះអាសន្នលើបទចោទប្រមូលអនុផលព្រៃឈើខុសច្បាប់នៅតំបន់អភិរក្ស»។
លោក ព្រំ សុវណ្ណ នាយកដែនជម្រកសត្វព្រៃស្រែពកបានឲ្យដឹងថា ជនសង្ស័យ ទាំង ៤ នាក់ រួមមាន ១.ឈ្មោះ វិច វ៉ាត អាយុ ២៦ឆ្នាំ, ២.ឈ្មោះ លួម ថាំង អាយុ ២៤ឆ្នាំ, ៣.ឈ្មោះ សា វា អាយុ ៣០ឆ្នាំ និង ទី៤.ឈ្មោះ លួម តាំង អាយុ ២៧ឆ្នាំ។ ពួកគេរស់នៅភូមិជីមាត ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
លោកបន្ដថា សមត្ថកិច្ចបានចុះល្បាតទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ហើយបានប្រទះឃើញក្រុមជនសង្ស័យកំពុងប្រើរណារយន្តកាប់រំលំដើមឈើប្រណីត(ធ្នង់)អស់ជាច្រើនដើមហើយក៏ឃាត់ខ្លួនបានភ្លាមៗតែម្ដង។
លោក អ៊ាង ម៉េងលី មន្រ្ដីសមាគមអាដហុកប្រចាំខេត្ដមណ្ឌលគិរីបានលើកឡើងថា ការអនុវត្ដច្បាប់ របស់សមត្ថកិច្ចឬតុលាការនៅខេត្ដមណ្ឌលគិរីនៅមិនទាន់បានស្មើភាពគ្នាទេ ចំពោះករណីកាប់ឈើនេះ។
លោកថា៖«ចំពោះការកាប់ឈើខុសច្បាប់នេះ យើងឃើញថា ចាប់បានតែពលរដ្ឋតូចតាចក្រីក្រ គ្មានមុខរបរ ទៅចូលព្រៃកាប់ឈើដើម្បីចិញ្ចឹមជីវិត។ ប៉ុន្ដែបើមេឈ្មួញធំៗ ពិសេសមន្រ្ដី គ្រាក់ៗ ដែលឃុបឃិតគ្នានោះ តុលាការហាក់ដូចជាមិនទាន់ឃើញចាប់ខ្លួនឬក៏បញ្ចូនខ្លួនមកអនុវត្ដច្បាប់នៅឡើយទេ»៕