ភ្នំពេញៈ អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញលោក អាំង មាលតី ត្រូវបានសាលាដំបូងខេត្តកណ្តាលធ្វើការចោទប្រកាន់ពីបទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើការចោទប្រកាន់ពីបទវីតិក្រម (ជំរិតទារប្រាក់) ជាថ្នូរនឹងការដោះលែងបណ្តោះអាសន្នដល់លោក ថៅ ថាវី ដែលធ្លាប់ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងគ្រឿងញៀន។
លោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលដែលកាន់សំណុំរឿងនោះបានបដិសេធពុំធ្វើការអត្ថាធិប្បាយទេដោយលោកមានប្រសាសន៍ថា៖ «ខ្ញុំមិនចង់និយាយច្រើនទេ»។
ប៉ុន្តែមន្ត្រីតុលាការម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថាក្រោយពីលោកព្រះរាជអាជ្ញាធ្វើការសាកសួររួចលោក អាំង មាលតី ត្រូវបានចោទប្រកាន់តាមមាត្រាទី ៦០១ ពីបទ «បំផ្លាញដោយចេតនា និងកេងបំបាត់ដោយទុច្ចរិត»។
លោកបានថ្លែងថា៖ «បច្ចុប្បន្នគាត់ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលហើយ»។ បើយោងតាមការចោទប្រកាន់មាត្រានោះគាត់ប្រឈមទោសពី ៥ ទៅ ១០ ឆ្នាំប្រសិនបើរកឃើញថាបានប្រព្រឹត្តដូចការចោទប្រកាន់»។
ចំណែកឯលោកចៅក្រមស៊ើបសួរលោក អ៊ី សុវណ្ណ មិនអាចទំនាក់ទំនងដើម្បីធ្វើការអត្ថាធិប្បាយបានទេ។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានថ្លែងឲ្យដឹងថាលោក អាំង មាលតី រងចោទ និងចូលបំភ្លឺពីបទនីតិក្រម (ជំរិតទារប្រាក់) នៃរថយន្ត AUDI មួយគ្រឿងរបស់លោក ថៅ ថាវី។
លោកបានថ្លែងឲ្យដឹងទៀតថាបច្ចុប្បន្នរថយន្តនេះត្រូវបានប្រគល់ទៅឲ្យម្ចាស់វិញបន្ទាប់ពីសាលាដំបូងកាលពីថ្ងៃទី ៨ ខែសីហាបានប្រកាសសាលក្រមរបស់លោក ថៅ ថាវី ដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។
លោកថា៖ «ករណីប្រើប្រាស់ថ្នូរជាការទទួលរថយន្តនេះគឺដូចជាករណីដែលប៉ូលិសចរាចរណ៍ផាកពិន័យអ្នកបើកបរដែលមិនមានខុសអ្វីអ៊ីចឹង អ៊ីចឹងហើយ ACU យើងចោទគាត់ពីបទនីតិក្រមប៉ុន្តែយើងនៅតែរង់ចាំលទ្ធផលសាកសួររបស់ចៅក្រម»។
សូមរំឭកផងដែរថាលោក អាំង មាលតី ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីរសៀលថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៥ ហើយលោកក៏ត្រូវបានបញ្ចប់មុខតំណែងជាប្រធានសាលាដំបូងរាជធានីភ្នំពេញកាលពីខែកុម្ភៈឆ្នាំ ២០១៥ ដោយឲ្យមកបញ្ឈរជើងនៅក្រសួងយុត្តិធម៌វិញ។
ការបញ្ឈប់តំណែងនេះក្រោយពីលោកនាយករដ្ឋមន្ត្រីប្រតិកម្មភ្លាមៗទៅលើចៅក្រមសាលាដំបូងរាជធានីភ្នំពេញករណីដោះលែងឪពុកម្តាយលោក ថោង សារ៉ាត់។
បើយោងតាមក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានប្រកាសនាពេលកន្លងមកបានឲ្យដឹងថាគិតត្រឹមថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៤ នេះអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យបណ្តឹងចំនួន ៨៩៩ ក្នុងនោះមានពាក្យបណ្ដឹង ១៦ ភាគរយមន្ត្រីដែលតែងតាំងដោយព្រះរាជក្រឹត្យហើយ ១៩ ភាគរយមន្ត្រីដែលតែងតាំងដោយអនុក្រឹត្យ និងបណ្តឹង ៥២ ភាគរយជាមន្ត្រីដែលតែងតាំងដោយប្រកាស។
គួររំឭកថាកាលពីចុងឆ្នាំ ២០១៤ អង្គការតម្លាភាពកម្ពុជាបានបង្ហាញរបាយការណ៍មួយថាកម្ពុជាជាប្រទេសដែលមានកម្រិតអំពើពុករលួយធ្ងន់ធ្ងរ។ ក្នុងរបាយការណ៍នោះបានដាក់ពិន្ទុឲ្យកម្ពុជា ២១ លើ១០០ និងបានចាត់ចំណាត់ថ្នាក់កម្ពុជាស្ថិតក្នុងលំដាប់ថ្នាក់ទី ១៥៦ ក្នុងចំណោមប្រទេស ១៧៥ ស្មើនឹងប្រទេសភូមា៕