កំពង់ស្ពឺៈ ឃុំ​ព្រះខែ​ដែល​ស្ថិតក្នុង​ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ គឺជា​ឃុំ​ ១ ​ក្នុងចំណោម​​ឃុំ​ដទៃទៀត ដែល​អនុវត្តបាន​ជោគជ័យ​ពី​បញ្ហា​បង្គន់​អនាម័យ​ ១០០ ​ភាគរយ​។ អ្នកភូមិ​ក្នុង​ឃុំ​នេះ​មាន​បង្គន់​អនាម័យ​គ្រប់​ផ្ទះ ដោយ​លែងឱ្យ​មាន​ការបន្ទោបង់​ពាសវាល​ពាសកាល​ដូច​ពីមុន​ទៀតហើយ​។

ជាមួយ​នឹង​ជោគជ័យ​នេះ ពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ដែលមាន​ចម្ងាយ​ប្រមាណ​ ១០០ ​គីឡូម៉ែត្រ​ពី​ភ្នំពេញ ក៏​កំពុង​រួមគ្នា​ធ្វើ​យុទ្ធនាការ ភូមិ​គ្មាន​ផ្សែង ដោយ​ការចូលរួម​កាត់បន្ថយ​ការប្រើ​ចង្ក្រាន​ដុត​អុស​តាម​បែប​ប្រពៃណី និង​មាន​ផ្សែង​ខ្លាំង​ដែល​ធ្វើឱ្យ​ប៉ះពាល់​សុខភាព​។ ​ការរួម​គ្នា​ធ្វើ​យុទ្ធនាការ ភូមិ​គ្មាន​ផ្សែង​នេះ​គឺ​អ្នកភូមិ​បាន​ប្តេជ្ញា​កែប្រែ​ឥរិយាបថ​ចំនួន ៤ ​ចំណុច ដើម្បី​ធ្វើឱ្យ​ភូមិ​របស់​ខ្លួន ក្លាយ​ជា​ភូមិ​គំរូ​មួយ​នៅក្នុង​ប្រទេស ដើម្បី​ចូលរួម​កាត់បន្ថយ​ផ្សែង​បំពុលបរិស្ថាន​។

ឥរិយាបថ​ចំនួន​ ៤ ​ចំណុច​ដែល​ពលរដ្ឋ​ប្តេជ្ញា​កែប្រែ​នោះ រួមមាន ទី​១ ការដាក់​កុមារ​ឱ្យនៅ​ឆ្ងាយ​ពី​ផ្សែង ទី​២ ការ​ចម្អិនម្ហូប​នៅផ្ទះ​បាយ​ដែលមាន​ខ្យល់​ចេញចូល​ល្អ ទី​៣ ការប្រើប្រាស់​អុស​ដែល​បាន​ហាល​ស្ងួត​ល្អ និង​ទី​៤ គឺ​ការប្រើប្រាស់​ចង្ក្រាន​ដែល​គ្មាន​ផ្សែង​។

អ្នកស្រី សៅ សី ជា​ស្ត្រី​មេផ្ទះ​ និង​មាន​មុខរបរ​ជា​កសិករ​ផង​នោះ បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ ក្នុងអំឡុង​ពេល​ដែល​អ្នក​ភូមិ​ប្រមាណ​ជិត​ ១០០ ​នាក់​ មក​ចូលរួម​ពិព័រណ៍​ចម្អិនម្ហូប​ភូមិ​គ្មាន​ផ្សែង ក្នុង​ឃុំ​ព្រះ​ខែ ពីថ្ងៃ​ទី​ ២៣ កុម្ភៈ​ថា ផ្ទះ​អ្នកស្រី​បាន​ប្ដូរ​មក​ប្រើ​ចង្ក្រានហ្គាស​ប្រមាណ​ជា​ ៣ ​ខែ​មកហើយ​។

ស្ត្រី​សម្បុរ​ស្រអែម អាយុ​ជាង​ ៤០ ​ឆ្នាំ​រូបនេះ​បាន​បន្តថា ការប្តូរ​មក​ប្រើ​ចង្ក្រានហ្គាស​​ក៏​ព្រោះ​អ្នកស្រី​បាន​យល់​ពី​សារៈសំខាន់​នៃ​ការប្រើ​ចង្ក្រាន​គ្មាន​ផ្សែង​ដែល​មិន​ធ្វើឱ្យ​ប៉ះពាល់​សុខភាព​ និង​ចំណេញ​ពេល​។

អ្នកស្រី​បាន​ថ្លែងថា​៖ «​ពី​ដើម​មក ខ្ញុំ​ប្រើប្រាស់​ចង្ក្រាន​ដុត​អុស វា​លំបាក​ដែរ ដុត​ទៅ​ផ្សែងហុយ​ចុក​ពេញ​ផ្ទះ​។ សុខភាព​ខ្ញុំ​ និង​អ្នកផ្ទះ​ចេះតែ​ឈឺ ហើយ​បើ​បៀ​ប​ធៀប​នឹង​ចង្ក្រានហ្គាស គឺ​ស្រួល​ប្រើ​ជាង​ចង្ក្រាន​អុស​ព្រោះ​ប្រើ​ចង្ក្រានហ្គាស វា​ចំណេញ​ពេល​ច្រើន មិន​ហត់​ដុស​ឆ្នាំង ដុស​ចាន ពេល​ចម្អិនម្ហូប​នឹង​ចង្ក្រានហ្គាស​ហើយ​គឺ​ស្អាត​ដដែល​។ នៅពេល​យើង​ដុត​អុស គឺអាច​ខ្មៅ​ឆ្នាំង​ចាន​»​។

មិន​ខុសគ្នា​ទេ អ្នកស្រី ជា ម៉ាច ជា​អ្នកភូមិ​ត្រពាំងវែង ស្ថិតក្នុង​ឃុំ​ព្រះខែ​បាន​និយាយថា គ្រួសារ​អ្នកស្រី​បាន​ផ្លាស់ប្តូរ​ទម្លាប់​មួយចំនួន​ក្នុងចំណោម​ឥរិយាបថ​ទាំង​ ៤ ដោយ​​ងាក​មក​ប្រើ​ចង្ក្រាន​គ្មាន​ផ្សេង​ជាប្រចាំ​ថ្ងៃ​ជំនួស​ឱ្យ​ការប្រើ​ចង្ក្រាន​ដុត​អុស​វិញ​។ អ្នកស្រី​បន្តថា គ្រួសារ​អ្នកស្រី​ត្រៀម​ជាស្រេច​ថា ​នៅពេល​មាន​តម្រូវការ​នៃ​ការប្រើ​អុស​ម្តងម្កាល​គឺ​គ្រួសារ​អ្នកស្រី តែងតែ​ប្រើ​អុស​​ដែល​ហាល​បាន​ស្ងួត ចៀសវាង​បង្ក​ទៅជា​ផ្សែង​ខ្មួល​ខ្មៅ​ហុយ​ចូល​ពេញ​ផ្ទះ​។

ស្ត្រី​មេផ្ទះ​វ័យ​ ៦០ ​ឆ្នាំ​រូបនេះ​បាន​បញ្ជាក់ថា​៖ «​ក្នុងភូមិ​ខ្ញុំ​ឥឡូវ កំពុង​អភិវឌ្ឍ​មក​ប្រើ​ចង្ក្រាន​គ្មាន​ផ្សែង​ច្រើន​ហើយ ព្រោះ​ក្នុង​ ១ ​ឆ្នាំ ២ ​ឆ្នាំនេះ គឺ​ពួកគាត់ បោះបង់​ចង្ក្រាន​ដុត​អុស​តាមបែប​​ប្រពៃណី និង​មាន​ផ្សែង​ខ្លាំង​ច្រើន​មែនទែន​។ ដំបូង​ខ្ញុំ​ធ្លាប់​គិតថា ចង្ក្រាន​ដុត​អុស​ដាំ​​បាយ​ឆ្ងាញ់​ជាង​ចង្ក្រានហ្គាស តែ​ប្រើ​យូរៗ​ទៅ ដូច​តែ​គ្នា​ទេ ហើយ​មិន​ហត់​ត្រូវ​ទៅរក​អុស ហើយ​ខ្ញុំ​ក៏មាន​ពេល​ច្រើន​ធ្វើ​អ្វី​ផ្សេងៗ​បាន​ច្រើន​ជាង​មុន​»​។

អ្នកភូមិ​ចូលរួម​នៅក្នុង​យុទ្ធនាការ ភូមិ​គ្មាន​ផ្សែង​កាលពី​ថ្ងៃទី​ ២៣ ខែកុម្ភៈ​។ហុង មិនា

លោក ឡោ ងួនឡេង ប្រធាន​ក្រុមប្រឹក្សា​ឃុំ​ព្រះខែ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ពីមុន​ពលរដ្ឋ​ជាច្រើន​ក្នុងភូមិ​ទាំង​ ៩ ​នៃ​ឃុំ​ព្រះខែ​មាន​ទម្លាប់​ប្រើ​ចង្ក្រាន​ដុត​អុស​ដែល​មាន​ផ្សែង​ខ្លាំង ដោយសារ​មាន​ទម្លាប់​ពី​ដូនតា​។ ​ក៏ប៉ុន្តែ​ពេលនេះ​អ្នកភូមិ​បាន​ប្តូរ​ឥរិយាបថ បន្ទាប់ពី​មាន​ការយល់ដឹង​ពី​ផលប៉ះពាល់​នៃ​ផ្សែង ស្រប​ពេលដែល​មើលឃើញ​ពី​អត្ថប្រយោជន៍​នៃ​ការប្រើ​ចង្ក្រាន​គ្មាន​ផ្សែង​។

លោក​បានឱ្យដឹង​ដែរ​ថា ឃុំ​របស់​លោក​​ក៏បាន​ទទួល​ជោគជ័យ​ ១០០ ​ភាគរយ​​ ជុំវិញ​បញ្ហា​បង្គន់​អនាម័យ​នៅ​តាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ផងដែរ​។

លោក​ថា​៖ «​បង្គន់​អនាម័យ​ពី​ដើម​ដែល​​យើង​មិនទាន់​ផ្សព្វផ្សាយ គាត់​ដើរ​បន្ទោបង់​ពាសវាល​ពាលកាស​។ ​តែ​ឥឡូវនេះ ពួកគាត់​​មាន​បង្គន់​ប្រើ​ទាំងអស់គ្នា​។ ​ទាំងនេះ​ពាក់ព័ន្ធ​នឹង​សុខភាព​គាត់​ដែរ ហើយ​ការកាត់បន្ថយ​ផ្សែង​នេះ បើ​កាត់​បាន​ ១០ ភាគរយ គឺ​រឹតតែ​ល្អ​។

តាមរយៈ​ការចុះ​មក​អប់រំ​ផ្សព្វផ្សាយ​អំពី​អត្ថប្រយោជន៍​នៃ​ភូមិ​គ្មាន​ផ្សែង​លោក​​សង្កេតឃើញ​ថា ឥរិយាបថ​អ្នកភូមិ​ហាក់​មាន​ការផ្លាស់ប្តូរ​ច្រើន បើទោះ​ជា​មិនបាន​គ្រប់​ឥរិយាបថ​ទាំង​ ៤ ចំណុច​ក៏ដោយ ។

លោក​បញ្ជាក់ថា​៖ «​ពលរដ្ឋ​ខ្លះ មាន​លទ្ធភាព​គាត់​ចេះតែ​ទិញ​បន្ត ទិញ​ចង្ក្រានហ្គាស ចង្ក្រាន​គ្មាន​ផ្សែង​អី​ទៅប្រើ​នៅតាម​ផ្ទះ​។ ពេលនេះ​មាន​កំណើន​កើនឡើង​ជាង​មុន​ច្រើន ខ្ញុំ​ជឿថា ប្រហែល​ក្នុង​ឆ្នាំ​ ២០២១ ​នេះ គាត់​លែង​ប្រើ​អុស​ហើយ ដោយសារ​តែ​បច្ចុប្បន្ននេះ​គាត់​ក៏​ពិបាក​រក​អុស​យកមក​ដុត​ដែរ​»​។

បើតាម​លោក ឡោ ងួនឡេង ពលរដ្ឋ​ជាង ១ ៧០០ ​គ្រួសារ​ដែល​រស់នៅក្នុង​ឃុំ​ព្រះ​ខែ គឺ​មាន​គ្រួសារ​នៅ​បន្ត​ប្រើ​អុស​ក្នុង​ពេល​បច្ចុប្បន្ន​មាន​ប្រមាណ​ ២០ ​ភាគរយ​ប៉ុណ្ណោះ ខណៈ​ ៨០ ​ភាគរយ​ទៀត បាន​ប្តូរ​មក​ប្រើ​ចង្ក្រាន​ដែល​គ្មាន​ផ្សែង ចង្ក្រាន​​ហ្គាស ឬ​ចង្ក្រាន​អគ្គិសនី​ជំនួស​វិញ​។

យុទ្ធនាការ ភូមិ​គ្មាន​ផ្សែង​របស់​ពលរដ្ឋ​នៅ​ឃុំ​ព្រះ​ខែ គឺជា​យុទ្ធនាការ​មួយ​ដែល​ធ្វើឡើង​ដំណាលគ្នា​ជាមួយ​ភូមិ​ដទៃទៀត​ប្រមាណ​ ១០០ ​ភូមិ ក្នុង​ឃុំ​ចំនួន​ ៩ ដែល​ស្ថិតក្នុង​ខេត្តកំពត ខេត្ត​សៀមរាប និង​ខេត្តបាត់ដំបង​។ យុទ្ធនាការ​នេះ មាន​គោលបំណង​កៀរគរ​ការផ្លាស់ប្តូរ​ប្រកបដោយ​ចីរភាព​ទៅរក​ការ​ចម្អិនម្ហូប​បែប​ទំនើប និង​តាម​បច្ចេកវិទ្យា បើទោះបី​ជា​នៅមាន​វប្បធម៌ និង​សង្គម​បែប​ប្រពៃណី និង​ការរឹតត្បិត​នៃ​ការប្រើ​ប្រេងឥន្ធនៈ និង​ធនធាន​ក៏ដោយ​។ នេះ​បើតាម​អង្គការ​អភិវឌ្ឍន៍ ហូឡង់​។

លោក Bastiaan Teune អ្នក​នាំមុខ​ផ្នែក​វិស័យ​ថាមពល​នៅ​កម្ពុជា និង​ជា​អ្នកសម្របសម្រួល​ចង្ក្រាន​ពិភពលោក​នៃ​អង្គការ​អភិវឌ្ឍន៍​ហូឡង់ (SNV) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការ​ចម្អិន​អាហារ​បែប​ប្រពៃណី​មាន​ផលប៉ះពាល់​ជា​អវិជ្ជមាន ដូចជា​ឡើងក​ម្តៅ​លើ​ផែនដី​។ ការដុត​អុស​សម្រាប់​ចម្អិន​អាហារ គឺ​បាន​បញ្ចេញ​នូវ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុង​ទម្រង់​កាបូនឌីអុកស៊ីត និង​សារធាតុ​បំពុលបរិយាកាស​ផ្សេងៗ​ទៀត​។

លោក​បន្ត​ថា ការបញ្ចេញ​ឧស្ម័ន​បញ្ចូល​គ្នា​ពី​ចង្ក្រាន​តូចៗ​ទាំងអស់​ក្នុង​ពិភពលោក​​គឺមាន​គ្រោះថ្នាក់​ដូច​ឧស្សហកម្ម​អាកាសចរណ៍​ទាំងមូល​ផងដែរ​។ ​បន្ថែម​ពីនេះ​ការចម្អិន​អាហារ​ដែល​ដុត​ពី​អុស​ក៏បង្ក​ឱ្យ​បំពុលបរិយាកាស​ខ្យល់​ក្នុង​ផ្ទះបាយ​ផងដែរ​។

លោក​ថា​៖ «​អ្នក​ចម្អិន​អាហារ និង​កូនៗ​​របស់​ពួកគេ​គឺ​ប្រឈម​ទៅនឹង​ផ្សែង​ដែល​ស្មើនឹង​ការជក់បារី​ ១០ ​ដើម​ក្នុង​ ១ ​ថ្ងៃ​។ ការបំពុល​នេះ​មាន​ការប៉ះពាល់​ដល់​ផ្លូវដង្ហើម និង​បង្កឱ្យមាន​ជំងឺ​ធ្ងន់ធ្ងរ​នានា​ដូចជា ជំងឺ​រលាក​សួត ជំងឺរបេង និង​ជំងឺ​ផ្លូវដង្ហើម​រាំរ៉ៃ​។

នៅពេល​សុខភាព​ខ្សោយ​ក៏​បណ្តាល​ឱ្យ​មាន​ភាពងាយ​ទទួលរង​គ្រោះ​ខ្ពស់​ចំពោះ​ជំងឺ Covid ១៩ ផងដែរ​»​។

តាម​របាយការណ៍​អង្គការ​សុខភាព​ពិភពលោក​បានឱ្យ​ដឹងថា នៅ​កម្ពុជា​មាន​គ្រួសារ​ប្រហែល​ ២,៥ លាន​គ្រួសារ​នៅតែ​ប្រើ​ចង្ក្រាន​ចម្អិន​បែប​ប្រពៃណី​ជាមួយនឹង​ជីវម៉ាស់​រឹង ដូចជា អុស ធ្យូង និង​សំណល់​ពី​កសិកម្ម​។ ការចម្អិន​បែបនេះ​ប្រជាជន​កម្ពុជា​ប្រមាណ​ ១៥ ០០០ ​នាក់​បាន​ស្លាប់​មុន​អាយុ​ដោយសារ​ការបំពុល​ខ្យល់​ក្នុងផ្ទះ​ក្នុង​ ១ ​ឆ្នាំ​៕