ភ្នំពេញៈ បុរស​ម្នាក់​ជា​ចាងហ្វាង​កាសែត «ខ្មែរ៧មករា» ត្រូវ​បាន​ជាប់ឃុំ​ជា​បណ្ដោះអាសន្ន​នៅក្នុង​ពន្ធនាគារ ខេត្ត​សៀមរាប​ពី​បទផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​មរណភាព​លោក ឧកញ៉ា​ល្បីឈ្មោះ​ម្នាក់។

លោក លឹម ហួរ អាយុ ៥០ ឆ្នាំ​មាន​ទីលំនៅ​ក្នុង​សង្កាត់​ថ្វាយដង្គំ ក្រុង​សៀមរាប ខេត្ត​សៀមរាប ជា​ចាងហ្វាង​កាសែត ខ្មែរ៧មករា​កាលពី​ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២១ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់ខ្លួន ដែល​មាន​ឈ្មោះ Lay Hour ថា​ឧកញ៉ា​លីយ៉ុងផាត់​ជា​មហាសេដ្ឋី​ល្បីឈ្មោះ​នៅ​ប្រទេស​ថៃ និង ខ្មែរ ជាន់​ផ្អៀង​ខេត្តកោះកុង ហើយ​បាន​ទទួល​គោរមងារ​ជា​ឧកញ៉ា​នៅ​ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ១៩៩៨ តាមរយៈ​ព្រះរាជក្រឹត្យ​លេខ ០៨៩៨/ បាន​ទទួល​មរណភាព​ហើយ​កាលពី​ថ្ងៃទី ២០ ខែ​មេសា ឆ្នាំ ២០២១ មិនទាន់​ដឹង​មូលហេតុ​អ្វី​ទេ។

លោក យិន ស្រាង អ្នក​នាំពាក្យ​សាលាដំបូង​ខេត្តសៀមរាប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ២៥ ខែ​មេសា​ឆ្នាំ ២០២១ ថា បុរស​ម្នាក់​ឈ្មោះ លឹម ហួរ ត្រូវបាន​ចោទប្រកាន់​តាម​មាត្រា ៤២៥ នៃ​ក្រមព្រហ្មទណ្ឌ និង​បាន​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅក្នុង​ពន្ធនាគារ​កាលពី​ថ្ងៃទី ២៤ មេសា​នេះ​ ដើម្បី​រង់ចាំ​ចំណាត់​ការបន្ត​តាម​នីតិវិធី​ច្បាប់។

លោក​ យិន ស្រាង បញ្ជាក់ថា៖ «នៅក្នុង​ដំណាក់កាល​នេះ ចៅក្រម​កំពុង​ស៊ើបសួរ។ នៅពេល​ដែល​បញ្ចប់​ស៊ើបសួរ​រួចរាល់​នឹង​បន្ត​ចាប់ផ្តើម​បើកសវនាការ​ជំនុំជម្រះ។ បើ​គេ​រកឃើញ​កំហុស​គាត់ (ឈ្មោះ លឹម ហួរ ) នឹង​ទទួលរង​នូវ​ទោសទណ្ឌ​ត្រូវដាក់​ទោស​នូវ​ពន្ធនាគារ ពី ១ ឆ្នាំ ទៅ ២ ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន ១ ទៅ ៥ លាន​រៀល។

ទោះយ៉ាងណា​ក៏ដោយ​លោក សឿន សែត អ្នកសារព័ត៌មាន​ប្រចាំខេត្ត​សៀមរាប​បាន​ថ្លែងថា​ក្រុម​អ្នកសារព័ត៌មាន​មួយចំនួន​បាន​ស្នើសុំ​ទៅ​តុលាការខេត្ត​ឱ្យ​ដោះលែង​លោក​ លឹម ហួរ ឱ្យនៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ដោយ​យល់ឃើញថា​កំហុស​របស់​លោក​ លឹម ហួរ ​គឺ​គ្រាន់តែ​មាន​កំហុស​ត្រឹមតែ​ផ្សាយ​ព័ត៌មាន​មិន​ពិត មិនមែន​ជា​កំហុស​លួច​ឆក់ប្លន់​ដែលជា​បទល្មើស​ព្រហ្មទណ្ឌ​ទេ។

លោក យិន ស្រាង បាន​ស្នើឱ្យ​តំណាង​អ្នកសារព័ត៌មាន​ទាំងអស់​ស្វែងរក​មេធាវី ស្នើសុំ​ទៅតាម​នីតិវិធី​តុលាការ​នឹង​ពិនិត្យ​ហើយ​ពិចារណា​យ៉ាងយូ​រយៈពេល ៥ ថ្ងៃ តុលាការ​នឹង​ឆ្លើយ​ហើយ។

លោក ណាច ទ្រី និង លោក ទូច ឆាយ មេធាវី​របស់​លោក​ឧកញ៉ា លី យ៉ុង ផាត់ បាន​ដាក់​ពាក្យបណ្ដឹង​ទៅកាន់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កាលពី​ថ្ងៃទី ២៣ ខែ​មេសា ឆ្នាំ ២០២១ បាន​ប្តឹង​ម្ចាស់ Page Facebook ដែលមាន​ឈ្មោះ Lay Hour និង Page Facebook ដែលមាន​ឈ្មោះ News Fast ក្រោយពី​បាន​ចុះផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត​នៅលើ Page Facebook ពីបទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត បរិហារ​បង្កាច់​កេរ្តិ៍ និង​បទ​ញុះញង់​ដូចជា មរណភាព​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ និង​ពាក្យ​បវិហារ​ជាច្រើន​ទៀត​ដូចជា​អ្នកឧកញ៉ា លី យ៉ុងផាត់ ជា​អ្នក​ប្លន់​ដី​រាស្ត្រ និង​ជា​អ្នកជំនួញ​ទុច្ចរិត។

យោងតាម​ពាក្យបណ្តឹង​បានឱ្យ​ដឹងថា៖ «(ព័ត៌មាន​នោះ) បាន​ស្ដែងចេញ​យ៉ាងច្បាស់​នូវ​ចេតនា​បរិហារ​បង្កាច់​កេរ្តិ៍ និង​ញុះញង់​ធ្វើឲ្យ​មាន​ភាពចលាចល​ក្នុង​សង្គមជាតិ​ទាំងមូល ក៏ដូចជា​ប៉ះពាល់​ដល់​អ្នកវិនិយោគ​ទុន​ជាតិ​និង​អន្តរជាតិ​ជាច្រើន​ដែល​បាន​មក​វិនិយោគ​ជាមួយ​នឹង​អ្នកឧកញ៉ា លី យ៉ុងផាត់ នៅ​កម្ពុជា ព្រោះថា​អ្នកឧកញ៉ា លី យ៉ុងផាត់ ជា​សមាជិក​ព្រឹទ្ធសភា ជា​អ្នកវិនិយោគទុន​ដ៏ធំ​ថ្នាក់ជាតិ និង​អន្តរជាតិ​ជា​បុគ្គល​សប្បុរសធម៌​ដែល​បាន​ជួយ​ដល់​ជនរងគ្រោះ​ជាច្រើន​នៅក្នុង​កម្ពុជា​ផងដែរ»។

យោងតាម​ពាក្យបណ្តឹង​នេះ​បានឱ្យ​ដឹងថា៖ «បច្ចុប្បន្ននេះ​អ្នកឧកញ៉ា លី យ៉ុងផាត់ មាន​សុខភាព​ល្អ​ដោយ​ពុំមាន​បញ្ហា​អ្វី​ទាំងអស់»៕