មណ្ឌលគិរី៖ សាលាដំបូងខេត្តមណ្ឌលគិរី ពីម្សិលមិញបានសម្រេចឃុំខ្លួនចាងហ្វាងសារព័ត៌មានអនឡាញម្នាក់នៅពន្ធនាគារខេត្តក្រោមបទចោទ «ឈូសឆាយដីព្រៃដោយគ្មានការអនុញ្ញាត» បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី ២២ កញ្ញា តាមដីកាតុលាការពាក់ព័ន្ធការឈូសឆាយដីព្រៃ និងប្រើប្រាស់សារធាតុញៀន។
លោក មាស ប្រុស អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរី ថ្លែងពីម្សិលមិញថា ជនសង្ស័យឈ្មោះ ម៉ា ម៉េងធី រស់នៅក្រុងសែនមនោរម្យត្រូវបានលោកចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅថ្ងៃទី ២៤ ខែកញ្ញា ក្រោមបទចោទ «ឈូសឆាយដីព្រៃដោយគ្មានការអនុញ្ញាត» តាមមាត្រា ៥៦ និងមាត្រា ៦២ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។ «ចំណែកបទល្មើសគ្រឿងញៀនមិនទាន់ត្រូវបានលើកយកមកបើកសវនាការទេ គឺនឹងសាកសួរនៅពេលក្រោយទៀត»។
ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបានបញ្ជូនជនសង្ស័យ ម៉ា ម៉េងធី ចាងហ្វាងគេហទំព័រ ព្រហ្មខ័ណអនឡាញទៅសាលាដំបូងខេត្តកាលពីថ្ងៃទី ២៣ កញ្ញា បន្ទាប់ពីបានឃាត់ខ្លួនតាមដីកាបង្គាប់របស់តុលាការខេត្តមណ្ឌលគិរីពាក់ព័ន្ធការឈូសឆាយដីព្រៃ និងប្រើប្រាស់សារធាតុញៀន។
លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីថ្លែងថា សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវករណីឈូសឆាយដីព្រៃរដ្ឋខុសច្បាប់ ប៉ុន្ដែលោកមិនទាន់អាចបង្ហាញពីលទ្ធផលនៅឡើយ។ «ក្រៅពីនេះ ជនសង្ស័យប្រើប្រាស់គ្រឿងញៀន មិនត្រឹមតែប៉ុណ្ណឹងទេ គាត់នៅនិយាយបរិហារ បង្កាច់បង្ខូចដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត»។
លោក មឿន ឈានណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាសារព័ត៌មានថ្លែងថា លោកមានការសោកស្ដាយចំពោះអ្នកសារព័ត៌មានមួយចំនួនតូច ដែលបានប្រព្រឹត្តប្រាសចាកពីក្រមសីលធម៌ និងវិជ្ជាជីវៈរបបសារព័ត៌មាន ហើយឈានទៅប្រព្រឹត្តល្មើសច្បាប់ថែមទៀត។
ប៉ុន្ដែលោកចង់ឱ្យស្ថាប័នរដ្ឋ ឯកជន និងអង្គការសង្គមស៊ីវិល គួរតែបែងចែកឱ្យដាច់នូវសារព័ត៌មានគោរពក្រមសីលធម៌ និងសារព័ត៌មានប្រព្រឹត្តបទល្មើស ពោល គឺកុំនិយាយឱ្យតែអ្នកសារព័ត៌មានសុទ្ធតែជាមនុស្សអាក្រក់ទាំងអស់នោះ។ «អ៊ីចឹងខ្ញុំចង់ឱ្យពួកគាត់ គួរតែមានការវែកញែកឱ្យដាច់ចំពោះអ្នកសារព័ត៌មានខូច គឺខូច រីឯអ្នកសារព័ត៌មានល្អត្រឹមត្រូវ គឺល្អត្រឹមត្រូវ ហើយខ្ញុំក៏មិនកាន់ជើងអ្នកសារព័ត៌មានខូចខិលដែរ»។
បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ឈ្មោះ ម៉ា ម៉េងធី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមដីការបស់តុលាការខេត្តមណ្ឌលគិរីកាលពីថ្ងៃទី ២២ ខែកញ្ញា នៅសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលពាក់ព័ន្ធបទល្មើសឈូសឆាយដីព្រៃរដ្ឋខុសច្បាប់ និងប្រើប្រាស់សារធាតុញៀន។ បន្ទាប់មកសមត្ថកិច្ចបានបញ្ជូនខ្លួនទៅខេត្តមណ្ឌលគិរី នៅថ្ងៃទី ២៣ ខែកញ្ញា។
បើតាមច្បាប់ស្ដីពីតំបន់ការពារធម្មជាតិនៅត្រង់មាត្រា ៥៦ លោក ម៉ា ម៉េងធី ត្រូវជាប់ពន្ធនាគារពី ៥ ទៅ ១០ ឆ្នាំ និងពិន័យជាប្រាក់ពី ១៥ លានរៀលទៅ ១៥០ លានរៀល ប្រសិនបើតុលាការរកឃើញកំហុសដូចការចោទប្រកាន់៕