ភ្នំពេញ: យ៉ាងហោចណាស់​មនុស្ស​ជាង​ ២ ​ម៉ឺន​នាក់ ​ជាមួយ​នឹង​គ្រឿងញៀន​ជាង​ ៣ ​តោន​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន រឹបអូស​នៅក្នុង​ការបង្ក្រាប​នៅ​ទូទាំង​ប្រទេស​ពេញ​ ១ ​ឆ្នាំ​ ២០២០ ក្នុង​បទល្មើស​គ្រឿងញៀន​ចំនួន ១០ ៤៦១ ​ករណី​ ដោយ​ចំនួន​នេះ​មាន​ការកើនឡើង​បើ​ធៀប​នឹង​ឆ្នាំ ២០១៩​។

របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បាន​ឱ្យដឹងពី​ម្សិលមិញ​ថា ចាប់ពី​ថ្ងៃទី​ ១ ខែ​ មករា ដល់​ថ្ងៃទី​ ៣១ ខែ ធ្នូ ឆ្នាំ​ ២០២០ សមត្ថកិច្ច​បង្ក្រាបបាន​បទល្មើស​គ្រឿងញៀន​ទូទាំង​ប្រទេស​ចំនួន ១០ ៤៦១ ​ករណី​ ដោយ​ឃាត់​មនុស្ស​ចំនួន ២១ ៥៦៦ ​នាក់​ (​ស្រី​ ១ ៣៣៤ ​នាក់​) ​ក្នុង​នោះ​មាន​ជនបរទេស​ ១៩ ​សញ្ជាតិ​ ចំនួន ៣៨៩ ​នាក់ ​(​ស្រី​ ៥២ ​នាក់​)​។ ក្នុងនោះ​មាន​សារធាតុញៀន​សរុប​ចំនួន ៣ ១៦៩ ​គីឡូក្រាម គ្រឿងញៀន​ប្រភេទ ICE ចំនួន​ជាង ៧៦៧ ​គីឡូក្រាម ប្រភេទ WY ចំនួន ៣ ​គីឡូក្រាម Ketamine ចំនួន ១១៣ ​គីឡូក្រាម MDMA ចំនួន ៧២ ​គីឡូក្រាម Heroine ជាង ២៩៨ ​គីឡូក្រាម​ Cathinnone ជាង​ ១៤ ​គីឡូក្រាម P2P ចំនួន ១៩០០ ​គីឡូក្រាម និង​ Nitamezepam ជាង ៩ ​គីឡូក្រាម​។

បើតាម​របាយការណ៍​ក្នុង​នោះ​សារធាតុ​ញៀន​ដូចជា​កញ្ឆា​ស្រស់ ២៩៧ ៨៩៨ ​ដើម និង​កញ្ឆា​ស្ងួត​ចំនួន ២៩២ ​គីឡូក្រាម និង​សារធាតុ​គីមី​ផ្សំ​ចំនួន ៥ ០២៥ ​គីឡូក្រាម​។ សម្ភារ​ចាប់យក​រួមមាន ជញ្ជីង​ចំនួន ៥៧៩ ​គ្រឿង អាវុធខ្លី ៣២ ​ដើម និង​អាវុធ​វែង ២៦ ​ដើម​។ ក្នុងនោះ​មាន​រថយន្ដ ម៉ូតូ​, ទូរស័ព្ទ និង​ស្នើសុំ​បង្កក​ទ្រព្យសម្បត្តិ​ចំនួន ៦ ​កន្លែង ផ្ទះ​ ២ ​កន្លែង ដី​ផ្ទះ ២ ​កន្លែង ខុនដូ ១ ​កន្លែង និង​ឃ្លាំង​ ១ ​កន្លែង​ព្រមទាំង​បង្កក​គណនី​ធនាគារ​ចំនួន ៣ ​មាន​ទឹកប្រាក់​ ២ ​ម៉ឺន​ដុល្លារ​។

លោក ម៉ក់ ជីតូ អគ្គស្នងការរង​នគរបាលជាតិ​ទទួល​ផែន​គ្រឿងញៀន​ថ្លែង​ពី​ម្សិលមិញ​ថា នៅ​ឆ្នាំ​ ២០២១ ​នេះ​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​មន្ត្រី​ជំនាញ​ទាំងអស់​នឹង​ស្នើសុំ​គោលការណ៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​បន្ត​អនុវត្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​ក្នុង​ដំណាក់កាល​លើក​ទី​៦ បន្ទាប់ពី​ការអនុវត្ត​កន្លងមក​ទទួលបាន​ជោគជ័យ​ច្រើន​គួរឱ្យកត់សម្គាល់​។

លោក​ ជីតូ ​បាន​អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​ទាំងអស់​ត្រូវ​ចូលរួម​សហការ​ផ្ដល់ព័ត៌មាន​រហ័ស​មក​អាជ្ញាធរ​មូលដ្ឋាន នៅពេល​សង្ស័យ​ថា មាន​ការប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​នៅក្នុង​ទីតាំង​របស់ខ្លួន ដើម្បី​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ឱ្យបាន​ទាន់ពេលវេលា និង​ចៀសវាង​កុំឱ្យ​មាន​ការពាក់ព័ន្ធ​ទៅនឹង​ការបើក​អាជីវកម្ម​របស់ខ្លួន​។

លោក​បញ្ជាក់ថា​៖ «​យើង​បង្ក្រាបបាន​ច្រើនជាង​ឆ្នាំមុនៗ ដោយសារ​ក្នុង​អំឡុង​ជំងឺ​កូវីដ​១៩​នេះ ការផលិត​គ្រឿងញៀន​នៅសល់​ក្នុង​ឃ្លាំង​ច្រើន ចរាចរណ៍​លក់​ចេញ​មិនបាន​អ៊ីចឹង​ពេល​ដែល​ពួកគេ​មាន​ឱកាស​លក់​ចេញ​ម្ដងៗ គឺ​នាំចេញ​ច្រើន​គីឡូក្រាម​។ អ៊ីចឹង​សមត្ថកិច្ច​យើង​ក៏​បង្ក្រាបបាន​ច្រើន​ទៅតាម​ហ្នឹង​ដែរ​។ ប៉ុន្ដែ​អ្វី​សំខាន់​មួយទៀត គឺ​ពួកគេ​នាំ​ចេញទៅ​បរទេស​ឆ្លងកាត់​តាម​កម្ពុជា ហើយ​យើង​ក៏បាន​សហការ​ជាមួយ​ប៉ូលិស​អន្តរជាតិ​ច្រើន​ដែរ​»​។

លោក មាស សុវណ្ណ ប្រធាន​សមាគម​សង្គ្រោះ​ជនរងគ្រោះ​ដោយ​គ្រឿងញៀន​កម្ពុជា​បាន​សាទរ​ចំពោះ​ការបង្ក្រាប​របស់​សមត្ថកិច្ច​ជំនាញ​ជា​ហូរហែ ប៉ុន្ដែ​លោក​នៅតែ​ជំរុញ​បន្ថែមទៀត ដើម្បី​កាត់បន្ថយ​ការចរាចរ​គ្រឿងញៀន​នៅ​កម្ពុជា និង​កាត់បន្ថយ​ជន​ញៀន​គ្រឿងញៀន​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ក៏​កត់សម្គាល់ឃើញ​ការបង្ក្រាប​ឆ្នាំនេះ គឺ​មាន​ច្រើន​ករណី​ដែរ ហើយ​ឃើញ​មាន​សុទ្ធតែ​ទ្រង់ទ្រាយ​ធំៗ​ទៀតផង​។ រីឯ​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន ក៏​មាន​ការកើនឡើង​ដែរ នៅ​តាម​មណ្ឌល​កែប្រែ ឬ​ព្យាបាល​ជនរងគ្រោះ​គ្រឿងញៀន បើសិន​ជា​នៅតែ​កើនឡើង​បន្តទៀត​បែបនេះ យើង​ពិតជា​បារម្ភ​ខ្លាំង​ប៉ះពាល់​សេដ្ឋកិច្ច និង​សង្គមជាតិ​យើង​»​។

តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នៅក្នុង​ឆ្នាំ​ ២០១៩ សមត្ថកិច្ច​បង្ក្រាបបាន​ចំនួន​ ៩ ៨០៦ ​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​ ២០ ៤៩០ ​នាក់ ​ក្នុង​នោះបាន​ចាត់​វិធានការ​បញ្ជូនទៅ​ពន្ធនាគារ​ចំនួន ៧៩៩ ​នាក់ រឹបអូស​គ្រឿងញៀន​ចំនួន ៧៥០,៧០ ​គីឡូក្រាម និង​កញ្ឆា​ក្រៀម​ជិត​ ១០០ ​គីឡូក្រាម ព្រមទាំង​ដើម​កញ្ឆា​ស្រស់​ជាង​ ៩ ​ម៉ឺន​ដើម​។

ក្នុងនោះ​ករណី​បទល្មើស​គ្រឿងញៀន​ធំៗ​ចាប់ពី ១ ​គីឡូក្រាម​ឡើងទៅ​មាន​ចំនួន​ ៦១ ​ករណី​ ដោយ​ចាប់យក​គ្រឿងញៀន​សរុប​បាន ៦៩៧,៤៦ ​គីឡូក្រាម និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ១៤០ ​នាក់​ ក្នុង​នោះ​ចាប់​មេខ្លោង​ចំនួន​ ២៧ ​នាក់ និង​ចាប់​តាមរយៈ​ខ្សែបណ្តាញ​ចំនួន ១១៣ ​នាក់​៕