កំពង់ឆ្នាំងៈ សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ឆ្នាំង​សហការ​ជាមួយ​នគរបាល​ស្រុក​ទឹកផុស​កាលពី​ម៉ោង​ ១ ​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​ ១ ខែ​កញ្ញា បាន​ចាប់ខ្លួន​កូនប្រុស​លោក​ឧកញ៉ា ញ៉ឹក ផន គឺ លោក​ ញឹក ផល ពាក់ព័ន្ធ​នឹង​ករណី​ប្រើ​អាវុធ​គំរាម​បុរស​ម្នាក់​ប្រព្រឹត្ត​កាលពី​រសៀល​ថ្ងៃ​ចន្ទ​។

លោក​​ អៀ ប៊ុនធឿន អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ករណី​គំរាម​ដោយ​អាវុធ​នេះ​ផ្ដើមចេញពី​ជម្លោះ​ពាក្យសម្ដី​រវាង​លោក ញឹក ផល អាយុ​ ៣៨ ​ឆ្នាំ ​មាន​លំនៅ​ក្នុង​ភូមិ​ថ្នល់បត់ ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ដែលជា​អ្នកបើកបរ​រថយន្ត​ម៉ាស់ស្ដា និង​បុរស​ម្នាក់​ឈ្មោះ ប្រាក់ សំបាន អាយុ ៣០ ​ឆ្នាំ​ រស់នៅ​ភូមិ​ក្រសាំង ឃុំ​ក្បាលទឹក ដែល​ជា​អ្នកបើកបរ​ម៉ូតូ​។

លោក​បាន​បន្តថា យោង​តាម​ការផ្ដល់​ព័ត៌មាន​ពី​ពលរដ្ឋ​ក្បែរ​កន្លែង​កើតហេតុ​ និង​ខ្សែ​វីដេអូឃ្លីប​ដែល​សមត្ថកិច្ច​ទទួល​បាន​បង្ហាញ​ថា មុន​មាន​ជម្លោះ​ឈាន​ដល់​ជនសង្ស័យ​ដក​អាវុធ​ពី​ក្នុង​រថយន្ត​មក​គំរាម​នោះ គឺ​ដំបូង​ជន​រងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​បាន​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ហើយ​បាន​រេ​ចង្កូត​ពេញ​ផ្លូវ​។ បន្ទាប់មក​បាន​វ៉ា​ជែង​អ្នក​បើករថយន្ត រួច​ក៏​ឈប់​នោម​នៅ​ក្បែរ​ចិញ្ចើមផ្លូវ​។ ឃើញ​ដូច្នោះ​ជនសង្ស័យ​ក៏បាន​បើក​កញ្ចក់​រថយន្ត ហើយ​ជេរ​ជនរងគ្រោះ​នោះ​។ ដោយ​មិន​អាច​ទ្រាំ​ចំពោះ​ការជេរប្រមាថ​នេះ​បាន​ជនរងគ្រោះ​ក៏បាន​ឈ្លោះ​ប្រកែក​ឌឺដង​ពាក្យ​​សម្ដី​ទៅ​រក​ជនសង្ស័យ​វិញ​។ បន្ទាប់មក​​ជនសង្ស័យ​បាន​ទាញ​កាំភ្លើង​មក​គំរាម​ជនរងគ្រោះ រួច​ក៏​ឡើង​រថយន្ត​បើក​ទៅកាន់​ចម្ការ​អំពៅ​របស់ខ្លួន​បាត់​ទៅ​។

លោក​បាន​បញ្ជាក់ថា​៖ «​ករណី​នេះ​មុនដំបូង​គឺជា​រឿង​តូច ប៉ុន្តែ​គូភាគី​ទាំង​ ២ ​ខ្វះ​ភាព​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅវិញ​ទៅមក ទើប​បង្ក​ជា​ជម្លោះ​ឲ្យ​កើត​ជា​រឿង​ធំ​​ដែល​ឈាន​ដល់​ការប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​»​។

បើ​តាម​លោក ប៊ុនធឿន ពេល​នេះ​ជនសង្ស័យ​កំពុង​ត្រូវ​មន្ត្រី​នគរបាល​ជំនាញ​សាកសួរ​ពាក់ព័ន្ធ​បទល្មើស «​គំរាមកំហែង​ពលរដ្ឋ​ដោយ​អាវុធ​»​។

ជុំវិញ​ករណី​នេះ​លោក​ ប៉ុល វុទ្ធី ស្នងការរង​ខេត្ត​កំពង់ឆ្នាំង​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា តាម​ចម្លើយសារភាព​របស់​ជនសង្ស័យ អាវុធ​ Ak-47 ដែល​គេ​បាន​យក​ពី​ក្នុង​រថយន្ត​មក​គំរាម​ជនរងគ្រោះ​នោះ ពុំ​មាន​លិខិត​សម្គាល់ និង​លិខិតអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ពី​ស្ថាប័ន​ជំនាញ​ទេ​។ អាវុធ​នោះ​គឺ​សំណល់​ពី​សង្គ្រាម​ដែល​ជនសង្ស័យ​រើស​បាន​ពី​ក្នុង​ដីស្រែ​ ១ ​កន្លែង​នៅ​ខេត្ត​កំពង់ឆ្នាំង ក្រោយពី​ភ្ជួររាស់​ដី​ដាំ​អំពៅ​កាលពី​ឆ្នាំមុន ហើយ​យកមក​ដុសលាង និង​លាបថ្នាំ​ឲ្យ​ថ្មី​។

លោក​ថ្លែងថា​៖ «​ទង្វើ​របស់​ជនសង្ស័យ​ខាងលើនេះ​គឺជា​បទល្មើស​ព្រហ្មទណ្ឌ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការរក្សាទុក កាន់កាប់ ប្រើប្រាស់ និង​ដឹកជញ្ជូន​អាវុធ​ខុសច្បាប់​។ បន្ថែម​ពីលើ​នេះ​ជនសង្ស័យ​បាន​ប្រើប្រាស់​អាវុធ​ខុសច្បាប់​នេះ មក​គំរាមកំហែង​លើ​ពលរដ្ឋ​ថែមទៀត​»​។

យ៉ាងណា​ក៏ដោយ​កាលពី​ព្រឹក​ម្សិលមិញ សមត្ថកិច្ច​បាន​ចេញ​លិខិត​កោះអញ្ជើញ​ឲ្យ​ជនរងគ្រោះ​ចូល​មក​ឆ្លើយបំភ្លឺ​ជុំវិញ​ករណី​នេះ ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការដាក់បន្ទុក​លើ​ជនសង្ស័យ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់វិធានការ​បន្តទៅ​​តាម​នីតិវិធី​ច្បាប់​។

ក៏ប៉ុន្តែ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​មិនបាន​ស្នាក់​នៅផ្ទះ​ទេ​។ លោក អ៊ិន សាវឿត នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ក្បាលទឹក​បញ្ជាក់​ថា​៖ «​ជនរងគ្រោះ​ទំនង​ជា​គេចខ្លួន​ទៅសំងំ​លាក់​ខ្លួន​នៅ​កន្លែង​ណាមួយ​ក្នុង​ទីក្រុង​ភ្នំពេញ ក្រោយពី​គាត់​បាន​រងការគំរាម​ដោយ​អាវុធ​ពី​ជនសង្ស័យ​»៕