ភ្នំពេញ/ស្ទឹងត្រែងៈ បុរស​ជនជាតិ​ឡាវ​ចំនួន​ ៣ ​នាក់ ​ដែល​នៅ​​ក្នុង​ក្រុម​ផ្សេងគ្នា ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​កម្ពុជា​ចាប់ខ្លួន​បាន​កាលពី​ថ្ងៃ​ពុធ​នៅ​ទីតាំង​ ២ ​ផ្សេង​គ្នា​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ស្ទឹងត្រែង​ជាមួយ​គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​សរុប​​ជាង​ ៤ ​គីឡូក្រាម​។ នេះ​បើ​តាម​លោក ឡឹក វណ្ណៈ ប្រធាន​មន្ទីរប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ​។

លោក​ វណ្ណៈ បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា​បុរស​ជនជាតិ​ឡាវ​ម្នាក់​ឈ្មោះ សែងច័ន្ទ ដួងចៃ ត្រូវ​បាន​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ចាប់ខ្លួន​បាន​នៅ​ចំណុច​ស្ថានីយ​ប្រេងឥន្ធនៈ​ PTT ​តាម​បណ្ដោយ​ផ្លូវជាតិ​ ៦A ក្នុង​សង្កាត់-ខណ្ឌ​​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​ដោយ​បាន​រឹបអូស​វត្ថុតាង​គ្រឿងញៀន​ប្រភេទ​អៃស៍​មេតំហ្វេតាមីន​ចំនួន​ ៤ ​កញ្ចប់​ធំ​មាន​ទម្ងន់​ប្រមាណ​ ៤ ​គីឡូក្រាម​។

លោក​បាន​បញ្ជាក់ថា​៖ «​នៅពេល​នេះ​ជនសង្ស័យ​កំពុង​ស្ថិតក្រោម​ការសាកសួរ​ចម្លើយ​​ដោយ​ក្រុម​មន្ត្រីនគរបាល​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​»​។

លោក​បាន​បន្តថា ដោយឡែក​កាលពី​ថ្ងៃ​ពុធ​ដដែល​បុរស​ជនជាតិ​ឡាវ​ ២ ​នាក់​ទៀត​រួមមាន ឈ្មោះ​ ខៀវ បុទិវង្ស អាយុ​ ៣២ ​ឆ្នាំ និង​ឈ្មោះ​ វង់ អ៊ឹង អាយុ​ ១៦ ​ឆ្នាំ​ដែល​អ្នក​ទាំង​ ២ ​មាន​លំនៅ​ក្នុង​ភូមិ-ឃុំ ប៉ា​ទាប ស្រុក​ខូង ខេត្ត​ចំប៉ាសាក់ ប្រទេស​ឡាវ​ក៏ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សៀមប៉ាង ខេត្ត​​ស្ទឹងត្រែង​ចាប់ខ្លួន​បាន​ផងដែរ ខណៈ​ពួកគេ​បាន​ឆ្លងដែន​ចូល​​មក​កម្ពុជា​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន ។

លោក​បានបញ្ជាក់​បន្ថែម​ថា​៖ «​ប៉ុន្តែ​ជនសង្ស័យ​ទាំង​ ២ ​នាក់​នេះ​មិនមែន​ជា​ក្រុម​តែមួយ​នឹង​ជនសង្ស័យ​ដែល​ត្រូវបាន​បង្ក្រាប​​ចាប់ខ្លួន​ក្នុង​ខណ្ឌ​ជ្រោយចង្វារ​​រាជធានី​ភ្នំពេញ​នោះទេ​»​។

បើតាម​លោក ជីន ហេន អធិការ​ស្រុក​សៀមប៉ាង បុរស​ជនជាតិ​ឡាវ​ឈ្មោះ ខៀវ បុទិវង្ស និង​ឈ្មោះ វង់ អ៊ឹង ត្រូវ​បាន​​ចាប់ខ្លួន​នៅ​ចំណុច​ភូមិ​ណាអូង ជាប់​ព្រំប្រទល់​រវាង​ឃុំ​សំបូរ ស្រុក​សៀមប៉ាង និង​ឃុំ​អូរស្វាយ ស្រុក​បុរីអូរស្វាយ​សែនជ័យ ខេត្ត​ស្ទឹងត្រែង បន្ទាប់ពី​ពួកគេ​លួច​​ឆ្លងដែន​ចូលមក​ក្នុង​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់​តាម​ច្រករបៀង​មួយ​ដែល​ស្ថិត​នៅ​ជាប់​ព្រំ​ប្រទល់​រវាង​ស្រុក​សៀមប៉ាង​នៃ​ប្រទេស​កម្ពុជា និង​ស្រុក​ខូង​នៃ​ប្រទេស​ឡាវ​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្នុង​អំឡុងពេល​ចាប់​ឃាត់ខ្លួន​នោះ មន្ត្រី​ជំនាញ​យើង​បាន​រកឃើញ​​ និង​រឹបអូស​វត្ថុតាង​គ្រឿងញៀន​ប្រភេទ​ថ្នាំ​គ្រាប់​មេតំហ្វេតាមីន​ពណ៌​ទឹកក្រូច​ចំនួន​ ៣៨២ ​គ្រាប់​។

ក្រោយពី​ចាប់ខ្លួន​ជនសង្ស័យ​ និង​វត្ថុតាង​ត្រូវ​បាន​បញ្ជូន​ទៅកាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង ដើម្បី​ចំណាត់​ការបន្ត​តាម​នីតិវីធី​ច្បាប់​»​។

លោក ហេន បាន​ប្រាប់​ឲ្យ​ដឹងផង​ដែរ​ថា មុនពេល​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ ២ ​នាក់​ខាងលើ​នេះ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ផ្សព្វផ្សាយ​ច្បាប់ និង​ពង្រឹង​សុវត្ថិភាព សន្តិសុខ នៅក្នុង​មូលដ្ឋាន​ឃុំ​ចំនួន​ ៣ ​នៃ​ស្រុក​សៀមប៉ាង គឺ​ឃុំ​សេកុង ឃុំ​ព្រែកមាស និង​ឃុំ​ស្រែសំបូរ ហើយ​បាន​ប្រទះឃើញ​បុរស​ជនជាតិ​​ឡាវ​ទាំង​ ២ ​នាក់​នោះ​កំពុង​ធ្វើ​ដំណើរ​តាម​ម៉ូតូឌុប​ ១ ​គ្រឿង​ ជិះ​ចុះឡើង​នៅក្នុង​មូលដ្ឋាន​នៃ​ឃុំ​ទាំង​ ៣ ​នោះ​ហាក់​មានបំណង​ចង់​ស្វែងរក​នរណាម្នាក់ ឬ​ធ្វើ​សកម្មភាព​អ្វីមួយ​។

លោក​បាន​បន្តថា បន្ទាប់មក​​បុរស​ជនជាតិ​ឡាវ​ទាំង​ ២ ​នាក់​បាន​​គេចខ្លួន​ទៅកាន់​ភូមិ​ណាអូង​ក្នុង​ទឹកដី​ឃុំ​អូរស្វាយ​នៃ​ស្រុក​បុរី​អូរស្វាយសែនជ័យ ហើយ​ក៏​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន​មក​សាកសួរ និង​បាន​ឆែកឆេរ​រកឃើញ​ថ្នាំ​គ្រាប់​មេតំហ្វេតាមីន​ចំនួន​ ៣៨២ ​គ្រាប់​៕