ភ្នំពេញ: មន្ត្រីនគរបាល​កាលពី​ម្សិលមិញ​បាន​អះអាង​ថា​គ្រូពេទ្យ​ជនជាតិ​ចិន​ ២ ​នាក់​ដែល​ជា​ប្ដី និង​ប្រពន្ធ​កំពុង​ប្រឈម​ចំពោះ​ការចោទប្រកាន់​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្រោយពី​ព្យាបាល​ជំងឺ​បណ្ដាល​ឲ្យ​ជនជាតិ​ចិន​បាន​ស្លាប់​ក្នុង​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​មួយ​នៅក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​។

ជនសង្ស័យ​ទាំង ២ នាក់​ឈ្មោះ Li Xiayong ភេទ​ប្រុស អាយុ ៣៩ ​ឆ្នាំ​ជនជាតិ​ចិន មុខរបរ​ពេទ្យ និង​ប្រពន្ធ​ឈ្មោះ Chen Liping ភេទ​ស្រី អាយុ ៣១ ​ឆ្នាំ​មុខរបរ​ពេទ្យ​។ ជនសង្ស័យ​ទាំង​ ២ ​នាក់​បាន​បើក​មន្ទីរ​សម្រាក​ព្យាបាល និង សម្ភព ផេង វុទ្ធី ស្ថិត​នៅ​ផ្ទះលេខ DD.១០ ភូមិ​ក្បាលដំរី ២ ​សង្កាត់​កាកាប​ទី​ ២ ខណ្ឌ​ពោធិ៍សែនជ័យ បាន​ផ្ដល់​សេវា​ព្យាបាល​ដល់​បុរស​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ WANG ZHIQIANG អាយុ ៤៩ ឆ្នាំ​ស្លាប់​កាលពី​ថ្ងៃទី​ ១៥ ខែ​តុលា​។

លោក យឹម សារ៉ាន់ អធិការ​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា​៖ «​សមត្ថកិច្ច​កំពុង​កសាង​សំណុំ​រឿង​បញ្ចូន​ជនសង្ស័យ​ទៅ​តុលាការ ដើម្បី​បន្ដ​នីតិវិធី​។ យើង​កំពុង​សាកសួរ​ជនសង្ស័យ​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍សែនជ័យ​នៅ​ឡើយ ចំណែក​សាកសព​ជនរងគ្រោះ​ត្រូវ​បាន​សាច់ញាតិ​មក​ទទួល​យក​ទៅ​ហើយ តែ​យើង​មិនទាន់​ដឹង​ថា គាត់​យក​សព​ទៅណា​នៅ​ឡើយ​ទេ​»​។

លោក យឹម សារ៉ាន់ ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​រ៉ឺម៉ក​កង់​ ៣ ​មក​មន្ទីរពេទ្យ​ខាង​លើ​ដោយ​ជនរងគ្រោះ​មាន​អាការ​ក្តៅ​ខ្លួន​ខ្លាំង ឈឺសន្លាក់​ដៃ សន្លាក់ជើង ភ្លាមៗ​នោះ​គ្រូពេទ្យ​បាន​ពិនិត្យ​ជនរងគ្រោះ​ឃើញ​មាន​កម្តៅ​ក្តៅ​ឡើង​ខ្លាំង (​ក្ដៅខ្លួន​ខ្លាំង​) ហើយ​ក៏​សន្មត​ថា ជនរងគ្រោះ​មាន​ជំងឺ គ្រុនឈាម បន្ទាប់​មក​គ្រូពេទ្យ​ខាង​លើ​ក៏​ដាក់​សេរ៉ូម​បាន​ ១ ​ប្លោក​បន្ទាប់ពី​ដាក់​សេរ៉ូម ១ ​កំប្លោក ជនរងគ្រោះ​មាន​អាការ​ធម្មតា ក្រោយ​មក​គ្រូពេទ្យ​ក៏​បាន​ដាក់​សេរ៉ូម ១ ​ប្លោក​ទៀត​ដោយ​បាន​ដាក់​ប្រភេទ​ថ្នាំ​ផ្សេង​។

លោក​ថា​៖ «​ដាក់​សេរ៉ូម​បាន​ពាក់កណ្តាល ជនរងគ្រោះ​ស្រាប់តែ​មាន​អាការ​ខុស​ប្លែក​ពី​ធម្មតា ស្លេកស្លាំង​។ ដូច្នេះ​គ្រូពេទ្យ និង​ប្រពន្ធ​បាន​គាស់​មាត់​ជនរងគ្រោះ ដើម្បី​បញ្ចូល​ខ្យល់​អុកស៊ីហ្ស៊ែន ហើយ​ធ្វើ​ចលនា​ដើមទ្រូង​។ លុះ​មួយ​សន្ទុះ​ក្រោយ​មក​ជនរងគ្រោះ​ក៏​បាន​ដាច់​ខ្យល់​ស្លាប់​តែ​ម្ដង​»​។

លោក នង សុវណ្ណរ័ត្ន គណៈកម្មការ​កោសល្យវិច័យ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​ការព្យាបាល​ខុស​បច្ចេកទេស គ្មាន​ឧបករណ៍​គ្រប់គ្រាន់ និង​យឺត​ពេល ៣ ​ម៉ោង​ក្នុង​ការសង្គ្រោះបន្ទាន់​»​។

លោក សុវណ្ណរ័ត្ន ថ្លែង​ថា​មន្ទីរ​សម្រាក​ព្យាបាល​ និង​សម្ភព​ ផេងវុទ្ធី ដែល​ជនជាតិ​ចិន​កំពុង​ប្រកបរបរ​នៅលើ​ទឹកដី​ខ្មែរ​នេះ​មាន​អ្នក​ឈរ​ឈ្មោះ​ជា​ជនជាតិ​ខ្មែរ និង​មាន​ច្បាប់​ត្រឹមត្រូវ​ពី​ក្រសួង​សុខាភិបាល​។ សាកសព​ជនរងគ្រោះ​ដែល​ស្លាប់ មាន​ស្នាម​ចាក់ ៣ ​ម្ជុល បន្តោក​សេរ៉ូម​លើ​ខ្នង​ដៃ​ទាំង​សង​ខាង និង​នៅ​គន្លាក់ដៃ​ឆ្វេង​៕