ភ្នំពេញៈ មនុស្ស ៦ ​នាក់ និង​ស្លាក​លេខ​ម៉ូតូ និង​រថយន្ត​ក្លែងក្លាយ​ជិត​​ ១០០ ​បន្ទះ ​ព្រមទាំង​ឧបករណ៍​សម្រាប់​ធ្វើ​ស្លាក​លេខ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខណ្ឌ​ដូនពេញ បង្ក្រាប​ចាប់ និង​រឹបអូស​បាន​ពី​ទីតាំង​ធ្វើ​ស្លាក​លេខ​ក្លែងក្លាយ​ចំនួន​ ៧ ​កន្លែង​ កាលពី​ថ្ងៃ​សៅរិ៍​។

លោក ទៀង ច័ន្ទសារ អធិការ​ខណ្ឌដូនពេញ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា ក្នុង​ចំណោម​ស្លាកលេខ​ក្លែងក្លាយ​ដែល​ត្រូវបាន​បង្ក្រាប​ចាប់​រឹបអូស​នោះ​មាន​មួយចំនួន​ជា​ស្លាក​លេខ ន.ប, ខ.ម និង​ស្លាក​លេខ​រដ្ឋ​។ លោក​បន្តថា ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ផលិត​ស្លាក​លេខ​ក្លែងក្លាយ​ទាំង ៧ ​ទីតាំង​ខាងលើនេះ បាន​ធ្វើ​ឡើង​បន្ទាប់ពី​មន្ត្រី​ជំនាញ​បាន​ចុះ​ស្រាវជ្រាវ​អស់​រយៈពេល​ជាង​ ២ ​សប្ដាហ៍​។ លោក បន្តថា​៖ «​បច្ចុប្បន្ន​បទល្មើស​ធ្វើ​ស្លាកលេខ​ក្លែងក្លាយ​បាន​បង្ក​នូវ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​វិស័យសេដ្ឋកិច្ច និង​សន្តិសុខ​ជាតិ​»​។

បើ​តាម​លោក​ ច័ន្ទ​សារ​ នៅពេល​នេះ​ក្រុម​សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​នីតិវិធី សួរចម្លើយ​ដល់​ក្រុម​ជនសង្ស័យ​ទាំង​ ៦ ​នាក់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់វិធានការ​បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់​។

លោក​ សុខ ពេញវុធ អភិបាលខណ្ឌ​ដូនពេញ​បាន​និយាយ​ថា ការផលិត​ស្លាក​លេខ​ក្លែងក្លាយ​គឺជា​បទល្មើស​មួយ​ដែល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ចំណូល​ពន្ធ​រដ្ឋ និង​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ស្ថាប័នរដ្ឋ​។ ដើម្បី​ធានា​បាន​នូវ​ចំណូល​ពន្ធ​រដ្ឋ និង​លុបបំបាត់​នូវ​រាល់​បទល្មើស​គ្រប់​ប្រភេទ អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាំបាច់​ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់​ដោយ​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​បង្ក្រាប​ឲ្យ​ទាន់​ពេលវេលា​។

លោក សុខ ពេញវុធ ​បាន​ថ្លែង​បន្តថា​៖ «​ដើម្បី​រក្សា​បាន​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ និង​សង្គមជាតិ អាជ្ញាធរ​យើង​នឹង​បន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់ ចុះបង្ក្រាប​រាល់​បទល្មើស​ទាំងអស់​ដោយ​គ្មាន​ការលើកលែង​»៕