សៀមរាបៈ បុរស​ជនជាតិ​ចិន​ ២ ​នាក់​ ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ស្ទាក់ចាប់​ខ្លួន​កាលពី​ថ្ងៃ​ ១៨ វិច្ឆិកា​ នៅតាម​​ផ្លូវជាតិ​ក្នុងស្រុក​ពញាឮ​ខេត្ត​កណ្ដាល និង​បាន​បញ្ជូនទៅ​​ខេត្ត​សៀមរាប​កាលពី​ម្សិលមិញ បន្ទាប់ពី​ពួកគេ​បាន​លួច​កាច់សោក​ម៉ូតូ​នៅ​សៀមរាប ហើយ​​បាន​រត់គេចខ្លួន​មក​ភ្នំពេញ​។

លោក ភឹង ចិន្ដារ៉េត ស្នងការរង​នគរបាល​ខេត្តសៀមរាប​ប្រាប់​ពី​ម្សិលមិញ​ថា បុរស​ជាតិចិន​ ២ ​នាក់​នោះ​ ត្រូវ​សមត្ថកិច្ច​នាយកដ្ឋាន​ក្រសួងមហាផ្ទៃ​ស្ទាក់​ចាប់​បាន​តាមផ្លូវ​រួច​បាន​​បញ្ជូនមក​ខេត្ត​សៀមរាប​។ លោក​ថា លោក​មិន​បានដឹង​ពី​​ករណី​ជនសង្ស័យ​ទាំង​ ២ ​នាក់​ពាក់ព័ន្ធ​នឹង​ការ​លួច​គាស់​ផ្ទះ​ ឬ​លួច​អ្វី​ផ្សេង​ទេ ព្រោះ​មិនទាន់​សួរចម្លើយ​។ ប៉ុន្តែ​បើតាម​បណ្តឹង​គឺ​ពួកគេ​ពាក់ព័ន្ធ​នឹង​លួច​កាច់​សោ ក​ម៉ូតូ​។

លោក​ឲ្យ​ដឹងថា មុន​ចាប់ខ្លួន​​គឺ​ខាង​ស្នងការដ្ឋាន​នគរបាល ខេត្ត​សៀមរាប​បាន​ទទួល​ពាក្យ​​បណ្តឹង​ពី​ជា​ម្ចាស់​ម៉ូតូ​។ បន្ទាប់មក​សមត្ថកិច្ច​របស់លោក​បាន​ស្រាវជ្រាវ​ក៏​ដឹងថា ក្រុម​ជនសង្ស័យ​បាន​គេច​ទៅ​ភ្នំពេញ ក៏​​ទាក់ទង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ដើម្បី​ស្ទាក់ចាប់​ពួកគេ​។

លោក​ថា​៖ «​ជនសង្ស័យ​ទាំង​ ២ ​នាក់​នោះ​ពាក់ព័ន្ធ​លួច​កាច់ សោ ក ម៉ូតូ គេ​។ តែ​បទល្មើស​ផ្សេង​ទៀត​ខ្ញុំ​មិនដឹង​ទេ​...»​។

លោក​បាន​រំឭក​ប្រាប់ថា តាម​ការបញ្ជាក់​ពី​ម្ចាស់​ម៉ូតូ​ថា មាន​បុរស​ជនជាតិ​ថៃ​ម្នាក់​បាន​ជួល​ម៉ូតូ​គាត់​ ១ ​គ្រឿង​ជិះ​។ ​បន្ទាប់ពី​បុរស​ជាតិ​ថៃ​ជិះ​បាន​ប៉ុន្មាន​ម៉ោង​ក៏​ចត​ម៉ូតូ​រួច​ចាក់សោ តែ​ត្រូវ​ជនសង្ស័យ​ទាំង​ ២ ​នាក់​ខាងលើ​លួច​ម៉ូតូ​នោះ​បាត់​។

លោក​ប្រាប់​បន្តថា បន្ទាប់ពី​ដឹងថា​បាត់​ម៉ូតូ បុរស​ជនជាតិ​ថៃ​បាន​ទៅប្រាប់​ម្ចាស់​ម៉ូតូ​ទើប​​ឈានដល់​ការដាក់​ពាក្យ​ប្តឹង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ស្វែងរក​ចាប់​ជនល្មើស​។ ប៉ុន្តែ​​លោក​ថា ជនសង្ស័យ​ ២ ​នាក់​នោះ​ត្រូវ​បាន​បញ្ជូនមក​ឲ្យ​សមត្ថកិច្ច​ខេត្ត​សៀមរាប​ដែលជា​ម្ចាស់​​ករណី​វិញ​ហើយ​។

ភ្នំពេញ​ប៉ុស្តិ៍​បាន​ទាក់ទង​លោក ង៉េង ជួ ប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ដើម្បី​បញ្ជាក់បន្ថែម​ដែរ ប៉ុន្តែ​លោក​មិន​ឆ្លើយតប​កាលពី​ម្សិលមិញ​។

ប៉ុន្តែ​បើតាម​មន្ត្រី​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ ១ ​រូប​​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ប្រាប់ថា ជនសង្ស័យ​ឈ្មោះ លាំង ហិន អាយុ​ ៣២ ​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ និង​ទី ​២៖ ​ឈ្មោះ វ៉េ យ៉ាងស៊ី អាយុ​ ៣២ ​ឆ្នាំ​។

លោក​ថា ការចាប់ខ្លួន​បាន​នេះ​គឺ​ក្រោយពី​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ទទួល​បាន​សេចក្តី​រាយការណ៍​ពី​ស្នងការដ្ឋាន​​នគរបាល​ខេត្ត​សៀមរាប​៕